ប្រព័ន្ធច្បាប់កម្ពុជា ត្រូវបានគេមើលឃើញថា នៅតែជាអាវុធដ៏មានប្រសិទ្ធភាព ដែលត្រូវបានអ្នកមានអំណាចប្រើធ្វើទុក្ខបុកម្នេញសកម្មជនសិទ្ធិមនុស្ស នយោបាយ និងបរិស្ថាន ដើម្បីពង្រឹងអំណាចបែបគ្រួសារនិយម គំរាមកំហែងដល់បូរណភាពទឹកដី រួមទាំងពលរដ្ឋតជំនាន់ បើគ្មានចរន្តផ្លាស់ប្តូរមេដឹកនាំទាន់ពេលទេនោះ។
ប្រតិកម្មរិះគន់ព្រមៗគ្នាពីអ្នកឃ្លាំមើលនេះ ចំពេលដែលប្រព័ន្ធចាប់នៅកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត មិនអនុញ្ញាត សកម្មជនមាតាធម្មជាតិ លោក យីម លាងហ៊ី បានមកជួបមុខម្តាយ ដែលកំពុងមានជំងឺមហារីកធ្ងន់ធ្ងរ កំពុងរង់ចាំដង្ហើមចុងក្រោយក្តី ខណៈមេឧក្រិដ្ឋជនលំដាប់អន្តរជាតិ ដូចជា លោក លី យ៉ុងផាត់ លោក ទ្រី ភាព លោក កុក អាន និងលោក ហ៊ុន តូ ជាដើម ដែលអន្តរជាតិរកឃើញថា ជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋលាងលុយកខ្វក់ និងឧក្រិដ្ឋកម្មអនឡាញលំដាប់អន្តរជាតិ ក៏ដោយ ក៏ប្រព័ន្ធច្បាប់នេះ មិនចាត់វិធានលើមេឧក្រិដ្ឋជនទាំងនោះទេ។
អ្នកឃ្លាំមើល មន្ត្រីបក្សប្រឆាំង សង្គមស៊ីវិល និងសកម្មជនបរិស្ថាន សម្ដែងការខកចិត្តយ៉ាងខ្លាំង និងចាត់ទុកការរារាំងមិនឱ្យ លោក យីម លាងហ៊ី បានជួបម្ដាយនៅដង្ហើមចុងក្រោយ គឺជាអំពើអសីលធម៌របស់រដ្ឋាភិបាល។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់វីអូឌីនៅថ្ងៃទី១៥ ខែឧសភានេះថា ការផ្ដន្ទាទោសសកម្មជនមាតាធម្មជាតិ លោក យីម លាងហ៊ី និងសកម្មជន ៤រូបទៀត ជារឿងអយុត្តិធម៌ ដែលសាធារណជនបានឃើញច្បាស់រួចហើយ។ ហើយថា លោក យីម លាងហ៊ី ជាយុវជនឆ្នើម ហ៊ានលះបង់ពេលវេលា សេរីភាព និងអាយុជីវិត ការពារធនធានជាតិពីការបំផ្លាញរបស់អ្នកមានអំណាច និងក្រុមឧកញ៉ាមានឥទ្ធិពលជាដើម ដោយគួរចាត់ទុកសកម្មភាពរបស់ពួកគេជាគំរូ និងលើកតម្កើង ព្រមទាំងចូលរួមសហការការពារផលប្រយោជន៍ជាតិទៅវិញ។
លោក ស៊ឹង សែនករុណា និយាយថា៖ «ក៏ប៉ុន្តែប្រព័ន្ធច្បាប់នៅកម្ពុជា គឺយើងមើលឃើញហើយ ពួកឧក្រិដ្ឋជននៅក្រៅសំណាញ់ច្បាប់ អ្នកស្រឡាញ់ជាតិ សកម្មជននឹងការជួយជាតិ សកម្មជននឹងការអនុវត្តសិទ្ធិសេរីភាពឱ្យសមស្របតាមសង្គមប្រជាធិបតេយ្យ បែរជាត្រូវរងការចោទប្រកាន់ ហើយអ្នកដែលជាជនពាល ជនឧក្រិដ្ឋអីទាំងអស់ហ្នឹង បែរជារស់នៅក្រៅសំណាញ់ច្បាប់»។
ការលើកឡើងនេះ បន្ទាប់ពីលោក យីម លាងហ៊ី បានសរសេរសំបុត្រ១ច្បាប់ផ្ញើជូនម្ដាយដែលកំពុងតស៊ូនឹងជំងឺមហារីកដំណាក់កាលចុងក្រោយ។ សកម្មជនរូបនេះ ស្ថិតក្នុងចំណោមសកម្មជនចលនាមាតាធម្មជាតិចំនួន ១០នាក់ ដែលត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ៨ឆ្នាំ ក្រោមបទចោទរួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ។ លិខិតដែលផ្ញើចេញពីពន្ធនាគារខេត្តកំពង់ស្ពឺតាមរយៈភរិយានោះ លោកបានអះអាងថា លោកនឹងបន្តឆន្ទៈការពារព្រៃឈើ និងធនធានធម្មជាតិ ដោយមិនចុះញ៉ម ឬលើកដៃសុំទោសប្ដូរយកសេរីភាពឡើយ ទោះលោកត្រូវជាប់ឃុំ ៦ឆ្នាំទៀតក៏ដោយ។
ឪពុក លោក យីម លាងហ៊ី គឺលោក អ៊ិន យីម ប្រាប់វីអូឌីថា ភរិយារបស់លោកពិតជាចង់ជួបមុខកូនប្រុស ជាលើកចុងក្រោយណាស់ ពិសេសស្ថិតក្នុងស្ថានភាពជំងឺមហារីកដំណាក់កាលចុងក្រោយនេះ។ លោករៀបរាប់ថា ពេលលោកអង្គុយក្បែរបន្តក់ទឹកចូលមាត់ប្រពន្ធដែលហូបអីលែងបាន ហើយមានអ្នករំលឹកឈ្មោះកូនប្រុសពេលណានោះ ភរិយារបស់លោកខំចោលកន្ទុយភ្នែកហាក់ចង់ងាករកសំឡេងអ្នកហៅឈ្មោះកូនប្រុស ទោះនិយាយលែងកើត មើលលែងឃើញក៏ដោយ។
លោក អ៊ិន យីម រំលឹកថា ភរិយាលោកគឺ អ្នកស្រី លីម ផិចហុង និងកូនប្រុស តែងបង្ហាញជំហររឹងមាំដើម្បីការពារបរិស្ថាន។ យ៉ាងណាបុរសចំណាស់មុខមាំ និងស្មារតីរឹងប៉ឹងរូបនេះ នៅតែទទូចដល់រដ្ឋាភិបាលអនុគ្រោះដល់ភរិយា ដែលគ្មានកំហុសបានជួបមុខកូនប្រុសជាលើកចុងក្រោយ។
លោកថា៖ «ខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាល និងអង្គព្រះមហាក្សត្រលើកលែងទោសដល់កូនខ្ញុំ បើសិនជាកូនខ្ញុំមានការលើសលស់ ខ្វះខាត ឬក៏កំហុសណាមួយ ហើយសូមរាជរដ្ឋាភិបាលទម្លាក់ចោលការចោទប្រកាន់ទាំងអស់ ដើម្បីលើកទឹកចិត្តដល់កូនខ្ញុំ ហើយឱ្យបានវិលត្រឡប់មកជួបជុំជាមួយឪពុកនិងម្ដាយ។ ហើយកូនខ្ញុំនឹងមានឧត្តមគតិជួយជាតិ សាសនា ព្រះមហាក្សត្រ ពិតប្រាកដ មិនមែនវៀចវេរទេ គឺស្រឡាញ់ជាតិ បាទ!»។
ជុំវិញករណីនេះ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បង្ហាញអារម្មណ៍ក្ដុកក្ដួលពេលទៅសួរសុខទុក្ខម្ដាយ លោក យីម លាងហ៊ី ដល់ផ្ទះនៅស្រុកកោះធំ ខេត្តកណ្ដាល កាលពីថ្ងៃទី១៤ ខែឧសភា។ លោកយល់ថា អាជ្ញាធរក៏ដូចជាតុលាការគួរដឹក លោក យីម លាងហ៊ី ឱ្យបានមកជួបមុខម្ដាយជាលើកចុងក្រោយ បើមិនព្រមដោះលែងឱ្យនៅក្រៅឃុំទេ។
លោកបន្តថា បើពិនិត្យមើលអង្គហេតុ អង្គច្បាប់ ករណីសកម្មជនរូបនេះ និងយុវជន ៤នាក់ទៀត ពុំមានកំហុសដូចការចោទប្រកាន់ឡើយ ខណៈពួកគេបានធ្វើការស្ម័គ្រចិត្តគ្មានប្រាក់កម្រៃដើម្បីការពារព្រៃឈើ និងធនធានធម្មជាតិ ហើយគួរត្រូវបានលើកទឹកចិត្តពីរដ្ឋាភិបាល ដោយមិនត្រូវឱ្យរង្វាន់ខ្នោះដៃបែបនេះឡើយ។
លោក រ៉ុង ឈុន និយាយថា៖ «ពួកគាត់ទទួលបាននូវគេហៅថាពានរង្វាន់ពីប្រទេសនានានៅលើពិភពលោក ដូចជា ស៊ុយអែត ក្ដី មានន័យថា បង្ហាញថាពួកគាត់ហ្នឹងមិនបានប្រព្រឹត្តកំហុស ដូចការចោទប្រកាន់របស់អាជ្ញាធរទេ បើសិនជាគាត់មានកំហុសឆ្គងអីចឹងមែន ខាងអន្តរជាតិ ប្រទេសផ្សេងៗក៏គេមិនផ្ដល់ពានរង្វាន់លើកទឹកចិត្តជាស្នាដៃ ក្នុងការចូលរួមការពារនូវសម្បត្តិធម្មជាតិ ព្រៃឈើនេះទេបាទ!»។
ចំណែក សកម្មជនការពារព្រៃឈើ លោក ម៉ា ចិត្រា យល់ថា បើរដ្ឋាភិបាលបច្ចុប្បន្នឆ្លាត គឺគួរដោះលែង លោក យឹម លាងហ៊ី ឱ្យបានជួបម្ដាយជាលើកចុងក្រោយ ដែលបង្ហាញពីសីលធម៌របស់ថ្នាក់ដឹកនាំផង និងការយោគយល់របស់ថ្នាក់ដឹកនាំចំពោះពលរដ្ឋខ្លួនឯងផង។ លោកបន្តថា លោក យីម លាងហ៊ី ពុំបានធ្វើអ្វីអន្តរាយដល់សង្គមជាតិទេ ប៉ុន្តែយុវជនរូបនេះបានចូលរួមជួយសង្គមតាមរយៈរូបភាពប្រឆាំងទៅនឹងទង្វើអសកម្មនានា ដែលបង្កឡើងដោយពួកឈ្មួញ ឬមន្ត្រីរដ្ឋាភិបាលតែប៉ុណ្ណោះ ខណៈក្រុមឧកញ៉ានិងអ្នកមានអំណាចទៅវិញទេ ដែលធ្វើឱ្យប៉ះពាល់ដល់ជាតិធ្ងន់ធ្ងរ ពិសេសក្រុមឧកញ៉ាដែលរកស៊ី និងគប់គិតជាឈ្មួញទុច្ចរិត។
លោក ម៉ា ចិត្រា និយាយថា៖ «បើសិនជាករណីនេះ នៅតែបន្តឃុំខ្លួនគាត់ទៀត ខ្ញុំគិតថាវាជារឿងអសីលធម៌មួយដែរ ហើយសង្ឃឹមថារដ្ឋាភិបាលនឹងមានការដោះលែងពួកគាត់ឱ្យមានសេរីភាព ព្រោះអីបើយើងប្រៀបធៀបទៅនឹងឧកញ៉ាមួយចំនួន ដែលប្រព្រឹត្តអំពើទុច្ចរិត។ យើងមើលដូចឧកញ៉ាមួយចំនួន ត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មនៅក្នុងបញ្ជីខ្មៅ ពាក់ព័ន្ធទៅនឹងស្កេម (scam) អនឡាញ ហើយដូចយើងដឹងហើយថា ស្គេមអនឡាញនេះ វាធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិយើងធ្ងន់ធ្ងរណាស់»។
ចំណែក សកម្មជនមាតាធម្មជាតិ កញ្ញា មាន លីសា មើលឃើញថា ការអនុវត្តច្បាប់ចំពោះ លោក យីម លាងហ៊ី និងសកម្មជន ៤នាក់ទៀត គឺជារឿងនយោបាយសុទ្ធសាធ ដោយសាររដ្ឋាភិបាលខ្លាចអ្នកទាំង ៥ នាក់ មានឥទ្ធិពលទៅលើសំឡេងយុវជន និងជំរុញឱ្យប្រទេសមានប្រជាធិបតេយ្យពិតប្រាកដ។
លោក មាន លីសា និយាយថា៖ «នេះគឺជាអំណាចដែលមិនឯករាជ្យ តុលាការគ្មានសិទ្ធិសម្រេចយោងទៅតាមអ្វីដែលគេហៅថាជាច្បាប់ពិតប្រាកដទេ ជាអំណាចតុលាការពិតប្រាកដទេ។ អ៊ីចឹងសំណួរនេះត្រូវសួរទៅ លោក ហ៊ុន សែន ហ៊ុន ម៉ាណែត ថាតើអាចសម្រេចដោះលែងពួកគាត់បានទេ?»។
វីអូឌី មិនអាចសុំការឆ្លើយតបករណីនេះ ពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេនៅថ្ងៃទី១៥ ខែឧសភានេះ។ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ ឆ្លើយដោយខ្លីថា លោកគ្មានមតិជុំវិញសំណើឱ្យ លោក យីម លាងហ៊ី បានជួបមុខម្ដាយជាលើកចុងក្រោយឡើយ។
លោក ជា ធីរិទ្ធ ថ្លែងថា៖ «ខ្ញុំមិនមានការបកស្រាយអីបានទេ ដោយសារករណីនេះវាពាក់ព័ន្ធទៅនឹងដែនសមត្ថកិច្ច និងឆន្ទានុសិទ្ធិរបស់តុលាការ បាទ!»។
បច្ចុប្បន្នស្ថានភាពអយុត្តិធម៌សង្គមកាន់តែរីករាលដាលខ្លាំងឡើង ដោយសារតែប្រព័ន្ធយុត្តិធម៌ត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយ ដើម្បីការពារអ្នកមានអំណាច និងធ្វើទុក្ខបុកម្នេញលើអ្នកទន់ខ្សោយ។ របាយការណ៍របស់អង្គការលីកាដូ បង្ហាញថា មានពលរដ្ឋជាង ១០០នាក់ ត្រូវបានផ្ដន្ទាទោស ដោយសារការបញ្ចេញមតិរិះគន់ភាពសកម្មនានាក្នុងសង្គម ក្នុងនោះមានអ្នកនយោបាយ សកម្មជនសិទ្ធិមនុស្ស បរិស្ថាន និងពលរដ្ឋរិះគន់តាមបណ្ដាញសង្គមជាដើម។
ជុំវិញករណីនេះដែរ នាយកគ្រប់គ្រងកិច្ចការទូទៅរបស់អង្គការលីកាដូ លោក អំ សំអាត យល់ឃើញថា សកម្មភាពការពារបរិស្ថាន ធនធានធម្មជាតិ ព្រៃឈើ និងការពារសិទ្ធិមនុស្ស មិនមែនជាបទល្មើសព្រហ្មទណ្ឌដែលត្រូវចោទប្រកាន់ ឬក៏ផ្ដន្ទាទោសនោះទេ។ លោកថា ករណីលោក យីម លាងហ៊ី លោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា ត្រូវបានអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្ស ផ្នែកបរិស្ថាន ធនធានធម្មជាតិ និងព្រៃឈើ ទាំងជាតិ អន្តរជាតិ ក៏ដូចជាក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិផង បានទទូចទាមទារឱ្យមានការដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ ដោយពួកគេយល់ឃើញថា សកម្មភាពការពារបរិស្ថាន ធនធានធម្មជាតិ ព្រៃឈើ ឬការពារសិទ្ធិមនុស្ស គួរតែត្រូវបានលើកទឹកចិត្ត និងគាំទ្រ ពីព្រោះកម្រមានសកម្មជន យុវជន ដែលស្ម័គ្រចិត្តធ្វើការលើបញ្ហានេះណាស់។
លោក អំ សំអាត ថ្លែងថា៖ «អ៊ីចឹងយើងឃើញហើយដំណាក់កាលចុងក្រោយនៃម្ដាយរបស់ លោក យីម លាងហ៊ី នេះ គួរតែត្រូវបានជួបជុំនូវកូនចៅ បងប្អូន ញាតិមិត្តទាំងអស់គ្នាណា៎បាទ។ អ៊ីចឹង ករណីលោក យីម លាងហ៊ី នេះ គួរតែអាជ្ញាធរជួយសម្របសម្រួលធ្វើម៉េចឱ្យលោក លាងហ៊ី នេះ បានជួបម្ដាយជាលើកចុងក្រោយណា៎បាទ»។
លោក យីម លាងហ៊ី មានកូនតូចៗក្នុងបន្ទុក ២នាក់ ដែលប្រពន្ធ និងសាច់ញាតិរបស់លោកត្រូវចិញ្ចឹមថែទាំ។ លោកជាសកម្មជនបរិស្ថានដ៏សកម្មមួយរូបនៃចលនាមាតាធម្មជាតិ។ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិត និងធ្លាប់ប្រឡងជាប់ជាគ្រូកម្រិតមធ្យមសិក្សា ប៉ុន្តែលោកត្រូវបានចាប់ខ្លួន និងឃុំនៅពន្ធនាការ ដែលធ្វើឱ្យការងារក្នុងស្រមៃជាគ្រូបង្រៀនរបស់លោកត្រូវរលាយ។
យ៉ាងណា លោកបន្តការងារជាមួយសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ រហូតត្រូវបានស្ថាប័នអន្តរជាតិ ផ្ដល់ពានរង្វាន់យុវជនឆ្នើមដល់ពួកគេ សម្រាប់ភាពក្លាហានដែលហ៊ានលះបង់ការពារធនធានធម្មជាតិ ព្រៃឈើ និងបរិស្ថាន ដែលកំពុងរងការបំផ្លាញពីសំណាក់ឈ្មួញ និងអ្នកមានអំណាច។
ករណី លោក យីម លាងហ៊ី ប្រហាក់ប្រហែល នឹងករណីលោក ស៊ុន ចន្ធី អតីតប្រធានគណបក្សកម្លាំងជាតិ ដែលឪពុកបានទទួលមរណភាព ខណៈលោកកំពុងជាប់ពន្ធនាគារខេត្តពោធិ៍សាត់។ ការណ៍នេះអ្នកឃ្លាំមើល អ្នកឃ្លាំមើលបង្ហាញការយល់ឃើញថា មេដឹកនាំគណបក្សប្រជាជនកម្ពុជា គ្មានបំណងស្តារប្រព័ន្ធយុត្តិធម៌ និងផ្សះផ្សាជាតិ តាមការចង់បានរបស់ពលរដ្ឋខ្មែរនិងអន្តរជាតិ ដើម្បីទាមទារទឹកដីខ្មែរ ពីបរទេសឈ្លានពានយកមកវិញទេ ទោះពេលនេះថៃកំពុងឈ្លានពានទឹកដីខ្មែរតាមទំនើងចិត្តក៏ដោយ៕









