មន្ត្រីរុស្ស៊ី បានថ្លែងថា មនុស្សយ៉ាងហោចណាស់ ៣នាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀត បានរងរបួស កាលពីយប់មិញ នៅក្នុងការវាយប្រហារដោយដ្រូនក្នុងទ្រង់ទ្រាយធំរបស់អ៊ុយក្រែន លើតំបន់ក្រុងមូស្គូ។
ស្ត្រីម្នាក់បានស្លាប់នៅក្នុងទីក្រុង Khimki ភាគខាងជើងទីក្រុងមូស្គូ ហើយមនុស្សម្នាក់ទៀតបានជាប់នៅក្រោមគំនរបាក់បែក។ ចំណែកបុរសម្នាក់ និងស្ត្រីម្នាក់ត្រូវបានសម្លាប់នៅក្នុងភូមិ Pogorelki។
ពលរដ្ឋឥណ្ឌាជាបុរសម្នាក់ត្រូវបានសម្លាប់ និង ៣នាក់ទៀត បានរងរបួស នេះបើតាមការបញ្ជាក់ពីស្ថានទូតឥណ្ឌាប្រចាំទីក្រុងមូស្គូ។ មនុស្សម្នាក់ទៀត ក៏បានស្លាប់ផងដែរនៅក្នុងតំបន់ Belgorod ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានមានប្រសាសន៍ថា ការវាយប្រហារទាំងនេះគឺជាការឆ្លើយតប “ដ៏ត្រឹមត្រូវទាំងស្រុង” ចំពោះការវាយប្រហារដ៏សាហាវរបស់រុស្ស៊ីលើបណ្តាទីក្រុងនានារបស់អ៊ុយក្រែន រួមទាំងទីក្រុងគីវ (Kyiv) កាលពីដើមសប្តាហ៍មុន ដែលបានសម្លាប់មនុស្ស ២៤នាក់។
នៅក្នុងប្រទេសអ៊ុយក្រែន មនុស្ស ៨នាក់បានរងរបួស នៅក្នុងការវាយប្រហារដោយដ្រូន និងការបាញ់ផ្លោងរបស់រុស្ស៊ី កាលពីយប់ថ្ងៃទី១៦ខែឧសភា នៅក្នុងតំបន់ Dnipropetrovsk ភាគកណ្តាល។
អភិបាលតំបន់ លោក Vorobiev បានសរសេរលើកម្មវិធី Telegram ថា កងកម្លាំងការពារដែនអាកាសបានកំពុងវាយបកទៅលើការវាយប្រហារដោយដ្រូន ក្នុងទ្រង់ទ្រាយធំ មកលើតំបន់រដ្ឋធានី តាំងពីម៉ោង ៣ទៀបភ្លឺ។ លោកបានបន្តថា មនុស្ស ៤នាក់ បានរងរបួសនៅក្នុងតំបន់នោះ ហើយផ្ទះមួយចំនួនបានរងការខូចខាត។
អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយថា មនុស្ស ១២នាក់ បានរងរបួស នៅពេលដែលដ្រូនបានធ្លាក់ចំច្រកចូលរោងចក្រចម្រាញ់ប្រេងរបស់ទីក្រុង។ កងទ័ពរុស្ស៊ី បាននិយាយថា ដ្រូនសរុបចំនួន ៥៥៦គ្រឿង ត្រូវបានស្ទាក់ចាប់នៅទូទាំងប្រទេស ដោយក្នុងនោះប្រហែល ១៣០គ្រឿង ស្ថិតនៅក្នុងតំបន់មូស្គូ។
លោក Zelensky បាននិយាយថា “ទណ្ឌកម្មរយៈចម្ងាយឆ្ងាយ” របស់អ៊ុយក្រែន បានទៅដល់តំបន់មូស្គូហើយ ដោយលោកបានសរសេរថា៖ “យើងកំពុងប្រាប់ជនជាតិរុស្ស៊ីយ៉ាងច្បាស់ថា៖ រដ្ឋរបស់ពួកគេត្រូវតែបញ្ឈប់សង្គ្រាមរបស់ខ្លួន”។
ក្នុងសេចក្តីថ្លែងការណ៍មួយ អង្គភាពសន្តិសុខរដ្ឋអ៊ុយក្រែន (SBU) បាននិយាយថា ខ្លួន និងកងទ័ពអ៊ុយក្រែន បានវាយប្រហារលើទីតាំងប្រេងជាច្រើនកន្លែង និងរោងចក្រផលិតឧបករណ៍ពាក់កណ្តាលចម្លង (Semiconductor) នៅក្នុងតំបន់មូស្គូ ព្រមទាំងប្រព័ន្ធការពារដែនអាកាសនៅឯព្រលានយន្តហោះយោធា Belbek ក្នុងតំបន់គ្រីមេ (Crimea)។
លោក Zelensky បានបន្ថែមថា ក្នុងសប្តាហ៍កន្លងមកនេះ អ៊ុយក្រែនបានបំផ្លាញគ្រឿងយុទ្ធោបករណ៍យោធារុស្ស៊ីដែលមានតម្លៃខ្ពស់ រួមមានយន្តហោះ ឧទ្ធម្ភាគចក្រ និងនាវាដឹកទំនិញ ព្រមទាំងបានវាយប្រហារលើទីតាំងថាមពលសំខាន់ៗដែលអនុញ្ញាតឱ្យរុស្ស៊ីបន្តកិច្ចប្រឹងប្រែងធ្វើសង្គ្រាម។
មន្ត្រីក្នុងតំបន់ លោក Oleksandr Hanzha បាននិយាយថា កាលពីយប់ថ្ងៃ១៦ឧសភានោះដែរ រុស្ស៊ីបានបើកការវាយប្រហារដោយដ្រូន និងការបាញ់ផ្លោងជាង ៣០លើក លើស្រុកចំនួន ៤ នៃតំបន់ Dnipropetrovsk បណ្តាលឱ្យមនុស្ស ៨នាក់រងរបួស និងផ្ទះមួយចំនួនខូចខាត។
នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់ កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបង្ហោះដ្រូនចំនួន ២៨៧គ្រឿង ចាប់តាំងពីយប់ថ្ងៃ១៦ឧសភា ដោយក្នុងនោះ ២៧៩គ្រឿង ត្រូវបានបាញ់ទម្លាក់ ឬស្ទាក់ចាប់បាន៕









