ពលរដ្ឋ​​នៅខេត្តកំពតជំរុញ​ឱ្យរ​ដ្ឋពន្លឿ​ន​​ផ្តល់​បណ្ណ​​កម្ម​សិទ្ធិ​​​ដោយ​​​បារម្ភ​​​​ខ្លាច​​​បាត់​​​ដី​​ទៅ​​លើ​​​​​​ឧកញ៉ា​​ពីរ​​​នាក់​

ប្រជា​ពលរដ្ឋ​​ជិត ៩០​គ្រួសារ នៅ​​​ឃុំ​ត្រពាំង​​​ភ្លាំង​ ស្រុក​​​ឈូក ខេត្ត​​កំពត នៅ​​ថ្ងៃ​​​ចន្ទ​​នេះ បាន​នាំ​គ្នា​​ប្រមូល​ផ្តុំ​ដាក់​​ញត្តិ​​​នៅ​ក្រសួង​​រៀប​ចំ​ដែន​ដី ​ស្នើឱ្យ​​ជួយ​​អន្តរា​​គមន៍​ទៅ​អាជ្ញាធរ​​ខេត្ត ឱ្យ​ពន្លឿន​​​​​​​​ការ​​​វាស់​​វែង និង​​ផ្តល់​​ប័ណ្ណ​​​​កម្ម​សិទ្ធិ​​ដីធ្លី​​​​ជូន​​ពួក​គាត់ ខណៈ​​ពួក​គាត់អះអាង​ថា កំពុ​ង​មាន​ក្តី​​បារម្ភជាខ្លាំង​​បាត់បង់ដីធ្លាប់រស់នៅនិង​អាស្រ័យផល​ ទៅ​លើ​ក្រុមហ៊ុនកាឡាក់ស៊ីរបស់​ឧកញ៉ា ឡេង ណាវ៉ាត្រា និង​ក្រុមហ៊ុន​របស់​ឧកញ៉ា ប៉ែន នួន។​

អ្នកស្រី ង៉ែត យឿន ជា​ប្រជាពលរដ្ឋ​​រស់នៅ​ភូមិព្រៃពាយ ឃុំ​ត្រពាំង​ភ្លាំង ដែលបានឡើ​ងមក​ដាក់​ញត្តិ​នៅ​ក្រសួងរៀបចំដែនដី រាជធានីភ្នំពេញ បាន​រៀបរាប់​ថា ពួកគាត់​បានរស់​នៅ​ និង​អាស្រ័យ​ផល​លើដីនោះ​​ជាង២០ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅ​ឆ្នាំ២០២១ ខាង​ក្រុមហ៊ុនកា​ឡាក់ស៊ី និង​ក្រុមហ៊ុន​ឧកញ៉ា ប៉ែន នួន បាន​មក​ចរចា​​ទិញ​ដីពី​ប្រជាពលរដ្ឋ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ពុំ​ព្រមលក់​​ ហើយ​ខាង​ក្រុមហ៊ុន​ក៏បានដាក់គ្រឿង​ចក្រ​​មគំរាម​កំហែង​ឈូសឆាយ​ដី​របស់ពួក​គាត់​។

អ្នកស្រីបន្តថា ពួកគាត់ធ្លាប់បាន​ស្នើសុំទៅអាជ្ញាធរ​ខេត្ត​ដើម្បី​ចុះស្រាវ​ជ្រាវ​ វាស់វែង និង​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ឱ្យពួកគាត់​​ដែរ ហើយ​ខាង​អាជ្ញាធរ​សន្យា​ថា​នឹង​ដោះស្រាយជូន ប៉ុន្តែ​មក​ដល់​ពេល​នេះ នៅពុំទាន់ឃើញ​ការ​ដោះស្រាយ​នៅ​ឡើយ​​ ទើប​ពួកគាត់​នាំគ្នា​ឡើង​មកសុំ​អន្តរាគមន៍ពីក្រសួង​​​រៀបចំដែនដី ឱ្យ​ជួយ​ពន្លឿន​ការ​ងារ​នេះ ដោយសារ​តែ​ខាង​​ក្រុម​ហ៊ុន​បណ្តេញ​ចេញ​ដោយ​បង្ខំ។

អ្នកស្រី ង៉ែត ​យឿន ដែលអះអាងថាមានប្តី និង​កូន​ពិកា​ររូប​នេះ និយាយថា៖ «ខ្ញុំនៅ​រាល់​​ថ្ងៃ ខ្ញុំនៅ​​​ភិត​ភ័យ ដោយ​សារ​​ខ្ញុំ​ចេញ​​ទៅ​​រក​ស៊ី​​ណា​​​​ក៏​ខ្ញុំ​អត់​ហ៊ាន​ចេញ​ទៅ​ដែរ ដោយសារខ្លាច​គេ​មក​យក ​រុះផ្ទះសម្បែង​ដែល​ខ្ញុំរស់នៅ អីចឹង​​ខ្ញុំ​អត់​​​សុំ​អី​លើស​ពីអាហារ​៣ពេល​ទេ​រាល់​ថ្ងៃនេះ ខ្ញុំសុំ​តែ​ម៉ា​រស់​ដោយ​សមរម្យ​ លំនៅដ្ឋាន​ឱ្យ​សម​រម្យ មិន​ចង់​បាន​លើស​ពី​​ចំនួន​​ដូចជា​ក្រុមហ៊ុន​ដទៃ​ទេ។ ក្រុមហ៊ុនគេ​ គេ​អត់មាន​ដាក់ថា​ក្រុម​ហ៊ុន​​ទេ គេ​ដាក់ ឧកញ៉ា ប៉ែន នួន ហើយ​​និង​ក្រុមហ៊ុន​កាឡាស៊ី ពីរក្រុម​ហ៊ុន​ហ្នឹង[…] ខ្ញុំសុំថា ដីខ្ញុំ​ប៉ុន្មា​ន​​កាត់​ឆ្វៀល​ឱ្យ​ខ្ញុំ​មក ​ប្រជាពលរដ្ឋរស់​នៅជុំវិញ​ខ្លួន​មាន​(ដី)​​ម្នាក់​​ប៉ុន្មាន ឆ្វៀល​​​​ផ្តល់​បណ្ណ​កម្មសិទ្ធិ​​​​​ឱ្យខ្ញុំស្រប​ច្បាប់​មក​​ កុំ​ឱ្យ​ខ្ញុំរស់ទាំង​​ភ័យ​ខ្លាច​បែបហ្នឹង»។

ប្រជាពលរដ្ឋ​រស់នៅភូមិ​ព្រៃ​ពាយ​ម្នាក់ទៀត អ្នកស្រី ឌិន​ ស្រអែម​ បានឱ្យ​ដឹងដែរថា រូបគាត់​បាន​​​រស់នៅ​ លើ​​នោះជាង​២០ឆ្នាំ​មក​ហើយ​​ ដោយមានដាំដំណាំបន្តិច​បន្តួច និង​ធ្វើស្រែ ​គ្រាន់​នឹង​​ចិញ្ចឹមជីវិត​​ ប៉ុន្តែក្រោយមក​ខា​ងក្រុមហ៊ុន​​កាឡាក់ស៊ី​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា និង​ក្រុម​​ហ៊ុន​​របស់ឧកញ៉ា ប៉ែន នួន បែរមកអះ​អាង​​ថា​ដីនោះជាដី​របស់ក្រុមហ៊ុនទៅវិញ និ​ងបានគំរាម​កំហែង និង​ហាមពលរដ្ឋ​មិនឱ្យដាំ​ដំណាំធំៗលើដីនោះ​ទេ។ ការណ៍នេះ អ្នកស្រីថា ពលរដ្ឋ​​មានក្តីបារម្ភ​ជា​ខ្លាំង​ពីការ​បាត់បង់ដីធ្លាប់រស់នៅ និងអាស្រ័យ​ផល ទើប​នាំគ្នា​​មក​សុំ​អន្តរាគមន៍ សុំប្លង់​កម្ម​សិទ្ធិ​ដីធ្លី ពីក្រសួង​រៀបចំដែនដី។ 

អ្នកស្រីបន្តថា៖ «ស្នើសុំឱ្យខាង​ក្រសួង ខា​ងអាជ្ញាធរចុះ​ទៅមើល​ផ្ទាល់​ដល់​កន្លែង​ទីតាំង​​ដែល​ខ្ញុំរស់​នៅ ថា​មាន​ប្រជាពលរដ្ឋ​នៅ​ពិតប្រាកដអត់ បើសិនជាអត់​មាន គាត់​អត់ធ្វើ​ប្លង់​​ ក៏ខ្ញុំ​អត់​​ថា​ដែរ តែបើប្រជាពលរដ្ឋរាល់ថ្ងៃ​នៅមាន​ពិត​ប្រាកដ​​ចឹង​មែន​ បានខ្ញុំមកស្នើសុំប្លង់​​ ព្រោះថា​ភ័យខ្លាច ខ្លាចក្រុមហ៊ុនយកអស់ទៅ ពួកខ្ញុំមិន​ដឹង​រស់​នៅ​​ណា»។

បើតាមក្រុមប្រជាពលរដ្ឋ អ្នកដែលបានឡើង​មកដាក់ញត្តិ​នៅ​ក្រសួង​នា​ព្រឹក​នេះ មាន​៣ក្រុម ក្នុង​​នោះ​​​មាន​ ពលរដ្ឋ​​​នៅ​​ចំណុច​​អូរ​តា​សេក ចំនួន ២៣​គ្រួសារ ចំណុច​​ថ្លាន់​១០០មាន​ចំនួន ៤៩​គ្រួសារ និ​ងចំណុច​​បាត់ដឹង ១៥​គ្រួសារ​ ដោយ​​​​​​មាន​​ដី​​ក្នុង​​មួយគ្រួសារចន្លោះពី​កន្លះហិតា ទៅ​ ៥ហិកតា​។

ពលរដ្ឋ​ទាំងនោះ ​បានអះអាងទៀត​​​ថា ខាង​មន្ត្រីរដ្ឋបាល​ក្រសួង​រៀបចំដែន​ដី បាន​ទទួលយកញត្តិ​របស់ពួកគាត់​ហើយ ហើយសន្យាថានឹង​ដាក់ជូន​ថ្នាក់​លើ​ដើម្បីពិនិត្យ ហើយ​នឹង​ឆ្លើយ​តប​មក​ពលរដ្ឋ​វិញ​ក្នុងពេល​ឆាប់ៗ​។ យ៉ាងណា ក្រុម​​​ប្រជា​ពលរដ្ឋ បានព្រមានថា ពួកគាត់​នឹង​ឡើង​មក​ក្រសួងម្តងទៀត នៅអំឡុង​ខែក្រោយ ​ប្រសិន​បើ​ក្រសួង​យឺតយ៉ាវ ឬមិន​ដោះស្រាយ​ជូន​​ពួក​គាត់។

វីអូឌី មិនអាចសុំការ​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះ ពីអ្នកនាំពាក្យ​ក្រសួង​រៀបចំដែនដី នគរូបនីយ​កម្ម និង​សំណង់ លោក សេង ឡូត ​និង​តំណាងក្រុមហ៊ុន​កាឡាក់ស៊ី និង​ក្រុមហ៊ុន​ឧកញ៉ា ប៉ែន នួន ដែល​រ​ងកា​រចោទពីពលរដ្ឋ​នោះបាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ២០២៦នេះ។​

មន្ត្រី​អង្កេត​​ជាន់ខ្ពស់នៅ​សមាគម​ការ​ពារ​សិទ្ធិមនុស្ស​អាដហុក លោក យី សុខ​សាន្ត ដែល​បាន​តាម​ដានករណី​នេះ យល់ថា រដ្ឋាភិបាល​គួរពន្លឿនការ​ចុះបញ្ជី និង​ធ្វើ​បណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋមក​ពីខេត្តកំពត​នេះ​ ហើយ​បើទោះ​ជា​ពលរដ្ឋ​​គ្មាន​ប្លង់​ដី​ ក៏រដ្ឋ​គួរមានដំណោះស្រាយ​​​​ផ្តល់​ដី​​សម្ប​ទាន​​សង្គម​កិច្ចជូន​ពលរដ្ឋ ដើម្បី​លុប​បំបាត់​ភាព​ក្រីក្រ។ ​

លោកថា៖ «ដើម្បីលុប​បំបាត់​ភាពក្រី​ក្រ វា​ទាល់​តែ​​គាត់​ហ្នឹង​មាន​ដី​ធ្លី​ធ្វើកសិកម្ម ធ្វើជាដី​ស្រែ​​ដីចម្ការ ហើយ​ដីលំនៅ​ឋាន​ពិតប្រាកដ​ អាហ្នឹង​បាន​គាត់​អាច​ គេហៅថា ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​បាន​​ ហើយ​មកដល់ស្ថាន​ភាព​ឆ្នាំ​២០២៦នេះ ហើយ​​យើង​អត់មានដី មានន័យ​ថា ពួកគាត់នៅតែ​ក្រីក្រ​ហ្នឹង​ខ្ពស់​បំផុត​ ដូច្នេះ​យើង​ស្នើ​សុំ​ឱ្យ​ ជាពិសេស​រដ្ឋមន្ត្រី​ក្រសួង​​ដែនដី​​ នគរូបនីយកម្ម​  មេត្តាដាក់វិធានការ​ដើម្បីចុះ​បញ្ជី​ទទួល​ស្គាល់​ដី​ពួកគាត់​ឱ្យស្រប​ច្បាប់​ នេះជាការ​ល្អ»។​

របាយការណ៍ស្តីពី ស្ថានភាពសិទ្ធិដីធ្លី​ឆ្នាំ​២០២៥របស់​​​សមាគមអាដហុក ចេញផ្សាយកាល​ពី​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២៦ បាន​រកឃើញថា ករណីវិវាទដីធ្លី​​ថ្មីនៅ​ឆ្នាំ​២០២៥មាន​ចំនួន ៤៥​ករណី បន្ថែម​លើ​ករណី​​ចាស់ៗ​ជា​ច្រើន​​​ដែល​មិន​ទាន់​​​មាន​ដំណោះស្រាយ​សមរម្យ ដែល​​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​​ចំនួន ៥ ៥២០​គ្រួសារ និង​ផ្ទៃដីជាង ១១ម៉ឺន​ហិកតា (១១៥ ៤១៣ ហិកតា)។ ក្នុងនោះ​ភាគរយខ្ពស់នៃ​វិវាទ​ពាក់ព័ន្ធ​នឹង​​កា​ររំលោភ​ដីធ្លី​ដោយ​បុគ្គល​មានអំណាច ៤២​ភាគ​រយ និង​​​អ្នកមានទ្រព្យ​/ក្រុមហ៊ុន​ ២០ភាគរយ ដែលជា​ការបង្ហាញពី​ឥទ្ធិពល​ខ្លាំង​របស់​ក្រុម​អាជ្ញាធរ​មាន​អំណាច​លើ​ការ​​ប្រើ​ប្រាស់​​​​ធនធាន​ដីធ្លី និង​ធន​ធាន​​​ធម្ម​​ជាតិ។​

ជុំវិញ​​របាយការណ៍នេះ ​អាដហុក បាន​វាយ​តម្លៃ​ថា បញ្ហាវិវាទដីធ្លី​នៅ​កម្ពុជា នៅតែ​បន្ត​មាន​លក្ខណៈ​​ធ្ងន់​ធ្ងរ​ រ៉ាំរៃ និង​ស្មុគស្មាញ ដែល​ទាមទារ​ឱ្យ​មានការ​កែលម្អផ្នែក​ច្បាប់ គោរព​សិទ្ធិ​សហគមន៍ ទប់​ស្កាត់អំពើពុករលួយ និងបញ្ឈប់ការ​ប្រើ​​អំណាច​ខុស​ពីគោលបំណង​នៃច្បាប់ បើពុំនោះទេ វិវាទ​ដីធ្លី​នឹង​បង្ក​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់ស្ថិរភាព​សេដ្ឋកិច្ច សង្គម និងការ​បាត់បង់ទំនុក​ចិត្ត​លើ​រដ្ឋាភិ​បាល​និងប្រព័ន្ធ​យុត្តិធម៌ ដែល​អាច​រារាំង​ដល់ការ​អភិវឌ្ឍ​រយៈ​ពេល​វែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ