ប្រធានាធិបតីគុយបា លោក មីហ្គេល ឌីយ៉ាស-កាណែល (Miguel Díaz-Canel) បានព្រមានថា រាល់សកម្មភាពយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសរបស់លោក នឹងនាំទៅរក «ការបង្ហូរឈាមគ្នា» ជាមួយនឹងផលវិបាកដែលមិនអាចកាត់ថ្លៃបាន សម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
លោក ឌីយ៉ាស-កាណែល បានសរសេរនៅលើបណ្តាញសង្គម X ថា៖«គុយបាមិនមែនជាការគំរាមកំហែងនោះទេ»។
ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍របស់សារព័ត៌មាន Axios ដែលបានចុះផ្សាយកាលពីថ្ងៃទី១៧ខែឧសភា ដោយដកស្រង់ព័ត៌មានសម្ងាត់ ដែលបានអះអាងថា ប្រទេសគុយបាទទួលបានដ្រូនយោធាជាង ៣០០ គ្រឿង និងបានពិភាក្សាអំពីផែនការប្រើប្រាស់ដ្រូនទាំងនោះ ដើម្បីវាយប្រហារលើមូលដ្ឋានទ័ពជើងទឹករបស់សហរដ្ឋអាមេរិកនៅឈូងសមុទ្រក្វាន់តាណាម៉ូ (Guantánamo Bay) នាវា របស់សហរដ្ឋអាមេរិក និងតំបន់ឃីវេស (Key West) ក្នុងរដ្ឋផ្លរីដា។
រដ្ឋមន្ត្រីការបរទេស លោក ប៊្រូណូ រ៉ូឌ្រីហ្គេស (Bruno Rodriguez) នៅក្នុងការបង្ហោះដាច់ដោយឡែកមួយទៀត បានលើកឡើងថា គុយបា «ក៏ដូចជាបណ្តាប្រទេសដទៃទៀតនៅលើពិភពលោកដែរ» មានសិទ្ធិស្របច្បាប់ក្នុងការការពារខ្លួនប្រឆាំងនឹងការឈ្លានពានពីខាងក្រៅ ក្រោមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ លោកបន្ថែមទៀតថា អ្នកដែលប៉ុនប៉ងវាយប្រហារគុយបា បានប្រើប្រាស់លេសក្លែងក្លាយដើម្បីធ្វើជាហេតុផល។
ប្រទេសគុយបា ដែលជាសត្រូវកុម្មុយនីស្តជំនាន់មុនរបស់ទីក្រុងវ៉ាស៊ីនតោន បានធ្លាក់ចូលទៅក្នុងស្ថានភាពតានតឹងកាន់តែខ្លាំង ចាប់តាំងពីសហរដ្ឋអាមេរិកបានកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលរបស់ខ្លួន បន្ទាប់ពីការចាប់ខ្លួនប្រធានាធិបតីនៃប្រទេសវ៉េណេស៊ុយអេឡា ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនកាលពីខែមករា។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រភពប្រេងឥន្ធនៈបានរីងស្ងួត ហើយជារឿយៗអគ្គិសនីមានប្រើប្រាស់តែមួយ ឬពីរម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។
ភាពតានតឹងរវាងប្រទេសទាំងពីរបានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ កាលពីថ្ងៃទី១៥ខែឧសភា របាយការណ៍ជាច្រើនបានបង្ហាញថា ព្រះរាជអាជ្ញាសហរដ្ឋអាមេរិកមានផែនការចោទប្រកាន់អតីតមេដឹកនាំគុយបា លោក រ៉ាអ៊ូល កាស្ត្រូ (Raúl Castro) ជុំវិញករណីគុយបាបាញ់ទម្លាក់យន្តហោះពីរគ្រឿងក្នុងឆ្នាំ១៩៩៦ ដែលប្រតិបត្តិការដោយក្រុមមនុស្សធម៌ Brothers to the Rescue។
ការចោទប្រកាន់បែបនេះទៅលើ លោក កាស្ត្រូ ដែលមានវ័យ ៩៤ ឆ្នាំ នឹងក្លាយជាការបង្កើនសម្ពាធដ៏ធំមួយលើប្រទេសគុយបាពីសំណាក់រដ្ឋបាល លោក ត្រាំ ដែលបានចាត់ទុក រដ្ឋាភិបាលដែនកោះមួយនេះថា ពុករលួយ និងគ្មានសមត្ថភាព ក្នុងពេលដែលខ្លួនកំពុងជំរុញឱ្យមានការផ្លាស់ប្តូរ៕









