ជនជាតិដើមភាគតិចកួយជាង ៣០០គ្រួសារ រស់នៅភូមិដងផ្លិត និងភូមិណារុង ឃុំឆែបពីរ ស្រុកឆែប នៅតែទន្ទឹងរង់ចាំពន្លឺយុត្តិធម៌ជាង ១ឆ្នាំមកហើយ ក្នុងករណីក្រុមហ៊ុនមួយរបស់អភិបាលរងខេត្តព្រះវិហារ លោក អ៊ុក គឹមសាន បានបញ្ជូនគ្រឿងចក្រជាច្រើនគ្រឿងសម្រុកឈូសឆាយព្រៃជំនឿអស់ជាង ១ពាន់ហិកតា នៅចំណុចព្រលានតាដែវ។
តំណាងសហគមន៍ជនជាតិដើមភាគតិចកួយ ភូមិដងផ្លិត លោក សោម ណៃ ប្រាប់វីអូឌីនៅថ្ងៃទី១៩ ខែឧសភាថា ចាប់តាំងពីចុងខែកុម្ភៈ ឆ្នាំ២០២៤ រហូតមកទល់ពេលនេះ អ្នកភូមិណារុង និងភូមិដងផ្លិត បានផ្ដិតមេដៃដាក់ញត្តិឱ្យស្ថាប័នថ្នាក់ជាតិ ៧ស្ថាប័ន រួមទាំងក្រសួងរៀបចំដែនដី ក្រសួងមហាផ្ទៃ និងព្រឹទ្ធសភា ដើម្បីឱ្យជួយដោះស្រាយបញ្ហានេះ តែមិនទាន់ទទួលដំណឹងនៅឡើយទេមកទល់ពេលនេះ។
លោកថា ពេលនេះ ជនជាតិដើមភាគតិចកួយជាច្រើនគ្រួសារ មិនអាចចូលទៅអាស្រ័យផល លើដីចម្ការរបស់ខ្លួនបាននៅឡើយទេ ដោយសារកម្មកររបស់ក្រុមហ៊ុនរារាំង។
លោក សោម ណៃ និយាយថា៖ «លំបាកគឺរកទីប្រៀបពុំបាន កន្លែងអាស្រ័យផលកន្លងមកសមស្រប តែឥលូវនេះបញ្ហាវាកើតឡើង។ វាហានិភ័យខ្លាចគេចាប់ដាក់គុកទោសទណ្ឌ វាធ្លាក់ចំណូលចម្ការស្រែរបស់បងប្អូន វាជុំវិញផងដែរ។ ចម្ការស្រែអាស្រ័យផលធនធានធម្មជាតិ វាពុំមែនមួយកន្លែងទេ តែកន្លែងហ្នឹងវាពិបាកជាងគេ»។
អ្នកភូមិថា ចាប់តាំងពីចុងខែធ្នូ ឆ្នាំ២០២៤ រហូតដល់ដើមឆ្នាំ២០២៥ ក្រុមហ៊ុនរបស់អភិបាលរងខេត្តព្រះវិហារ លោក អ៊ុក គឹមសាន បានបញ្ជូនគ្រឿងចក្រជាច្រើនគ្រឿង សម្រុកឈូសឆាយព្រៃជំនឿអស់រាប់រយហិកតា បង្កផលប៉ះពាល់ដល់ដីស្រែចម្ការរបស់ជនជាតិដើមភាគតិចជាច្រើនគ្រួសារ ដែលពួកគាត់មានទម្លាប់ធ្វើស្រែតាមប្រឡោះព្រៃ។ រីឯអ្នកភូមិជាង ៣០គ្រួសារ បានប្រថុយប្រថានចូលទៅដាំដុះលើដីរបស់ខ្លួន ដោយសារតែគ្មានជម្រើស ខណៈដែលដីស្រែចម្ការរបស់ពួកគាត់ ត្រូវបានក្រុមហ៊ុនរំលោភយកទាំងមូល។
ជនជាតិដើមភាគតិចកួយម្នាក់ទៀត រស់នៅភូមិដងផ្លិត លោក សួន សុឃីន ប្រាប់ថា ក្រុមហ៊ុនរបស់ លោក អ៊ុក គឹមសាន បានឈូសឆាយព្រៃជំនឿ ប៉ះពាល់ចំណូលសេដ្ឋកិច្ច និងតំបន់ជំនឿរបស់ពួកគាត់ ធ្វើឱ្យអ្នកភូមិបាត់បង់កន្លែងប្រតិបត្តិជំនឿប្រពៃណី ដោយពលរដ្ឋខ្លះធ្លាក់ខ្លួនក្រីក្រ កុមារបោះបង់ការសិក្សា និងមានវិបត្តិផ្លូវចិត្ត។
លោកថា កន្លងទៅពលរដ្ឋបានផ្តិតមេដៃវេញបង្វេចស្វែងរកយុត្តិធម៌ទៅស្ថាប័នថ្នាក់ជាតិនៅរាជធានីភ្នំពេញ តែបែរជាស្ងាត់ឈឹង។
លោក សួន សុឃីន និយាយថា៖ «ជីវភាពរបស់គាត់ ដល់គេឈូសឆាយវាលអស់អ៊ីចឹង ដីហ្នឹងគេអាស្រ័យផលតាំងពីដូនតាមក។ ក្នុងតំបន់ព្រៃជំនឿប្រលានតាដេវហ្នឹង ពលរដ្ឋអាស្រ័យផលព្រៃឈើ ដូចជាផ្សិត បក់ អ្វីគ្រប់យ៉ាងក្នុងតំបន់ព្រៃឈើហ្នឹង»។
វីអូឌី នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះ ពីអភិបាលរងខេត្តព្រះវិហារ លោក អ៊ុក គឹមសាន បានទេគិតត្រឹមម៉ោងផ្សាយនេះ។ រីឯអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ក៏មិនទាន់អាចទាក់ទងបានដែរ។
ក្រុមហ៊ុនសាន់តាណា អាហ្គ្រោប្រូដាក់ របស់លោក អ៊ុក គឹមសាន បានទទួលសិទ្ធិវិនិយោគ ដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ជាង ១ម៉ឺនហិកតា (១២ ០០០ហិកតា) នៅស្រុករវៀង ខេត្តព្រះវិហារ កាលពីចុងឆ្នាំ២០២១ ដោយដាំដំណាំស្វាយចន្ទី និងកែច្នៃគ្រាប់ស្វាយចន្ទីនាំយកទៅលក់នៅក្រៅប្រទេស។
កាលពីដើមឆ្នាំ២០២៥ ក្រុមហ៊ុនមួយនេះ រងការចោទពីសហគមន៍ខេត្តព្រះវិហារថា បានដណ្ដើមដីស្រែចម្ការ និងដីព្រៃសហគមន៍ទំហំជាង ១ពាន់ហិកតា ក្នុងស្រុកឆែប ខេត្តព្រះវិហារ ហើយបានប្រើអំពើហិង្សាលើពលរដ្ឋរងគ្រោះដីធ្លីទាំងនោះថែមទៀត។
លោក អ៊ុក គឹមសាន បច្ចុប្បន្នមានតួនាទីជាអភិបាលរងខេត្តព្រះវិហារ និងមានងារជាឧកញ៉ា លើសពីនោះ លោក ក៏មានតួនាទីជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ។
អ្នកការពារសិទ្ធិមនុស្ស និងធនធានធម្មជាតិ លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់ថា អាជ្ញាធរដែនដីមានកាតព្វកិច្ចការពារដីសមូហភាពជូនជនជាតិដើមភាគតិច ដែលត្រូវបម្រើពលរដ្ឋដោយស្មោះតាមផ្លូវច្បាប់ មិនត្រូវបណ្ដែតបណ្ដោយឱ្យអ្នកមានអំណាចរំលោភបំពានដីអាស្រ័យផលរបស់ពួកគាត់ដូច្នេះទេ។ លោកថា អាជ្ញាធរជាតិត្រូវចុះស៊ើបអង្កេត ដើម្បីពន្លឿនដោះស្រាយបញ្ហានេះ ពុំគួរអូសបន្លាយពេលនោះទេ។
លោក ប៉ែន ប៊ុណ្ណារ៍ ថ្លែងថា៖ «ច្បាប់ភូមិបាលក្នុងពេលអន្តរកាល ពេលគាត់មិនទាន់ចុះបញ្ជីកម្មសិទ្ធិសមូហភាព អត់មានពីណាមួយទៅលួចព្រៃសហគមន៍ ព្រៃគាត់ការពារបានទេ។ ពេលគាត់មិនទាន់ចុះបញ្ជីអាជ្ញាធរដែនដី រដ្ឋត្រូវមានកាតព្វកិច្ចការពារដីសមូហភាព»។
តំបន់ព្រៃជំនឿ ព្រៃអារក្ស និងតំបន់ព្រៃអាស្រ័យផល ដែលកំពុងឈូសឆាយនោះ មានផ្ទៃដីជាង ១ ពាន់ ៥០ហិកតា (១ ០៥០ហិកតា) ដែលជនជាតិដើមភាគតិចកួយ ចំនួន ២ភូមិ អាស្រ័យផល ធ្វើកសិកម្មដាំដុះ និងរកអនុផលព្រៃឈើច្រើនជំនាន់មកហើយ។ ព្រៃនៅតំបន់នោះ ក៏ជាជម្រកសត្វត្មាតព្រៃដ៏កម្រ ព្រៃជំនឿ វាលស្មៅឃ្វាលគោក្របី និងអូរធម្មជាតិជាច្រើនកន្លែង។
ប្រជាសហគមន៍ទទូចឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រគល់ដីដែលអភិបាលរងខេត្តព្រះវិហារ លោក អ៊ុក គឹមសាន រំលោភយកពីសហគមន៍ ប្រើប្រាស់រួម និងដាំស្តារព្រៃឡើងវិញ ដោយមិនត្រូវឱ្យដីក្នុងតំបន់អភិរក្សរបស់សហគមន៍ធ្លាក់ក្នុងដៃបុគ្គលមានលុយមានអំណាចនោះទេ៕









