ជនជាតិ​ដើម​ឱ្យ​​ចាត់​វិធាន​ការ​​​មន្ត្រី​​​នៅ​ពី​ក្រោយ​ការ​​កាប់​​ឈើ​​ក្នុង​​ដែន​​ជម្រក​​សត្វ​​ព្រៃ​​​ភ្នំ​​ណាម​​លៀរ

សហគមន៍​​ជន​​ជាតិ​​ដើម​​ភាគ​​តិច​​ព្នង រស់​​​នៅ​​​ឃុំ​​ប៊ូស្រា ស្រុក​​ពេជ្រាដា ​អ​ស់​​ជំនឿ​​ចិត្ត​​ចំពោះ​​វិធាន​ការ​​ទប់​ស្កាត់​​បទ​ល្មើស​​​ព្រៃ​ឈើ ពី​​សំណាក់​​ឆ្មាំ​​អភិរក្ស​​របស់​​ក្រសួង​​បរិស្ថាន ដោយ​​ពួក​គេ​​សង្កេត​​ឃើញ​​ថា ជាង ១០ ឆ្នាំ​​កន្លង​​ទៅ​​នេះ​ ក្រោយ​​​ពី​​​មាន​​វត្តមាន​​​មន្ត្រី​បរិស្ថាន ការពារ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាម​លៀរ ព្រៃឈើ​កាន់​តែ​ហិនហោច សត្វ​ព្រៃ​កម្រ​ជា​ច្រើន​ប្រភេទ​ផុតពូជ ហើយ​ដី​ព្រៃស្រោង​រាប់​ពាន់​ហិកតារ​ នៅ​តំបន់​ខ្លះបាន​ក្លាយ​ជា​ដី​ចម្ការ​ជា​កម្ម​សិទ្ធិ​ឯកជន។

សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិចព្នង​ ​លោក ច្រាន ឡូន ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា​ថា​ លោក​គ្មាន​ជំនឿ​ចិត្ត​ចំពោះ​​​​មន្ត្រី​នោះ​​ទេ ដោយ​ពួកគេ​អនុវត្ត​ច្បាប់​ធ្វើ​ឡើង​គ្រាន់​តែ​បង្គប់​កិច្ច ឬ​ថត​បង្ហោះឱ្យ​ល្អ​មើល​ប៉ុណ្ណោះ។ លោក​ថា​ វិធាន​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​បរិស្ថាន ធ្វើ​ឡើង​តាម​តែ​បទបញ្ជា​ និង​អនុវត្តច្បាប់​ម្តងម្កាល ​ស្របពេល​ដែល​ដែន​​​ជម្រក​សត្វ​ព្រៃភ្នំ​ណាម​​លៀរ​នៅ​តែ​រង​​ការ​កាប់​បំផ្លាញ​ដើម​ឈើ​ធំៗ និង​កាប់​ទន្ទ្រាន​ដី​ធ្វើជាកម្មសិទ្ធិ។

លោក ច្រាន ឡូន និយាយថា៖«អាជ្ញាធរ​រដ្ឋាភិបាល​គាត់​សហការ​ជាមួយ​ខាង​​សហគមន៍​ ក្រសួង​​បរិស្ថាន និង​អ្នក​សារព័ត៌មាន​​ចូលរួម​ទាំង​អស់​គ្នា​បាន​ជោគ​ជ័យ។ បើ​មិន​ចឹង​ទេ​ អត់​ជោគ​ជ័យ​ទេ វា​នៅ​លាក់​លៀម ពុក​រលួយ គឺ​ពុក​​រលួយ​​ដដែល»។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក ហាស់ វិបុល បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ ​​ចុះ​ទប់​ស្កាត់​​បទល្មើស​ព្រៃឈើ ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាម​លៀរ ​ដោយ​រឹបអូស​ឈើ​មាន​តម្លៃ និង​រុះរើ​ជំរំ​កាប់​ឈើ​​​​របស់​​​ក្រុម​​​ជន​ល្មើស ដែល​​សម្ងំ​កាប់​ឈើ​ក្នុង​ព្រៃ​អភិរក្ស​ភ្នំ​ណាម​លៀរ។

ជនជាតិ​ដើម​ភាគ​តិច​ព្នង​ម្នាក់​ទៀត​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ អះអាង​ថា ថ្មីៗ​មន្ត្រី​បរិស្ថាន​ បាន​ចាប់​ខ្លួន​ពលរដ្ឋ ២នាក់ ដែល​​កំពុង​ធ្វើ​ចម្ការ​ដែល​អាស្រ័យ​ផល​ជា​ច្រើន​​ឆ្នាំ​មក​ហើយ​ យក​ទៅ​ឃុំខ្លួន​នៅ​ស្នាក់​ការ​បរិស្ថាន ដោយ​តម្រូវ​ឱ្យ​​ពលរដ្ឋ​បង់​លុយ​ឱ្យ​មន្ត្រី​បរិស្ថាន​ម្នាក់ៗ ៣លាន​រៀល​ ទើប​ពួកគេ​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ។

លោក​ថា ​អំពើ​ពុករលួយ​រឿង​បទល្មើស​ព្រៃឈើ​ ពុំ​មែន​ជា​រឿង​ថ្មី​នោះ​ទេ ​ប៉ុន្តែ​មិន​ឃើញ​រដ្ឋាភិបាល​ដោះស្រាយ​ឱ្យ​ចំ​គោល​ដៅ​​នោះ​ឡើយ។

ពលរដ្ឋ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះរូបនោះ បាននិយាយ​ថា៖ «នៅឃុំ​ស្រែ​អំពូម​​ថ្មីៗ​នេះ ​គ្នា​គ្រាន់​ស៊ីឈ្នួល​គេ​សោះ ហើយ​​​ចាប់​គ្នា​យក​មក​ដល់​មន្ទីរ​បរិស្ថាន​ខេត្ត។ អត់​មាន​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ត្រឹមត្រូវ​ វែក​ញែក​ហេតុ​ផល កន្លែង​​​​ណា​តំបន់​អភិរក្ស កន្លែង​ណា​មិនមែន​តំបន់​បរិស្ថាន។​ យក​ទៅ​វែកញែក​ចុះ​ឡើង​សុំ​លុយ​ម្នាក់ ៣លាន ពីរ​នាក់​​​គ្នា​មាន​លុយ​មក​ពីណា? ខ្ចី​គេ​ខ្ចី​ឯង ក្រ​ខ្ចី​គេ​ ដោយសារ​បង់​ពួក​បរិស្ថាន​ហ្នឹង។ វា​អយុត្តិធម៌»

វីអូឌី​ មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ ពី​នាយក​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាម​លៀរ​ លោក​វុធ សារុំ  និង ប្រធាន​​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក លោក ហាស់ វិបុល  បាន​នៅ​ឡើយ​ទេ​ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

តែ​យ៉ាង​ណា ​កាល​ពី​ចុង​សប្ដាហ៍​មុន មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ចេញ​លិខិត​ប្រកាស​ព័ត៌មាន​មួយ​ ច្រានចោល​ចំពោះ​​​ការ​រិះគន់​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​(Facebook) ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម និង​អ្នក​សារ​ព័ត៌​មាន​​​សហគមន៍​ដែល​សរសេរ​ថា ពលរដ្ឋ​​​រិះគន់​អភិបាល​ខេត្ត​មណ្ឌលគិរី​​មាន​ភាព​កម្សោយ ក្នុង​ការ​ដោះស្រាយ​​វិវាទ​ដីធ្លី​ជូន​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ដែល​មន្ត្រី​បរិស្ថាន​បាន​រំលោភ​បំពាន​ដី​ចម្ការ​របស់​សហគមន៍​​ ស្ថិត​នៅ​ក្នុង​​ភូមិ​ពូចារ ឃុំស្រែព្រះ ស្រុក​កែវសីមា។ មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ​បាន​ចាត់​ទុក​អ្នក​សរសេរ​បង្ហោះ​នេះ​ ជា​ការ​ញុះ​​ញង់ ធ្វើ​ឱ្យ​យល់​ច្រឡំ​ពី​សាធារណជន។

សមាជិក​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ខេត្ត​មណ្ឌល​គិរី លោក ប៉ូរេត កាំពី សង្កេត​ឃើញ​ថា ព្រៃ​ស្រោង​​រាប់​រយ​ហិកតា ឋិត​នៅ​ខាង​ជើង​ភ្នំ​ណាម​លៀរ ដែល​ធ្លាប់​តែ​សម្បូរ​ដើម​ឈើ​ធំៗ និង​សត្វ​ព្រៃ បាន​ក្លាយ​ជា​ដី​ចម្ការ​​ជា​កម្ម​សិទ្ធិ​ឯកជននៅរយៈពេលជិត១០ឆ្នាំកន្លងទៅនេះ។ 

លោក​ថា​ ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាម​លៀរ​ ​ជា​តំបន់​សម្បូរ​ដោយ​ជម្រក​សត្វ​ព្រៃ​កម្រ​រស់​នៅ និង​សម្បូរ​រុក្ខជាតិ​កម្រ​មាន​តម្លៃ កំពុង​ប្រឈម​បាត់បង់​ស្ទើរ​គ្រប់​តំបន់។ រីឯ​ដើម​ឈើ​ធំៗ ឋិត​នៅ​ចំណុច​អូរ​អង្កាល ក្នុង​ភូមិ​ឡាំម៉េះ ឃុំប៊ូស្រា ក៏​ត្រូវ​គេ​លួច​កាប់​អស់​ជា​ច្រើន​ដើម ដើម្បី​ធ្វើ​អាជីវកម្ម​ដែរ។

លោក ប៉ូរេត កាំពី និយាយថា៖ «ខ្ញុំ​គិត​ថា បើ​ពួកគាត់​(មន្ត្រី​បរិស្ថាន)​ នៅតែ​បណ្ដែត​បណ្ដោយ​ឬ​អត់​បាន​ពន្យល់ ណែនាំ​​ឱ្យ​ពលរដ្ឋ​យល់​ដឹង​​ពី​សារ​សំខាន់​នៃ​ការពារ​ព្រៃឈើ ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាម​លៀរ អនាគត​ទៅ​វា​អត់​​មាន​​ព្រៃ អាច​​បាត់​បង់​​ភ្ញៀវ​​ទេសចរ​មួយ​ចំនួន​ទៀត​ ដោយសារ​ភ្ញៀវ​ទេសចរ​ដើរ​លេង​គេ​ចង់​ទៅ​លេង​ព្រៃ មើល​​​​ព្រៃ»

ជុំវិញ​រឿង​នេះ ​សកម្មជន​សិទ្ធិ​មនុស្ស និង​ធនធាន​ធម្មជាតិ លោក ប៊ី វ៉ាន់នី សង្កេត​ឃើញ​ថា ការអនុវត្ត​ច្បាប់​ព្រៃ​ឈើ​​​​​របស់​​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ធ្វើ​ឡើង​ម្ដងម្កាល​​​តា​ម​​បទ​​បញ្ជា គ្មាន​ប្រសិទ្ធភាព​នោះ​ទេ។ លោក​ថា មន្ត្រី​អភិរក្ស​​ខ្លះ​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ ​អនុញ្ញាត​ឱ្យ​មាន​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន រដ្ឋាភិបាល​គួរ​​តែ​​មាន​វិធានការ​ច្បាប់ ទើប​ការ​ដោះស្រាយ​វិបត្តិ​ព្រៃឈើ​មាន​ប្រសិទ្ធភាព។

លោក ប៊ី វ៉ាន់នី ថ្លែងថា៖ «ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​បញ្ហា​ហ្នឹង​​មិន​អាច​ដោះស្រាយ​បាន​ទេ​ ដោយ​សារ​មន្ត្រី​តំបន់​អភិរក្ស​​ឬ​មន្ត្រី​អនុរក្សគាត់​ប្រព័ន្ធ​​​​អំពើ​ពុក​រលួយ​អនុញ្ញាត​ឱ្យ​មាន​បទល្មើស​ឈើ​ក្នុង​តំបន់​របស់​គាត់ ហើយ​វិធានការ​​ ​គឺ​ការ​ចុះ​អនុវត្ត​ច្បាប់ គ្រាន់​បង្ហាញ​ឱ្យ​បាន​ឃើញ ​ពេល​គេ​កាប់​ព្រៃ​ដើម​ឈើ​ដួល​ហើយ បាន​ទៅ​ឃាត់​ចាប់។ អា ហ្នឹង​​វា​អត់​មាន​អី​ទប់ស្កាត់​បាន​ទេ»។ ​

ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាម​លៀរមានទំហំ​​​ជាង ៦ម៉ឺនហិកតា ឋិត​ក្នុង​ខេត្ត​មណ្ឌលគិរី​ ជាប់​ព្រំដែន​ប្រទេស​វៀតណាម។ ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ​តំបន់​អភិរក្ស​នេះ ​រង​ការ​កាប់​ឈើ​មាន​តម្លៃ ​ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ហើយ​​មាន​ករណី​ខ្លះ​ មាន​សកម្មភាព​កាប់​ទន្ទ្រាន​ព្រៃ​រាន​យក​ដី​លក់​ធ្វើ​ជា​កម្ម​សិទ្ធិ អស់​ជា​ច្រើន​ពាន់​ហិកតា ប៉ះពាល់​​ព្រៃ​បម្រុង ព្រៃស្រោង ជម្រក​សត្វ​ព្រៃ​ និង​កន្លែង​អនុផល​ព្រៃឈើ​របស់​សហគមន៍។

 ព្រៃក្នុង​តំបន់​អភិរក្ស​នេះ មាន​សក្ដានុពល​ទាក់ទាញ​ភ្ញៀវ​ទេសចរ ដែល​មាន​ដើម​ឈើ​ធំ ជា​កន្លែង​ស្វា​ព្រៃ ៣ប្រភេទ លោត​​​លេង​កម្សាន្ត​ ត្រូវ​​គេ​កាប់​​រំលំ និង​ឈូស​ឆាយ នៅ​សល់​តែ​គល់។ នេះ​​បើ​​​តាម​​សេចក្ដី​​រាយ​ការណ៍​​​ពី​​ជន​ជាតិ​ដើម​​ភាគ​​តិច​​ព្នង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ