មេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា បានដាក់ពាក្យស្នើទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំការអនុញ្ញាតឱ្យកូនក្តីរបស់ខ្លួន បានចេញពីផ្ទះ ដើម្បីទៅបានទៅជួបម្តាយរបស់លោកជាលើកចុងក្រោយ ដែលកំពុងមានជំងឺធ្ងន់ធ្ងរ។
លោក ផែង ហេង សហមេធាវីការពារសិទ្ធិឱ្យ លោក កឹម សុខា ប្រធានគណបក្សប្រឆាំង បានឱ្យដឹងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះថា លោក កឹម សុខា កំពុងព្យាយាមហៅម្តាយ តាមរយៈទូរស័ព្ទភរិយារបស់គាត់ ខណៈដែលម្តាយរបស់លោក កឹម សុខា កំពុងបានឱ្យព្រះធម៌។
ការណ៍នេះ លោកថា លោក កឹម សុខា បានដាក់សំណើរទៅកាន់ព្រះរាជអាជ្ញា ដើម្បីសុំចេញពីផ្ទះជាទីដែលលោកកំពុងឃុំខ្លួនតាមសាលក្រមរបស់តុលាការ ដើម្បីទៅជួបម្តាយរបស់គាត់ជាលើកចុងក្រោយ ប៉ុន្តែព្រះរាជអាជ្ញានៅមិនទាន់មានការឆ្លើយតបនៅឡើយ គិតត្រឹមម៉ោង២រសៀលថ្ងៃអង្គារនេះ។
លោកមេធាវី បានបន្តក្នុងសំណេរដើមថា៖ «ក្នុងសាលក្រមដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ឯកឧត្តម កឹម សុខា ត្រូវសុំអនុញ្ញាតពីព្រះរាជអាជ្ញា ទើបអាចចេញពីផ្ទះបាន។ ប៉ុន្តែរហូតមកដល់ម៉ោង ២រសៀលនេះ[ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦]ហើយ សំណើរបស់ឯកឧត្តម សុំទៅជួបមុខម្តាយចុងក្រោយ ព្រះរាជអាជ្ញាក្រុងភ្នំពេញមិនទាន់ឆ្លើយតបនៅឡើយ»។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ចាន់ ចេង បង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ម្តាយរបស់លោក កឹម សុខា គឺលោកស្រី សៅ ង៉ែត មានជន្មាយុ ១០០វស្សា និងមានជំងឺសម្រាកនៅលើគ្រែមិនអាចក្រោកបាន។ លោកបន្តថា ម្តាយរបស់លោក កឹម សុខា តែងតែសួររកកូនរបស់គាត់ និងមានបំណងចង់ជួបមុខកូនប្រុសទាន់លោកស្រី នៅមានដង្ហើម។
វីអូឌី មិនទាន់អាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ នៅរសៀលថ្ងៃអង្គារនេះ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចប្រដាប់ដោយអាវុធ ឆ្មក់ចូលចាប់ខ្លួនទាំងកណ្តាលយប់ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោយពីគណបក្សប្រឆាំងរបស់លោក ហក់ឡើងប្រជាប្រិយភាព ទទួលបានសន្លឹកឆ្នោតគាំទ្រជិតពាក់កណ្តាលប្រទេស ប្រហាក់ប្រហែលនឹងគណបក្សកាន់អំណាច។
លោកត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដោយត្រូវឃុំ ខ្លួននៅក្នុងផ្ទះ ព្រមទាំងដកហូតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាស្ថាពរ។
កាលពីពេលថ្មីៗនេះ សកម្មជនចលានាមាតាធម្មជាតិ លោក យឹម លាងហ៊ី ដែលកំពុងជាប់ឃុំនៅពន្ធនាគារ ក៏ធ្លាប់មានបំណងជួបម្តាយដែលមានជំងឺមហារីកផងដែរ ប៉ុន្តែប្រព័ន្ធច្បាប់នៅកម្ពុជា មិនអនុញ្ញាតនោះទេ ដែលធ្វើឱ្យសកម្មជនរូបនេះ ខកខានមិនបានជួបមុខម្តាយជាលើកចុងក្រោយ ខណៈដែលម្តាយរបស់លោក បានទទួលមរណភាព កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។
ការណ៍នេះ អ្នកឃ្លាំមើល មន្ត្រីបក្សប្រឆាំង សង្គមស៊ីវិល និងសកម្មជនបរិស្ថាន សម្ដែងការខកចិត្តយ៉ាងខ្លាំង និងចាត់ទុកការរារាំងមិនឱ្យ លោក យីម លាងហ៊ី បានជួបម្ដាយនៅដង្ហើមចុងក្រោយ គឺជាអំពើអសីលធម៌របស់រដ្ឋាភិបាល។
ពួកគេមើលឃើញថា ប្រព័ន្ធច្បាប់កម្ពុជា នៅតែជាអាវុធដ៏មានប្រសិទ្ធភាព ដែលត្រូវបានអ្នកមានអំណាចប្រើធ្វើទុក្ខបុកម្នេញសកម្មជនសិទ្ធិមនុស្ស នយោបាយ និងបរិស្ថាន ដើម្បីពង្រឹងអំណាចបែបគ្រួសារនិយម គំរាមកំហែងដល់បូរណភាពទឹកដី រួមទាំងពលរដ្ឋតជំនាន់ បើគ្មានចរន្តផ្លាស់ប្តូរមេដឹកនាំទាន់ពេលទេនោះ៕









