នៅគ្រាដែលលោក ហ៊ុន ម៉ាណែត បង្ហាញជំហរចរចាទ្វេភាគីជាមួយថៃរឿងព្រំដែនគោក ដោយបញ្ជាក់ជំហរទោះមានសង្ឃឹមត្រឹម១ភាគរយក៏ដោយនោះ ថៃបន្តពង្រីកការឈ្លានពានទឹកដីខ្មែរ រហូតចូលដល់គ្រប់តំបន់ភ្នំព្រឹក ខេត្តបាត់ដំបង និងពង្រីកទីតាំងថ្មីៗមួយចំនួនទៀត ទាំងគ្មានការរារាំងពីក្រសួងការពារជាតិកម្ពុជា។
ថៃបានពង្រីកការកាន់កាប់ទឹកដីខ្មែរដោយខុសច្បាប់ នៅទីតាំងជាង៧០ទីតាំង តាមបណ្តាខេត្តជាប់ព្រំដែន ត្រឹមរយៈពេលជាង៤ខែមកនេះ ចាប់តាំងពីមានបទឈប់បាញ់ជាមួយកម្ពុជា ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក។ នេះបើតាមអ្នកឃ្លាំមើលព្រំដែនដែលមិននៅក្នុងជួររដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត។
មន្ត្រីគណបក្សប្រឆាំង លោក អ៊ុំ សំអាន ប្រាប់វីអូឌីថា នៅថ្ងៃទី១៩ ខែឧសភា នេះ យោធាថៃបានពង្រីកការឈ្លានពានបន្ថែមទៀត ដូចជា ការជីកប្រឡាយ និងរាយបន្លាលួសនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងលួចរំកិលបង្គោលព្រំដែនលេខ២ នៅច្រកតាកាប (ឬច្រកតាខ្មៅ) នៃខេត្តឧត្តរមានជ័យ ដែលនៅចន្លោះប្រាសាទតាក្របី និងប្រាសាទតាមាន់។ លោកបន្តថា ភាគីកម្ពុជាមិនហ៊ានហាមឃាត់យោធាថៃនោះ ប៉ុន្តែបែរជាយោធាថៃចោទថា កម្ពុជាលួចរំកិលបង្គោលព្រំដែនលេខ២ ដែលបោះក្នុងសម័យបារាំងចន្លោះឆ្នាំ១៩១៩ និងឆ្នាំ១៩២០ នេះទៅវិញ។
អ្នកជំនាញកិច្ចការព្រំដែនរូបនេះ អះអាងថា ក្ដីសង្ឃឹមរបស់លោក ហ៊ុន ម៉ាណែត លើការចរចាជាមួយថៃនឹងបរាជ័យ។
លោក អ៊ុំ សំអាន និយាយថា៖«ព្រោះធម្មតា ចោរលួចរបស់របស់យើង ដូចជាលួចម៉ូតូ លួចឡានអី យើងទៅចរចាជាមួយចោរ អត់ប្ដឹងទៅប៉ូលិស អត់ប្ដឹងទៅតុលាការ ប្រាកដជាចោរមិនឲ្យរបស់ហ្នឹងមកវិញទេ តាមរយៈការចរចា។ ទាល់តែយើងប្ដឹងទៅប៉ូលិស ទៅប្ដឹងទៅតុលាការ។ ដូចគ្នាអញ្ចឹងដែរ នៅពេលដែលលោក ហ៊ុន ម៉ាណែត គាត់ចង់ចរចាបញ្ហាទឹកដីខ្មែរយើងជាមួយថៃ ដោយទ្វេភាគីហ្នឹង ហើយថៃគ្រប់គ្រងទឹកដីខ្មែរយើង រហូតដល់ ៦២ ទីតាំង បើគិតមុនសង្គ្រាម រហូតដល់ ៧២ ទីតាំងហ្នឹង ថៃនឹងមិនប្រគល់មកឲ្យយើងនោះទេ។ ដូច្នេះជម្រើសមានតែប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ហើយនិងសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១»។
វីអូឌី ពុំអាចសុំការបញ្ជាក់រឿងនេះ ពីអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា បានទេ នៅថ្ងៃទី១៩ ខែឧសភា នេះ ខណៈអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ក៏ពុំបានលើកឡើងករណីយោធាថៃពង្រីកឈ្លានពានដល់ស្រុកភ្នំព្រឹក និងរំកិលបង្គោលព្រំដែនលេខ២ នៅច្រកតាកាបនោះដែរ។
ប៉ុន្តែលោកនិយាយនៅថ្ងៃទី១៩ខែឧសភានេះថា កម្ពុជានៅប្រកាន់ជំហរយ៉ាងម៉ឹងម៉ាត់ លើខ្សែបន្ទាត់ព្រំដែលកម្ពុជា-ថៃ ដែលបន្សល់ទុកតាំងពីសម័យបារាំង។
លោកថា៖ «កម្ពុជាគោរពអនុសញ្ញា សន្ធិសញ្ញាបារាំងសៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាត ការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង»។
ជុំវិញករណីនេះដែរ អ្នកឃ្លាំមើល យល់ឃើញមិនខុសពីមន្ត្រីបក្សប្រឆាំងនោះទេ ខណៈពួកគេបង្ហាញក្ដីបារម្ភកាន់តែខ្លាំងពីជោគវាសនារបស់កម្ពុជា ក្រោមការដឹកនាំរបស់ក្រុមគ្រួសារលោក ហ៊ុន សែន។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់វីអូឌីនៅថ្ងៃទី១៩ ខែឧសភា ដោយលោកសង្ស័យថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មានរឿងជាប់ជំពាក់ថៃច្រើនណាស់ ទើបមិនព្រមដាក់ពាក្យប្ដឹងថៃទៅតុលាការអន្តរជាតិ ជិត១ឆ្នាំមក ទោះទឹកដីជាច្រើនកន្លែងត្រូវបានថៃឈ្លានពាន និងកាន់កាប់ចូលជ្រៅដោយខុសច្បាប់ ដោយគ្មានការរារាំង។ អ្វីដែលលោកសង្ស័យ ព្រោះសូម្បីសភាជាន់ខ្ពស់ បានសម្រេចជាឯកភាពឲ្យរដ្ឋាភិបាលដាក់ពាក្យប្ដឹងទៅតុលាការអន្តរជាតិ ប៉ុន្តែមិនបានគោរពតាមការសន្យាទេ គឺបានត្រឹមជូនដំណឹងទៅតុលាការអន្តរជាតិមួយនេះ។
លោក ម៉ែន ណាត ថ្លែងថា៖ «នាយករដ្ឋមន្ត្រីកម្ពុជា ដូចជាអត់បានដាក់វិធានការម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការឈ្លានពានស្របតាមច្បាប់អន្តរជាតិទេ។ គេចូលមកពង្រីកការឈ្លានពាន ឯយើងហ្នឹងឲ្យតែទាហានពីរ បីនាក់ ទៅឃាត់។ ទៅឃាត់ហើយគ្មានបទបញ្ជាឲ្យដេញពួកជនឈ្លានពានចេញទេ អាហ្នឹងឯណាទៅ ដែលហៅថាសិទ្ធិការពារខ្លួនស្របតាមច្បាប់អន្តរជាតិហ្នឹង?»។
សម្រាប់ អ្នកឃ្លាំមើលរូបនេះ នៅតែជំរុញឱ្យកម្ពុជាប្រើសិទ្ធិការពារខ្លួន ដោយមិនត្រូវឱ្យថៃប្រមាថតាមរយៈផ្ទុះអាវុធជាញឹកញាប់ ហើយចោទកម្ពុជាថែមទៀតនោះទេ។
លើសពីនេះ លោកជំរុញឱ្យកម្ពុជាចេញលិខិតតវ៉ាឱ្យពេញលក្ខណៈដើម្បីបានដឹងលឺដល់អន្តរជាតិ ដោយមិនមែនសរសេរខ្លីសម្រាប់ពលរដ្ឋខ្មែរអាន និងជឿថា កម្ពុជាមិនស្ងាត់ស្ងៀមដូចអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ឡើងនិយាយដដែលៗក្នុងសន្និសីទកាសែតរៀងរាល់ថ្ងៃនោះទេ។ លោកបន្តថា លិខិតតវ៉ាការទូត ត្រូវផ្ញើទៅថៃ និងចម្លងទៅប្រទេសជាមិត្ត ដើម្បីដាក់សម្ពាធជាអន្តរជាតិ និងបន្តស្វែងរកអន្តរាគមន៍ពីអន្តរជាតិឱ្យថៃដកកងទ័ពចេញពីកម្ពុជា ព្រមទាំងទាមទារយុត្តិធម៌ពីការឈ្លានពានរបស់ថៃថែមទៀត។
ការលើកឡើងនេះ បន្ទាប់ពីយោធាថៃបានឃាត់ពលរដ្ឋខ្មែរមិនឱ្យភ្ជួរដីស្រែមួយកន្លែង នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ខែឧសភា ដែលពួកគេអះអាងថា ដីស្រែនេះស្ថិតក្នុងបូរណភាពទឹកដីថៃ។
យ៉ាងណា អ្នកឃ្លាំមើលហៅការហាមឃាត់របស់យោធាថៃនេះ ហាក់ឆ្លុះបញ្ចាំងពីភាពឃោរឃៅយ៉ាងខ្លាំង នៅគ្រាដែលលោក ហ៊ុន ម៉ាណែត បន្តថ្លែងស្អំចិត្តថៃ ដោយបន្តប្រើយន្តការចរចាទ្វេភាគី ដើម្បីដោះស្រាយបញ្ហាព្រំដែនគោក ទោះមានសង្ឃឹមត្រឹម ១ភាគរយក៏ដោយ។
ទោះយ៉ាងណា គិតមកដល់ពេលនេះ យោធាថៃបានបន្តឈ្លានពានទឹកដីកម្ពុជា ចំនួន ៦ខេត្តហើយ រួមមាន ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង និងប៉ៃលិន បន្ទាប់ពីការវាយប្រហារជាង ២០ថ្ងៃ ដោយធ្វើឱ្យពលរដ្ឋខ្មែរស្លាប់ និងរបួសជាង ១០០នាក់ ហើយផ្ទះសម្បែង វត្តអារាម មន្ទីរពេទ្យ ស្ពានថ្នល់ជាច្រើនត្រូវបានបំផ្លាញដោយឃោរឃៅដោយយន្តហោះចម្បាំង និងចូលជ្រៅក្នុងទឹកដីខ្មែរជិត ១០០គីឡូម៉ែត្រ។
សម្រាប់អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំង នៅតែមើលឃើញថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនហ៊ានប្ដឹងថៃទៅតុលាការអន្តរជាតិនោះទេ ដោយខ្លាចបាត់បង់អំណាច។ ជាការឆ្លើយតបទៅនឹងកង្វះការទទួលខុសត្រូវរបស់មេដឹកនាំគណបក្សកាន់់អំណាចនេះ អ្នកតាមដានបញ្ហាព្រំដែន ដែលមិនចំណុះឱ្យរដ្ឋាភិបាល ជំរុញឱ្យពលរដ្ឋងើបតវ៉ា ដើម្បីដាក់សម្ពាធដល់លោក ហ៊ុន ម៉ាណែត ឱ្យប្រញាប់ប្ដឹងថៃដើម្បីទាមទារទឹកដីមកវិញ បើពុំដូច្នេះទេទឹកដីខ្មែរនឹងបាត់បង់ទៅថ្ងៃជារៀងរហូត៕









