ការ​បន្ត​ចាប់​ខ្លួន​សកម្ម​ជន កញ្ញា ខែម ស្រីមុំ រង​ការ​រិះ​គន់​ថា​រដ្ឋាភិ​បាល​កំពុង​ខ្លាច​ស្រមោល​ធ្វើ​ឱ្យ​បាត់​ទឹក​ដី

ក្រុម​អ្នក​តាម​ដាន​បញ្ហា​ព្រំដែន និយាយ​ថា ការ​ដែល​រដ្ឋាភិ​បាល​លោក ហ៊ុន ម៉ាណែត នៅ​បន្ត​ចាប់​ឃាត់​ខ្លួន​សកម្ម​ជន រួម​ទាំង​ចាប់​ខ្លួន កញ្ញា ខែម ស្រីមុំ ថ្មីៗ​នេះ បញ្ជាក់​កាន់​តែ​ច្បាស់​ពីការ​​បំបិទ​មាត់​ពលរដ្ឋ ដើម្បី​បិទ​បាំង​កម្សោយ​​ការ​ពារ​ទឹក​ដី ខណៈ​ក្រោយ​មាន​បទ​ឈប់​បាញ់​ជាង​៤​ខែ​មក​នេះ ថៃ​ពង្រីក​ការ​ឈ្លា​​ន​ពាន​ដី​ខ្មែរ​មិន​ឈប់ ហើយ​គ្មាន​ការ​រារាំង​ពី​ក្រសួង​ការ​ពារ​ជាតិកម្ពុជា។

​សកម្ម​ជន​​​សង្គម កញ្ញា ខែម ស្រីមុំ ត្រូវ​បាន​សមត្ថ​កិច្ច​ឆ្មក់​ចូល​ចាប់​ខ្លួន​ទាំង​យប់ នៅ​បន្ទប់​ជួល​មួយ​កន្លែង ក្នុង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៥ខែ​ឧសភា ខណៈ​គាត់​សកម្ម​ក្នុង​ការ​ចែក​រំលែក សេចក្តី​រាយ​ការណ៍​នានា ពាក់​ព័ន្ធ​នឹង​បញ្ហា​សង្គម និង​ទង្វើ​ឈ្លាន​ពាន​របស់​ថៃ​មក​ដែន​អធិប​តេយ្យ​កម្ពុជា។

ជុំវិញបញ្ហានេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំ​មើល​​កម្ពុជា ​លោក ម៉ែន ណាត ប្រាប់​វីអូឌី​​នៅ​​ថ្ងៃ​ទី១​៨ ខែឧ​សភា​ថា ករណី​​អាជ្ញាធរ​​​រដ្ឋាភិបាល​​លោក ហ៊ុន ម៉ាណែត ឆ្មក់​​ចាប់​ខ្លួន​​កញ្ញា ខែម ស្រីមុំ គឺ​​ជា​​រឿ​ង​​​ថ្មី​​មួយ​​ទៀត បន្ទាប់​​​ពី​​រដ្ឋាភិ​បាល​​បាន​​​ចាប់​​ខ្លួន​​អ្នក​កាសែត​ សកម្ម​ជន​​សង្គម ជន​ភៀស​ខ្លួន និង​​​ព្រះ​សង្ឃ​​ជា​​ដើម ​ដែល​​ហ៊ាន​​​រិះគ​ន់​​រឿង​​ថៃ​ឈ្លាន​ពាន​​កម្ពុជា។

​លោក​ចាត់ទុក​ករណី​នេះ គឺ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា សេរីភាព​បញ្ចេញមតិ​ដែលការ​ពារ​ដោយ​រដ្ឋ​ធម្ម​នុញ្ញ ត្រូវ​បាន​បំពាន ដើម្បី​​បិទ​បាំង​ភាព​កម្សោយ​ការ​ពារ​ទឹក​ដី ព្រោះ​​មេដឹក​នាំ​​កម្ពុជា​​កំពុង​​ខ្លាច​​ស្រមោល​​ខ្លួន​​ឯង និង​​ខ្លាច​​បាត់​​អំណាច។

​លោក ម៉ែន ណាត និយាយ​ថា៖ «ហើយ​​ករណី​ ​លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែ​ត ធ្វើ​រាល់ថ្ងៃ​នេះ អាហ្នឹង​​កម្ពុជា​​ទទួល​​​រង​​ការ​ប្រមាថ​​​ពី​​ប្រទេស​ជិត​ខាង​​​សម្បើម​​ណាស់ នៅ​​មិន​​​ភ្ញាក់​ខ្លួន​​ទៀត។ អញ្ចឹង​​ហើយ ដោះ​លែង​​ពួក​គាត់​​ហ្នឹង រួម​​​ទាំង​​កញ្ញា​ ខែម ស្រីមុំ ដែល​​ទើប​​ចាប់​​ថ្មីៗ​​ហ្នឹង ​ដោះ​លែង​​ពួក​គាត់​​ឲ្យ​​មាន​​សេ​រី​ភាព​​ទៅ ផ្តល់​យុត្តិធម៌​ឲ្យ​គាត់​វិញ កុំ​ធ្វើ​​អញ្ចឹង​វា​អាក្រក់​មើល​ខ្លាំង​​ណាស់ ហើយ​​វា​​ទទួល​ការ​ថ្កោលទោស​ពី​អន្តរជាតិ​ច្រើន​ណាស់ រឿង​បញ្ហា​ចាប់​មនុស្ស​តាម​​អំពើ​ចិត្ត​ដាក់​ឃុំឃាំង ហើយ​ធ្វើ​​ឲ្យ​​ដំណើរការ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស​​អី​ ​ត្រូវ​បាន​រាំង​ខ្ទប់​​ទាំង​ស្រុង​​ហើយ​ ដែល​​​ផ្ទុយ​​ពី​​ស្មារតី​​រដ្ឋធម្មនុញ្ញ​ហ្នឹង​ណា»។

យ៉ាងណា សម្រាប់អ្នកតាមដានស្ថានការណ៍នយោបាយ​នៅកម្ពុជារូបនេះ ផ្តល់យោបល់ថា មេដឹកនាំបក្សកាន់អំណាច​​​ចង់បង្ហាញ​ឆន្ទៈ​​ការពារទឹកដីពិតប្រាកដ រដ្ឋាភិបាលត្រូវ​ដោះ​លែង​សកម្ម​ជន ត្រូវ​​​​បង្រួប​បង្រួម​​ជាតិ ស្តារ​ប្រជា​​​ធិប​​តេយ្យ​​ឡើង​​វិញ​ ទើប​សង្ឃឹម​ដណ្តើម​ទឹក​ដី​បាន​ពី​សត្រូវ​ឈ្លាន​ពាន​បាន បើ​មិន​ដូច្នោះ​ទេ​ប្រទេស​ជិត​ខាង​នឹង​​លេប​ទឹក​ដី​ខ្មែរ​តជំនាន់។

ចំណែក តំណាងរាស្ត្រពីបក្ស​ប្រឆាំង ​លោក អ៊ុំ សំអាន ហៅកា​រ​​ចាប់ខ្លួន​ពលរដ្ឋ​ដែល​ហ៊ាន​​និយាយ​​រឿង​​​ថៃ​​ឈ្លាន​ពាន​​ទឹក​​ដី​​​នេះ ថា មិន​​ខុស​​ពី​​​ករណី​​ព្រំដែន​​ជាមួយ​​វៀត​ណាម​​ទេ ដែលចោទថា ​​លោក ហ៊ុន សែន បានកាត់ដីខ្មែរឱ្យ​ទៅ​វៀត​ណាម ដើម្បីពង្រឹង​​អំណាច រីឯ លោក ហ៊ុន ម៉ាណែត ចង់​កាត់​ទឹកដី​ខ្មែរ​ឲ្យ​ថៃ ដើម្បី​ដូរ​យក​សន្តិភាព និង​អំណាច។

លោកថា មកដល់ពេលនេះ ដីខ្មែរ​៧២​ទីតាំងហើយ ត្រូវ​ទៅ​ថៃពង្រីកការគ្រប់គ្រង ក្រោមកដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ក្រោយមាន​បទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយគ្មានការទប់ស្កាត់ពីក្រសួងការពារជាតិកម្ពុជា ខណៈ​រដ្ឋាភិបាល​​​លោក ហ៊ុន ម៉ាណែត ​មិន​​ហ៊ាន​ប្ដឹង​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​សហប្រធាន​កិច្ចព្រមព្រៀង​សន្តិភាព​២៣​តុលា​​ជាដើម ដើម្បីទាមទារទឹកដីខ្មែរយកត្រឡប់មកវិញនៅឡើយទេ ហើយបែនៅបន្តមើលថៃពង្រីកការឈ្លានពាន ក្រោមយន្ត​ការចរចាទ្វេភាគី។

លោក អ៊ុំ សំអាន ថ្លែង​ថា​៖ «ដោយសារតែ​ខ្លួនឯង​អសមត្ថភាព​ក្នុង​ការ​ការពារ​ទឹកដី ហើយ​អសមត្ថភាព​ក្នុង​ការ​ទាម​ទារ​​ទឹកដី​មក​វិញ ហើយ​ចង់​កាត់​ទឹកដី​ហ្នឹង​ទៅ​ឲ្យ​ថៃ​ដើម្បី​ដូរ​យក​សន្តិភាព អញ្ចឹង​អ្នកណា​រិះគន់​ហ្នឹង​គឺ​ចាប់​គេ​ដាក់​គុក​ហើយ នេះ​ជា​ការ​បង្ហាញ​​ពី​ឆន្ទៈ​របស់​លោក ហ៊ុន ម៉ា​ណែ​ត ហើយ​និង​លោក ហ៊ុន សែន ក្នុង​ការ​កាត់​ទឹកដី​ខ្មែរ​​យើង​ទៅ​ឲ្យ​ថៃ ដើម្បី​ដូរ​យក​សន្តិភាព​​និង​អំណាច​នៅ​ពេល​ខាង​មុខ»។

វីអូឌី ​ពុំ​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ លោក សំ វិច្ឆិកា បាន​ទេ​ករណី​​កញ្ញា ខែម ស្រីមុំ នៅ​ថ្ងៃ​​ទី១៨ ខែ​ឧសភា ដោយ​លោក​បាន​តប​​សារ​ខ្លី​ថា កំពុង​រវល់​ប្រជុំ។

ដោយឡែក អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា និយាយនៅថ្ងៃទី១៩ខែ​ឧសភានេះថា កម្ពុជាប្រកាន់ជំហរយ៉ាង​ម៉ឺងមាត់​​ក្នុង​​ការការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ​ ដែលបន្សល់ទុកពីជំនាន់​បារាំង និង​កិច្ច​ព្រម​ព្រៀង​នានា​​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា។

លោកថា៖ «កម្ពុជាគោរពអនុសញ្ជា សន្ធិសញ្ញាបារាំង-សៀម ផែនទីនិងកំណត់ហេតុបោះបង្គោលព្រំ​ដែន​របស់​គណៈ​កម្ម​ការ​ព្រំដែន​ឥណ្ឌូ​ចិន-សៀម ព្រម​ទាំង​កិច្ច​ព្រម​ព្រៀង​​ និង​ឯកសា​រ​ពាក់​ព័ន្ធ​នានា​ ដែល​ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​នា​ពេល​កន្លង​មក។ កម្ពុជា​មិន​ទទួល​ស្គាល់​ជា​ដាច់​ខាត​ ការ​កែ​ប្រែ​ខ្សែ​ព្រំដែន​ណា​មួយ​ ដែល​កើត​ចេញ​ពី​ការ​ប្រើ​ប្រាស់​កម្លាំង»

កញ្ញា ខែម ស្រីមុំ ត្រូវ​​បាន​សមត្ថ​កិច្ច​ឆ្មក់​ចូល​ចាប់​ខ្លួន កាល​ពី​យប់​ថ្ងៃទី​១៥ ខែឧសភា​ នៅ​​​បន្ទប់​ជួល​មួយ​កន្លែង ក្នុង​​រាជធានី​ភ្នំពេញ ដោយ​​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិត​ប្រាកដ​ទេ បន្ទាប់​ពី​សកម្មជន​រូប​នេះ​​ចែក​រំលែក​បញ្ហា​សង្គម​លើ​​ហ្វេសប៊ុក ដូច​ជា ព័ត៌​មាន​​អន្តរ​ជាតិ បញ្ហា​អយុត្តិធម៌​សង្គម ករណី​​ចាប់​ខ្លួន​សកម្ម​ជន​ចលនា​មាតា​ធម្មជាតិ សកម្ម​ភាព​ចូល​រួម​កិច្ចការ​សង្គម​ និង​ព័ត៌មាន​​​ពាក់​ព័ន្ធ​នឹង​ការ​ឈ្លាន​ពាន​របស់​ថៃ មក​លើ​​បូរណភាព​ទឹក​ដី​កម្ពុជា​ជា​ដើម។

របាយការណ៍​របស់​អង្គការ​​លីកាដូ ​បង្ហាញ​ថា មាន​​ពលរដ្ឋ​​​ជាង ១០០​នាក់ ​ត្រូវ​បាន​ផ្ដន្ទាទោស ដោយសារ​ការ​បញ្ចេញ​មតិ​​រិះ​គន់​​ភាព​​សកម្ម​​នានា​​ក្នុង​សង្គម ក្នុង​នោះ​មាន​អ្នក​នយោបាយ សកម្មជន​សិទ្ធិមនុស្ស បរិស្ថាន និង​ពលរដ្ឋ​រិះ​គន់​​តាម​​បណ្ដាញ​សង្គម​​​ជាដើម។

ជុំវិញ​ករណី​នេះ​ដែរ ​​មន្ត្រី​សិទ្ធិមនុស្ស​ជា​ច្រើន​នាក់ រួម​មាន​​លោក ស៊ឹង សែនករុណា អ្នកស្រី ចក់ សុភាព និង​លោក អ៊ូ វីរៈ ជាដើម បាន​​បង្ហោះ​លើ​ហ្វេសប៊ុក​រំលឹក​សកម្មភាព​កញ្ញា ខែម ស្រីមុំ ដែល​សកម្ម​ចូលរួម​តវ៉ា​ទាមទារ​យុត្តិធម៌ ការ​ពារ​​សិទ្ធិ​មនុស្ស សិទ្ធិ​​ការងារ និង​បរិស្ថាន ហើយ​ពួកគេ​សុទ្ធតែ​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​សង្គម​រូប​នេះ​វិញ។ ជា​ចុង​​ក្រោយ​​នេះ កញ្ញា ស្រីមុំ កាន់​តែ​សកម្ម​ចូលរួម​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​ថៃ តាមរយៈ​ការ​ដាក់​ញត្តិ​នៅ​មុខ​ស្ថាន​ទូត​អាមេរិក ស្នើ​ប្រទេស​មហាអំណាច​​នេះ​ដាក់​សម្ពាធ​ថៃ ឱ្យ​ឈប់​ប្រើ​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់​ចូល​ក្នុង​ទឹកដី​កម្ពុជា។

យ៉ាងនេះក្តី សមាជិកគណៈកម្មការព័ត៌មាននៃសម្ព័ន្ធភាពឆ្ពោះទៅ​អនាគត លោក មិន ពៅ ដែល​ស្គាល់​កញ្ញា ខែម ស្រីមុំ អះ​​អាង​​​ថា សកម្ម​ជន​សង្គម​រូប​នេះ ​ជា​អ្នក​​​សកម្ម​​ទាមទារ​សេរីភាព យុត្តិធម៌ និង​ឈឺឆ្អាល​រឿង​ព្រំដែន បន្ទាប់​ពី​ថៃ​ឈ្លាន​ពាន​កម្ពុជា។ លោក​​ថា ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឲ្យ​រូបភាព​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​កាន់តែ​វា​អាក្រក់​ថែម​ទៀត និង​ប៉ះពាល់​ដល់​ស្មា​​រតី​​ព​លរដ្ឋ​​​ដែល​​ហ៊ាន​​និយាយ​​ការ​ពិត ហើយ​ធ្វើ​គំនិត​មិន​រីក​ចំរើន ដោយសារ​លែង​ហ៊ាន​ជជែក និង​សាកសួរ​គ្នា។

​លោ​ក មិន ពៅ ថ្លែង​ថា៖ «ជាក់ស្តែង​ដូច​បង ស្រីមុំ អញ្ចឹង ប្រសិនបើ​វា​មាន​ភាព​ខ្វះ​ចន្លោះ គួរតែ​គ្រាន់តែ​ប្រាប់ គ្រាន់​​តែ​​ណែនាំ បង្ហាញ​​គាត់​ទៅ វា​បាន​បាត់​ហើយ ព្រោះ​គាត់​មិនមែន​មនុស្ស​ទៅ​កៀរគរ​កម្លាំង បាតុកម្ម តវ៉ា មិន​មែន​​ទៅ​​ប្រមូល​​ផ្តុំ មិន​មែន​ទៅ​រៀប​​ជា​យុទ្ធសាស្ត្រ​អី​ណា ព្រោះ​គាត់ សូម្បីតែ​ការ​យល់ដឹង​ផ្នែក​បច្ចេកវិទ្យា​ហ្នឹង​ ក៏​គាត់​មិន​យល់ដឹង​ច្រើន​ប៉ុន្មាន​ដែរ​។ ហ្នឹងហើយ ហ្នឹ​ង​វា​​ជា​ការ​សរុប​មកវិញ បើ​និយាយ​ពី​ចំណេញ​អី ពី​ប្រសើរ​ទាក់ទង​នឹង​ព្រំដែន ទាក់ទង​នឹង​ប្រទេស ទាក់ទង​នឹង​សណ្ដា​ប់​ធ្នាប់​អី វា​អត់​មាន អត់​មាន​ទាល់តែសោះ វា​ជះ​រូបភាព​អាក្រក់​​ទៅលើ​ឆាក​អន្តរជាតិ​ផង រូបភាព​អាក្រក់​នៅក្នុង​សង្គម នាំ​​ឲ្យ​​អ្នក​ដែល​​ឈឺឆ្អាល អ្នក​ដែល​ចង់​និយាយ​ហ្នឹង មាន​ការ​ភ័យខ្លាច​ទៅវិញ»។

យ៉ាងណា សម្រាប់ លោក អ៊ុំ សំអាន វិញបានបន្តអះអាងថា ថ្ងៃទី១៩ខែឧសភានេះ ទាហានថៃបានរាយបន្លា​លួស​យក​ដី​ខ្មែរ​បន្ថែម​​ទៀតនៅភ្នំប៉ោយ តំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ។ ហើយថា ប្រសិនបើលោក ហ៊ុន ម៉ាណែត ដឹក​នាំ​បន្តទៀត ទឹកដី​​ខ្មែរនឹង​បាត់​បង់​បន្ថែម​ទៀតទៅថៃ និងវៀតណាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ