ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា លោកកំពុងផ្អាកការវាយប្រហារយោធាលើប្រទេសអ៊ីរ៉ង់ ដែលបានគ្រោងទុកសម្រាប់ថ្ងៃទី១៩ខែឧសភា តាមការស្នើសុំរបស់បណ្តាប្រទេសឈូងសមុទ្រ ខណៈដែល «ការចរចាដ៏ម៉ត់ចត់កំពុងប្រព្រឹត្តទៅនាពេលនេះ»។ លោកបានបញ្ជាក់ថា លោកត្រូវបានស្នើសុំឱ្យធ្វើបែបនេះដោយមេដឹកនាំនៃប្រទេសកាតា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម។
លោកបន្តថា លោកទទួលបានព័ត៌មានថា កិច្ចព្រមព្រៀងមួយនឹងត្រូវធ្វើឡើង ដែលជាកិច្ចព្រមព្រៀង «អាចទទួលយកបានយ៉ាងខ្លាំង» សម្រាប់សហរដ្ឋអាមេរិក ដោយលោកបានបន្ថែមថា «នឹងមិនមានអាវុធនុយក្លេអ៊ែរសម្រាប់អ៊ីរ៉ង់ឡើយ!» ប៉ុន្តែលោកបានព្រមានថា សហរដ្ឋអាមេរិកនឹងត្រៀមខ្លួនជាស្រេចដើម្បី «បន្តការវាយប្រហារទ្រង់ទ្រាយធំពេញលេញលើប្រទេសអ៊ីរ៉ង់ភ្លាមៗ» ប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយដែលអាចទទួលយកបាននោះទេ។
មេបញ្ជាការយោធាជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បានប្រាប់សហរដ្ឋអាមេរិកកុំឱ្យធ្វើ «កំហុសយុទ្ធសាស្ត្រ និងការគណនាខុសម្តងទៀត»។
ការប្រកាសចុងក្រោយរបស់លោក ត្រាំ បានធ្វើឡើងចំពេលដែលការវាយតម្លៃលើការគាំទ្ររបស់លោកមានការធ្លាក់ចុះ។ យោងតាមការស្ទង់មតិរបស់កាសែត New York Times/Siena ម្ចាស់ឆ្នោតប្រហែល ៦៤% ជឿជាក់ថា វាជាការសម្រេចចិត្តដ៏ខុសឆ្គងក្នុងការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ហើយមានម្ចាស់ឆ្នោតតែ ៣៧% ប៉ុណ្ណោះដែលគាំទ្រលើការបំពេញការងាររបស់លោក ត្រាំ។
កងកម្លាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានចាប់ផ្តើមការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ខណៈដែលទីក្រុងតេអេរ៉ង់ បានសងសឹកវិញដោយការបាញ់ដ្រូន និងមីស៊ីលសំដៅលើអ៊ីស្រាអែល និងគោលដៅនានារបស់សហរដ្ឋអាមេរិក នៅក្នុងបណ្តាប្រទេសនានានៅទូទាំងតំបន់ឈូងសមុទ្រ។ កត្តាដ៏សំខាន់មួយនៅទីនេះ គឺការភ័យខ្លាចរបស់បណ្តាប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រ ចំពោះរបៀបដែលអ៊ីរ៉ង់អាចនឹងសងសឹកវិញ ព្រោះគេដឹងថា អ៊ីរ៉ង់នៅរក្សាទុកដ្រូន និងមីស៊ីលមួយចំនួនធំ ដែលខ្លួនអាចប្រើប្រាស់ដើម្បីបន្តការវាយប្រហារលើបណ្តាប្រទេសជិតខាង ព្រលានយន្តហោះ រោងចក្រគីមីឥន្ធនៈ និងសូម្បីតែរោងចក្រចម្រោះទឹកសមុទ្រ។
នៅក្នុងការផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មាននៅពេលក្រោយមក លោក ត្រាំ បានមានប្រសាសន៍ថា៖ «យើងធ្លាប់មានដំណាក់កាលជាច្រើនដែលយើងបានគិតថា ជិតនឹងសម្រេចបានកិច្ចព្រមព្រៀងទៅហើយ ប៉ុន្តែវាមិនបានជោគជ័យឡើយ។ ប៉ុន្តែលើកនេះវាខុសប្លែកបន្តិច»។
លោកបានបញ្ជាក់ថា ហាក់បីដូចជាមាន «ឱកាសល្អណាស់» ក្នុងការទទួលបានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដោយបានបន្ថែមថា៖ «ប្រសិនបើយើងអាចធ្វើបែបនោះបាន ដោយមិនចាំបាច់ទម្លាក់គ្រាប់បែកកម្ទេចពួកគេទេនោះ ខ្ញុំនឹងរីករាយខ្លាំងណាស់»។
កិច្ចព្រមព្រៀងបទឈប់បាញ់មួយដែលត្រូវបានយល់ព្រមកាលពីខែមេសា ត្រូវបានគោរពតាមភាគច្រើន ទោះបីជាមានការបាញ់បោះដាក់គ្នាម្តងម្កាលក៏ដោយ។ ប៉ុន្តែអ៊ីរ៉ង់បានបន្តគ្រប់គ្រងច្រកសមុទ្រហរមូស (Strait of Hormuz) ដែលជាផ្លូវទឹកដ៏សំខាន់ ដែលប្រេង និងឧស្ម័នធម្មជាតិរាវប្រហែល ២០% របស់ពិភពលោកត្រូវដឹកជញ្ជូនឆ្លងកាត់។ ចំណាត់ការនេះ បានធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់នៅទូទាំងសកលលោក ចំណែកឯសហរដ្ឋអាមេរិកវិញ បាននឹងកំពុងអនុវត្តការបិទខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់ ដើម្បីដាក់សម្ពាធលើទីក្រុងតេអេរ៉ង់។
កាលពីថ្ងៃទី១៨ខែឧសភា អ៊ីរ៉ង់ បាននិយាយថា ខ្លួនបានឆ្លើយតបទៅនឹងសំណើចុងក្រោយរបស់សហរដ្ឋអាមេរិក ហើយការផ្លាស់ប្តូរយោបល់ជាមួយទីក្រុងវ៉ាស៊ីនតោនកំពុងបន្តធ្វើឡើង តាមរយៈអ្នកសម្របសម្រួលពីប៉ាគីស្ថាន។
កាលពីថ្ងៃទី១៧ខែឧសភា លោក ត្រាំ បានព្រមានថា «សម្រាប់អ៊ីរ៉ង់ ពេលវេលាកំពុងដើរទៅមុខហើយ ហើយពួកគេគួរតែប្រញាប់ឡើងឱ្យលឿន បើមិនដូច្នេះទេ នឹងមិនមានអ្វីសេសសល់សម្រាប់ពួកគេឡើយ»។ កាលពីប៉ុន្មានថ្ងៃមុន លោកក៏បាននិយាយដែរថា បទឈប់បាញ់នេះ កំពុងស្ថិតក្នុងស្ថានភាព «ដកដង្ហើមចុងក្រោយ» បន្ទាប់ពីលោកបានបដិសេធការទាមទាររបស់ទីក្រុងតេអេរ៉ង់៕









