អ្នកអភិរក្ស​សត្វ​ព្រៃ អំពាវ​នាវ​ពលរដ្ឋ​កុំ​ធ្វើ​បាប​សត្វ​ដែល​វង្វេង​ចូល​ភូមិ​ឋាន

មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍​សាត់ នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា​នេះ បាន​ផ្សព្វ​ផ្សា​យ​​ករណី​​បាត់​បង់​​​ជីវិត​​​របស់​​​សត្វ​​ប្រើស​ញី​មួយ​ក្បាល ដែល​បាន​វង្វេង​ចូល​ចម្ការ​ដំឡូង​មី និង​ត្រូវ​បាន​ពល​រដ្ឋ​បង្អៅ​ឆ្កែ​ដេញ​ខាំ​​រហូត​ដល់​ស្លាប់។

ករណីនេះ​ កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​ឧសភា ក្នុង​ភូមិ​ប៊ុន​រ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​​ពពិ​ល ស្រុក​ភ្នំក្រ​វាញ ដោយ​សត្វ​ប្រើស​ញី​មាន​ផ្ទៃ​ពោះ​១​ក្បាល ទម្ងន់ ១១០​គីឡូ​ក្រាម បានវ​ង្វេង​ចូ​ល​មក​ក្នុ​ង​​​ភូ​មិ​ឋាន​របស់​ប្រជា​ពលរដ្ឋ​ ហើយ​​ត្រូវ​បាន​ពលរដ្ឋ​មួយ​ចំនួន​ព្រួត​គ្នា​វាយ និង​បង្អៅ​ឆ្កែ​ដេញ បណ្តា​ល​ឱ្យ​​សត្វ​ប្រើស​ផ្អើល​រត់​បុក​របង​លួស​មុត​សាច់​ និង​ត្រូវ​បាន​ឆ្កែ​ខាំ​រហូត​ដល់​ស្លាប់។

មន្ទីរបរិស្ថានខេត្ត បានចាត់ទុកសកម្មភាពនេះ​ ថា​មិន​ត្រឹមតែ​អ​មនុស្ស​ធម៌​ និង​បំផ្លិច​បំផ្លាញ​ស​ម្បត្តិ​​ធន​​ធាន​ធម្ម​ជាតិ និង​សត្វ​ព្រៃ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ជា​អំពើ​ខុស​ច្បាប់​ក្នុង​ក្រម​បរិស្ថាន​យ៉ាង​ធ្ងន់​ធ្ងរ ខណៈ​​ពពួ​ក​សត្វ​ប្រើស​នេះ ស្ថិត​ក្នុង​ប្រភេទ​ងាយ​រង​គ្រោះ​ ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ក្រហម IUCN Red List។

មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងអាជ្ញាធរមូលដ្ឋាន បាន​និមន្ត​ព្រះ​សង្ឃ​សូត្រ​មន្ត និង​បញ្ចុះ​សព​ប្រើស​ញី​នេះ នៅវត្តប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង។

បច្ចុប្បន្ន អាជ្ញាធរកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាត់វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន។ ជាមួយ​គ្នា​នេះ អាជ្ញា​ធរ​បាន​ណែនាំ​ថា​ ក្នុង​ករណី​ប្រទះ​ឃើញ​មាន​សត្វ​ព្រៃ​វង្វេង​ចូល​ក្នុង​ភូមិ​ឋាន ពលរដ្ឋ​ត្រូវ​ចូល​​រួម​ការ​​ពារ ថែ​រក្សា និង​រាយ​ការណ៍​​ជា​​បន្ទាន់​មក​មន្ត្រី​បរិ​ស្ថាន​ ឬ​អាជ្ញាធរ​មូល​ដ្ឋាន​ដែល​នៅជិ​ត​បំផុត ដើ​​ម្បី​​ស​ង្គ្រោះ​ពួក​វា​ឱ្យ​បាន​ទាន់​ពេល​វេលា​ ជៀស​​វាង​​ការ​បង្ក​របួស​ស្នាម ឬ​សម្លាប់​សត្វ​ព្រៃ​ដោ​យអ​ចេតនា និង​ចេតនា។

ជុំវិញរឿងនេះ ប្រធានព្រៃសង្ឃរុក្ខាវ័ន ព្រះតេជព្រះគុណ ថូ ធូរស់ ដែល​ធ្វើការ​យ៉ាង​សកម្ម​ទៅ​លើ​​ការ​កា​រ​ពា​រ​សត្វ​ព្រៃ មាន​​សង្ឃ​​ដីកា ប្រាប់​វីអូឌី​ថា កត្តា​នាំ​ឱ្យ​សត្វ​ព្រៃ​ចូល​ភូមិ​ឋាន​ពលរដ្ឋ អាច​បណ្ដា​ល​ម​ក​ពី​​ផ្អើ​ល​នឹង​មនុស្ស ឬ​ឆ្កែ​ប្រមាញ់ ការ​ស្វែង​រក​ចំណី​ ឬ​វង្វេង​ហ្វូង​ជា​ដើម។ ព្រះ​តេជ​ព្រះ​គុណ កត់​ស​ម្គាល់​ឃើ​ញ​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​​តែ​​មាន​ទម្លាប់​ដាក់​អន្ទាក់ បរ​បាញ់ និង​យាយី​សត្វ​ព្រៃ​​​នៅ​ពេ​ល​វា​​​វង្វេង​ចូល​ភូមិ​ ដែលជា​មូល​ហេតុ​ធ្វើ​ឱ្យ​សត្វ​ព្រៃ​កាន់​តែ​ថយ​ចុះ​គួរ​ឱ្យ​ព្រួយ​បារម្ភ ។

ព្រះតេជ​ព្រះគុណ ថូ ធូរស់ មានសង្ឃដីកា​ថា៖ «តាមទំនៀមទម្លាប់សត្វដែលរត់​ចូល​ភូមិ​ គេ​មិន​ឱ្យ​ប៉ះ​ពាល់​ទេ មិន​ឱ្យ​​សម្លាប់ ហើយ​មិន​ឱ្យ​ទទួល​ទាន​សាច់​ហ្នឹង​ទៀត​ នេះ​បើ​តាម​ទំនៀម​​ទម្លាប់​ជំនឿ​ពី​បុរាណ​មក។ ហើ​យ​ជា​​ពិសេស​សូម​សំណូម​ពរ​ដល់​អាជ្ញាធរ​មូល​ដ្ឋាន​ភូមិ​ឃុំ សូម​មេត្តា​ជួយ​ផ្សព្វ​ផ្សាយ​ពី​ចំណេះ​ដឹង ឬ​ក៏​​ប​ញ្ជ្រា​ប​ចំណេះ​ដឹង​ដល់​ពលរដ្ឋ​​នៅ​ក្នុ​ង​មូល​ដ្ឋាន​ហ្នឹង​ឱ្យ​បាន​យល់​ពី​​សារ​ប្រយោជន៍​ធន​ធាន​សត្វ​ព្រៃ​​របស់​​យើ​​ងកុំ​ឱ្យ​គាត់​បៀ​ត​បៀន​ដោយ​ប្រការ​ណា​មួយ ឱ្យគា​ត់​ជួយ​អភិរក្ស ឬ​សង្គ្រោះ​ដ​​ល់​សត្វ​ដែ​ល​ចល័ត​​ច្រក​ ឬ​បាត់​ទី​ជម្រក​ហ្នឹង​ពរ»។

ច្បាប់​ស្ដីពីព្រៃឈើ និងច្បាប់ស្ដីពីតំបន់​​ការ​ពារ បាន​ចែង​យ៉ាង​ច្បាស់​ពី​​ការ​ហាម​ឃាត់​ដាច់​ខា​ត​​រាល់​​ស​កម្ម​​​ភាព បរ​បាញ់ យាយី បំផ្លិច​បំផ្លាញ ការ​ដាក់​អន្ទាក់ និង​ការ​​ប្រមាញ់​ក្នុង​​​រដូវ​​កាល​​ហាម​​ឃាត់ ឬ​ក្នុងតំ​​បន់​​ការ​ពារ ជាពិសេស​ទៅ​​ប្រភេទ​​សត្វ​ដែល​ជិត​ផុត​ពូជ។ ជន​ល្មើស​អាច​រង​ការ​ពិន័យ​អន្តរ​ការណ៍ ឬ​​បញ្ជូន​​សំណុំ​រឿង​ទៅ​តុលា​ការ​ ដែល​ប្រឈម​​នឹង​ការ​កាត់​ទោស​ដាក់​ពន្ធនា​គារ និង​ពិន័យ​ជា​ប្រាក់។

ទោះយ៉ាងណា សកម្មភាពយាយីលើសត្វព្រៃនៅតែមាន តាមរយៈ​ការ​ដាក់​អន្ទាក់ បរ​បាញ់​ ការ​បំផ្លិ​ច​បំ​ផ្លាញ​ជម្រក​សត្វ​​ទាំង​​នោះ ដោយ​កាប់​ទន្ទ្រាន​ព្រៃ​ឈើ​ជា​ដើម។ ចំណែក​ការ​លក់​ដូរ​សត្វ​ព្រៃ នៅតែ​មា​​ន​​ដាក់​​តាំង​ហូរ​ហែ​​តាម​បណ្ដោយ​​ផ្លូវ​ជាតិ​ និង​តំបន់​រមណីយ​ដ្ឋាន​ព្រៃ​ភ្នំ​មួយ​ចំនួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ