នៅក្នុងទិវានៃការចងចាំថ្ងៃ២០ឧសភានេះ លោកហ៊ុន សែន បានរំលឹកពីការឈឺចាប់របស់ប្រជាជាតិខ្មែរនៅក្នុងរបបខ្មែរក្រហម ខណៈលោកហ៊ុន ម៉ាណែត លើកពីការផ្សះផ្សាជាតិ ចំណែកឯអ្នកឃ្លាំមើលលើកឡើងថា របបបច្ចុប្បន្នក៏នៅតែបន្តធ្វើឱ្យខ្មែរឈឺចាប់ផងដែរ តាមរយៈការចាប់ដាក់ពន្ធនាគារ ការសម្លាប់និងការធ្វើទុក្ខបុកម្នេញផ្សេងៗទៅលើអ្នកស្នេហាជាតិ ដែលធ្វើឱ្យមានការបារម្ភខ្លាចកម្ពុជាដើរជាន់ដានប្រវត្តិសាស្ត្រ នាំឱ្យមានមហន្តរាយជាតិជាថ្មីទៀត។
នៅក្នុងទិវានៃការចងចាំថ្ងៃទី២០ឧសភានេះ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះសារលើបណ្តាញសង្គមថា ទិវាជាតិនៃការចងចាំ ជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ ទិវានេះជាការរំលឹកនិងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបអាវខ្មៅនោះ។
លោក ហ៊ុន សែន ដែលធ្លាប់ជាអតីតកម្មាភិបាលខ្មែរក្រហមផងនោះ លើកឡើងថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។
មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។
លោកថា៖ «ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ សូមចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត»។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានបង្ហោះសារលើបណ្តាញសង្គមផងដែរថា «ទិវាជាតិនៃការចងចាំ» ត្រូវបានរដ្ឋាភិបាលបង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭកដល់ជនរងគ្រោះ, ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារ, ចូលរួមចំណែកដល់ការផ្សះផ្សាជាតិ និងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា, និងលើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹង អំពីអំពើឃោរឃៅដែលកើតមានក្នុងរបបខ្មែរក្រហម កុំឱ្យកើតមានឡើងសាជាថ្មី។
ប៉ុន្តែយ៉ាងណាក្តី លោកអ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានប្រាប់វីអូឌីនៅថ្ងៃទី២០ខែឧសភានេះថា បើប្រៀបធៀបរបបដឹកនាំខ្មែរក្រហម និងរបបដឹកនាំនាពេលបច្ចុប្បន្នមិនសូវខុសគ្នាប៉ុន្មានទេ គ្រាន់តែរបបខ្មែរក្រហមសម្លាប់មនុស្សច្រើន ហើយសម័យលោកហ៊ុន សែន លោកហ៊ុន ម៉ាណែត សម្លាប់មនុស្សដែរប៉ុន្តែសម្លាប់តិច។ សម័យខ្មែរក្រហមគេបង្អត់អាហាររិតត្បិតមិនឱ្យប្រជាពលរដ្ឋហូបឆ្អែត ប៉ុន្តែសម័យបច្ចុប្បន្នមិនបង្អត់អាហារទេ ប៉ុន្តែធ្វើឱ្យប្រជាពលរដ្ឋអត់អាហារ ដោយប្រយោល តាមរយៈការឆបោកគ្រប់ទម្រង់ ដូចជាការបង្កើតធនាគារឱ្យពលរដ្ឋទៅដាក់ប្រាក់ ហើយទៅដកវិញមិនបាន ការទិញផ្ទះបានផ្ទះខ្យល់ ទិញដីបានដីខ្យល់ ដាក់ប្រាក់វិនិយោគជាមួយឧកញ៉ាមិនអាចដកប្រាក់វិញបាន និងការរឹបអូសយកដីធ្លី រួមទាំងការបំផ្លិចបំផ្លាញធនធានធម្មជាតិជាដើម។ លោកបន្តថា បើគិតអំពីការបំបិទសិទ្ធិសេរីភាពក្នុងសម័យបច្ចុប្បន្ន គឺសឹងតែប្រហាក់ប្រហែលគ្នាក្នុងសម័យប៉ុលពត គ្រាន់តែថា សម័យប៉ុលពត គេបំបិទសិទ្ធិមិនឱ្យនិយាយស្តីគេយកទៅវ៉ៃចោល ប៉ុន្តែសម័យនេះត្រូវគេចាប់ដាក់គុក។
លោកថា៖ «គិតទៅកាន់អំណាចផ្តាច់ការដូចគ្នាទេ គ្រាន់តែថា មើលទៅប៉ុល ពតគឺដឹកនាំរបៀបកាប់សម្លាប់សាហាវឃោឃៅ សម័យនេះ វាមិនសាហាវឃោឃៅដូចសម័យប៉ុលពតទេ ប៉ុន្តែវាបំបិទសិទ្ធិសេរីភាពសឹងប្រហាក់ប្រហែលគ្នា។ មើលរូបភាពដឹកនាំផ្តាច់ការដូចគ្នា។ គេចេះធ្វើនយោបាយបែបប្រជាភថុតិ បោកប្រាស់ប្រជាពលរដ្ឋបោកសហគមន៍អន្តរជាតិ។ ចឹងវាខុសគ្នាចឹងឯង។ ដូច្នេះប្រជាពលរដ្ឋនៅតែវេទនាដដែលទេ ក្រោមការដឹកនាំរបស់ត្រកូលហ៊ុននេះ គឺបក្ខពួកនិយម គឺសាហាវជាងសម័យប៉ុលពត ប្រព័ន្ធដឹកនាំពុករលួយគ្រួសារនិយមជាងសម័យប៉ុលពត សម័យប៉ុលពតអត់មានគ្រួសារនិយមបក្ខពួកនិយមអីចឹងទេ គេគិតទៅលើបក្សសម័យនេះ គេគិតទៅលើគ្រួសារត្រកូលហ៊ុន ក្រុមគ្រួសារអ្នកមានអំណាច អាហ្នឹងយើងឃើញខុសគ្នាចឹង»។
គិតត្រឹមថ្ងៃទី២០ខែឧសភានេះ ស្ថាប័នអនុវត្តច្បាប់កម្ពុជា បានបន្តចាប់ឃុំខ្លួនអ្នកនយោបាយ និងសកម្មជនសង្គមសរុបចំនួន ១០៤នាក់ ដោយចោទពីបទល្មើសព្រហ្មទណ្ឌ ដោយសារតែភាពសកម្មនិយម ឬការបញ្ចេញមតិរបស់អ្នកទាំងនោះ។ នេះបើតាមអង្គការសិទ្ធិមនុស្សលីកាដូ។
លោក ស៊ឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លើកឡើងថា របបខ្មែរក្រហមត្រូវបានបង្កើតឡើងដោយមានវៀតណាម ចិន និងសហភាពសូវៀតជួយគាំទ្រ ដោយមានការបំពាក់បំប៉នមនោគមន៍វិជ្ជាកុម្មុយនិស្តដល់មេដឹកនាំខ្មែរ ដើម្បីបម្រើបរទេស ប៉ុន្តែសម្លាប់ខ្មែរគ្នាឯង។ លោកជំរុញឱ្យលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ត្រូវសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រឱ្យបានស៊ីជម្រៅ ដើម្បីកុំឱ្យដើរជាន់ដានប្រវត្តិសាស្ត្រ ធ្វើឱ្យមានមហន្តរាយដល់ប្រទេសជាតិជាថ្មីទៀត។
ពាក់ព័ន្ធនឹងការលើកឡើងរបស់ លោកហ៊ុន ម៉ាណែត ដែលថា ការប្រារព្ធទិវាចងចាំនេះ គឺជាការបង្ហាញពីការផ្សះផ្សានិងរួបរួមជាតិ លោក ករុណា បានជំរុញឱ្យមេដឹកនាំខ្មែរត្រូវមើលទៅប្រវត្តិសាស្ត្រ ថាតើហេតុអ្វីបានជាមានការផ្លាស់ប្តូររបបដឹកនាំពីមួយទៅមួយ។ បើតាមអ្នកឃ្លាំមើលរូបនេះ ការផ្លាស់ប្តូររបបដោយហិង្សាដោយការបង្ហូឈាម គឺកើតឡើងដោយសារតែមេដឹកនាំប្រទេស បង្កើតឱ្យមានភាពអយុត្តិធម៌សង្គមធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះ។
លោកថា៖ «អ៊ីចឹងខ្ញុំយល់ថា វាជាគំរូឱ្យយើងមើលឃើញស្រាប់ហើយនៅក្នុងប្រវត្តិសាស្ត្រអំពីការបែកបាក់ជាតិ គឺដោយសារតែការប្រព្រឹត្តនូវអំពើដ៏លាមកដាក់គ្នាហ្នឹងឯង គឺការធ្វើទុក្ខបុកម្នេញគ្នារវាងខ្មែរនិងខ្មែរ ការកាប់សម្លាប់ការធ្វើទុក្ខបុកម្នេញគ្រប់រូបភាព ដូចដែលយើងឃើញនៅក្នុងសង្គមបច្ចុប្បន្ននេះ ក៏ជាផ្នែកដែលបង្កឱ្យមានសង្គ្រាមការសម្លាប់បង្ហូរឈាម កាលពីជំនាន់ក្នុងប្រវត្តិសាស្ត្រនៃការប្តូរផ្លាស់របបនៅក្នុងប្រទេសកម្ពុជាដែរ»។
អ្នកឃ្លាំមើលរូបនេះ លើកឡើងថា អ៊ីចឹងហើយបានជាប្រទេសលោកសេរី ចូលរួមបង្កើតឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយបានជួយសម្របសម្រួលភាគីខ្មែរឱ្យទម្លាក់អាវុធ ហើយចូលមករួមរស់ជាមួយគ្នា កសាងប្រទេសតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស បង្កើតគណបក្សចូលរួមប្រកួតក្នុងការបោះឆ្នោត ដែលមានលក្ខណៈសេរី យុត្តិធម៌ត្រឹមត្រូវ។
ប៉ុន្តែ លោក ករុណា ថ្លែងថា សង្គមបច្ចុប្បន្នបានប្រែក្រឡៃ អំពីការដឹកនាំតាមបែបប្រជាធិបយ្យ ដែលមានការគោរពសិទ្ធិមនុស្ស មាននីតិរដ្ឋត្រឹមត្រូវ ទៅជាការអនុវត្តមួយក្លែងក្លាយផ្ទុយពីរដ្ឋធម្មនុញ្ញ ដែលបានបង្កការឈឺចាប់ដល់ពលរដ្ឋខ្មែរ ជាពិសេសសកម្មជនដែលហ៊ានលះបង់ពេលវេលាអាយុជីវិត និងសិទ្ធិសេរីភាព ក្នុងបុព្វហេតុដើម្បីការការពារនូវផលប្រយោជន៍សង្គមផលប្រយោជន៍ជាតិ ក្លាយជាអ្នករងគ្រោះ ព្រាត់ប្រាសនិរាសគ្រួសារ ត្រូវបានចាប់ដាក់ពន្ធនាគារ និងត្រូវបានសម្លាប់ ដែលនេះជារូបភាពបង្កើតឱ្យមានការឈឺចាប់និងបែកបាក់ជាតិ។
លោកថា៖ «ចឹងមាត់ដែលថា បង្កើតឱ្យមានការរួបរួមជាតិបញ្ឈប់ការបែកបាក់ជាតិ គ្រាន់តែជាការលើកឡើងតែប៉ុណ្ណោះ វាមិនអាចឱ្យមានភាពល្អប្រសើរអ្វីនោះទេ។ អ៊ីចឹងខ្ញុំគិតថា បញ្ហាទាំងអស់នេះ យើងមិនគួរបន្តជាន់ដានប្រវត្តិសាស្ត្រចាស់តទៅទៀតទេ យើងគប្បីបន្តនូវផ្លូវថ្មី គឺបញ្ឈប់នូវការគិតគូរកតែវិធីសាស្ត្រធ្វើបាបខ្មែរគ្នាឯង កាប់សម្លាប់រិតត្បិតសេរីភាពធ្វើឱ្យមានការឈឺចាប់ធ្វើឱ្យមានការព្រាត់ប្រាស់គ្រួសារអីហ្នឹង គួរតែបញ្ឈប់ទៅ គួរតែបញ្ចប់ទៅ ហើយងាកមករកនូវការកសាងប្រវត្តិសាស្ត្រថ្មី ដើម្បីឱ្យខ្មែរគ្រប់ភាគីអាចរស់នៅជាមួយគ្នាបាន រស់នៅក្នុងភាពចម្រុះទស្សនៈនិន្នាការ ហើយរួបរួមគ្នាធ្វើកិច្ចការងារតម្កល់យកផលប្រយោជន៍របស់សង្គមផលប្រយោជន៍របស់ជាតិជាធំ អានោះទើបបញ្ចប់នូវភាពអាប់អួរនៅក្នុងប្រវត្តិសាស្ត្រហ្នឹងកើតឡើងជាថ្មីម្តងទៀតបាន»។
ជាមួយគ្នានេះ លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ថ្លែងថា ការប្រើប្រវត្តិសាស្ត្រខ្មែរក្រហមរបស់បក្សកាន់អំណាច គឺជាយុទ្ធសាស្ត្រក្នុងការរំលឹកពលរដ្ឋ អំពីគុណបំណាច់ក្នុងការសង្គ្រោះជាតិ និងការរក្សាសន្តិភាព ដើម្បីពង្រឹងភាពស្របច្បាប់របស់ខ្លួន។ ទោះយ៉ាងណាក្តី ការសង្កត់ធ្ងន់តែទៅលើសន្តិភាព និងស្ថិរភាពតែមួយមុខដោយយកទៅប្រៀបធៀបជាមួយរបបវាលពិឃាត អាចក្លាយជាលេសក្នុងការរិតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋាន និងការរិតត្បិតលំហរប្រជាធិបតេយ្យនាពេលបច្ចុប្បន្ន។
លោកថា៖ «ខ្ញុំយល់ថា ការការពារមិនឱ្យរបបខ្មែរក្រហមវិលមកវិញ មិនគួរមានន័យថា រដ្ឋាភិបាលត្រូវតែរិតបន្តឹងការរិះគន់ដោយស្ថាបនានោះទេ ពីព្រោះរបបប្រជាធិបតេយ្យពិតប្រាកដត្រូវការការបញ្ចេញមតិ និងការចូលរួមដោយសេរី។ ចំណែកការលើកឡើងអំពីសុខដុមនីយកម្ម និងការផ្សះផ្សាជាតិវិញ វានៅតែមានគម្លាតរវាងវោហាសាស្ត្រ និងតថភាពជាក់ស្តែងនៅក្នុងសង្គមបច្ចុប្បន្ន។ យើងសង្កេតមើលជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ គម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែរីកធំ និងប្រព័ន្ធយុត្តិធម៌ដែលមានស្តង់ដាពីរ វាបានបង្កើតជាភាពឆ្អែតឆ្អន់ និងការបែកបាក់ស្រទាប់សង្គមដោយស្ងៀមស្ងាត់។ ការផ្សះផ្សាជាតិពិតប្រាកដ មិនអាចកើតមានបានទេដរាបណានៅតែមានការបែងចែកនិន្នាការនយោបាយ និងការចាត់ទុកអ្នកមានគំនិតផ្ទុយជាសត្រូវនយោបាយជានិច្ចនោះ»។
បើតាមអ្នកវិភាគរូបនេះ បើសិនជាប្រព័ន្ធគ្រប់គ្រងរដ្ឋនៅតែបន្តប្រើប្រាស់ច្បាប់ ឬវប្បធម៌បក្ខពួកខ្វះតម្លាភាព មិនហ៊ានកែទម្រង់ស្ថាប័នច្បាប់ឱ្យមានឯករាជ្យភាពពិតប្រាកដនោះទេ កម្ពុជានៅតែប្រឈមនូវហានិភ័យនៃការចុះខ្សោយនូវអំណាច និងមិនអាចបង្កើតភាពសាំនៅក្នុងការដោះស្រាយវិបត្តិធំៗ ដែលកំពុងកើតមានបាននោះទេ។
សម្រាប់ លោកបណ្ឌិត មាស នី ជាអ្នកវិភាគបានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី២០ខែឧសភានេះថា ការធ្វើទុក្ខបុកម្នេញលើអ្នកនយោបាយដូចគ្នា មិនអាចជាផ្លូវដើរទៅរកការផ្សះផ្សាជាតិបានឡើយ តែវានឹងបន្តនាំមកនូវភាពខ្លោចផ្សា សងសឹកគ្នាតជំនាន់រហូតដល់លែងខ្វល់ពីជាតិទឹកដី ដើម្បីឲ្យបានប្រៀបឲ្យលើគ្នាឯង។
បន្ថែមពីនេះ បើតាមលោកអ៊ុំ សំអាន ក្នុងសម័យប៉ុល ពត គឺអាចរក្សាទឹកដីបានគង់វង្ស មិនបានកាត់ទឹកដីទៅឱ្យវៀតណាម ទៅឱ្យថៃ និងក៏មិនបានបំផ្លិចបំផ្លាញធនធានធម្មជាតិស្ទើរតែវិនាសទាំងស្រុង ដូចសម័យដែលដឹកនាំដោយ លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ននេះទេ។ ប៉ុន្តែសម័យប៉ុលពតបានសាងកំហុសធ្ងន់ធ្ងរ គឺសម្លាប់មនុស្សយ៉ាងច្រើន។
យ៉ាងណាក្តី មន្ត្រីបក្សប្រឆាំងរូបនេះ បានជំរុញឱ្យរដ្ឋាភិបាល លោកហ៊ុន សែន គួរដឹកនាំប្រទេសឱ្យងាកមករកផ្លូវប្រជាធិបតេយ្យវិញ ដោយរៀបចំឱ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ឡើងវិញ ដោះលែងអ្នកទោសនយោបាយ ធ្វើការបង្រួបបង្រួមជាតិ ទើបអាចធ្វើឱ្យខ្មែរខ្លាំងទាំងសេដ្ឋកិច្ច និងយោធា ថែមទាំងអាចទទួលបានការគាំទ្រពីប្រទេសប្រជាធិបតេយ្យឡើងវិញ ហើយនៅពេលនោះ ខ្មែរនឹងអាចទប់ទល់ការឈ្លានពានទឹកដីពីថៃបាន៕









