ការ​វាយ​ប្រហារ​របស់​អ៊ីស្រា​អែល​លើ​ក្រុម​ហេស​បូឡា​នៅ​លី​បង់​​បាន​​សម្លាប់​មនុស្ស​យ៉ាង​ហោច​១៩​នាក់​

ក្រសួង​សុខាភិបាល​លីបង់ បាន​ប្រកាស​ថា ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ី​ស្រា​អែល​លើ​ភាគ​ខាង​ត្បូង​លីបង់​កាល​​ពី​ថ្ងៃ​ទី​១៩ខែ​ឧសភា បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ១៩​នាក់ ក្នុង​នោះ​មាន​ស្ត្រី ៤​នាក់​ និង​កុមារ ៣នាក់ ដែល​​​នេះ​ជា​​ការ​វាយ​ប្រហារ​ចុង​ក្រោយ​បង្អស់​ក្នុង​ចំណោម​ការ​វាយ​ប្រហារ​ស្ទើរ​តែ​រាល់​ថ្ងៃ​ពីភាគី​ទាំង​សង​ខាង ហើយ​វា​មិន​បាន​បញ្ឈប់​ឡើយ បើ​ទោះ​បី​ជា​មាន​បទ​ឈប់​បាញ់​ដ៏​ផុយ​ស្រួយ​មួយ​ ក្រោម​ការ​សម្រប​សម្រួល​ពី​សហរដ្ឋ​អាមេរិក​​​ក៏​ដោយ។

កង​ទ័ព​អ៊ីស្រាអែល​មិន​បាន​ធ្វើ​អត្ថាធិ​ប្បាយ​ភ្លាមៗ​ជុំវិញ​ការ​បាត់​បង់​ជីវិត ឬព្រឹត្តិការណ៍ជាក់លាក់ណាមួយនោះ​ទេ ប៉ុន្តែបាននិយាយថា ចន្លោះពីរសៀលថ្ងៃទី​១៨ខែ​ឧសភា​ ដល់រសៀលថ្ងៃទី​១៩ខែ​ឧសភា ខ្លួន​បាន​កំណត់​គោល​​​ដៅ​​​លើ​ទីតាំង​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ក្រុម​ហេស​បូឡា (Hezbollah) ជាង ២៥​កន្លែង​នៅ​ភាគ​ខាង​ត្បូង​លីបង់។

ការ​ប្រយុទ្ធ​គ្នាលើកចុងក្រោយរវាងអ៊ីស្រាអែល និងហេសបូឡា បានចាប់ផ្តើមកាលពីថ្ងៃទី២ ខែមីនា ដោយក្រុម​​សកម្មប្រយុទ្ធលីបង់មួយនេះ ​បានបាញ់គ្រាប់រ៉ុក្កែតចូលទៅក្នុងប្រទេសអ៊ីស្រាអែល រយៈពេលពីរថ្ងៃបន្ទាប់ពី​សហរដ្ឋ​អាមេ​រិក និង​អ៊ីស្រាអែល​បានវាយប្រហារលើប្រទេសអ៊ីរ៉ង់។

នៅទីក្រុងបេរូត (Beirut) រដ្ឋាភិបាលបាននិយាយថា ការវាយប្រហារតែមួយលើកលើភូមិ Deir Qanoun al Nahr ក្នុងខេត្ត​តំបន់ឆ្នេរ Tyre បានសម្លាប់មនុស្ស ១០នាក់ ក្នុងនោះមានកុមារ ៣នាក់ និងស្ត្រី ៣នាក់​។ មនុស្ស ៣នាក់​ បាន​រង​របួស ក្នុង​នោះមានកុមារម្នាក់ផងដែរ។

ក្រសួងមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការវាយប្រហារនេះទេ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានជាតិដែលគ្រប់​គ្រង​​​ដោយ​រដ្ឋ​បាននិយាយថា វាបានបំផ្លាញផ្ទះមួយខ្នង និងបណ្តាលឱ្យមនុស្សជាច្រើននាក់ជាប់នៅក្រោម​គំនរបាក់​បែក។ សាកសពរបស់ពួកគេត្រូវបានទាញចេញមកក្រៅនៅពេលថ្ងៃត្រង់។

យោងតាមក្រសួង ការវាយប្រហារតាមអាកាសមួយទៀត គឺនៅលើទីក្រុងភាគខាងត្បូង Nabatieh បានសម្លាប់​មនុស្ស ៤នាក់ និងរបួស ១០នាក់ផ្សេងទៀត រួមទាំងស្ត្រី ២នាក់។ ការវាយប្រហារលើកទីបីនៅក្នុងភូមិ Kfar Sir ដែលនៅជិតនោះ បានសម្លាប់មនុស្ស ៥នាក់ ក្នុងនោះមានស្ត្រីម្នាក់។

ការស្លាប់ចុងក្រោយនេះ​បានកើតឡើងមួយថ្ងៃ បន្ទាប់ពីចំនួនអ្នកស្លាប់ក្នុងការប្រយុទ្ធគ្នាជុំចុងក្រោយរវាងអ៊ីស្រា​អែល និងហេសបូឡា បានកើនឡើងហួសពី ៣,០០០នាក់ ហើយពីរថ្ងៃបន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់​​គ្នាដែលសម្រប​សម្រួលដោយសហរដ្ឋអាមេរិក ដែលបានអនុវត្តចាប់តាំងពីថ្ងៃទី១៧ ខែមេសា ត្រូវបានពន្យារ​ពេល​ចំនួន ៤៥ថ្ងៃបន្ថែមទៀត។

ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានលើកទ័ពឈ្លានពានភាគខាងត្បូងលីបង់ និងបានទម្លាក់គ្រាប់​បែក​លើ​រដ្ឋធានីបេរូត ក៏ដូចជាតំបន់ផ្សេងៗទៀត ដោយនិយាយថាខ្លួនកំពុងកំណត់គោលដៅលើហេដ្ឋារចនា​សម្ព័ន្ធរបស់ក្រុម​ហេសបូឡា។ ក្រុមហេសបូឡា ដែលជាក្រុមសកម្មប្រយុទ្ធ និងជាអង្គការនយោបាយដ៏​មាន​​ឥទ្ធិពលមួយនៅក្នុងប្រទេស​លីបង់ បានប្រឆាំងនឹងសម្ពាធក្នុងការទម្លាក់អាវុធ រួមទាំងសម្ពាធពីរដ្ឋាភិបាលលីបង់ផងដែរ។

មនុស្សជាងមួយលាននាក់នៅក្នុងប្រទេសលីបង់ត្រូវបានជម្លៀសខ្លួនដោយសារតែការប្រយុទ្ធគ្នា ដោយអ្នកខ្លះបានជ្រកកោននៅក្នុងតង់តាមដងផ្លូវ និងតាមបណ្តោយសមុទ្រមេឌីទែរ៉ាណេក្នុងទីក្រុងបេរូត។
ទន្ទឹម​​​នឹងនេះ អ៊ីស្រាអែលបានជួបការលំបាកក្នុងការទប់ស្កាត់ការវាយប្រហារដោយដ្រូនញឹកញាប់របស់ក្រុម​ហេស​បូឡា ដែលសំដៅលើកងទ័ពរបស់ខ្លួននៅលើទឹកដីលីបង់ និងទីប្រជុំជនព្រំដែនភាគខាងជើងអ៊ីស្រាអែល។

កង​ទ័ពអ៊ីស្រាអែល បាននិយាយថា ទាហានម្នាក់របស់ខ្លួនត្រូវបានសម្លាប់កាលពីថ្ងៃ១៩ឧសភា នៅក្នុងសមរ​​ភូមិ​នៅ​ភាគ​​ខាង​ត្បូង​​លីបង់ ដែលធ្វើឱ្យចំនួនទាហានអ៊ីស្រាអែលស្លាប់កើនឡើងដល់ ២១នាក់ ចាប់តាំង​ពីជម្លោះចុងក្រោយនេះបានចាប់ផ្តើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ