ប្រធានគណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ លោក កឹម សុខា នៅព្រឹកថ្ងៃពុធនេះ បានទៅជួបម្តាយដែលកំពុងមានជំងឺធ្ងន់ធ្ងរ ក្រោយមានការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដោយអំឡុងពេលនោះ លោកបានប្រាប់ទៅម្តាយថា លោកមិនចងពារជាមួយអ្នកដែលធ្វើបាបរូបលោកឡើយ ដោយទុកឱ្យអ្នកដែលធ្វើបាបលោកទទួលកម្ម។
នៅម៉ោងជិត៩ព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាលក្រសួងមហាផ្ទៃ បានជូនលោក កឹម សុខា ទៅជួបមុខម្តាយរយៈពេលមួយម៉ោង នៅផ្ទះប្អូនស្រីរបស់គាត់ ក្នុងបុរីមួយកន្លែងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបងប្អូនបាននិមន្តព្រះសង្ឃមកឲ្យព្រះធម៌ ក្រោយមានការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។ នេះបើតាមការឱ្យដឹងលើបណ្តាញសង្គមហ្វេសប៊ុករបស់មេធាវីការពារក្តីឱ្យលោក កឹម សុខា គឺលោក ផែង ហេង។
អំឡុងពេលជួបមុខម្តាយចាស់ជរាព្រះជន្ម ១០០វស្សា ដែលកំពុងសម្រាកនៅជាប់លើគ្រែនោះ លោក កឹម សុខា បានមានប្រសាសន៍ទៅកាន់ម្តាយរបស់លោកទាំងទឹកភ្នែកថា រូបលោកមិនដែលទៅបៀតបៀនអ្នកណាទេ ហើយលោកក៏មិនចងពារ ឬគុំគួនជាមួយនឹងអ្នកបៀតបៀនលោកដែរ ទុកឱ្យអ្នកនោះទទួលកម្មរបស់គេទៅចុះ។
លោកថា៖ «ម៉ែធ្លាប់ធ្វើធម៌ ម៉ែដឹងហើយថា កូនមិនដែលទៅបៀតបៀនអ្នកណា ហើយបើអ្នកណាបៀតបៀនកូន គឺអ្នកហ្នឹងទទួលកម្មរបស់គេទៅចុះ យើងអត់មានធ្វើអីលើគេទេណាម៉ែ!»។
ជាមួយគ្នានោះ លោក កឹម សុខា ក៏សង្ឃឹមថា កុសល្យផលបុណ្យដែលលោកបានសាង តាមរយៈអំពើល្អ ការធ្វើសមាធិ ការមិនសម្លាប់សត្វ និងការមិនធ្វើទុក្ខបុកម្នេញលើអ្នកដទៃ នឹងជួយឱ្យម្តាយរបស់លោក ប្រជាពលរដ្ឋខ្មែរ និងប្រទេសជាតិ ជួបតែសុខសន្តិភាព។
លោកបានថ្លែងបន្តថា៖ «ចឹងហើយដើម្បីដោះហេតុនៃទុក្ខ ទាល់តែយើងដោះទុក្ខ ទាល់តែស្គាល់ហេតុនៃទុក្ខ ហើយហេតុនៃទុក្ខហ្នឹងដូចខ្ញុំជំរាបម៉ែមិញចឹង គឺមកពីអវិជ្ជា តណ្ហា ឧបាយទាន និងកម្ម មិនមែនមកពីកម្មទាំងអស់ទេ មកពីឧបាយទាន យើងជាប់ជំពាក់ ដូចខ្ញុំចឹង ខ្ញុំជាប់ជំពាក់នឹងប្រទេសជាតិ ចឹងហើយបានខ្ញុំទទួលរងហ្នឹង ខ្ញុំអាណិតស្រឡាញ់ប្រទេសជាតិ អាណិតស្រឡាញ់ប្រជាពលរដ្ឋខ្មែរ ចឹងហើយអាហ្នឹងជាទុក្ខរបស់ខ្ញុំ។ ហើយខ្ញុំសុំខ្មែរយើងចាកផុតទុក្ខ ម៉ែចាកផុតទុក្ខ គ្រួសារយើងទាំងអស់ ប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ណាម៉ែណា! យើងយល់ដឹងពីព្រះធម៌ ស្លាប់ទៅអត់មានយកអីទៅជាមួយ ដូច្នេះអត់ត្រូវលោភលន់ អត់ត្រូវធ្វើបាបអ្នកដទៃ»។
លោក ផែង ហេង មេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា មានប្រសាសន៍នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ ដោយបានថ្លែងអំណរគុណទៅដល់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំដែលបានអនុញ្ញាតឱ្យកូនក្តីរបស់លោក បានទៅជួបម្តាយដែលចាស់ជរា និងកំពុងមានជំងឺធ្ងន់ធ្ងរ។
លោកសង្ឃឹមថា តុលាការនឹងបន្តផ្តល់ឱកាសដល់លោក កឹម សុខា បានជួបម្តាយរបស់លោកបន្ថែមទៀត នៅពេលខាងមុខ និងដោះលែងលោក កឹម សុខា ឱ្យមានសេរីភាពវិញ ដើម្បីជាការផ្សះផ្សាជាតិ។
លោកថា៖ «យើងសង្ឃឹមថា តុលាការនឹងផ្តល់ឱកាសឱ្យឯកឧត្តម[កឹម សុខា]មកបានជួបមុនម្តាយ ជាពិសេសពេលសូត្រឱ្យធម៌ឱ្យអី ហើយខាងមុខ ខ្ញុំយល់ថា ការផ្សះផ្សាជាតិ ឬក៏ការផ្តល់សេរីភាពជូនឯកឧត្តមពេញលេញ នឹងមានចំពោះខ្មែរនិងខ្មែរ»។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានលើកឡើងក្នុងបណ្តាញសង្គមដែរថា បន្ទាប់ពីបានជួបមុខម្តាយបានប្រហែលមួយម៉ោង លោក កឹម សុខា ត្រូវបានប៉ូលីសស្លៀកពាក់ស៊ីវិល អង្គុយកៀកសង្ខាងនៅក្នុងឡាន រួចនាំទៅឃុំខ្លួនក្នុងផ្ទះវិញ។
លោកបន្តក្នុងសំណេរដើមថា៖ «លោក កឹម សុខា ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារដោយឃុំខ្លួនក្នុងផ្ទះរយៈពេល ២៧ឆ្នាំ ឬអស់មួយជីវិត ពីបទ ក្បត់ជាតិដោយគប់គិតជាមួយអាមេរិក ផ្តួលរំលំរដ្ឋាភិបាល លោក ហ៊ុន សែន។ អ្នកកាត់ទឹកដីឱ្យវៀតណាម និងថៃ មិនជាប់ទោសក្បត់ជាតិ បែរជា លោក កឹម សុខា មិនបានកាត់ទឹកដីឱ្យបរទេសណាសោះ បែរជាគាត់ជាប់ទោសក្បត់ជាតិទៅវិញ»។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចប្រដាប់ដោយអាវុធ ឆ្មក់ចូលចាប់ខ្លួនទាំងកណ្តាលយប់ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោយពីគណបក្សប្រឆាំងរបស់លោក ហក់ឡើងប្រជាប្រិយភាព ទទួលបានសន្លឹកឆ្នោតគាំទ្រជិតពាក់កណ្តាលប្រទេស ប្រហាក់ប្រហែលនឹងគណបក្សកាន់អំណាច។
លោកត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដោយត្រូវឃុំ ខ្លួននៅក្នុងផ្ទះ ព្រមទាំងដកហូតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាស្ថាពរ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បង្ហាញការរីករាយដែលឃើញ លោក កឹម សុខា បានជួបម្តាយរបស់គាត់ តែយ៉ាងណា លោកសុំមិនអត្ថាធិប្បាយរឿងផ្លូវច្បាប់នោះទេ ដោយសារតែជាអំណាចរបស់តុលាការ ខណៈប្រទេសកម្ពុជា បានបែងចែកអំណាចទាំង៣ គឺនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ដាច់ដោយឡែកពីគ្នា។
លោកថា៖ «យើងក៏រីករាយដែរ ដែលគាត់បានទៅជួបម្តាយរបស់គាត់ អាហ្នឹងជាការបំពេញកត្តញ្ញុតាធម៌របស់គាត់ ហើយចំពោះការសម្រេច ឬក៏ពាក់ព័ន្ធផ្លូវច្បាប់ រឿងតុលាការអីយ៉ាងណានោះ អានោះជារឿងរបស់តុលាការ ហើយខ្ញុំមិនអត្ថាធិប្បាយទេ ពីព្រោះប្រទេសជាតិយើងជាប្រទេស ដែលផ្តល់អំណាចដាច់ដោយឡែកពីគ្នា នូវអំណាចទាំងបីដែលយើងបានដឹងហ្នឹង»។
សម្រាប់ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានលើកឡើងថា លោក កឹម សុខា ជាមេដឹកនាំ ឬជាអ្នកនយោបាយដែលមានទស្សនៈអហិង្សានិយម ធ្វើសកម្មភាពនយោបាយដោយវោហាសាស្ត្រសន្តិវិធី និងមិនយកខ្មែរណាជាសត្រូវ។ តែយ៉ាងណា លោកថា លោក កឹម សុខា នៅតែត្រូវបានគណបក្សកាន់អំណាច ប្រើប្រាស់ប្រព័ន្ធតុលាការចាប់ខ្លួន ឃុំខ្លួន រឹតត្បិតសិទ្ធិសេរីភាព និងដកសិទ្ធិធ្វើនយោបាយរបស់លោកទៅវិញ។
លោកថា៖ «យើងឃើញថា មេដឹកនាំនយោបាយដែលមានឥទ្ធិពល ហើយមានភាពអត់ធ្មត និងអហិង្សាបែបនេះ យើងកម្រឃើញមាននៅក្នុងប្រទេសកម្ពុជាយើងដែរ ក៏ប៉ុន្តែផ្ទុយទៅវិញ នៅតែបន្តរងគ្រោះដោយសារតែមេដឹកនាំបច្ចុប្បន្ននេះទៅវិញ»។
បើទោះជាមិនមានសង្ឃឹមថាអ្នកនយោបាយខ្មែរនឹងរួបរួមគ្នា ក្រោយពីមានការរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជាក្តី តែ លោក ស៊ឹង សែនករុណា នៅតែចង់ឃើញគ្រប់ភាគីអ្នកនយោបាយដែលមានឥទ្ធិពល ឬគណបក្សកាន់អំណាច បញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើអ្នកនយោបាយ សកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងសកម្មជនសង្គមជាដើម ព្រមទាំងបើកលំហសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ដើម្បីបង្ហាញពីការរួបរួមជាតិ ផ្សះផ្សាជាតិ។
លោកថា៖ «សម្រាប់ខ្ញុំ ទាំងសំណុំរឿងលោក កឹម សុខា ទាំងសំណុំរឿងរបស់សកម្មជនគណបក្សនយោបាយនានា សកម្មជនសង្គម សកម្មជនបរិស្ថាន យុវជនមាតាធម្មជាតិអីជាដើមនេះ គប្បីមានការពិនិត្យមើលឡើងវិញ គួរតែមានការបញ្ចប់ការចោទប្រកាន់ ការទម្លាក់បទចោទប្រកាន់ និងដោះលែងពួកគេឱ្យមានសេរីភាពគ្រប់គ្រាន់ ក្នុងការអនុវត្តនូវសិទ្ធិសេរីភាពរបស់ខ្លួន ដើម្បីចូលរួមចំណែកនៅក្នុងសង្គមប្រជាធិបតេយ្យ ចូលរួមនៅក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើនរុងរឿង ដើម្បីបង្ហាញទៅបណ្តាប្រទេសជិតខាងថា កម្ពុជាយើងគឺមានការរួបរួមគ្នា មានកម្លាំងសាមគ្គីរឹងម៉ាំ ជាកម្លាំងមួយអាចទប់ស្កាត់ទប់ទល់ជាមួយនឹងបរទេសឈ្លានពាន ដែលជាប្រទេសជិតខាងនេះជាដើម»។
សាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានសម្រេចកម្កល់សាលក្រមកាត់ទោស លោក កឹម សុខា វ័យ៧២ឆ្នាំ មេដឹកនាំគណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ ឱ្យជាប់ឃុំ ២៧ឆ្នាំ និងបានបន្ថែមទោសហាមឃាត់មិនឱ្យចេញទៅក្រៅប្រទេសរយៈពេល៥ឆ្នាំទៀត ពីបទ ក្បត់ជាតិ ពាក់ព័ន្ធនឹងការចោទពីបទគប់គិតជាមួយសហរដ្ឋអាមេរិកដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា បើទោះបីជាសហរដ្ឋអាមេរិកបានបដិសេធការចោទប្រកាន់នេះ តាំងតែពីដំបូងមកក្តី។
អ្នកឃ្លាំមើល ព្រមានថា រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត អាចប្រឈមនឹងវិបត្តិកាន់តែធ្ងន់ និងឯកោកាន់តែខ្លាំង ដែលអាចនឹងធ្វើឱ្យបាត់បង់ទឹកដីកាន់តែច្រើនថែមទៀត បើនៅតែបន្តឃុំខ្លួនទាំងបំពានលើ លោក កឹម សុខា និងសកម្មជននយោបាយ ព្រមទាំងសកម្មជនសង្គមដទៃទៀតតាមទំនើងចិត្ត ផ្គើនទៅនឹងបំណងរបស់សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិព្រោះភ្លាមៗបន្ទាប់ពីការសម្រេចរបស់សាលាឧទ្ធរណ៍ តំណាងប្រទេសបស្ចឹមលោក ក្នុងនោះរួមមាន សហគមន៍អឺរ៉ុប បារាំង អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី កាណាដា និងសហរដ្ឋអាមេរិក។ល។ រួមទាំងអង្គការសហប្រជាជាតិ បានបញ្ចេញប្រតិកម្មព្រោងព្រាតសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះការសម្រេចរបស់តុលាការកម្ពុជានេះ។
បន្ថែមពីនេះ ពួកគេបានទាមទារឱ្យដោះលែង លោកកឹម សុខា និងអ្នកទោសមនសិការដទៃទៀតដោយគ្មានលក្ខខណ្ឌ៕









