ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ បានត្អូញត្អែរពីផលលំបាកធ្វើប្លង់ដី ដោយថា ជិត៦ឆ្នាំមកនេះ ពួកគេមិនទាន់ទទួលបានប្លង់កម្មសិទ្ធិនៅឡើយទេ ទោះមន្ត្រីជំនាញបានចុះវាស់វែងតាំងពីឆ្នាំ២០២២ មកហើយក្តី ដែលបញ្ហានេះ ពួកគេបារម្ភពីសុវត្ថិភាពដីធ្លីដែលធ្លាប់អាស្រ័យផល។
ក្តីបារម្ភនេះ ហាក់ស៊ីគ្នាទៅនឹងរបាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ដែលបានរកឃើញថា ការរំលោភបំពានដីធ្លីពីអ្នកមានអំណាច និងក្រុមហ៊ុនដែលមានឥទ្ធិពល នៅឆ្នាំ២០២៥ នៅតែបន្តកើនឡើង ហើយកាន់តែមានលក្ខណៈធ្ងន់ធ្ងរ បើធៀបនឹងការរកឃើញឆ្នាំមុន។
ផ្តើមពីបញ្ហានេះ លោក កាន់ សុភារដ្ឋ ពលរដ្ឋម្នាក់ ស្ថិតក្នុងចំណោមពលរដ្ឋច្រើនគ្រួសារទៀត រស់នៅក្រុងព្រះសីហនុ បានជំរុញទៅក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ឲ្យជួយពន្លឿនផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ឲ្យបានឆាប់ ដ្បិតមានមូលដ្ឋានខ្លះ ក្រោយមន្ត្រីចុះវាស់វែងក្បាលដីរួច គឺបានអូសបន្លាយពេលចន្លោះពី ៤ ទៅ ៥ឆ្នាំទៅហើយ នៅមិនទាន់ទទួលបានប្លង់កម្មសិទ្ធិទៀត។
ពលរដ្ឋរូបនេះ រិះគន់ថាភាពយឺតយ៉ាវនេះ អាចមានជាប់ពាក់ព័ន្ធនឹងការចំណាយក្រៅផ្លូវការ ដោយលោក សង្កេតឃើញថា កន្លងមក ចំពោះអ្នកមានទ្រព្យ ឬមានបុណ្យស័ក្តិវិញ គឺការបំពេញនីតិវិធី ដើម្បីឈានទៅចេញប្លង់កម្មសិទ្ធិជូនបុគ្គលទាំងនោះ មានភាពរលូន និងឆាប់បំផុត។
ប៉ុន្តែថា សម្រាប់ពលរដ្ឋក្រីក្រ ដែលគ្មានអំណាច និងគ្មានលទ្ធភាពចំណាយក្រៅផ្លូវការឱ្យមន្ត្រី ដើម្បីពន្លឿនការចេញបណ្ណកម្មសិទ្ធិនេះ បែរជាត្រូវបានពន្យាពេលយូរ ទោះមន្ត្រីបានចុះវាស់វែងលើដីជាក់ស្តែងច្រើនឆ្នាំមកនេះក្តី។
លោកបន្តថា៖ «មើលទៅមានផលវិបាកច្រើនណាស់ តាំងពីដំណាក់កាលចុះវាស់វែង រហូតដល់ចែកចុងសន្លឹក ហើយចុងក្រោយយឺតយ៉ាវនៃការចេញប្លង់ទៀត។ មកដល់ពេលនេះ សម្រាប់ដីនៅសង្កាត់លេខ១ហ្នឹង បានអូសបន្លាយពេលបួនប្រាំឆ្នាំហើយ នៅមិនទាន់បានប្លង់ទៀត។ មួយទៀត បើយើងចង់បានប្លង់លឿន ត្រូវមានសេវាសម្រាប់អ្នករត់ការឲ្យយើង ដើម្បីបានប្លង់គឺចំណាយលុយអស់ពីរបីរយដុល្លារដែរហ្នឹង។ វេទនាខ្លាំងណាស់ អ្នកមានដីធ្លីនៅសង្កាត់លេខ១ហ្នឹងវេទនាណាស់ មុននឹងបានវាស់វែង និងបំពេញឯកសារជាមួយមន្ត្រីចុះវាស់វែងហ្នឹង ក៏វេទនា ហើយពេលចែកចុងសន្លឹកក៏វេទនា ទៅយកកណ្តាលថ្ងៃក្តៅហែង និងប្រជ្រៀតគ្នា»។
ពលរដ្ឋរូបនេះ ក៏ទទូចដល់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងអង្គភាពប្រឆាំងអំពើពុករលួយ ចុះស្រាវជ្រាវរឿងនេះ ដើម្បីធានាថាការចេញបណ្ណកម្មសិទ្ធិដីធ្លីឱ្យពលរដ្ឋមិនប្រើការពន្យាពេល ដើម្បីគប់គិតគ្នាព្រឹត្តអំពើពុករលួយ។
លោកបន្តថា៖ «ពិបាកខ្លាំងណាស់រឿងប្លង់ដីនេះ។ ប្លង់ខ្ញុំ ប្រាំឆ្នាំហើយមិនទាន់ចេញផងបង គឺយើងធ្វើតាមធម្មតា មិនងាយបានប្លង់ទេ។ តែបើយើងទាក់ទងគេខាងរត់ការធ្វើប្លង់ហ្នឹង គឺអស់ពីរបីរយដុល្លារដែរហ្នឹង។ សូមជួយសម្រួលការចេញប្លង់ជូនពលរដ្ឋ នៅសង្កាត់១ ក៏ដូចជាប្រជាពលរដ្ឋនៅតាមមូលដ្ឋានផ្សេងៗ ឲ្យមានភាពរលូន កុំឲ្យពិបាកតម្រង់ជួរ ដើម្បីរង់ចាំធ្វើបំពេញទិន្នន័យក្បាលដីធ្វើប្លង់ និងជួយពន្លឿនចេញប្លង់កម្មសិទ្ធិដីធ្លី នៅសង្កាត់១ ឲ្បបានឆាប់ផង។ ព្រោះពលរដ្ឋខ្លះ គាត់ត្រូវការប្លង់ដី សម្រាប់យកទៅដាក់នៅធនាគារ ដើម្បីយកលុយមកប្រកបអាជីវកម្មផ្សេងៗ ហើយប្លង់ទន់ហ្នឹង ធនាគារគេមិនយកទេ»។
ចំណែកពលរដ្ឋផ្សេងទៀត ក៏បានលើកឡើងប្រហាក់ប្រហែលគ្នា ដោយជំរុញឱ្យក្រសួងពាក់ព័ន្ធចុះពិនិត្យករណីនេះ ដើម្បីបង្ហាញតម្លាភាពក្នុងការចេញប្លង់កម្មសិទ្ធិ ដែលជាផ្នែកជួយសម្រួលដល់ពលរដ្ឋដែលមានជីវភាពក្រីក្រឱ្យបានឆាប់ ដើម្បីទប់ស្កាត់ការរំលោភបំពាន និងប្រើប្រាស់សម្រាប់តម្រូវការចាំបាច់ ក្នុងគ្រួសាររបស់ពួកគេ។
លោក សួន តារាវុធ ពលរដ្ឋរស់នៅក្រុងព្រះសីហនុ បញ្ជាក់ថា មន្ត្រីសុរិយោដីខេត្តព្រះសីហនុ បានចុះវាស់វែងក្បាលដីជូនពួកគាត់ ចាប់តាំងពីឆ្នាំ២០២២មកម៉្លេះ។ លោកថា បើគិតមកដល់បច្ចុប្បន្ន មានរយៈពេល៥ឆ្នាំហើយ នៅមិនទាន់ទទួលបានប្លង់នៅឡើយ។
លោកថា៖ «សូមសំណូមពរដល់រាជរដ្ឋាភិបាល ឬក៏អាជ្ញាធរមានសមត្ថកិច្ច ដែលគាត់អាចផ្តល់សេវាកម្មណាមួយឲ្យបានលឿនបន្តិច ពីព្រោះថា ចាប់តាំងពីថ្ងៃចាប់ផ្តើមធ្វើប្លង់ដីមក គឺគិតមកដល់ពេលនេះ គឺមានរយៈពេលប្រហែលជា ៦ឆ្នាំកន្លងមកហើយៗ ពលរដ្ឋអត់ទាន់បានប្លង់ដីមកប្រើទេ។ ហើយម្យ៉ាងវិញទៀត បើទាក់ទងអ្នកលក់ និងអ្នកទិញដីវិញ អ្នកខ្លះ កក់ថ្លៃដីបានលុយតែ១ពាន់ដុល្លារទេ តែក្នុងរយៈពេល៦ឆ្នាំនេះ អត់ទាន់បានលុយទៀតទេ។ ចឹងសំណូមពរធ្វើយ៉ាងម៉េចជួយពន្លឿន ឬមួយក៏មានសេវាកម្មណាមួយ ដែលធ្វើឲ្យប្រជាពលរដ្ឋ ងាយស្រួលក្នុងការទទួលបានប្លង់»។
ទោះយ៉ាងណា វីអូឌី នៅមិនអាចទាក់ទង លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ដើម្បីសុំការឆ្លើយតបជុំវិញការលើកឡើងនេះបានទេ គិតត្រឹមថ្ងៃទី២០ខែឧសភានេះ។ ខណៈ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏មិនអាចសុំការបំភ្លឺបាន។
សម្រាប់អង្គការសិទ្ធិមនុស្ស និយាយថា បើបញ្ហានេះ បានកើតឡើងដូចពលរដ្ឋលើកឡើងមែន នោះវាបង្ហាញពីភាពកម្សោយនៃការទទួលខុសត្រូវរបស់ស្ថាប័នជំនាញ ដែលរដ្ឋាភិបាលត្រូវស្រាវជ្រាវ និងពង្រឹងប្រសិទ្ធភាពឡើងវិញ ដើម្បីបង្កើនទំនុកចិត្តលើពលរដ្ឋ ដែលជាម្ចាស់ឆ្នោត។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ ចាត់ទុកថា ការពន្លឿនផ្តល់បណ្ណកម្មសិទ្ធិជូនពលរដ្ឋ ជាសុវត្ថិភាពលើម្ចាស់កម្មសិទ្ធិ និងជួយកាត់បន្ថយការំលោភបំពានដីធ្លី។
លោកថា៖ «អញ្ចឹងករណីនេះ អាជ្ញាធរដែលពាក់ព័ន្ធហ្នឹងគួរតែពន្លឿននីតិវិធី។ បើវាស់វែងរួចហើយ ហើយយូរឆ្នាំហើយ គួរតែពន្លឿននីតិវិធី ក្នុងការចែកប្លង់កម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋ។ ទី១ ដើម្បីផ្តល់ទំនុកចិត្តដល់ពួកគាត់។ ទី២ ដើម្បីបញ្ចៀសវិវាទដីធ្លី ដែលអាចនឹងកើតមានឡើង ហើយបើមានបណ្ណកម្មសិទ្ធិហើយ គឺជាការធានានូវសុវត្ថិភាពដីធ្លីសម្រាប់ពួកគាត់ដែរ។ និងទី៣ គាត់អាចនឹងប្រើប្រាស់បណ្ណកម្មសិទ្ធិហ្នឹង ដើម្បីផលប្រយោជន៍របស់ពួកគាត់»។
របាយការណ៍ស្តីពី ស្ថានភាពសិទ្ធិដីធ្លីឆ្នាំ២០២៥ របស់សមាគមអាដហុក ចេញផ្សាយកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ បានរកឃើញថា ការរំលោភបំពានដីធ្លីនៅតែបន្តកើនឡើង ហើយកាន់តែធ្ងន់ធ្ងរ ប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៥ពាន់គ្រួសារ ហើយជាង៦០ភាគរយនៃការរំលោភបំពាន កើតចេញពីមន្ត្រីមានអំណាច និងក្រុមហ៊ុនដែលមានឥទ្ធិពល។
បើតាមអាដហុក ករណីវិវាទដីធ្លីថ្មីនៅឆ្នាំ២០២៥ មានចំនួន៤៥ករណី បន្ថែមលើករណីចាស់ៗជាច្រើនដែលមិនទាន់មានដំណោះស្រាយសមរម្យ ហើយប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៥ ៥២០គ្រួសារ និងផ្ទៃដីជាង ១១ម៉ឺនហិកតា (១១៥ ៤១៣ ហិកតា)។
ក្នុងនោះភាគរយខ្ពស់ នៃវិវាទពាក់ព័ន្ធនឹងការរំលោភដីធ្លីដោយបុគ្គលមានអំណាច ៤២ភាគរយ និងអ្នកមានទ្រព្យ/ក្រុមហ៊ុន ២០ភាគរយ ដែលជាការបង្ហាញពីឥទ្ធិពលខ្លាំងរបស់ក្រុមអាជ្ញាធរមានអំណាចលើការប្រើប្រាស់ធនធានដីធ្លី និងធនធានធម្មជាតិ។
អាដហុក បានវាយតម្លៃថា បញ្ហាវិវាទដីធ្លីនៅកម្ពុជា នៅតែបន្តមានលក្ខណៈធ្ងន់ធ្ងរ រ៉ាំរៃ និងស្មុគស្មាញ ដែលទាមទារឱ្យមានការកែលម្អផ្នែកច្បាប់ គោរពសិទ្ធិសហគមន៍ ទប់ស្កាត់អំពើពុករលួយ និងបញ្ឈប់ការប្រើអំណាចខុសពីគោលបំណងនៃច្បាប់ បើពុំនោះទេ វិវាទដីធ្លីនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថិរភាពសេដ្ឋកិច្ច សង្គម និងការបាត់បង់ទំនុកចិត្តលើរដ្ឋាភិបាលនិងប្រព័ន្ធយុត្តិធម៌ ដែលអាចរារាំងដល់ការអភិវឌ្ឍរយៈពេលវែង៕









