ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានធ្វើដំណើរមកដល់ប្រទេសចិនកាលពីយប់ថ្ងៃទី១៩ខែឧសភា ដើម្បីជួបពិភាក្សាជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង (Xi Jinping) ពោលគឺមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅទីក្រុងប៉េកាំង។
ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់ លោក ពូទីន ត្រូវបានគេតាមដានយ៉ាងដិតដល់ ខណៈដែលទីក្រុងប៉េកាំងកំពុងស្វែងរកការរក្សាទំនាក់ទំនងប្រកបដោយស្ថិរភាពជាមួយសហរដ្ឋអាមេរិកផង និងរក្សាទំនាក់ទំនងដ៏រឹងមាំជាមួយរុស្ស៊ីផង។ វិមានក្រឹមឡាំង បានឱ្យដឹងថា មេដឹកនាំទាំងពីរមានផែនការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ព្រមទាំងបញ្ហាអន្តរជាតិ និងតំបន់សំខាន់ៗ ដែលដំណើរទស្សនកិច្ចនេះក៏ចំពេលខួបលើកទី២៥ នៃសន្ធិសញ្ញាមិត្តភាពចិន-រុស្ស៊ី ផងដែរ។
ចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតសម្រាប់រុស្ស៊ី ជាពិសេសបន្ទាប់ពីទីក្រុងម៉ូស្គូបានបើកការវាយលុកលើអ៊ុយក្រែនក្នុងឆ្នាំ២០២២។ ទីក្រុងប៉េកាំងបានអះអាងថា ខ្លួនមានជំហរអព្យាក្រឹតនៅក្នុងជម្លោះនេះ ខណៈពេលដែលកំពុងបន្តរក្សាទំនាក់ទំនងពាណិជ្ជកម្មជាមួយវិមានក្រឹមឡាំង បើទោះបីជាមានទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក និងអឺរ៉ុបក៏ដោយ។ មុនដំណើរទស្សនកិច្ចនេះ លោក ពូទីន បានលើកឡើងថា ទំនាក់ទំនងទ្វេភាគីគឺស្ថិតនៅកម្រិតមួយដែលមិនធ្លាប់មានពីមុនមក។
លោក វ៉ាង ហ្ស៊ីឈិន (Wang Zichen) អគ្គលេខាធិការរងនៃមជ្ឈមណ្ឌលសម្រាប់ប្រទេសចិន និងសាកលភាវូបនីយកម្ម នៅទីក្រុងប៉េកាំង បានកត់សម្គាល់ថា៖ «ដំណើរទស្សនកិច្ចរបស់លោក ត្រាំ គឺនិយាយអំពីការធ្វើឱ្យទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតរបស់ពិភពលោកមានស្ថិរភាព ចំណែកឯដំណើរទស្សនកិច្ចរបស់លោក ពូទីន គឺនិយាយអំពីការផ្តល់ទំនុកចិត្តឡើងវិញដល់ដៃគូយុទ្ធសាស្ត្រដ៏យូរអង្វែង។ សម្រាប់ប្រទេសចិន ផ្លូវទាំងពីរនេះមិនដើរផ្ទុយគ្នានោះទេ»។
កាលពីដំណើរទស្សនកិច្ចរបស់លោក ត្រាំ លោក ស៊ី ជីនពីង បានពិពណ៌នាថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន គួរតែមើលឃើញគ្នាទៅវិញទៅមកជាដៃគូជាជាងជាគូប្រជែង។ ប្រទេសទាំងពីរបាននិយាយថា ពួកគេនឹងធ្វើការលើក្របខ័ណ្ឌថ្មីមួយដើម្បីគ្រប់គ្រងទំនាក់ទំនងប្រកបដោយស្ថិរភាពយុទ្ធសាស្ត្រ។
បច្ចុប្បន្ន ចិនបានក្លាយជាអ្នកទិញប្រេង និងហ្គាសធម្មជាតិលំដាប់កំពូលរបស់រុស្ស៊ី។ ជំនួយការប្រធានាធិបតីរុស្ស៊ី លោក យូរី អ៊ូសាកូវ (Yuri Ushakov) បានឱ្យដឹងថា ការនាំចេញប្រេងរបស់រុស្ស៊ីទៅកាន់ប្រទេសចិនបានកើនឡើង ៣៥% នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦។ លោក ពូទីន បានសង្កត់ធ្ងន់ថា ក្នុងកំឡុងពេលវិបត្តិនៅមជ្ឈិមបូព៌ា រុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់ថាមពលដ៏គួរឱ្យទុកចិត្ត ហើយលោកសង្ឃឹមថានឹងអាចសម្រេចបានកិច្ចព្រមព្រៀងលើព័ត៌មានលម្អិតបន្ថែមទៀតក្នុងវិស័យប្រេង និងហ្គាសនៅក្នុងដំណើរទស្សនកិច្ចនេះ។
លោក ពូទីន បានបន្ថែមថា ទីក្រុងម៉ូស្គូស្វាគមន៍ចំពោះកិច្ចសន្ទនារវាងចិន និងសហរដ្ឋអាមេរិក ដោយលោកមានប្រសាសន៍ថា៖ «យើងមានតែទទួលបានផលប្រយោជន៍ពីការណ៍នេះ ពីស្ថិរភាព និងការចូលរួមប្រកបដោយស្ថាបនារវាងសហរដ្ឋអាមេរិក និងចិន»៕









