បើទោះបីថៃនៅតែបន្តរុលចូលឈ្លានពានទឹកដីកម្ពុជាយ៉ាងគឃ្លើនឥតឈប់ឈរ និងកំពុងសិក្សាពីលទ្ធភាពលុបMOUឆ្នាំ២០០០ទៀតក្តី ក៏រដ្ឋាភិបាល លោកហ៊ុន ម៉ាណែត នៅតែប្រកាន់ជំហររង់ចាំចរចាទ្វេភាគីជាមួយថៃទោះបីមានសង្ឃឹមត្រឹម១%ក្តី។
លើសពីនេះ រដ្ឋាភិបាលនេះ ដោយមិនទាន់បង្ហាញពីតម្រុយ ប្តឹងថៃទៅកាន់យន្តការច្បាប់អន្តរជាតិនៅឡើយដែរ បើទោះបីជាអ្នកជំនាញ និងក្រុមអ្នកឃ្លាំមើល បានលើកឡើងថា កម្ពុជាមានប្រៀបលើថៃខាងផ្លូវច្បាប់ក្តី។
ការលើកឡើងនេះ ខណៈអាជ្ញាធរកម្ពុជានៅក្នុងឃុំអូរបីជាន់ ត្រូវបានសារព័ត៌មានក្នុងស្រុកស្រង់សម្តីមកចុះផ្សាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា កងកម្លាំងថៃ បានចូលមកបោះបង្គោលព្រំដែនលើដីខ្មែរកាលពីថ្ងៃទី១៤ និងទី១៥ ខែឧសភា នៅភូមិសិសាខ្មែរ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្ថិតនៅជាប់ភូមិជោគជ័យ។ ហើយកាលពីថ្ងៃទី១៧ខែឧសភា ទាហានថៃបានចូលមកឃាត់ពលរដ្ឋខ្មែរ មិនឱ្យភ្ជួរស្រែលើដីរបស់ខ្លួននៅក្នុងតំបន់នោះឡើយ។
ប្រភពដដែល បន្តថា បង្គោលព្រំដែនថ្មីនេះ ត្រូវបានបោះចូលក្នុងដីខ្មែរជាង២០០ម៉ែត្របន្ថែមទៀត និងលាតសន្ធឹងតាមបណ្តោយព្រំដែនប្រវែង ៦៥០ម៉ែត្រ ក្នុងបរិវេណដីចម្ការរបស់ប្រជាពលរដ្ឋខ្មែរ១៥៣ហិកតា ដែលពលរដ្ឋខ្មែរបានធ្វើស្រែចម្ការអាស្រ័យផលជាយូរមកហើយ។
ពាក់ព័ន្ធនឹងបញ្ហានេះ សារព័ត៌មាន The Nation របស់ថៃ បានរាយការណ៍ថា ពលរដ្ឋខ្មែរបានប្រើត្រាក់ទ័រចូលឈូសឆាយដីកសិកម្មនៅតំបន់សិលាខ្មែរ ដែលថៃហៅថា ភូមិអាងសិលារបស់ថៃ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤២និង៤៤។
ករណីនេះ ភាគីទាំងពីរបានព្រមព្រៀងផ្អាកសកម្មភាពជាបណ្តោះអាសន្ត រងចាំការបញ្ជាក់លើខ្សែបន្ទាត់ព្រំដែនឱ្យបានច្បាស់លាស់។ ជាមួយគ្នានេះ កាសែតថៃដដែល បានរាយការណ៍ថា កាលពីថ្ងៃទី១៨ខែឧសភា ព្រឹទ្ធសភាថៃបានបើកកិច្ចប្រជុំនិងសម្រេចឱ្យក្រុមអ្នកជំនាញធ្វើការសិក្សាពីលទ្ធភាពក្នុងការលុប MOUឆ្នាំ២០០០ ស្តីពីដំណោះស្រាយបញ្ហាព្រំដែនគោកជាមួយកម្ពុជា។
ក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី១៨ខែឧសភា បានចេញសេចក្តីថ្លែងការណ៍ថា តំបន់សិលាខ្មែរជាទីតាំងដែលពលរដ្ឋកម្ពុជាបានបង្កបង្កើនផល និងអាស្រ័យផលជាយូរណាស់មកហើយ ហើយកម្ពុជាបន្តគ្រប់គ្រងតំបន់នេះ ក្រោយបទឈប់បាញ់រវាងកម្ពុជានិងថៃចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ឡើងវិញថា កម្ពុជាមិនទទួលស្គាល់ខ្សែព្រំដែនណាមួយដោយប្រើកម្លាំង និងផ្ទុយពីសន្ធិសញ្ញាអនុសញ្ញាបារាំងសៀមឆ្នាំ១៩០៤-១៩០៧ និងកិច្ចព្រមព្រៀងទ្វេភាគីនោះឡើយ និងថា ការងារវាស់វែងនិងខណ្ឌសីមាលើដីជាក់ស្តែង ជាសមត្ថកិច្ចផ្តាច់មុខរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកJBC ។
ទាក់ទងនឹងជំហ៊ររបស់រដ្ឋាភិបាលលើការឈ្លានពានទឹកដីពីថៃនេះ នៅក្នុងពិធីអបអរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលធ្វើឡើងកាលពីថ្ងៃទី១៥ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា កម្ពុជាមិនមែនខ្លាចថៃនោះទេ ប៉ុន្តែបើសិនជាមានជម្រើសការពារទឹកដីក្រៅពីវៃគ្នា នោះកម្ពុជានឹងជ្រើសរើសយកជម្រើសមួយនោះគឺការចរចាទ្វេភាគី។
លោកថា៖ «ហើយខ្ញុំបញ្ជាក់ម្តងទៀត ទោះបីជាការចរចាតាមផ្លូវច្បាប់ផ្លូវការទូត ដើម្បីទាញមកវិញនូវសិទ្ធិស្របច្បាប់ដែនអធិបតេយ្យភាពស្របច្បាប់របស់យើង ទោះបីនៅសល់១ភាគរយនៅក្នុងការដោះស្រាយតាមរយៈនេះក៏ដោយ យើងត្រូវតែប្រកាន់យកជំហ៊រនេះឱ្យអស់លទ្ធភាពដើម្បីចៀសវាងការស្លាប់»។
នៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់ ស្តីពី បច្ចុប្បន្នភាពព្រំដែនកម្ពុជាថៃ នៅព្រឹកថ្ងៃទី១៩ខែឧសភានេះ លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល មិនបាននិយាយពីករណីទាហានថៃចូលមកហាមពលរដ្ឋខ្មែរមិនឱ្យភ្ជួស្រែនៅភូមិសិលាខ្មែរនោះទេ។ ប៉ុន្តែលោកថ្លែងថា កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា ថៃដែលបន្សល់ទុកដោយគណៈកម្មាធិការឥណ្ឌូចិន សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែគោរពអនុសញ្ញា សន្ធិសញ្ញាបារាំងសៀម ផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មាធិការបោះបង្គោលព្រំដែនឥណ្ឌូចិន សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីពេលកន្លងមក។
តែផ្ទុយពីនេះ លោកអ៊ុំ សំអាន តំណាងរាស្ត្រពីបក្សប្រឆាំង ហៅការចូលមកហាមឃាត់មិនឱ្យពលរដ្ឋខ្មែរភ្ជួររាស់ដីធ្វើស្រែធ្វើចម្ការ ពីសំណាក់ទាហានថៃនៅពេលនេះ វាបង្ហាញឱ្យឃើញកាន់តែច្បាស់ថែមទៀត ពីភាពទន់ខ្សោយ និងអត់គំនិតយ៉ាងខ្លាំងរបស់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដែលមិនបានដាក់ពង្រាយកម្លាំងទ័ពឱ្យបានច្រើន ដើម្បីការពារទឹកដីតាមព្រំដែន ទើបថៃអាចចូលមកវាទយកទឹកដីខ្មែរបានតាមចិត្តបែបនេះ។
លោកថា៖ «ទោះបីមានសង្ឃឹម១% នៅតែបន្តចរចាទ្វេភាគីជាមួយថៃដោយមិនប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិICJ មិនប្តឹងថៃទៅកាន់សហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ មិនប្តឹងថៃទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ខ្ញុំយល់ថា ទឹកដីខ្មែរយើងដែលថៃកំពុងគ្រប់គ្រង៦២ទីតាំង បើគិតមុនសង្គ្រាមរហូតដល់៧២ទីតាំង នឹងបាត់បង់ទៅថៃជាអចិន្ត្រៃយ៍ហើយ បើសិនជាគាត់នៅតែបន្តជំហរចង់ចរចាទ្វេភាគីជាមួយថៃ សូម្បីតែ១%ក៏នៅតែចង់ចរចាទៀត។ ធម្មតាយ៉ាងហោចក៏យើងសង្ឃឹម៥០%ដែរ បានយើងនៅចរចាជាមួយថៃ ហើយសង្ឃឹម១%ទៅចរចាយ៉ាងម៉េច?»។
មន្ត្រីបក្សប្រឆាំងរូបនេះ លើកឡើងថា ការបន្តចរចាទ្វេភាគីជាមួយថៃ មិនខុសអ្វីពីការចរចាជាមួយចោរ ដើម្បីទាមទាររបស់ទ្រព្យដែលចោរបានប្លន់ត្រឡប់មកវិញនោះទេ ខណៈដែលសារជាតិរបស់ចោរវានឹងមិនប្រគល់របស់ទ្រព្យដែលវាប្លន់បានមកឱ្យម្ចាស់វិញឡើយ បើម្ចាស់មិនប្តឹងប៉ូលីសនិងមិនប្តឹងទៅតុលាការទេនោះ។ មួយវិញទៀត ការដែលលោកហ៊ុន ម៉ាណែត មិនប្តឹងថៃដែលជាចោរប្លន់ទឹកដីខ្មែរ គឺបញ្ជាក់ថា លោកហ៊ុន ម៉ាណែត គ្មានឆន្ទៈពិតប្រាកដក្នុងការការពារទឹកដីនោះទេ។
លោកថា៖ «អ្វីដែលកម្ពុជាត្រូវធ្វើនៅពេលនេះ គឺត្រូវប្រើសិទ្ធិស្វ័យការពារ គឺឱ្យទាហានកម្ពុជាត្រូវតែទប់ស្កាត់រារាំងមិនឱ្យថៃរាយបន្លាលួស ឬក៏ចូលមកហាមឃាត់មិនឱ្យប្រជាពលរដ្ឋភ្ជួរស្រែលើដីខ្មែរនោះទេ ហើយរារាំងមិនឱ្យដាក់ទូរកុងតឺន័រ មិនឱ្យធ្វើរបងព្រំដែន មិនឱ្យជីកប្រឡាយយកដីខ្មែរស្រេចចិត្ត អាហ្នឹងជាសិទ្ធិស័យការពារស្របទៅតាមច្បាប់អន្តរជាតិ។ បន្ទាប់ពីនឹងត្រូវពង្រឹងវិស័យយោធា ធ្វើម៉េចអាចការពារទឹកដីបាន បំបាត់អំពើពុករលួយបក្ខពួកនិយមគ្រួសារនិយម កុំដាក់តែកូនអ្នកធំកាន់តំណែងធំៗក្នុងជួរកងទ័ព លុបបំបាត់ទាហានខ្មោច ហើយមួយទៀតត្រូវបំពាក់សម្ភារយោធាទំនើបៗទៅដល់កងទ័ព ទើបអាចការពារទឹកដីបាន»។
ជាមួយគ្នានេះ លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក៏បានប្រាប់វីអូឌីនៅថ្ងៃទី១៩ខែឧសភានេះដែរថា វាជារឿងដ៏គួរឱ្យឈឺចាប់បំផុត ខណៈយោធាថៃនៅតែបន្តពង្រីកការឈ្លានពានរុលចូលដណ្តើមកាន់កាប់ទឹកដីកម្ពុជាឥតឈប់ឈរ រហូតដល់ចូលមកហាមឃាត់ប្រជាពលរដ្ឋខ្មែរនៅភូមិសិលាខ្មែរមិនឱ្យភ្ជួរដីធ្វើស្រែនៅលើដីរបស់ខ្លួន។
ទាក់ទងនិងថៃកំពុងសិក្សាពីការលុបMOUឆ្នាំ២០០០ លោក ម៉ែន ណាត យល់ថា ថៃមើលឃើញពីសារៈប្រយោជន៍នៃ MOUឆ្នាំ២០០០នេះ ទើបមិនទាន់លុបដោយបើកការសិក្សាជាមុនសិន ដោយសារMOUនេះ ថៃអាចពង្រីកការឈ្លានពានចូលតំបន់ដែលមិនទាន់មានភាពច្បាស់លាស់ ខណៈដែលបង្គោលព្រំដែនមួយចំនួន ដែលបោះដោយអាណានិគមន៍បារាំង ត្រូវបានថៃលួចរំកិលចូលមកក្នុងទឹកដីខ្មែរ នៅតាមកន្លែងខ្លះមានជម្រៅរហូតដល់ ២-៣គីឡូម៉ែត្រ។ នេះបើតាមប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមបណ្តោយព្រំដែន ហើយស្គាល់បង្គោលព្រំដែន។
នៅពេលដែលថៃនៅតែបន្តចូលឈ្លានពានទឹកដីកម្ពុជា អ្នកឃ្លាំមើលរូបនេះ ចោទសួរថា ហេតុអ្វីបានជា លោកហ៊ុន ម៉ាណែត មិនដាក់កម្លាំងយោធាឱ្យច្រើន ដើម្បីការពារនៅលើដីជាក់ស្តែង ហើយថែមទាំងមិនប្តឹងថៃទៅតុលាការអន្តរជាតិ ទៅតាមការសម្រេចជាឯកច្ឆន្ទរបស់តំណាងរាស្ត្រជិត២០០នាក់ នៅក្នុងសមាជរដ្ឋសភាព្រឹទ្ធសភា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥?
លោកថា៖ «ថាតើវាមានស្អីដែលវានៅខាងក្រោយខ្នងពិតប្រាកដ ដែលធ្វើឱ្យរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ហ្នឹងគ្រាន់តែតវ៉ាល្មមៗ ហាក់ដូចជាយករឿងនឹងទៅជារឿងនយោបាយអូសទាញការគាំទ្រពីអ្នកស្រុក រួចឱ្យថៃពង្រីកការឈ្លានពានតាមទំនើងចិត្ត? អាសិទ្ធិការពារខ្លួនស្របតាមច្បាប់អន្តរជាតិក៏មិនព្រមប្រើ។ ក្នុងរឿងនឹងបើថៃវិញឈ្លានពានដីយើងបានហើយយើងទៅក្បែរបង្គោលព្រំដែនក្បែរបន្លាលួសក្នុងដីយើងសោះ ក៏សៀមបាញ់គំរាមយើងមិនឱ្យទៅក្បែរដែរ ហើយពេលខ្លះ សូម្បីតែក្រុមអ្នកសង្កេតការណ៍អាស៊ានទៅក្បែរ ក៏វាហ៊ានបាញ់បង្អើលបាញ់គំរាមដែរ។ ហើយយើងក្នុងដីយើងគេពង្រីកម៉េចមិនក្លាហានការពារខ្លួនទប់ស្កាត់ការពង្រីកឈ្លានពាននឹងទៅ?»។
លោក ម៉ែន ណាត បន្តថា លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ខ្លាំងបានតែជាមួយខ្មែរគ្នាឯង ដែលគ្រាន់តែរិះគន់រឿងព្រំដែន ដោយសារតែបារម្ភពីការបាត់បង់ទឹកដីបែជាត្រូវចាប់ដាក់គុកជាបន្តបន្ទាប់។
ទាក់ទងនឹងបញ្ហានេះដែរ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចបាននិយាយលើបណ្តាញសង្គមថា ប្រសិនបើថៃលុបMOUឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកទៀតនោះ យន្តការចរចាទ្វេភាគីរវាងកម្ពុជា និងថៃគួរតែត្រូវបញ្ចប់ហើយកម្ពុជាដែលមានប្រៀបខាងផ្លូវច្បាប់ គួរតែប្រញ៉ាប់រួសរាន់ងាកទៅប្រើយន្តការច្បាប់អន្តរជាតិ។ យន្តការច្បាប់អន្តរជាតិ មានក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រុមប្រឹក្សាអាជ្ញាកណ្តាលពិសេស ហើយសំខាន់ជាងគេគឺតុលាការយុត្តិធម៌អន្តរជាតិICJ និងតុលាការនីតិសមុទ្រ។
លោកថា៖ «ហើយឥឡូវបើថៃវាលុបចោលMOUឆ្នាំ២០០០នេះទៀត ដាក់ទៅតាមពិតត្រូវដាក់យូរ ហើយដាក់ទៅភ្ជាប់ជាមួយការលុបចោលនូវMOUភ្ជាប់បញ្ហាថៃ កំពុងតែរំលោភបំពានកាន់កាប់តំបន់ម្តុំប្រាសាទព្រះវិហារ បូករួមពាក់ព័ន្ធសន្ធិសញ្ញាបារាំងសៀមមានពាក់ព័ន្ធការខណ្ឌចែកនូវព្រំដែនគោក រហូតដល់ព្រំដែនកោះទៀតឯណោះកោះគុត ដែលយកចំណុចកំពូលខ្ពស់បំផុតនៅកោះគុតជាព្រំដែនសម្រាប់ខណ្ឌចែកប្រទេសទាំងពីរ។ ដូច្នេះទៅបើតុលាការ តុលាការនីតិសមុទ្រUNCLOS និងតុលាការយុត្តិធម៌អន្តរជាតិដែលសំខាន់។ ដូច្នេះត្រៀមខ្លួនទៅ លើកនេះទៅទាំងគោកទាំងទឹកទៅតុលាការឱ្យដោះស្រាយទៅ»។
លោកបណ្ឌិត ជ័យ តិច បញ្ជាក់ថា ដើម្បីចៀសវាងការចោទប្រកាន់ពីបទក្បត់ជាតិកាត់ទឹកដីឱ្យបរទេស និងក៏ដើម្បីបញ្ចប់ជម្លោះដែនដីជាប្រវត្តិសាស្ត្រ ឈានទៅកសាងខ្សែព្រំដែនសន្តិភាពកុំឱ្យកើតសង្គ្រាមច្បាំងដណ្តើមទឹកដីគ្នា បណ្តាលឱ្យកូនចៅជំនាន់ក្រោយនៃប្រទេសទាំងពីរស្លាប់តទៅទៀត វាចាំបាច់ណាស់ដែលរដ្ឋាភិបាលកម្ពុជានិងថៃ ត្រូវយកសំណុំរឿងព្រំដែននេះទៅតុលាការអន្តរជាតិ៕









