តុលាការ​ទុក​ពេល​៣០​ថ្ងៃ​ឱ្យ​ជន​រង​គ្រោះ​ប្រ​មូល​ភស្តុ​តា​ង​ទាម​ទារ​សំ​ណង​ពី​​​អតីត​​​ឧ​កញ៉ា ហ៊ី គឹម​ហុង

សវនាការ​លើក​ទីបី របស់​អតីត​ឧកញ៉ា ហ៊ី គឹម​ហុង ម្ចាស់​ក្រុម​ហ៊ុន​ពិភព​ដី​មាស បាន​ប្រព្រឹ​ត្ត​ទៅ​​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា នេះ ដោយ​ឈាន​ទៅ​ដល់​ដំណាក់​មួយ​ទៀត មុន​ពេល​ប្រកាស​សាល​ក្រម។

មេធាវីតំណាង​ដោយ​អាណត្តិ និង​ទាម​ទារ​សំណង​ឱ្យ​ជន​រង​គ្រោះ គឺ​អ្នក​ស្រី តាំង ស៊ីន​ហុង បាន​ប្រាប់​​ក្រុម​អ្នក​​សារ​ព័ត៌​មាន​ក្រោយ​សវនា​ការ​ថា តុលាការ​បានទុ​ក​រយៈ​ពេល​៣០​ថ្ងៃ ដើម្បី​​ឱ្យ​គ្រួសារ​​នីមួយ​​ៗ​ប្រ​​​មូល​​​ភស្តុ​តាង​ជា​ទិន្ន​ន័យ​សាច់​ប្រាក់​ដែល​ចាញ់​បោក ដើម្បី​បង្កើត​​ជា​រចនា​សម្ព័ន្ធ​ទាមទា​រ​សំណង។ អ្នក​ស្រី​​​បន្ត​ថា ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ភាព​ច្បាស់​លាស់ និង​ងាយ​ស្រួល​ផ្ដល់​សំណង​រដ្ឋ​ប្ប​វេណី ដ្បិត​កន្លង​​​​ទៅ​ពលរដ្ឋ​ដាក់​ចំនួន​ទឹកលុ​យ​សរុប​​ដែល​ធ្វើ​ឱ្យ​ពិបាក​បែង​ចែក។

អ្នកស្រី តាំង ស៊ីនហុង និយាយថា៖ «​ភស្តុតាង​មាន​អស់​ហើយ​ មាន​គ្រប់​គ្រាន់​ទាំង​អស់​ហើយ តែ​គ្រាន់​ថា កន្លែង​បែ​ង​ចែក​បំណុល​សំណង​រដ្ឋ​ប្បវេណី ព្រោះ​អី​គាត់​(តុលា​ការ)​ចង់​ឲ្យ​មាន​ថា​ឥឡូវ (ជន​រង​គ្រោះ) ‘ក’ បាន​ប៉ុន្មាន? ជំងឺ​ចិត្ត​ប៉ុន្មាន? បើមិ​ន​ចឹង​ទេ​ ពេល​សាល​ក្រម​ចេញ​មក វាយ​គ្នា​ងាប់ ដោះ​ស្រា​យ​អត់​ចេញ​ទេ​​អាលុយ​ហ្នឹង វា​នៅ​មូល​មួយ​ដុំ ​អ៊ីចឹង​យើង​ចង់​​ដាក់​ថា នេះ ‘ក’ ប៉ុន្មាន? ជំងឺ​ចិត្ត​ប៉ុន្មាន? ខាត​បង់​ប៉ុន្មាន? ‘ខ’ ប៉ុន្មាន? ‘ខ’ ប៉ុន្មាន? អីចឹង​ទៅ​ណា វា​រាយ​មក​អញ្ចឹង»។

បើតាមមេធាវី ពលរដ្ឋបានប្ដឹងទារសំណង​ចំនួន​ជាង ២៦​លាន​ដុល្លារ និង​សំណង​ជំ​​ងឺ​ចិត្ត​​១០​​លាន​ដុ​ល្លារ។ ​អ្នក​ស្រី​បន្ថែម​​​ថា អំឡុង​ពេល​៣០​ថ្ងៃ​នេះ ក៏​តម្រូវ​ឱ្យ​ជន​រ​ង​គ្រោះ​ជាង​ ​២០០​​គ្រួសារ​ផ្សេង​ទៀ​ត ប្រ​​មូ​ល​ភស្តុ​តាង​បញ្ជាក់​បន្ថែម​ដើម្បី​ចូល​រួម​ទាម​ទារ​សំណង​ ព្រោះ​មេធាវី​ភាគី​​ចុង​​ចោទ ទទួ​ល​ស្គាល់​​តែ​ចំនួ​ន ៧៦១​គ្រួសារ​ ខណៈ​ជន​រង​គ្រោះ​ពិត​ប្រាកដ​ គឺ​មាន​ទៅ ១១១៥​គ្រួសារ​។

អ្នកស្រី តាំង ស៊ីនហុង និយាយថា៖ «​ភស្តុតាងខាងភាគី​គេ​(លោក ហ៊ី គឹមហុង) ដាក់​ថា​តែ​ ៧០០ ជាង (គ្រួសារ) យើង ១,១១៥ (គ្រួសារ) ហើយ​គេ​ថា ឯកសារ​គេ​ប្រឹង​រក​អស់​ ប៉ុន្តែ​តាម​ពិត​​គាត់​ធ្វើ​បា​​បប្រជា​ព​ល​​​រដ្ឋ​ទេ។ អញ្ចឹង​យើង​ត្រូវ​ដាក់​​​អាហ្នឹង​មួយ មួយ​ទៀត​ ដូច​ខ្ញុំ​និយាយ​អញ្ចឹង រចនា​សម្ព័ន្ធ​លើៗ ប្រជា​​ព​ល​រដ្ឋ ក ខ គ ឃ ប៉ុន្មានៗ អញ្ចឹង​ណា ត្រូវ​តែ​​មាន​​ឲ្យ​ច្បាស់​ នៅ​ពេល​ដែល​យើង​រឹប​អូ​ស​ទ្រព្យ​សម្បត្តិ​​លក់​​ឡៃ​ឡុង​អី​បាន​លុយ យើង​នឹង​ តុលាការ​​​នឹង​​បែង​​ចែក​​ថា ណា សង​​ទៅ ‘ក’ នេះ​ប៉ុន្មាន? សង​​​​​ទៅ​​នេះ​​ប៉ុន្មាន? នេះ​ប៉ុន្មាន? នេះ​ប៉ុន្មាន? នេះ​ប៉ុន្មាន? ឲ្យ​វា​ច្បាស់»។

រវាង៣០ថ្ងៃនេះ អ្នកស្រីអះអាងថា នឹង​បញ្ជូន​រចនា​សម្ព័ន្ធ​ទៅ​តុលាការ ​និង​សុំ​ពន្លឿន​ករណី​នេះ ឈា​ន​ទៅ​​រក​ការ​ប្រកាស​​សាលក្រម​តែ​ម្ដង។​ អ្នក​ស្រី​ជឿ​ជាក់​ថា នឹង​ស្វែង​រក​ទាំង​យុត្តិ​ធម៌ និង​សំ​​ណង​ឱ្យ​​ប្រ​​ជា​ពលរដ្ឋ។

ទិដ្ឋភាពនៅមុខតុលាការព្រឹកនេះ ត្រូវបានបិទដោយពលរដ្ឋ​ជាង ២០០​នាក់​ ឡើង​មក​ពី​បណ្ដា​​ខេត្ត​នា​នា ដើម្បី​តវ៉ា​រក​យុត្តិ​ធម៌ និង​ទាម​ទារ​ឱ្យ​ចាប់​ខ្លួន​ លោក ហ៊ី គឹម​ហុង​ ឃុំ​ក្នុង​ពន្ធនា​គារ​វិញ។ ប៉ុន្តែ​មេធាវី តាំង ស៊ីន​ហុង បាន​ពន្យល់​​ថា ​ការ​ឃុំ​ខ្លួន​ឡើង​វិញ​ត្រូវ​មាន​នីតិ​វិធី​ច្បាប់ ខណៈ​ការ​ធ្វើ​បែប​នេះ មិន​បា​ន​​ផ្ដល់​​​ផល​ចំណេញ​អ្វី​ឡើយ ដោយ​ លោក ហ៊ី គឹម​ហុង ត្រូវ​នៅ​ក្រៅ​ឃុំ​ដើម្បី​រក​លុយ​សង​ពលរដ្ឋ។

អតីត​​ឧកញ៉ា ហ៊ី គីម​ហុង ត្រូវ​​បាន​សមត្ថកិច្ច​ចាប់ខ្លួន កាល​ពី​​ខែ​​សីហា ឆ្នាំ​​២០២៣ ពាក់​ព័ន្ធ​​នឹង​​បទ​​ចោទ​​ឆបោក​​មាន​​ស្ថាន​​ទម្ងន់​ទោស ក្រោយ​ពលរដ្ឋ​ប្ដឹង​ទាក់​ទិន​នឹង​គម្រោង​វិយោគ​ដី​ធ្លី។​ ប៉ុន្តែ​កាល​ពី​ដើ​​ម​ខែ​វិច្ឆិកា​ ឆ្នាំ​​២០២៣ លោក ហ៊ី គឹម​ហុង ត្រូវ​​បាន​​សាលា​ឧទ្ធរណ៍​​ភ្នំពេញ​ ដោះ​លែង​​​ឱ្យ​​​នៅ​​ក្រៅ​​ឃុំ​​បណ្ដោះ​​អាសន្ន បន្ទា​ប់​ពី​​ជាប់​​ពន្ធនា​គារ​​ប្រមាណ ៣ខែ។

ជាងបីឆ្នាំមកនេះ ពលរដ្ឋដែលចាញ់បោកអតីត​ឧកញ៉ា ហ៊ី គឹម​ហុង បាន​លក់​ដី​ធ្លី​ ផ្ទះ​សម្បែង យក​លុ​យ​សង​​ធនាគារ​​ដែល​ខ្ចី​មក​បណ្ដាក់​ទុន​វិនិ​យោគ។ ជន​រង​គ្រោះ​ខ្លះ​ធ្លាក់​ខ្លួន​ឈឺ ក្នុង​នោះមា​​ន ៣៨​នា​ក់ បាន​បាត់​បង់​ជីវិត​ដោយ​ឈឺ​ចិត្ត និង​អត្ត​ឃាត​ ប្ដី​ប្រពន្ធ​បែក​បាក់​គ្នា ខណៈ​កុមារ​មិន​​បាន​រៀ​ន​សូត្រ​ ដោយ​សារ​ឪពុក​ម្ដាយ​ធ្លាក់​ខ្លួន។

ជាក់ស្ដែងជនរង​គ្រោះមកពីខេត្ត​កំពត អ្នក​ស្រី ម៉ក់ ផល្លា ត្រូវ​រ៉ាប់រង​ចិញ្ចឹម​ចៅ​ពីរ​នាក់​ និង​ធ្លាក់​ខ្លួន​ដោ​យ​​សា​រ​បំណុល​​ជាង ២ម៉ឺន​ដុល្លារ​ ដែល​កូន​និង​កូន​ប្រសារ​ខ្ចី​បណ្ដាក់​ទុន​ក្នុង​ក្រុម​ហ៊ុន​ពិភព​ដី​មាស។ អ្នក​ស្រី​បន្ត​ថា គ្រួសារ​បែក​បាក់​ និង​សម្ពាធ​ជីវភាព​ធ្វើ​ឱ្យ​អ្នក​ស្រី​ស្ទើរ​បញ្ចប់​ជីវិត​ម្ដងៗ​ទៅ​ហើយ ដោយ​​មា​​ន​​​តែសំ​ណង​ប៉ុណ្ណោះ ​​គឺ​ជា​ក្ដី​សង្ឃឹម​​តែ​មួយ​គត់​សម្រាប់​អ្នក​ស្រី។

អ្នកស្រី ម៉ក់ ផល្លា និយាយថា៖ «ពលរដ្ឋរងគ្រោះម្នាក់ទៀត​មកពីខេត្តស្វាយរៀង​ អ្នក​ស្រី ម៉ៅ រ៉ានី ចាញ់​​បោក​លុយ ៥ម៉ឺន​​ដុល្លារ ដោយ​ក្នុង​នោះ​៣ម៉ឺន​ដុល្លារ​ជាលុយ​ខ្ចីធ​នាគារ។ ទោះ​បី​លក់​ដី​ផ្ទះ​ស​ង​ផ្ដាច់​បំណុ​ល តែ​គ្រួ​សារ​អ្នក​ស្រី​ធ្លាក់​ខ្លួន​គ្មាន​ផ្ទះស​ម្បែង​នៅ​ឡើយ។

ចំណែក ​អ្នកស្រី ម៉ៅ រ៉ានី និយាយថា៖ «សូម្បីតែលុយដើមក៏ដកលែងបាន​ទាំងអ​ស់ សព្វ​ថ្ងៃ​ខ្ញុំ​លក់​ដី​សង​គេ សូម្បី​ផ្ទះ​ក៏​លែ​​ងមា​ន​ឱ្យ​កូ​​ននៅ​ដែរ។ លក់​ដី​នៅ​ឆ្នាំ​២០២៥»។

​ទាក់ទិនរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការ​លីកាដូ លោក អំ សំអាត ចង់​ឃើញ​សំណុំ​រឿ​ង​នេះ​បិ​ទ​បញ្ចប់​​ដោយ​ឆាប់​រហ័ស ដោយ​ផ្ដល់​យុត្តិ​ធម៌ និង​សំណង​ឱ្យ​ពលរដ្ឋ​ដោះ​ស្រាយ​ជីវភាព។ លោក​បន្ត​ថា ការ​បញ្ចប់​​ករណី​​នេះ​នឹ​ង​​ក្លាយ​​ជា​​​គម្រូ​​ភាព​​មួយ​​បង្ហាញ​​ថា​​​យុត្តិ​ធម៌​នៅ​តែ​មាន​​សម្រាប់​​ជន​រ​​ងគ្រោះ​​ពី​ករណី​ឆបោក។

លោក អំ សំអាត និយាយថា៖ «ករណី​នេះជា​ករណី​ធំ​មួយ ហើយ​ក៏ជា​ក​រណីគ​ម្រូ​មួយ​ដែរ​ បើ​ប្រជា​ព​លរដ្ឋ​ទ​ទួល​បា​ន​យុត្តិ​ធម៌​ពេញ​លេញ នឹង​បង្ហាញ​អំ​​ពី​ប្រព័ន្ធ​យុត្តិធម៌​យើង​​ហ្នឹង​ជា​ជំនឿ​ទុ​ក​ចិត្ត​សម្រា​ប់​ប្រជា​ពលរដ្ឋ​​រ​ង​​គ្រោះ​ ដោយ​​សារ​ការ​ចាញ់​បោក​ទៅ​លើ​ក្រុម​ហ៊ុន»។

កាលពីខែកក្កដា ឆ្នាំ២០២៥ លោក ហ៊ី គឹមហុង បាន​ចំណាយ​​ប្រាក់ប្រមាណ ១ម៉ឺន​ដុល្លារ​ ទិញ​គ្រឿង​ឧប​ភោគ ឧបត្ថម្ភ​​​កង​​ទ័ព ប៉ុន្តែ​ត្រូវ​បាន​ជន​រង​គ្រោះ​ពី​ការ​ចាញ់​បោក ចាត់​​ទុក​​ទង្វើ​​នេះ​​​​ថា​ ​ដើម្បី​​បិទ​​បាំ​ង​​រឿង​​អាស្រូវ​​ឆបោក​របស់​ខ្លួន ខណៈ​ជនរ​ង​គ្រោះ​​រា​ប់​​ពាន់​​គ្រួសារ​ កំពុង​ជួប​វិបត្តិ​​ជីវភាព​ធ្ងន់​ធ្ងរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ