ក្រុម​​យុវជន​​បារម្ភ​​​ពី​​បញ្ហា​​សំរាម​​រ៉ាំ​រ៉ៃ​​នៅ​​តំបន់​​បឹង​​ទន្លេ​សាប​​​និង​​​ដង​​​ស្ទឹង​​​សង្កែ

ក្រុម​​យុវជន​​ស្រឡាញ់​​បរិស្ថាន​ ​រក​​ឃើញ​​ថា ពលរដ្ឋ​​ជា​ច្រើន​​ពាន់​​​គ្រួសារ​ រស់​នៅ​​​ក្នុង​​តំបន់​​បឹង​​ទន្លេ​សាប ខេត្ត​​បាត់​ដំបង និង​​ពលរដ្ឋ​​រស់​​នៅ​​តាម​​បណ្ដោយ​​ដង​ស្ទឹង​​សង្កែ ក្នុង​ស្រុក​ឯកភ្នំ​ ​នៅ​​មិន​​ទាន់​​ទុកដា​ក់​​សំរា​ម​​ត្រឹម​ត្រូវ​​នៅ​​ឡើយ​​ទេ​​​មក​​​ទល់​​ពេល​​នេះ។

ពួកគេ​សង្កេត​ឃើញ​​ថា ពលរដ្ឋ​​រស់នៅក្នុង​​ភូមិ​​ចំនួន ៥​ទៀត ក្នុង​​ឃុំ​​ព្រៃ​ចាស់​ ​នៃ​​តំបន់​​បឹង​​ទន្លេ​សាប ព្រម​​ទាំង​​ពលរដ្ឋ​​​រស់​​​​នៅ​​តាម​​បណ្ដោយ​​ដង​​ស្ទឹង​​សង្កែ បាន​​យក​​សំរាម​​ទុក​​ចោល​​រាយ​ប៉ាយ​​តាម​​មាត់​​ទឹក​ និង​​បោះ​​ចូល​​ក្នុង​​តំបន់​​ព្រៃ​​លិច​ទឹក​ ហើ​យ​​នៅ​គ្រា​​ដែល​មាន​​​ទឹក​ជំនន់ សំរាម​ទាំង​នោះ​អណ្ដែត​ចូល​ទឹក​បឹង​ទន្លេសាប។

និស្សិត​សិក្សា​សកល​វិទ្យាល័យ​មួយ នៅ​រាជ​ធានី​ភ្នំពេញ លោក សេង ថៃខន្តី ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា​​ថា  ពលរដ្ឋ​​​រាប់​ពាន់​គ្រួសារ​រស់​នៅ​តំបន់​បឹង​ទន្លេ​សាប ​និង​រស់នៅ​តា​មប​ណ្តោយ​ដង​ស្ទឹង​សង្កែ បាន​​ប្រកប​​របរ​​នេសាទ​​ត្រី នៅ​​មិ​ន​​ទាន់​​ទុក​​ដាក់​​សំរាម និង​ថង់​ប្លាស្ទិក​ បាន​ត្រឹមត្រូវ​នៅ​ឡើយ​ទេ ដោយ​ពួកគេ​តែងតែ​បោះ​ចោល​ចូល​ទន្លេ​ និង​​​​ខ្លះ​ទៀត​ទុក​ចោល​តាម​ប្រឡោះ​ព្រៃ​លិច​ទឹក។

លោក​បញ្ជាក់​ថា  ពលរដ្ឋ​គឺ​ជា​គោល​ដៅ ចោល​សំរាម​ចូល​ទន្លេ​ និង​ស្ទឹង​សង្កែ ដែល​អាជ្ញាធរ​គួរតែ​អប់រំ​ផ្សព្វផ្សាយ​ឱ្យ​​​បាន​ទូលំ​ទូលាយ និង​រឹត​បន្តឹង​កុំ​ឱ្យ​ពួកគាត់​ចោល​សំរាម​ផ្ដេសផ្ដាស។

លោក សេង ថៃខន្តី និយាយថា៖ «មិន​ថា​ដង​ស្ទឹង ឬ​​ដង​​ទន្លេ​​ទេ សំរាម​ច្រើន​មែន​ទែន​ ទាល់​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ មុន​នឹង​ឈាន​ដល់​ការ​ចូលរួម​មន្ត្រី​មូលដ្ឋាន តើ​គួរ​អប់រំ​ពលរដ្ឋ​ និង​ផ្សព្វផ្សាយ​បែប​ម៉េច អាជ្ញាធរ​មូលដ្ឋាន​ហ្នឹង»

កាល​ពី​សប្ដាហ៍​មុន​ យុវជន​មួយ​ក្រុម បាន​​ចុះ​​ទស្សន​​កិច្ច​សិក្សា​ពី​បញ្ហា​​បរិស្ថាន​នៅ​​តំបន់​បឹ​ង​​ទន្លេ​សាប​ និង​​តំបន់​ដង​​ស្ទឹង​​សង្កែ ដោយ​រក​ឃើញ​ថា ​បញ្ហា​សំរាម​នៅ​តំបន់​បឹង​ទន្លេ​សាប និង​តាម​បណ្តោយ​ច្រាំង​ស្ទឹង​សង្កែ នឹង​បង្ក​ឱ្យ​ប៉ះ​ពាល់​​សុខភាព​ពលរដ្ឋ សត្វ​​ប្រើ​ប្រាស់​​ទឹក​​ស្ទឹង។  

​ក្រុម​យុវជន​ទាំង​នោះ បាន​ធ្វើដំណើរ​ដល់​ទី​តាំង​ជាក់​ស្ដែង ​ប្រទះ​ឃើញ​សំរាម​ខ្លះ​ស្អុយ​រលួយ ​តាម​គុម្ព​ឈើ​តំបន់​ព្រៃ​​លិច​​ទឹក និង​​តំបន់​ខ្លះ​ទៀត​ ​ពលរដ្ឋ​យក​សំរាម​គរ​ទុក​រាយ​ប៉ាយ​ពេញ​ភូមិ​ ក្បែរ​ផ្ទះ​។

បញ្ហា​នេះ ​​ពួក​គាត់​បារម្ភ​ថា  ​ធ្វើឱ្យ​ប៉ះពាល់​ដល់​សម្រស់​បរិស្ថាន​​ទន្លេសាប និង​ស្ទឹង​សង្កែ ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​។ ក្រុម​​​យុវជន​ទាំង​នោះ​ ​អះអាង​ថា គោល​បំណង​របស់​ពួកគាត់ ​ចង់​ឱ្យ​ពលរដ្ឋ​រស់​នៅ​តាម​បណ្ដោយ​ដង​ស្ទឹង​សង្កែ និង​​​តំបន់​បឹង​​ទន្លេសាប​​មាន​ឥរិយាបថ​ល្អ ទុក​ដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​ ហើយ​អាជ្ញាធរ​គួរ​រៀបចំ​កន្លែង​ដាក់​សំរាម ដោយ​​​មាន​រថយន្ត​ទៅ​យក​សំរាម​ជា​ប្រចាំ។

យុវជន​ម្នាក់​ទៀត​ដែល​ចុះ​ទស្សនកិច្ច​សិក្សា លោក ប៉ុក បុល សង្កេត​ឃើញ​ថា ដង​ស្ទឹង​សង្កែ​ និង​តំបន់​បឹង​ទន្លេ​សាប បាន​​ក្លាយ​​ជា​​ទីតាំង​​ចោល​​សំរាម និង​​ថង់​ប្លាស្ទិក​​ជា​ច្រើន​​​ឆ្នាំ​មក​​ហើយ ដែល​​អាជ្ញាធរ​​ហាក់​​មើល​រំលង​មិន​ដោះស្រាយ​​បញ្ហា​​នេះ​​ឱ្យ​​ជ្រះ​​ស្រឡះ ​បង្ក​ឱ្យ​ប៉ះពាល់​បរិស្ថាន នៅ​តំបន់​បឹង​ទន្លេសាប។

លោក​ថា អាជ្ញាធរ​គួរតែ​ធ្វើ​យុទ្ធនាការ​នាំ​ពលរដ្ឋ​ និង​សិស្ស ដើរ​​សម្អាត​បរិស្ថាន​​ក្នុង​មួយ​ខែ​ម្តង ដើម្បី​​​អប់រំ​​ផ្សព្វ​ផ្សាយ​​​បរិស្ថាន​​ទន្លេ​សាប។

លោក ប៉ុក បុល និយាយថា៖«ឬ​ក៏​ប្រមូល​ពលរដ្ឋ​រើស​មួយ​ថ្ងៃ មួយ​អាទិត្យ​យើង​អាច​រើស​មួយ​ថ្ងៃ ប្រមូល​មួយ​សារ​យក​​ទូក​​ឡើង​មក​លើ។ ហ្នឹង​ជា​ដំណោះស្រាយ​យើង​គួរ​ធ្វើ​ បើ​យើង​នៅ​តែ​បន្ត​បែប​ហ្នឹង​ទៀត​វា​នៅ​កើត​ឡើង។ បើ​គាត់​​ធ្វើ​វា​អត់​ពិបាក​ទេ គ្រាន់​បិទ​ភ្នែក​ធ្វើ​ក៏​ចេញ​ដែរ រឿង​សំរាម​មួយ​ គាត់​មិន​ធ្វើ»

វីអូឌី ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខេត្ត​បាត់​ដំបង លោក សុខ លូ បាន​នៅ​ឡើយ​​ទេ គិត​​ត្រឹម​​ម៉ោង​​ផ្សាយ​​នេះ។ រីឯ​រដ្ឋ​មន្ត្រី​​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត ក៏​​​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ។

បញ្ហា​សំរាម​នៅ​តំបន់​បឹង​ទន្លេសាប​ពុំមែន​កើត​មាន​តែ ខេត្ត​បាត់ដំបង​ប៉ុណ្ណោះ​ទេ ខេត្ត​ចំនួន ៤ទៀត​ ក៏​ក្រុម​​យុវជន​​រក​​ឃើញ​​ថា​ ពលរដ្ឋ​នៅតែ​ចោល​សំរាម​ចូល​ទន្លេ​រួមមាន ខេត្ត​កំពង់​ឆ្នាំង ខេត្ត​កំពង់ធំ​ សៀមរាប និង​ខេត្ត​​ពោធិ៍​សាត់ ។

ជំទប់ទី២ ឃុំ​កំពង់​ភ្លុក ខេត្ត​សៀម​រាប លោក ឈន គុជស៊ាក់ ប្រាប់​ថា ឃុំ​របស់​លោក​ អាជ្ញាធរ​មូលដ្ឋាន​បាន​យក​ចិត្ត​​ទុក​ដាក់​បញ្ហា​សំរាម​ជា​អាទិភាព​ ​ដោយ​អប់រំ​ពលរដ្ឋ​ទុក​ដាក់​សំរាម​ និង​រឹត​បន្តឹង​ឱ្យ​ពលរដ្ឋ​មាន​ទំនួល​ខុស​ត្រូវ​តាម​​គ្រួសារ​​​នីមួយៗ​មិន​ឱ្យ​បោះ​ចូល​ទន្លេ​ឡើយ។

លោក​ថា ថវិកា​មូល​និធិ​ឃុំ​មួយ​ចំនួន អាជ្ញាធរ​យក​ប្រើប្រាស់​ក្នុង​សកម្មភាព​ប្រមូល​ទុក​ដាក់​សំរាម​ ហើយ​ឃុំ​កំពង់ភ្លុក​​​ឈាន​ក៏​មាន​រថយន្ត​ដឹក​សំរាម​​ជា​ប្រចាំ​ដែរ។

លោក ឈន គុជស៊ាក់ និយាយថា៖ «សូម​បងប្អូន​ស្វែង​យល់​ សូម​កុំ​បោះ​សំរាម​ផ្លាស់​ស្ទីក​ចូល​ក្នុង​បឹង​ទន្លេសាប​ថែម​​ទៀត។ សូម​កុំ​ចោល​សំរាម​តាម​ផ្លូវ​សាធារណៈ ​និង​សូម​កុំ​ដុត​សំរាម​ផ្លាស់​ស្ទីក​ទៀត។ សូម​បងប្អូន​នៅ​បណ្ដោយ​​​​ទន្លេ​សាប​​កុំ​ចោល​សំរាម ព្រោះ​ទឹក​វា​ហូរ​ចាក់​ចូល​បឹង​ទន្លេ​សាប»។

ជុំវិញ​រឿង​នេះ ​នាយក​ប្រតិបត្តិ​អង្គការ​បណ្តាញ​ការពារ​ទន្លេ​បី លោក លាង ប៊ុនលាភ ពន្យល់​ថា​ កាក​សំណល់​សំរាម និង​​ថង់​ប្លាស្ទិក​ ដែល​បោះ​ចូល​ក្នុង​បឹង​ទន្លេសាប​នឹង​ជះឥទ្ធិពល​មិន​ល្អ​ដល់​បឹង​ទន្លេ​មេគង្គ បង្ក​ឱ្យប៉ះពាល់​បរិស្ថាន​​ឆ្លង​ដែន ត្រី ជីវចម្រុះ និង​សុខភាព​សាធារណៈ។

លោក​ថា​ អាជ្ញាធរ​​គួរ​អប់រំ​ពលរដ្ឋ និង​អនុវត្តច្បាប់​គ្រប់គ្រង​ទន្លេ ដើម្បី​កាត់​បន្ថយ​ការ​បំផ្លាញ​បឹង​ទន្លេ​សាប​ និង​ស្ទឹង​សង្កែ។

លោក លាង ប៊ុនលាភ ថ្លែង​ថា៖«ស្ទឹង​សង្កែ​ជាដើម​ ត្រូវ​បាន​ខូចខាត​ព្រោះ​ការ​បង្ហូរ​សំណល់​​ចូល​ទៅ។ អនាគត​ថ្វី​ត្បិត​​​ទន្លេ​​សាប​​វា​ធំ ការ​បង្ហូរ​សំណល់​​ចូល​ ហូរ​ចូល​ខោ​ទឹក​នោម​ផ្លាស់​ស្ទីក​ចូល​ច្រើន វា​បណ្ដាល​គុណ​ភាព​ទឹក ខូច​ទេស​​ភាព​​​បឹង ជីវ​ចម្រុះ និង​​ប៉ះ​ពាល់​​សុខ​ភាព​​មនុស្ស។ អាជ្ញាធរ​​ជំនាញ​​អប់រំ​​ពលរដ្ឋ​អនុវត្ត​​ច្បាប់​​គ្រប់​គ្រង​​អាង​​ទន្លេ»។

បឹង​ទន្លេសាប​ ​ជា​បឹង​ដ៏​ធំ​ជាង​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​មាន​បណ្ដោយ​​ប្រមាណ ១១៦គីឡូម៉ែត្រ ទទឹង​ប្រមាណ ៣គីឡូម៉ែត្រ​ ទៅ ៣៣គីឡូម៉ែត្រ និង​​មាន​ឆ្នេរ​​ជាង ៤រយ (៤៨២)​​គីឡូម៉ែត្រ នៅ​រដូវ​ប្រាំង។ បឹង​នេះ​ជា​បេះ​ដូង​​នៃ​​កម្ពុជា ដែល​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​​ផ្នែក​សង្គម សេដ្ឋកិច្ច​ វប្បធម៌ និង​បរិស្ថាន​បម្រើ​វិស័យ​ទេសចរ  ទ្រទ្រង់​ជីវភាព​​ពលរដ្ឋ​ប្រើប្រាស់​ទឹក និង​នេសាទ។

ក្នុង​មួយ​ឆ្នាំៗ បឹង​នេះ​បាន​ស្រូប​យក​ទឹក​ជំនន់​ពី​ទន្លេ​មេគង្គ​ប្រមាណ ២០% ដែល​មាន​ព្រៃ​លិច​ទឹក​រាប់​ម៉ឺន​​ហិកតា​ព័ទ្ធ​​​ជុំ​វិញ ​គឺ​ជា​របង​ការពារ​បឹង​នេះ មិន​ឱ្យ​រីង​រាក់ និង​ជា​ជម្រក​ត្រី​ពងកូន។

អនុក្រឹត្យ​លេខ​២៧ ស្តី​ពី​ការ​ត្រួត​ពិនិត្យ​ការ​បំពុល​ទឹក​ឆ្នាំ​​១៩៩៩ មាត្រា ២៩ ចែង​ថា ក្នុង​ករណី​ឃើញ​ថា តំបន់​ទឹក​សាធារណៈ​​​ទទួល​​រង​​ការ​​បំពុល បង្ក​ឱ្យ​មាន​ការ​គំរាម​កំហែង ដល់​ជីវិត​មនុស្ស និង​ជីវចម្រុះ​ក្រសួង​បរិស្ថាន​គួរ​ធ្វើការ​ផ្សព្វ​ផ្សាយ​​ជា​សាធារណៈ​ជា​បន្ទាន់ ​និង​ទប់ស្កាត់​ការ​បំពុល​ទឹក ហើយ​​ស្តារ​គុណភាព​​ទឹក​តំបន់​​សាធារណៈ​​នោះ​​ឡើង​​​​វិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ