អតិថិជនម្នាក់ក្នុងចំណោមអតិថិជនជាង ១៣០០នាក់ របស់ក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់លោក ហ៊ុន តូ អះអាងថា ពួកគេនឹងចេញតវ៉ាសារជាថ្មីទៀតឆាប់ៗនេះ បើគ្មានដំណោះស្រាយ លើយន្តការផ្ទេរប្រាក់ត្រឡប់ឱ្យពួកគេវិញគ្រប់ចំនួនវិញ ខណៈពេលនេះពួកគេកំពុងរងសម្ពាធឱ្យទទួលយកប្រាក់វិញត្រឹម ២៥ ទៅ ៤០ភាគរយនៃប្រាក់សរុប។
អតិថិជនដែលមិនបញ្ចេញឈ្មោះ បានប្រាប់វីអូឌីនៅថ្ងៃទី២០ ខែឧសភាថា មានមនុស្សមួយចំនួនត្រូវបានខាងក្រុមហ៊ុនទទួលបន្ទុកជម្រះបញ្ជីហៅទូរស័ព្ទ ឱ្យទៅជួបពួកគេ ដើម្បីធ្វើឯកសារផ្ដិតមេដៃព្រមទទួលប្រាក់សំណង ប្រមាណ ២៥-៤០ភាគរយនៃទឹកប្រាក់សរុបដែលខ្លួនមាន។ ប៉ុន្តែ ស្ត្រីរូបនេះអះអាងថា ពួកគេភាគច្រើនពុំព្រមទទួលយកដំណោះស្រាយបែបនេះទេ បើទោះបីជា ពួកគេរក្សាភាពស្ងៀមស្ងាត់ មិនចេញតវ៉ា និងប្ដឹងទៅតុលាការក្ដី។
យ៉ាងណា គាត់គិតថា យន្តការនេះ អាចគ្រាន់តែជាការសាកល្បងរបស់ក្រុមហ៊ុនជម្រះបញ្ជី ជាមួយនឹងអតិថិជនមួយចំនួនតែប៉ុណ្ណោះ ដោយសារមិនទាន់មានលិខិតផ្លូវការណាមួយចេញពីក្រុមហ៊ុនជម្រះបញ្ជីនៅឡើយ។
អតិថិជនរូបនោះនិយាយថា៖ «បើខែ ៦អត់ទាន់បានលុយទៀត ទើបគិតថា ត្រូវធ្វើអីទៀត! តែពួគខ្ញុំបានដាក់ឯកសារទៅស្ថានទូតជួយអន្តរាមន៍ដែរ ហើយបើដាក់បណ្ដឹងទៅតុលាការ គឺអត់មានអ្នកដាក់ទេ ។ អ៊ីចឹងបើដាក់តែឯង ក៏គ្មានន័យដែរ»។
ជុំវិញការអះអាងនេះ បុគ្គលិកម្នាក់របស់ក្រុមហ៊ុនជម្រះបញ្ជី រីចឆ៍ & ផាតនើរ – (REACHS & Partners) ប្រាប់វីអូឌីនៅថ្ងៃទី២០ ខែឧសភាថា ក្រុមហ៊ុនមិនទាន់មានគោលការណ៍សងសំណង ដោយកំណត់ចំនួនបែបណានៅឡើយទេ ដោយសារក្រុមហ៊ុនកំពុងស្នើឱ្យអតិថិជនទាំងអស់ ដាក់ឯកសារមកពួកគេនៅត្រឹមដំណាច់ខែឧសភានេះ។
បុគ្គលិករូបនោះ និយាយថា៖ «តាមខ្ញុំដឹងដំណឹងមក គឺក្រុមហ៊ុន ហួយវ័ន បានបញ្ចប់ហើយៗពួកខ្ញុំមិនបានចេញដំណឹងថ្មីទេ ព្រោះការផ្ដល់ដំណឹងទាំងអស់ គឺយើងធ្វើតាមហ្វេសប៊ុក»។
យ៉ាងណា ប្រភពដដែលឱ្យវីអូឌីដឹងបន្ថែមនៅថ្ងៃទី២១ខែឧសភានេះថា ក្រុមហ៊ុនតេមកប្រាប់អតិថិជននោះ បានអះអាងថាគេបានដកខ្លួនចេញពីក្រុមហ៊ុនជម្រះបញ្ជី រីចឆ៍ & ផាតនើរ – (REACHS & Partners) ដោយបញ្ជាក់ក្រុមហ៊ុនជាក្រុមហ៊ុនទិញបំណុល ដែលមានទីតាំងនៅទួលគោក ទល់មុខកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅជាន់ទី១៣ ដែលសន្យាថា ក្រោយពិនិត្យឯកសារគេនឹងទូទាត់ឱ្យ ៣០ភាគរយ ប៉ុន្តែរូបគាត់ទារ ៧០ភាគរយ ដោយក្រុមហ៊ុនសំអាងថាពួកគេទិញសិទ្ធិ ដើម្បីករណីនេះទៅប្រទេសចិន។
គាត់ថា៖ «លុយដែលគេទិញពីយើងហ្នឹងមិនបាញ់ទេ ព្រោះឥឡូវយើងបាញ់អត់បានទេ ប៉ុន្តែគេទិញសិទ្ធិពីយើង បានន័យថាយើងផ្ទេរសិទ្ធិឱ្យគេ។ អីចឹងហួយវ័នយើងដកខ្លួនដោយយក ៣០ភាគរយហ្នឹងដើរចេញ អីចឹងក្រុមគេអ្នកចាត់ចែង។ ខ្ញុំសួរថាចាត់ចែងយ៉ាងម៉េច? គេថា គេយកសិទ្ធិពីយើងហើយគេប្តឹងទៅខាងចិន ប្តឹងទៅប្រទេសចិន ព្រោះដោយសារថៅកែគេមិនចាប់បញ្ជូនទៅចិនពីរនាក់ ត្រូវអត់? ថែកែហួយវ័នហ្នឹង គេថាគេប្តឹង អាហ្នឹងយកអាលុយសំណងហ្នឹងវិញដែលគេចំណេញ៧០ភាគរយអីចឹងទៅ។ អាហ្នឹងអ្វីដែលគាត់និយាយ បងឯងគិតថាអាចបោកទេ?។ ប៉ុន្តែខ្ញុំឃើញក្រុមហ៊ុនហ្នឹងគាត់មានឡាយសិនពីក្រសួងពាណិជ្ជកម្មមែន»។
កាលពីថ្ងៃទី២៧ ខែមេសា អតិថិជនក្រុមហ៊ុន ហួយវ័ន ចំនួន ២នាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ ហើយត្រូវឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ រហូតបច្ចុប្បន្ន ក្រោយពីពួកគេបានចូលរួមតវ៉ាជាមួយអតិថិជនជម្រុះជាតិសាសន៍ មានទាំងជនជាតិខ្មែរ ចិន និងវៀតណាម ជាង១០០នាក់ នៅមុខធនាគារជាតិ។
ក្រៅពីចាប់ខ្លួនអ្នករងគ្រោះ២នាក់ អាជ្ញាធរក៏បានប្រើហិង្សាបង្ក្រាបក្រុមអ្នកតវ៉ា រហូតអ្នកខ្លះរបួសបែកក្បាលហូរឈាម និងខ្លះសន្លប់ ប៉ុន្តែម្ចាស់ក្រុមហ៊ុនមាន លោក ហ៊ុន តូ ជាដើម មិនត្រូវបានប្រព័ន្ធច្បាប់់ចាតិវិធានការទេ តែធនាគារជាតិដែលគេថា ជាស្ថាប័នត្រូវចេញមុខដោះស្រាយរឿងនេះ បែរជាជំរុញឱ្យអតិថិជនរងគ្រោះ ប្តឹងទៅតុលាការដោយខ្លួនឯង ខណៈគេដឹងថាតុលាការនៅកម្ពុជា ស្ថិតក្រោមបញ្ជារបស់មេដឹកនាំបក្សកាន់អំណាច។
ក្រោយហេតុការណ៍នោះ ពួកគេបានត្រឹមផុសទាមទារយុត្តិធម៌ និងលុយកាក់របស់ខ្លួនតាមបណ្ដាញសង្គម។ ភាគច្រើននៃពួកគេបានផុសអមនឹងគណនីក្រុមហ៊ុនហួយវ័ន ដែលទឹកប្រាក់ត្រូវបានបង្កក បង្ហាញនៅត្រឹម ០ដុល្លារ ហើយពួកគេនៅស្ទាក់ស្ទើរប្ដឹងទៅតុលាការ ទោះមានការជំរុញពីធនាគារជាតិក៏ដោយ។
កន្លងមក អតិថិជនមួយចំនួននៃក្រុមហ៊ុននេះ ធ្លាប់អះអាងថា ទោះពួកគេប្ដឹងទៅតុលាការក៏ពុំមានសង្ឃឹមថា តុលាការចាត់វិធានការជូនពួកគេឡើយ ខណៈសហប្រធានក្រុមហ៊ុននេះ គឺលោក ហ៊ុន តូ ជាបងជីដូនមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងជាក្មួយលោក ហ៊ុន សែន។
ករណីប្រហាក់ប្រហែលគ្នា ដូចជា ក្រុមហ៊ុន លោក ឡេង ណាវ៉ាត្រា ក្រុមហ៊ុន អ្នកស្រី ឡេង ចាន់ណា ក្រុមហ៊ុន ជា សារ៉ន និងក្រុមហ៊ុន លោក ហ៊ី គឹមហុង ជាដើម នៅមិនទាន់មានដំណោះស្រាយ ជូនពលរដ្ឋរងគ្រោះនៅឡើយ ទោះពួកគេចេញតវ៉ាជាច្រើនលើកច្រើនសារ ហើយអ្នកទទួលខុសត្រូវខ្លះត្រូវបានចាប់ខ្លួនក៏ដោយ។
ករណីនេះត្រូវបានគេមើលឃើញថា ឈ្មួញមានលុយទាំងនោះ ជាអ្នកស្មោះត្រង់នឹងក្រុមគ្រួសារលោក ហ៊ុន សែន ដែលជាហេតុធ្វើឱ្យពួកគេអាចរួចខ្លួន ចំណែកពលរដ្ឋត្រូវរងគ្រោះ ត្រូវជួបវិបត្តិបំណុលវ័ណ្ឌក និងពិបាកចិត្តរហូតស្លាប់ផងក៏មាន។
ជុំវិញករណីនេះដែរ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណបក្សឆន្ទៈខ្មែរ លោក សុន ឆ័យ នៅតែយល់ថា បញ្ហាក្រុមហ៊ុនហួយវ័ន ផេ នេះ គឺជាការទទួលខុសត្រូវរបស់ធនាគារជាតិ ១០០ភាគរយ ហើយស្ថាប័ននេះត្រូវធានាថា ក្រុមហ៊ុនទូទាត់សំណងត្រូវសងប្រាក់ទៅអតិថិជនវិញទាំងស្រុង ក្នុងនាមអាជ្ញាកណ្ដាល។ យ៉ាងណា លោកជំរុញឱ្យអតិថិជនត្រូវជឿលើលិខិតផ្លូវការ ជាងការប្រាប់ផ្ទាល់មាត់។
លោក សុន ឆ័យ ថ្លែងថា៖ «យើងមិនទាន់បានឃើញជាផ្លូវការនៅឡើយទេ ថាតើក្រុមហ៊ុននេះ ធ្វើជាលាយលក្ខណ៍អក្សរ ឬធ្វើជាឯកជន មិនផ្លូវការ។ បើមិនផ្លូវការទេ អតិថិជនមិនអាចជឿទុកចិត្តបានទេបាទ»។
ចំណែកអ្នកតាមដានស្ថានការណ៍នយោបាយ និងមន្ត្រីបក្សប្រឆាំងនៅក្រៅប្រទេស បានព្រមានថា អតិថិជនហួយវ័ន ទាំង ១៣០០នាក់ នឹងបាត់បង់ប្រាក់របស់ខ្លួនជារៀងរហូត បើគ្មានការស៊ើបអង្កេត ពីស្ថាប័នឃ្លាំមើលហិរញ្ញវត្ថុពិភពលោក ឬនាំគ្នាចេញតវ៉ាទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាប់ខ្លួនលោក ហ៊ុន តូ មកទទួលខុសត្រូវចំពោះមុខច្បាប់ទេនោះ។
បើតាមអតិថិជន គិតមកដល់ពេលនេះ គ្មានចំណាត់ការណាមួយ លើសហប្រធានក្រុមហ៊ុននេះឡើយ។ រីឯលោក ហ៊ុន តូ ហាក់នៅធ្វើព្រងើយ និងទិញដីតម្លៃរាប់លានដុល្លារ ធ្វើកន្លែងវាយកូនហ្គោលដូចធម្មតា ដោយគ្រាន់តែចេញលិខិតបដិសេធថា មិនជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ហួយ វ័ន ដែលត្រូវអាមេរិកដាក់ទណ្ឌកម្មជុំវិញអាជីវកម្មឆបោកតាមអនឡាញ និងលាងលុយកង្វក់។
យោងតាមទិន្នន័យចុងក្រោយបង្អស់នៃសន្ទស្សន៍ការយល់ដឹងពីអំពើពុករលួយ ឆ្នាំ២០២៥ ដែលទើបតែចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ កម្ពុជាក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន ម៉ាណែត បានធ្លាក់មកដល់ចំណុចទាបបំផុតមិនធ្លាប់មាន ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ដោយទទួលបានពិន្ទុត្រឹមតែ ២០ លើ ១០០ ប៉ុណ្ណោះ។
តួលេខនេះ មិនមែនគ្រាន់តែជាលេខសម្រាប់វាស់វែងប្រព័ន្ធនីតិរដ្ឋធម្មតានោះទេ ប៉ុន្តែវាជាសញ្ញាអាសន្នដែលបង្ហាញថា បញ្ហាអំពើពុករលួយនៅកម្ពុជាលែងជាបញ្ហាបុគ្គលទៀតហើយ ប៉ុន្តែវាបានក្លាយជាជំងឺជាប្រព័ន្ធដែលចាក់ឫសយ៉ាងជ្រៅ តាមរយៈបណ្តាញបក្ខពួកនិយម។
ក្នុងទិដ្ឋភាពនីតិរដ្ឋ របាយការណ៍សន្ទស្សន៍នីតិរដ្ឋឆ្នាំ២០២៥ របស់គម្រោងយុត្តិធម៌ពិភពលោក បានបង្ហាញភស្តុតាងដែលថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ត្រូវបានបាត់បង់ឯករាជ្យភាពទាំងស្រុង ហើយត្រូវបានជំនួសមកវិញ ដោយការប្រើប្រាស់ច្បាប់ ដើម្បីការពារផលប្រយោជន៍បក្ខពួក និងបង្ក្រាបសំឡេងរិះគន់។
ស្ថានភាពនេះ បង្កើតនូវបរិយាកាសអវិជ្ជមាន សម្រាប់វិស័យសេដ្ឋកិច្ច ព្រោះអ្នកវិនិយោគ ដែលមានគុណភាពតែងតែផ្តល់អាទិភាព លើប្រទេសដែលមានប្រព័ន្ធច្បាប់ច្បាស់លាស់៕









