ពលរដ្ឋ​នៅសង្កាត់​បង្ល័ង្គ​ ខេត្ត​សៀមរាប​ស្នើ​អាជ្ញាធរ​ដោះ​ស្រាយ​​វិវាទ​ដី​សហគមន៍

ប្រជាពលរដ្ឋ​​​​រាប់​សិប​គ្រួសារ​​​នៅ​ភូមិ​ចំនួន​៨ ក្នុង​​សង្កាត់​បល្ល័ង្គ ក្រុង​​រុន​តាឯក ខេត្ត​សៀម​រាប​​ស្នើ​អាជ្ញាធរ​​រ​ក​ដំណោះ​ស្រាយ​​បញ្ហា​​​ដី​សហគមន៍​រួម ដែល​​ត្រូ​វ​​បាន​អាជ្ញាធរ​មូល​ដ្ឋាន​​គប់​គិត​​​​​ធ្វើ​ប្លង់​​ឱ្យ​​បុគ្គល​​ឯកជន​កាន់​​កាប់​ ហើយ​​​បុគ្គល​ទាំង​នោះ​​​បាន​​​​​បិទ​ផ្លូវ​​​​ធ្វើ​ដំណើរ​ឆ្លង​​កាត់​​ និ​ង​​ហាម​​ប្រជា​​​ពលរដ្ឋ​​​លែង​​​ឱ្យ​​ចូល​​អាស្រ័យ​​ផល​​​នៅលើ​ដី​នោះដូ​ច​មុន។

ប្រជាពលរដ្ឋ​​រស់​នៅ​ភូមិ​​ព្រំកុ​ដ្ឋ​ សង្កាត់​​បល្ល័ង្គ លោក អុល សំអន អាយុ ៥៥​ឆ្នាំ​ បានអះអាង​​ប្រាប់វីអូឌី​នៅ​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០២៦នេះថា កាលដើមឡើយ​ប្រជាពលរដ្ឋ​រស់នៅភូមិ​ចំនួន ៨ ក្នុ​ង​​ឃុំ​បល្ល័ង្គ ប៉ុន្តែឥលូវ​នេះបាន​ដូរ​មក​​ជា​​សង្កាត់​​បល្ល័ង្គ បានបរិច្ចាគ​​ផ្តល់ដី និ​ងទិញដីពី​ពលរដ្ឋ​​​ក្នុង​​​ភូមិ​សរុប​​ជាង ៣ហិកតា ដើម្បី​​រៀបចំ​ជាសហគមន៍​ ក្រោម​​ការ​គ្រប់គ្រង​របស់​ព្រះសង្ឃ​​ព្រះនាម ម៉ែន សាម៉េត ដោយមាន​ការអភិវឌ្ឍ​​បង្កើត​ជាសាលា​រៀនមាន​​ ៥បន្ទប់ មានរបង និងដីសម្រាប់ប្រជាសហគមណ៍​ដាំដុះបន្លែបង្ការ​តាមក្រុម​។

លោក​បន្តថា លុះក្រោយ​មក​ មានការ​ដូរ​ប្រធានសហគមន៍ជាបន្តបន្ទាប់ ហើយ​ស្របពេល​​ការ​ដាំ​បន្លែ​ជាក្រុម​របស់ប្រជា​​សហគមន៍ មិន​មានទី​ផ្សារ ក៏បានទុក​ដីនោះចោល ហើយ​នៅអំឡុង​ចុង​ឆ្នាំ​២០២២ ក៏ស្រាប់​តែ​​ព្រះតេជគុណ​​ ម៉ែន សាម៉េត និង​​​​បុគ្គលឯកជន​ចំនួន ២គ្រួសារ មក​​កាន់កាប់ និង​បាន​គប់គិត​​ជាមួយ​អាជ្ញាធរ​ភូមិ និងអតីត​មេឃុំ​ចាស់ ធ្វើ​ប្លង់កម្មសិទ្ធិ ព្រមទាំង​បាន​​ដាក់លួសធ្វើរបង​បិទផ្លូវ មិនឱ្យ​ពលរដ្ឋ​ធ្វើដំណើរ​ឆ្លង​កាត់​ និង​ចូល​ទៅ​អាស្រ័យ​ផលឡើយ។

ការណ៍​នេះ លោកស្នើដល់អាជ្ញាធរដោះស្រាយ​ប្រគល់ដីនោះ មកឱ្យប្រជា​សហគមន៍កាន់កាប់និង​​អាស្រ័យ​​ផល​ដូចដើម​វិញ។

​លោក អុល សំអន បានលើកឡើងថា៖ «សម្រាប់​អ្នកតវ៉ា[ប្រជាពលរដ្ឋដែលតវ៉ា​]​ហ្នឹង​ គាត់​ចង់ឱ្យ​បើកផ្លូវ​នេះ​ឡើងវិញ ហើយ​សុំ​ឱ្យម្ចាស់​អាអ្នកដែលនៅ ដែល​ទៅឱ្យនៅ​ហ្នឹង សុំ​ឱ្យ​ចេញៗ ទុក​​​ដី​នោះសម្រាប់ធ្វើជា​ផល​ប្រយោជន៍​សហគមន៍​​​​តទៅ​ទៀត ព្រោះ​ដីហ្នឹងប្រជាពលរដ្ឋ​សហគមន៍​​ទាំង​ ៨ភូមិហ្នឹង​​​ គាត់មក​គាស់​កកាយដី ដីដុះ​ព្រៃ​ ​គាស់​កកាយ​​ដាំឥវ៉ាន់[ដំណាំ]ឡើង​ស្រឡះ ដល់​សម្រាកប៉ុន្មាន​ឆ្នាំ​នេះ​ ព្រៃវាដុះមកវិញ។ ប្រជាពលរដ្ឋ​​ចង់​ទាមទារ​យក​មក​វិញ​ទាំង​​អស់ ដើម្បី​យកមកបម្រើ​ផលប្រយោជន៍សហគមន៍»។

តំណាង​សហគមន៍​មួយរូបទៀតនៅ​សង្កាត់​បល្ល័ង​ លោក មឿន មៀន អាយុ​ ៥៦ឆ្នាំ បានអះ​អាង​​​ថា ក្នុង​ចំណោម​ដី​សហគមន៍​ជាង ៣ហិកតានេះ លោកបាន​បរិច្ចាគដី​ចំនួនជាង ១ហិកតា សម្រាប់​បម្រើ​ផល​ប្រយោជន៍​ផ្សេង​ៗក្នុង​សហគមន៍ ប៉ុន្តែ​បែរ​ជា​ព្រះសង្ឃព្រះនាម ម៉ែន សាម៉េត និងបុគ្គលឯកជន​ពីរបីនាក់ បែរជា​ថាដីនោះជារបស់ខ្លួន និង​​បាន​ចាក់សោររបងបិទផ្លូវ​ដែល​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ធ្លាប់ធ្វើ​ដំណើរ​ឆ្លងកាត់ និង​មិនឱ្យសហគមន៍ចូល​ដាំដំណាំ ឬ​ប្រើប្រាស់​ជាប្រយោជន៍ទៅវិញ។

លោកថា៖ «ខ្ញុំបរិច្ចាក​ឱ្យ​ទៅ ស្មាន​ថា​ធ្វើដី​សហគមន៍ៗ ដើម្បីផល​ប្រយោជន៍​ឃុំ​យើងណា​ ដល់គាត់ធ្វើៗទៅ គាត់ដាច់អាណត្តិៗ យកដីនេះ​ធ្វើបុគ្គល​ អ្នកនៅ​តាមភូមិនេះ គេ​អត់សុខ​ចិត្តៗ​គេតវ៉ា[…] សុំអំពាវ​នាវ​​​ឱ្យ​ខាង​​អាជ្ញាធរ​ជួយ​​ដោះ​​ស្រាយ​​រឿង​​ដី​នេះ បើយក​ធ្វើ​បុគ្គល​ បិទផ្លូវ​អ្នកស្រុក​ដើរអស់រលីងចឹង មិន​ឱ្យផ្លូវ​អ្នកស្រុក​ដើរ​ទេ អ្នកស្រុកប្រុង​ថា​រួម​គ្នារួមដៃ​គ្នា​វៃ​កម្ទេច​សោរ​ចោល​យក​ផ្លូវ​ដើរ​នេះឯង»។

វីអូឌី មិនអាចស្វែងរកសុំកា​រឆ្លើយតបជុំវិញករណីនេះ ពីព្រះតេជគុណ ម៉ែន សាម៉េត ដែល​រងការ​ចោទ​ថា​រំលោភ​យក​​ដី​សហគមន៍​នោះ និង​ចៅសង្កាត់​បល្ល័ង្គ អ្នកស្រី ឡែម ណាត បានទេ គិត​មក​ដល់​ម៉ោង​ផ្សាយនេះ។

អនុប្រធាន​ផ្នែកសិទ្ធិមនុស្សនិង​ដីធ្លីនៃសមាគម​អាហដុក លោក យិន ម៉េងលី មានប្រសាសន៍ថា បើដីនោះ​ជា​ដីរបស់​​​សហគមន៍​ គឺត្រូវ​ទុក​សម្រាប់​បម្រើ​ផល​ប្រយោជន៍​សាធារណៈ មិន​អាច​មានបុគ្គលណា​មួយ​យកដីនោះ​ធ្វើ​ប្លង់ ឬឯកសារ​​ជា​កម្មសិទ្ធិ​បាន​ទេ ដែលការណ៍នេះ មន្ត្រីជំនាញ​​​ផ្នែក​សុរិយោដី និង​អាជ្ញាធរ​គួរតែធ្វើការ​ស្រាវជ្រាវ ​និងពិនិត្យ​​​ឱ្យ​បាន​ល្អិត​ល្អន់ ហើយ​ដោះស្រាយ​ដោយ​តម្លា​ភាព។

លោកបន្តថា៖ «ប្រជាពលរដ្ឋ​សហគមន៍​ហ្នឹងដែល​ពាក់ព័ន្ធ​ គាត់​អាចធ្វើ​ពាក្យបណ្តឹង​ទៅ​អភិ​បាល​​ស្រុក​ ឬ​ក៏អភិបាល​​​ខេត្ត​ដែល​ជាប្រធាន​គណៈកម្មការ​គ្រប់គ្រ​ងប្រើ​ប្រាស់​ដីធ្លី​របស់​រដ្ឋ​​ ដើម្បី​ឱ្យ​​មាន​វិធានការ​ចំពោះ​បញ្ហា​ហ្នឹង​​ ហើយ​ត្រូវ​ចាត់​វិធានការ​ថែមទៀត​ចំពោះ​បុគ្គល​ណា​ ដែល​លប​​​លួច​​ទ្រព្យសម្បត្តិ​សាធារណៈ​នេះ ពីព្រោះនេះ​ជា​បទល្មើស​​ដែល​មាន​ចែង​នៅ​ក្នុងច្បាប់​ ត្រូវ​​តែ​ផ្តន្ទា​ទោស​​ ដើម្បីជាគំរូ​​ កុំ​ឱ្យ​មាន​ការ​គប់គិត​គ្នាជាមួយនឹង​ថ្នាក់ក្រោម​ ដើម្បី​លក់ទ្រព្យសម្បត្តិ​សាធារណៈនេះ​​»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ