ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ ជំរុញឱ្យអាជ្ញាធរទប់ស្កាត់ក្រុមក្មេងទំនើងឱ្យមានប្រសិទ្ធភាព ដើម្បីធានាសុវត្ថិភាពសហគមន៍និងអ្នកធ្វើដំណើរ ដោយសំអាងថា បច្ចុប្បន្នក្រុមក្មេងទាំងនោះ បង្កហិង្សាជាញឹកញាប់ ពិសេសនៅតំបន់ភូមិថ្មី និងភ្នំខៀវ ទាំងគ្មានការទប់ស្កាត់ឱ្យបានទាន់ពេលពីមន្ត្រីជំនាញ។
លោក ជួប សីហា ជាអាណាព្យាបាល មានកូនស្រីបីនាក់ក្នុងបន្ទុក រស់នៅក្រុងព្រះសីហនុ បានជំរុញឲ្យ អាជ្ញាធរខេត្ត ជួយចាត់កម្លាំងចម្រុះចុះបង្ក្រាបក្រុមក្មេងទំនើង នៅតំបន់ភូមិថ្មី តំបន់ក្រោយពេទ្យចំការចេក និងតំបន់ភ្នំខៀវ ដែលក្រុមក្មេងទំនើងតែងបង្កការហិង្សា និងអុកឡុកជាបន្តបន្ទាប់ ឲ្យមានប្រសិទ្ធភាព ស្របតាមការណែនាំ របស់លោកនាយករដ្ឋមន្ត្រីបានដាក់ចេញ។
លោកថា បើអាជ្ញាធរមិនមានវិធានបង្ក្រាបក្រុមបងតូចបងធំ នៅតំបន់ទាំងបីខាងលើនេះឲ្យអស់ទេ គឺអំពើហិង្សា បទល្មើសគ្រឿងញៀន ជាដើមនៅតែបន្តកើតមាន។ ហើយថា បញ្ហានេះ កំពុងបង្កការគំរាមកំហែង ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងតំបន់ទាំងនេះធ្ងន់ធ្ងរ។
លោកថា៖ «នៅកន្លែងភ្នំខៀវ ប្រហែលជាម៉ោង ៨ ឬ៩យប់ហ្នឹង ពេលយើងទៅហូបមីនៅទីនោះ។ ហើយជាធម្មតា នៅពេលយើងឃើញមានអីប្លែក ក៏យកទូរសព្ទថតទិដ្ឋភាពផ្សេងៗ មានរុបតុក្កតជាដើមសម្រាប់ដាក់ចូលទៅក្នុងគ្រុបឲ្យបងប្អូនយើងមើល។ ដល់ពេលយើងថតហើយ ក៏ឃើញមានជនជាតិវៀតណាម ដូចជាជើងកាង ឬអ្នកការពារតំបន់ហ្នឹងពីរបីនាក់ មកឆែកទូរសព្ទយើង ហើយគម្រាមឲ្យលុបរូបចេញ បើមិនព្រមលុបទេ នឹងបោកទូរសព្ទចោលជាដើម។ ខ្ញុំមិនដឹងថា អ្នកមកហាមឃាត់ហ្នឹងធ្វើការងារជាស៊ីវិល ឬក៏ធ្វើការងាររដ្ឋអីទេ មកឲ្យយើងលុបដែរ។ យើងភ័យខ្លាចដែលមានជនបែបនេះរស់នៅតំបន់នោះ។ ចឹងស្នើឲ្យសមត្ថកិច្ច ឬអាជ្ញាធរ ជួយពិនិត្យមើលតំបន់ហ្នឹងឡើងវិញ។ រាល់ថ្ងៃនេះ ខ្ញុំមានកូនស្រីចំនួន៣នាក់ ហើយនៅពេលយប់កូន ក៏រៀនសូត្រ និងធ្វើដំណើរឆ្លងកាត់តំបន់នោះដែរ»។
ដូចគ្នានេះដែរ លោក ទ្រី បញ្ញា ក៏បានបង្ហាញការព្រួយបារម្ភ អំពីសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់តំបន់ ដែលមានហានិភ័យទាំងបីទីតាំងនេះ ដែលលោកចង់ឃើញមន្ត្រីជំនាញខេត្ត ចុះលុបបំបាត់ឲ្យអស់ ដ្បិតក្រុមក្មេងទំនើងនៅក្នុងតំបន់ទាំងនេះ តែងបង្កហិង្សាទៅលើអ្នកដំណើរ និងពលរដ្ឋធ្វើដំណើរឆ្លងកាត់តំបន់នេះជាបន្តបន្ទាប់។
លោកថា៖ «តំបន់ទាំងអស់ហ្នឹងពេលយប់ព្រលប់ គឺមិនសូវជាមានសុវត្ថិភាពសម្រាប់យើងធ្វើដំណើរឆ្លងកាត់ទេ។ ដូចជាភូមិថ្មី សង្កាត់១ និងតំបន់ភ្នំខៀវ សង្កាត់១ហ្នឹង សម្រាប់ខ្ញុំ បើអាចជៀសបានខ្ញុំអត់ឆ្លងកាត់តំបន់ហ្នឹងទេ។ មើលទៅដូចជាមានក្រុមក្មេងទំនើង ពួកប៉ាវបេន បើយើងទៅរញ៉េរញ៉ៃ គឺអត់បានទេ។ ហើយពាក់ព័ន្ធគ្រឿងញៀន ខ្ញុំថា តំបន់ហ្នឹងមិនប្រាកដថាអត់មានទេ ខ្ញុំគិតថាមានច្រើន ជាពិសេសយប់ព្រលប់អីហ្នឹង ខ្ញុំមិនហ៊ានទៅទេតំបន់ហ្នឹង ខ្ញុំខ្លាចណាស់។ កន្លែងហ្នឹងដូចជាមាននារីៗ អង្គុយនៅមុខផ្ទះច្រើនណាស់ មានភ្លើងពណ៌»។
ឆ្លើយតបនឹងកង្វល់ពលរដ្ឋ លោក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ បាននិយាយប្រាប់សារព័ត៌មានក្នុងស្រុក នៅថ្ងៃទី២០ខែឧសភាថា សមត្ថកិច្ចនឹងស្នើសុំគោលការណ៍ចុះធ្វើរដ្ឋបាលចំហរ និងពង្រាយកម្លាំងចុះល្បាតបន្ថែមទៀត នៅតាមតំបន់ដែលប្រជាពលរដ្ឋ មានការព្រួយបារម្ភ ក្នុងពេលឆាប់ៗនេះ។
លោកថា៖ «យើងនឹងដាក់កម្លាំងល្បាតចំហរ និងធ្វើវិធានការរដ្ឋបាលចំហរដែរ ដើម្បីបង្ការ និងទប់ស្កាត់កុំឲ្យមានបទល្មើស»។
បញ្ហាក្មេងទំនើងនេះ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានដាក់បទបញ្ជាជាច្រើន ជុំវិញយុទ្ធនាការបង្ក្រាបក្រុមក្មេងទំនើងទាំងនេះ រួមមាន ត្រូវបង្ក្រាបឱ្យបានម៉ឺងម៉ាត់ចំពោះក្រុមក្មេងទំនើង ដែលបង្កអសន្តិសុខក្នុងសង្គម។ ហើយក៏បានណែនាំឲ្យកម្លាំងនគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពផងដែរ។
ប៉ុន្តែ បញ្ហានេះនៅតែត្រូវបានពលរដ្ឋអះអាងថា មិនថយចុះទេ ហើយថែមទាំងកើនឡើងនៅតាមបណ្តាខេត្តមួយចំនួន រួមទាំងរាជធានីភ្នំពេញ។
លោកថា៖ «សិក្សាផ្លូវច្បាប់ឲ្យខ្ញុំបន្តិចក្មេងៗទំនើង។ ឥឡូវយើងចាប់ដាក់គុកអស់តែបាយ ហើយចេញមកខ្លះកែ ខ្លះមិនកែ។ ចឹងមិនបាច់រុញទៅដល់ជួរមុខទេ គឺឲ្យគិតគូរពីការប្រើប្រាស់ការអប់រំកំរិតណា ដើម្បីអាចភ្ជាប់ដល់ការបំរើដល់សមរភូមិមុខ។ មិនបាច់យកទៅឲ្យកាន់កាំភ្លើងបាញ់ទេ គឺយកទៅឲ្យត្រឹមតែចាក់ពុម្ភធ្វើលេណដ្ឋាន ជួយដល់កងវិស្វកម្មទៅ?។ ឲ្យទៅអប់រំនៅទីហ្នឹងជាជាងដាក់នៅក្នុងពន្ធនាគារអស់ធ្វើអ្វីសោះ»។
សម្រាប់ លោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ហៅកាត់ (ANSA) បានលើកឡើងថា ប្រសិនបើពលរដ្ឋផ្តល់ព័ត៌មាន ឬរាយការណ៍ពីតំបន់ណាមួយ ដែលមានអសន្តិសុខ គួរតែសមត្ថកិច្ច ឬអាជ្ញាធរចុះចាត់វិធានការជាបន្ទាន់ និងឆ្លើយតបឲ្យបានទាន់ពេល តាមរយៈបញ្ជូនកម្លាំងចុះស្រាវជ្រាវ និងឃ្លាំមើលជាប្រចាំ។
លោកថា៖ «បើប្រជាពលរដ្ឋរាយការណ៍ថា មានការបង្កការអុកឡុកបង្កអសន្តិសុខដល់ប្រជាពលរដ្ឋ។ ចឹងអាជ្ញាធរចាំបាច់អនុវត្តនូវវិធានការរបស់ខ្លួន តាមរយៈការរិតបន្តឹងការត្រួតពិនិត្យ។ ហើយក្នុងនោះ យើងអាចមើលឃើញអំពីការចាត់តំបន់នោះ ជាតំបន់អាទិភាព។ ចឹងការល្បាតជាប្រចាំ ការឆ្មក់ចាប់ ទៅលើជនបង្កហ្នឹងវាជាការអាចធ្វើទៅបាន។ ប៉ុន្តែគ្រាន់តែថា ភាពសកម្មរបស់អាជ្ញាធរនៅពេលយប់បែបនេះ តើគាត់អាចមានសមត្ថភាពគ្រប់គ្រាន់ដែរឬទេ?»។
ទោះយ៉ាងណា អ្នកឃ្លាំមើលសង្គមរូបនេះ ក៏ចង់ឃើញសមត្ថកិច្ចគ្រប់ស្ថាប័ន អំឡុងពេលចុះស្រាវជ្រាវ ឬបង្ក្រាបក្រុមក្មេងទំនើងទាំងនោះ ក៏ត្រូវឲ្យប្រាកដថា កម្លាំងទាំងនោះ មានមធ្យោបាយ ឬសម្ភារៈការពារខ្លួន ឲ្យបានគ្រប់គ្រាន់ ដើម្បីសុវត្ថិភាពខ្លួនឯងផង ព្រោះទីតាំងខ្លះ ក្រុមជនល្មើស ឬក្រុមក្មេងទំនើងទាំងនោះ តែងធ្វើសកម្មភាពនៅពេលយប់ងងឹត ដែលសមត្ថកិច្ចពិបាកក្នុងការបង្ក្រាប។
ដោយឡែក លោកបណ្ឌិត មាស នី អ្នកវិភាគសង្គម លើកឡើងថា ចំពោះការងារបង្ក្រាប់ក្រុមក្មេងទំនើង មានប្រសិទ្ធភាពទាល់តែសមត្ថកិច្ច ឬអាជ្ញាធរមានឆន្ទៈបង្ក្រាបពិតប្រាកដ និងមានផែនការច្បាស់លាស់ មិនមែនធ្វើលំៗ ហើយគ្មានការអនុវត្តច្បាប់ឲ្យបានតឹងរឹង អាចលុបបំបាត់បានទេ។
លោកថា៖ «ក្មេងទំនើងហ្នឹង គឺភាគច្រើនកើតចេញពីក្មេង ដែលបោះបង់ចោលការសិក្សា ហើយដល់ពេលបោះបង់ចោលសាលារៀនអញ្ចឹងទៅ ធ្វើឲ្យក្មេងហ្នឹងទទួលរងនូវឥទ្ធិពលពីសង្គមខ្លាំង ហើយដល់ពេលចឹងទៅក្មេងវាចំណាយពេលជាមួយមិត្តភ័ក្តិវាហ្នឹងច្រើន ហើយការអូសទាញដោយសារតែសង្គមហ្នឹងវាមានច្រើនជាង។ សារធាតុដើមរបស់ក្មេងទំនើងហ្នឹង គឺបើកាលណាវាចេញពីផ្ទះហើយ វាអាងមេវា អាងបងធំ របស់វា។ ហើយបងធំហ្នឹង ក៏ត្រូវតែផ្តល់ការការពារមកឲ្យកូនចៅ ដល់ចឹងទៅវាកើតជាក្រុមមួយ ដែលទៅជាក្រុមឆេវឆាវ»។
រាជរដ្ឋាភិបាលក្នុងប៉ុន្មានអាណត្តិមកនេះ បានដាក់ចេញគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ប៉ុន្តែពលរដ្ឋរស់នៅខេត្តព្រះសីហនុ អះអាងថា សមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាននេះ អនុវត្តមិនទាន់មានប្រសិទ្ធភាពច្រើនទេ ហើយពួកគាត់ ហាក់អស់ជំនឿទៅលើការផ្តល់ព័ត៌មានជុំវិញបញ្ហាអសកម្ម ដែលកើតមាននៅក្នុងមូលដ្ឋាននេះ ទៅសមត្ថកិច្ចឬអាជ្ញាធរទៀតហើយ៕









