ទំនាក់​ទំនង​របស់​លោក​ហ៊ុន សែន លោក​ហ៊ុន ម៉ា​ណែត លោក​ហ៊ុន តូ លោក​លី យ៉ុង​ផាត់ និង​លោក​គិត ម៉េង ទៅ​នឹង​បណ្តាញ​ឆបោក​តាម​រយៈ​សវនា​ការ​សភា​សហរដ្ឋ​អាមេ​រិក

រូបថត៖ បណ្តាញសង្គម

យោង​តាម​សក្ខី​កម្ម​ផ្លូវ​ការ​របស់​សាស្ត្រា​ចារ្យ Jacob Sims ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៅ​មជ្ឈ​មណ្ឌល​អាស៊ី​នៃ​សាកល​​វិទ្យា​ល័យ Harvard នៅ​ក្នុង​សវនា​ការ​របស់​គណៈ​កម្មាធិ​ការ​ជ្រើស​រើស​នៃ​សភា​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក​ ស្តីពី​​ការ​ប្រកួត​ប្រជែង​ជា​យុទ្ធ​សាស្ត្ររ​វាង​សហរដ្ឋ​អាមេ​រិក និង​បក្ស​កុម្មុយ​នីស្ត​ចិន​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២៦ ក្រោម​ប្រធាន​បទ «ឧក្រិដ្ឋ​កម្ម អំពើ​ពុក​រលួយ និង​អំណាច ការ​កើន​ឡើង​នៃ​បណ្តាញ​បោក​ប្រាស់ ដែល​មាន​ទំនាក់​ទំនង​ជាមួយ​បក្ស​កុម្មុយ​នីស្ត​ចិន ក្នុង​ការ​កំណត់​គោល​ដៅ​លើ​ប្រជា​ជន​អាមេរិ​ក និង​ការ​គំរាម​កំហែង​ដល់​សន្តិ​សុខ​សហរដ្ឋ​អាមេរិក» បាន​លាត​ត្រដាង​នូវ​តថភាព​ដ៏​គួរ​ឱ្យ​តក់​ស្លុត​អំពី​អ្វី​ដែល​លោក​ហៅ​ថា រចនា​សម្ព័ន្ធ​រដ្ឋ​ឧក្រិដ្ឋ​​កម្ម​ឆបោក។

បទបង្ហាញរបស់សាស្ត្រាចារ្យ Sims រួមជាមួយសក្ខីកម្មបន្ថែមពីអ្នកជំនាញ​សំខាន់ៗ​ផ្សេង​ទៀត ដូច​ជា​ លោក Jason Tower មក​ពី​គំនិត​ផ្តួច​ផ្តើម​សកល​ប្រឆាំ​ងនឹង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន និង​លោក​ស្រី Erin West អ្នក​ជំនាញ​ផ្នែក​អនុវត្ត​ច្បាប់ និ​ងជា​ព្រះ​រាជ​អាជ្ញា​រង​ដ៏​ល្បីល្បា​ញ​មក​ពី​សហរដ្ឋ​អាមេ​រិក ដែល​មាន​ឯកទេស​ខ្ពស់​ក្នុង​ការ​ប្រឆាំង​នឹង​ឧក្រិដ្ឋ​កម្ម​​បច្ចេក​វិទ្យា និងការលាងលុយកខ្វក់​​​តាម​រយៈរូ​បិ​យប័​ណ្ណឌី​ជី​ថល​ (Cryptocurrency) បានផ្តល់នូវ​​មូល​ដ្ឋាន​វិភាគ​យ៉ាង​​រឹង​មាំ​អំពី​ទំនាក់​ទំនងរវាងបណ្តាញឧក្រិដ្ឋជនចិន ឥស្សរ​ជន​នយោ​បាយ​ក្នុងស្រុកនៅអាស៊ីអាគ្នេយ៍ និង​ផល​ប៉ះ​ពាល់​ជាយុទ្ធសាស្ត្រមកលើប្រព័ន្ធហិរញ្ញវត្ថុ និង​​សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។

បទបង្ហាញនេះ​ ផ្តោតសំខាន់លើទិដ្ឋភាពសំខាន់ៗចំនួនបី គឺយន្តការប្រតិបត្តិការនៃតំបន់សេដ្ឋកិច្ចពិសេសដែល​ប្រែ​ក្លាយ​ជារបងការពារឧក្រិដ្ឋកម្ម ទំនាក់ទំនងផលប្រយោជន៍រវាងក្រុមឧក្រិដ្ឋជនជាមួយរចនាសម្ព័ន្ធអំណាច​រដ្ឋ និង​ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើប ក្នុងការលាងលុយកខ្វក់ដែលគេចផុតពីប្រព័ន្ធត្រួតពិនិត្យ​ជាសកល។

នៅក្នុងការលាតត្រដាងរបស់សាស្ត្រាចារ្យ Sims ចំណុចបង្អែកដ៏សំខាន់បំផុត គឺការផ្លាស់ប្តូរទម្រង់នៃតំបន់សេដ្ឋ​កិច្ច​ពិសេស​នៅក្នុងប្រទេសមួយចំនួន ដូចជា កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ឱ្យទៅជាទីក្រុងឧក្រិដ្ឋកម្មបិទជិត។

លោកបានពន្យល់ថា មូលដ្ឋានទាំងនេះ​ លែងជាទីតាំងល្បែងស៊ីសងខុសច្បាប់ធម្មតា​ ដូចកាលពីទសវត្សរ៍មុន​ទៀត​​ហើយ ប៉ុន្តែវាបានវិវត្តទៅជាមជ្ឈមណ្ឌលឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកម្រិតខ្ពស់ ដែល​​​ត្រូវបានការ​ពារ​ដោយ​កងកម្លាំងប្រដាប់អាវុធឯកជន និងរបងលួសបន្លា។ រចនាសម្ព័ន្ធរូបវន្តនៃបរិវេណ​ឆបោកទាំងនេះ មានលក្ខណៈ​ដូចជារដ្ឋតូចៗ នៅក្នុងរដ្ឋធំ ដែលច្បាប់ជាតិរបស់ប្រទេសម្ចាស់ផ្ទះមិន​អាច​លូកដៃចូលទៅអនុវត្តបានឡើយ។

សាស្ត្រាចារ្យ Sims បានសង្កត់ធ្ងន់ថា ភាពជោគជ័យនៃប្រតិបត្តិការខុសច្បាប់ទាំងនេះ មិនមែនកើតឡើងដោយ​ចៃដន្យ​នោះទេ ប៉ុន្តែវាជាលទ្ធផលនៃការរៀបចំប្រព័ន្ធច្បាប់ និងការផ្តល់សម្បទានដីធ្លី ដែលអនុញ្ញាតឱ្យ​ក្រុមឧក្រិដ្ឋ​ជន​មក​ពីប្រទេសចិនអាចបង្កើតដែនសមត្ថកិច្ចផ្ទាល់ខ្លួន។

នេះគឺជាទម្រង់ថ្មីមួយនៃលទ្ធិអាណានិគមនិយមសេដ្ឋកិច្ចស្របច្បាប់ ដែលក្រុមឧក្រិដ្ឋជនប្រើប្រាស់លេសនៃការវិនិ​យោគ​លើវិស័យអចលនទ្រព្យ និងទេសចរណ៍ដើម្បីកសាងមូលដ្ឋានរឹងមាំក្នុងការវាយប្រហារសន្តិសុខសាយប័រលើប្រទេស​ដទៃ។

បញ្ហានេះកាន់តែមានភាពស្មុគស្មាញនៅពេលដែលបទបង្ហាញរបស់ លោក Tower នៅក្នុងសវនាការនាថ្ងៃដដែល​នោះ បាន​បំពេញបន្ថែមទៅលើការវិភាគរបស់សាស្ត្រាចារ្យ Sims ដោយបានបង្ហាញពីតួនាទីរបស់តួអង្គ​ដែលពាក់ព័ន្ធនឹងបក្សកុម្មុយនីស្តចិន។

ក្រុមឧក្រិដ្ឋជនទាំងនេះ ជារឿយៗប្រើប្រាស់រូបភាពជាសមាគមពាណិជ្ជកម្មចិន ឬជាអ្នកវិនិយោគក្រោមគំនិត​ផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដើម្បីកសាងភាពស្របច្បាប់ និងបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីជាន់​​ខ្ពស់នៅក្នុងប្រទេសម្ចាស់ផ្ទះ។

សាស្ត្រាចារ្យ Sims បានហៅបាតុភូតនេះថា​ជារចនាសម្ព័ន្ធសម្ព័ន្ធភាពរវាងរដ្ឋនិងឧក្រិដ្ឋជន ដែលក្នុងនោះឥស្សរជននយោបាយក្នុងស្រុក ទទួលបានផលប្រយោជន៍ហិរញ្ញវត្ថុ​យ៉ាងមហាសាល ជាថ្នូរនឹងការផ្តល់ការការពារខាងផ្លូវច្បាប់ និងការប្រើប្រាស់កងកម្លាំងរដ្ឋដើម្បីការពារបរិវេណឧក្រិដ្ឋកម្មទាំងនោះ។

នៅក្នុងសវនាការ​របស់គណៈកម្មាធិការជ្រើសរើសនៃសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកនេះ ឥស្សរជននយោ​បាយ និង​អ្នក​ជំនួញមានឥទ្ធិពលបំផុតរបស់កម្ពុជា ក៏ត្រូវបានលើកចំឈ្មោះយ៉ាងចំហរ ក្នុងនាមជាតួអង្គ​ពាក់ព័ន្ធនឹងរចនាសម្ព័ន្ធអំណាចដែលគាំទ្រឧក្រិដ្ឋកម្មឆ្លងដែន។

ក្នុងនោះ លោក ហ៊ុន ម៉ាណែត ត្រូវបានលើកឡើងក្នុងនាមជាប្រមុខរដ្ឋាភិបាលបច្ចុប្បន្ន ដែលរងសម្ពាធអន្តរ​​​ជាតិ​ឱ្យ​ចាត់​វិធាន​ការបង្ក្រាបពិតប្រាកដ ខណៈដែលលោក ហ៊ុន សែន ត្រូវបានយោងទៅលើថាជាអ្នករៀបចំប្រព័ន្ធដឹក​នាំ និងបណ្តាញសម្បទានចាស់ដែលបង្កលក្ខណៈងាយស្រួលដល់អាជីវកម្មប្រផេះ។

ទន្ទឹមនឹងនោះ លោក ហ៊ុន តូ ត្រូវបានសាស្ត្រាចារ្យ Sims លើកឡើងជាតួអង្គគន្លឹះតំណាងឱ្យសម្ព័ន្ធភាពរវាងឥស្សរ​ជន​មាន​អំណាច​ក្នុង​ស្រុក និងបណ្តាញឧក្រិដ្ឋជនឆ្លងដែន ដោយលោកត្រូវបានរកឃើញថាមានការទាក់ទងយ៉ាងជិត​ស្និទ្ធ ឬផ្តល់ការការពារផ្នែកនយោបាយ និងសន្តិសុខដល់បរិវេណអាជីវកម្មប្រផេះ និងមជ្ឈមណ្ឌលឆបោក។

បន្ថែម​ពីលើឥស្សរជននៃគ្រួសារដឹកនាំកំពូល ឧកញ៉ា និងមហាសេដ្ឋីល្បីៗ រួមមានលោក លី យ៉ុងផាត់ និងលោក គិត ម៉េង ក៏ត្រូវបានដកស្រង់ឈ្មោះយ៉ាងលម្អិត ជុំវិញកម្មសិទ្ធិដីធ្លី និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស។

លោក លី យ៉ុងផាត់ ត្រូវបានពិភាក្សាផ្អែកលើប្រវត្តិដែលធ្លាប់ត្រូវរដ្ឋាភិបាលអាមេរិកដាក់ទណ្ឌកម្មហិរញ្ញវត្ថុ ពាក់​ព័ន្ធនឹងមជ្ឈមណ្ឌលឆបោក និងការបង្ខាំងមនុស្សនៅខេត្តកោះកុង និង​ក្រុងអូរស្មាច់ ចំណែកឯ​លោក គិត ម៉េង ត្រូវ​បាន​​យោង​ទៅ​លើ​​ពាក់ព័ន្ធនឹងការផ្តល់សម្បទានដីធ្លី និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់​​សេដ្ឋកិច្ចពិសេសភ្នំពេញ ព្រមទាំងតំបន់កោះរ៉ុង ដែលរបាយការណ៍ស៊ើបអង្កេតរកឃើញថាមានការលាក់ខ្លួននៃអគារ និងប្រតិបត្តិការឆបោក​​ឆ្លង​ដែន​ខុស​ច្បាប់​​​យ៉ាងមហាសាល។

តាមរយៈការវិភាគរបស់សាស្ត្រាចារ្យ Sims ឥទ្ធិពលសេដ្ឋកិច្ច និងទំនាក់ទំនងគ្រួសាររបស់លោក ហ៊ុន តូ ត្រូវបានប្រើប្រាស់ជាខែលការពារដ៏រឹងមាំ ដែលអនុញ្ញាតឱ្យក្រុមឧក្រិដ្ឋជនមកពីចិនអាចដំណើរការការជួញដូរមនុស្ស និងការបោកប្រាស់ហិរញ្ញវត្ថុខ្នាតធំយ៉ាងហ្មត់ចត់ ព្រមទាំងប្រើប្រាស់ប្រព័ន្ធអាជីវកម្មស្របច្បាប់ដើម្បីលាងលុយកខ្វក់ ដោយ​​គេចផុតពីការអនុវត្តច្បាប់ និងការស៊ើបអង្កេតពីអាជ្ញាធរមានសមត្ថកិច្ច។

ផលវិបាកនៃការបង្កើតរចនាសម្ព័ន្ធបែបនេះ គឺការបំផ្លិចបំផ្លាញដល់អភិបាលកិច្ច និងប្រព័ន្ធតុលាការនៃប្រទេស​ម្ចាស់ផ្ទះ ដែលធ្វើឱ្យការបង្ក្រាបតាមផ្លូវច្បាប់របស់អាជ្ញាធរមូលដ្ឋានក្លាយជាការសម្តែង ឬជាការបង្ក្រាប​តែលើផ្ទៃខាងលើ ដោយមិនអាចប៉ះពាល់ដល់មេខ្លោងពិតប្រាកដដែលស្ថិតនៅក្រោមខ្នងបង្អែកនយោ​បាយ​ឡើយ។

ទិដ្ឋភាពមនុស្សធម៌ និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរក៏ជាស្នូលនៃបទបង្ហាញរបស់សាស្ត្រាចារ្យ Sim ផងដែរ ដោយលោកបានពន្យល់ថា មជ្ឈមណ្ឌលបោកប្រាស់ទាំងនេះដំណើរការទៅបានគឺផ្អែកលើទម្រង់នៃការជួញដូរមនុស្ស និងទាសភាពសម័យទំនើប។

ជនរងគ្រោះរាប់ម៉ឺននាក់មកពីជុំវិញពិភពលោក រួមទាំងយុវជនដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យា និងភាសាបរទេស ត្រូវបានលួងលោមតាមរយៈការផ្សាយពាណិជ្ជកម្មការងារក្លែងក្លាយឱ្យមកបម្រើការងារនៅក្នុងតំបន់ទាំងនេះ។

នៅពេលមកដល់ ពួកគេត្រូវបានដកហូតលិខិតឆ្លងដែន បង្ខំឱ្យចុះកិច្ចសន្យាខុសច្បាប់ និងត្រូវបានបង្ខាំងឱ្យធ្វើការរហូតដល់ដប់ប្រាំបីម៉ោងក្នុងមួយថ្ងៃ ដើម្បីបោកប្រាស់ជនរងគ្រោះដទៃទៀត។ ប្រសិនបើពួកគេមិនអាចសម្រេច​បានតាមគោលដៅកំណត់ ពួកគេនឹងត្រូវប្រឈមមុខនឹងការធ្វើទារុណកម្មរាងកាយ ការលក់បន្តទៅឱ្យក្រុម​ហ៊ុន​ផ្សេង ឬការបង្អត់អាហារ។

ឧស្សាហកម្មឆបោកទាំងនោះ បានបង្កើតនូវខ្សែសង្វាក់ផ្គត់ផ្គង់កម្លាំងពលកម្មដោយបង្ខំដ៏មានប្រសិទ្ធភាពមួយ ដែលប្រើប្រាស់អំពើហិង្សាដើម្បីទាញយកផលចំណេញហិរញ្ញវត្ថុជាអតិបរមា ដែលជាការប្រកាសអាសន្ន​ចំពោះយន្តការការពារសិទ្ធិមនុស្សអន្តរជាតិ។

បន្ថែមលើការបំផ្លិចបំផ្លាញនៅក្នុងតំបន់ប្រតិបត្តិការ ផលប៉ះពាល់ដោយផ្ទាល់មកលើសហរដ្ឋអាមេរិក ត្រូវបានគូសបញ្ជាក់យ៉ាងច្បាស់លាស់តាមរយៈសក្ខីកម្មរបស់លោកស្រី West នៅក្នុងសវនាការថ្ងៃដដែល ដែល​បានបង្ហាញពីយុទ្ធសាស្ត្រ​បោកប្រាស់ដ៏មានល្បិចកល ជាពិសេសការឆបោកតាមទម្រង់នៃការបង្កើតទំនាក់​ទំនងស្នេហាក្លែងក្លាយ រួច​អូស​ទាញ​ឱ្យវិនិយោគលើគ្រីបតូ។

ជនរងគ្រោះជនជាតិអាមេរិករាប់មិនអស់ ដែលភាគច្រើនជាមនុស្សវ័យចំណាស់ ឬអ្នកដែលខ្វះខាតការយល់​ដឹងផ្នែក​ប្រព័ន្ធឌីជីថល ត្រូវបានបោកប្រាស់យកប្រាក់សន្សំមួយជីវិតរបស់ពួកគេ។

ការបាត់បង់លំហូរសាច់ប្រាក់ពីសហរដ្ឋអាមេរិកទៅកាន់បណ្តាញឧក្រិដ្ឋជនទាំងនេះ មិនត្រឹមតែជាបញ្ហាបុគ្គលនោះទេ ប៉ុន្តែវាបានក្លាយជាបញ្ហាលំហូរទុនខុសច្បាប់ដ៏ធំ ដែលប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចជាតិ។

ឧក្រិដ្ឋជនប្រើប្រាស់ចិត្តសាស្ត្រកម្រិតខ្ពស់ និងការគ្រប់គ្រងព័ត៌មានយ៉ាងមានប្រព័ន្ធ ដើម្បីធានាថាជនរងគ្រោះផ្ទេរប្រាក់ដោយស្ម័គ្រចិត្ត ដែលធ្វើឱ្យការទប់ស្កាត់ខាងផ្លូវច្បាប់មានការលំបាកយ៉ាងខ្លាំង។

យន្តការនៃការលាងលុយកខ្វក់ដែលត្រូវបានប្រើប្រាស់ដោយបណ្តាញទាំងនេះ គឺជាចំណុចគន្លឹះមួយទៀតដែលសាស្ត្រា​ចារ្យ Sims បានលាតត្រដាង ដោយលោកបានបង្ហាញថា កាក់គ្រីបតូ ឬរូបិយប័ណ្ណឌីជីថលបានក្លាយជាឧបករណ៍ចម្បងក្នុងការផ្លាស់ទីលំនៅនៃទ្រព្យសម្បត្តិខុសច្បាប់។

បណ្តាញឧក្រិដ្ឋជនដែលមានទំនាក់ទំនងជាមួយចិនបានបង្កើតប្រព័ន្ធធនាគារ ដែលអនុញ្ញាតឱ្យពួកគេអាច​​បំប្លែង​ប្រាក់ដែលបោកប្រាស់បានពីសហរដ្ឋអាមេរិក ទៅជារូបិយប័ណ្ណគ្រីបតូ បន្ទាប់មកលាងសម្អាតតាមរយៈប្រព័ន្ធ​ជួញដូរដែលគ្មានការគ្រប់គ្រង មុននឹងបញ្ចូលវាទៅក្នុងប្រព័ន្ធអចលនទ្រព្យ ឬអាជីវកម្មស្របច្បាប់នៅក្នុងប្រទេសចិន និងបណ្តាប្រទេសដទៃទៀត។

ភាពស្មុគស្មាញនៃបច្ចេកវិទ្យា blockchain ត្រូវបានក្រុមឧក្រិដ្ឋជនកែច្នៃធ្វើជាខែលការពារ ដោយសារ​តែ​សមត្ថ​ភាព​​ក្នុង​ការ​ផ្ទេរ​ប្រាក់​ឆ្លង​ដែន​បានយ៉ាងលឿន និងពិបាកក្នុងការតាមដានអត្តសញ្ញាណពិតប្រាកដ។ នេះជាការប្រឈម​​​មុខ​ដ៏ធំមួយចំពោះច្បាប់ប្រឆាំងការលាងលុយកខ្វក់ជាសកល ដែលបច្ចុប្បន្នហាក់ដូចជាដើរយឺតជាងការវិវត្តបច្ចេកវិទ្យារបស់ក្រុមឧក្រិដ្ឋជន។

នៅក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយ បទបង្ហាញរបស់សាស្ត្រាចារ្យ Sims ក្នុងថ្ងៃនោះ បានផ្តល់នូវទស្សនៈវិភាគថា បណ្តាញឧក្រិដ្ឋកម្មទាំងនេះមិនមែនគ្រាន់តែជាការស្វែងរកប្រាក់ចំណេញធម្មតានោះទេ ប៉ុន្តែវាក៏ជាឧបករណ៍នៃអំណាច​ទន់ និងការពង្រីកឥទ្ធិពលរបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ទោះ​បីជា​មាន​ការអះអាងពីទីក្រុង​ប៉េកាំងថាខ្លួនបានចូលរួមបង្ក្រាបឧក្រិដ្ឋកម្មទាំងនេះក៏ដោយ ប៉ុន្តែសក្ខីកម្មរបស់លោក Tower និងសាស្ត្រា​ចារ្យ Sims បានបង្ហាញថា យុទ្ធសាស្ត្ររបស់បក្សកុម្មុយនីស្តចិនមានលក្ខណៈពីរមុខ។

ម៉្យាង​ពួកគេបង្ក្រាបក្រុមដែលប៉ះពាល់ដល់ពលរដ្ឋចិនផ្ទាល់ ប៉ុន្តែម៉្យាងទៀត ពួកគេអនុញ្ញាតឱ្យបណ្តាញ​​ដែល​​មានទំនាក់ទំនងជិតស្និទ្ធជាមួយឥស្សរជននយោបាយបន្តប្រតិបត្តិការ ដរាបណាវាមិនគំរាមកំហែងដល់​ស្ថិរភាពផ្ទៃក្នុងរបស់ចិន និងជួយពង្រឹងការពឹងផ្អែកផ្នែកសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសម្ចាស់ផ្ទះមកលើចិន។

នេះមានន័យថា រចនាសម្ព័ន្ធរដ្ឋឧក្រិដ្ឋកម្មឆបោក បានក្លាយជាផ្នែកមួយនៃយុទ្ធសាស្ត្រភូមិសាស្ត្រនយោ​បាយ​​ខ្នាតធំ ដែលធ្វើឱ្យរដ្ឋទន់ខ្សោយនៅក្នុងតំបន់កាន់តែធ្លាក់ទៅក្នុងអន្ទាក់នៃអំពើពុករលួយ និងការគ្រប់គ្រង​​ពីខាង​ក្រៅ។

បណ្តាញបោកប្រាស់ទាំងនេះ មានសមត្ថភាពក្នុងការជ្រៀតជ្រែកចូលទៅក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និង​ប្រព័ន្ធព័ត៌មានវិទ្យារបស់អាមេរិក។ តាមរយៈការប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់ជនរងគ្រោះរាប់លាននាក់ ក្រុមឧក្រិដ្ឋជនមិនត្រឹមតែអាចលួចបន្លំហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើតជាមូលដ្ឋានទិន្ន​​ន័យដ៏ធំដែលអាចប្រើប្រាស់សម្រាប់គោលបំណងលបមើល ឬការវាយប្រហារសាយប័រដែលមានលក្ខណៈនយោបាយនាពេលអនាគត។

លោកស្រី West បានបញ្ជាក់នៅក្នុងសក្ខីកម្មថា ទំហំនៃការខូចខាតសេដ្ឋកិច្ចបានឈានដល់កម្រិតដែលប៉ះ​ពាល់​ដល់សន្តិសុខសេដ្ឋកិច្ចជាតិទាំងមូល ដោយសារតែការបាត់បង់ប្រាក់សន្សំរបស់ប្រជាពលរដ្ឋមានទំនាក់ទំនងផ្ទាល់ជាមួយការកើនឡើងនៃបន្ទុកសង្គមកិច្ច និងការធ្លាក់ចុះនៃទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុឌីជីថល។

ដំណោះស្រាយដែលត្រូវបានពិភាក្សានៅក្នុងសវនាការរបស់គណៈកម្មាធិការសភាសហរដ្ឋអាមេរិក ឆ្លុះបញ្ចាំង​​ពីតម្រូវ​ការ​​ក្នុង​ការផ្លាស់ប្តូរយុទ្ធសាស្ត្រពីការបង្ក្រាបតាមបែបប្រពៃណី ទៅជាការឆ្លើយតបជាលក្ខណៈ​ប្រព័ន្ធ និងពហុភាគី។

សាស្ត្រាចារ្យ Sims បានផ្តល់អនុសាសន៍ថា សហរដ្ឋអាមេរិកត្រូវតែប្រើប្រាស់ឧបករណ៍នយោបាយការបរទេស  និងទណ្ឌ​កម្ម​ហិរញ្ញវត្ថុចំគោលដៅទៅលើឥស្សរជននយោបាយ និងមន្ត្រីរដ្ឋាភិបាលនៅក្នុងប្រទេស​​អាស៊ីអាគ្នេយ៍ណាដែលផ្តល់ការការពារដល់តំបន់ឧក្រិដ្ឋកម្មទាំងនេះ។

លោកបន្ថែមថា ដរាបណាគុណតម្លៃនយោបាយ និងសេដ្ឋកិច្ចនៃការការពារឧក្រិដ្ឋជនមានកម្រិតទាបជាងផលប្រយោជន៍ដែលទទួលបានពីអំពើពុករលួយ នោះរដ្ឋាភិបាលក្នុងតំបន់នឹងមិនមានឆន្ទៈពិតប្រាកដក្នុងការលុបបំបាត់មជ្ឈមណ្ឌលទាំងនេះឡើយ។ ដូច្នេះ ទណ្ឌកម្មអន្តរជាតិដែលផ្តោតលើបុគ្គល និងការបង្កកទ្រព្យសម្បត្តិខុសច្បាប់​នៅ​បរទេស គឺ​ជា​គន្លឹះ​ក្នុង​ការ​បំបែក​​រចនា​សម្ព័ន្ធ​សម្ព័ន្ធ​ភាព​រវាង​រដ្ឋ​និង​ឧក្រិដ្ឋ​ជន។

លើស​ពីនេះ ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងស្ថាប័នអនុវត្តច្បាប់​នៅសហរដ្ឋអាមេរិក ជាមួយដៃ​គូ​ក្នុងតំបន់អាស៊ីអាគ្នេយ៍​ដែលមានឆន្ទៈពិតប្រាកដ ក៏ជាកត្តាចាំបាច់ដែលត្រូវបានលើកឡើងដោយលោក Tower ផង​ដែរ។

លោកបានកត់សម្គាល់ថា យន្តការរបស់អាស៊ានបច្ចុប្បន្នមានភាពទន់ខ្សោយ ដោយសារតែគោលការណ៍មិន​លូកដៃចូលកិច្ចការផ្ទៃក្នុង ដែលធ្វើឱ្យបណ្តាញឧក្រិដ្ឋជនអាចផ្លាស់ទីលំនៅពីប្រទេសមួយទៅប្រទេសមួយទៀតបានយ៉ាងងាយស្រួលនៅពេលមានការបង្ក្រាប។

ដូច្នេះ វាចាំបាច់ត្រូវមានការបង្កើតយន្តការស៊ើបអង្កេតរួមគ្នា និងការចែករំលែកព័ត៌មានសម្ងាត់តាមពេលវេលា​​ជាក់ស្តែង ដើម្បីអាចដេញតាមទាន់ល្បឿននៃប្រតិបត្តិការរបស់ឧក្រិដ្ឋជនដែលឆ្លងកាត់ព្រំដែនជាច្រើន​ក្នុងពេលតែមួយ។

នៅក្នុងផ្នែកបច្ចេកវិទ្យា និងការអនុវត្តច្បាប់ក្នុងស្រុក សក្ខីកម្មរបស់លោកស្រី West បានសង្កត់ធ្ងន់លើសារៈ​សំខាន់នៃការកសាងសមត្ថភាពដល់មន្ត្រីនគរបាលមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក និងការបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងវេទិកាជួញដូរគ្រីបតូ។

តាមទស្សនៈរបស់លោកស្រី ការបង្កកគណនីគ្រីបតូបានទាន់ពេលវេលា គឺជាវិធីសាស្ត្រតែមួយគត់ដែលអាច​​ជួយ​​សង្គ្រោះ​​ទ្រព្យសម្បត្តិរបស់ជនរងគ្រោះបាន។

ទោះជាយ៉ាងណាក៏ដោយ ទាំងនេះទាមទារឱ្យមានការកែទម្រង់បទប្បញ្ញត្តិគតិយុត្តិ ដើម្បីបង្ខំឱ្យក្រុមហ៊ុនផ្តល់សេវាកម្ម​គ្រីបតូត្រូវតែអនុវត្តតាមស្តង់ដារអតិថិជនឱ្យបានតឹងរ៉ឹងបំផុត និងត្រូវសហការភ្លាមៗជាមួយសមត្ថកិច្ចនៅ​ពេល​មាន​របាយការណ៍អំពីការបោកប្រាស់។

សរុបមក របាយការណ៍វិភាគផ្អែកលើបទបង្ហាញរបស់សាស្ត្រាចារ្យ Jacob Sims នៅក្នុងសវនាការសភានាថ្ងៃទី​១៩ ខែឧសភា ឆ្នាំ២០២៦ ខាងលើនេះ បានផ្តល់នូវការយល់ដឹងយ៉ាងទូលំទូលាយ និងស៊ីជម្រៅអំពីការគំរាមកំហែងដែលមិនធ្លាប់មានពីមុនមក ពីសំណាក់បណ្តាញឧក្រិដ្ឋកម្មឆ្លងដែនដែលមានទំនាក់ទំនង​ជាមួយ​​ចិននៅអាស៊ីអាគ្នេយ៍។

រចនាសម្ព័ន្ធរដ្ឋឧក្រិដ្ឋកម្មបោកប្រាស់ដែលត្រូវបានបង្កើតឡើ​ងតាមរយៈអំពើពុករលួយជាប្រព័ន្ធ ការរំលោភសិទ្ធិ​មនុស្ស និងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើប មិនត្រឹមតែបំផ្លិចបំផ្លាញដល់សន្តិសុខនិងស្ថិរភាពនៃប្រទេសម្ចាស់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាអាវុធយុទ្ធសាស្ត្រដ៏មានឥទ្ធិពលដែលគំរាមកំហែងដល់ប្រជាពលរដ្ឋ និងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកដោយផ្ទាល់។

ការឆ្លើយតបប្រកបដោយប្រសិទ្ធភាពតម្រូវឱ្យមានការរួមបញ្ចូលគ្នា រវាងទណ្ឌកម្មនយោបាយការបរទេស ការ​កែ​ទម្រង់​បទប្បញ្ញត្តិហិរញ្ញវត្ថុឌីជីថល និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ពហុភាគី ដើម្បីបំបែកខ្សែសង្វាក់​តម្លៃនៃឧស្សាហកម្មខុសច្បាប់នេះជាស្ថាពរ៕

ដោយលោក សុក្រឹត ពុទ្ធិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ