ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក​ជំរុញ​វិធាន​ការ​កម្រិត​អំណាច​ធ្វើ​​សង្គ្រាម​​របស់​​លោក ត្រាំ ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹទ្ធ​សភាស​ហរដ្ឋ​អាមេរិក​ បាន​ជំរុញ​សេចក្តី​សម្រេច​ស្តី​ពី​អំណាច​ធ្វើ​សង្គ្រាម​ កាល​ពី​ថ្ងៃ​ទី​១៩ខែ​ឧសភា​ ដែល​នឹង​បញ្ចប់​​​សង្គ្រាម​អ៊ីរ៉ង់ លើក​លែង​តែ​ប្រធានា​ធិបតី ដូណាល់ ត្រាំ ទទួល​បាន​ការ​អនុញ្ញាត​ពី​សភា​ ដែល​នេះ​ជា​ការ​ប្រកាស​​​ដ៏​កម្រមួ​យ​ប្រឆាំង​នឹង​មេដឹ​ក​នាំ​បក្ស​សាធារណ​រដ្ឋ​រូប​នេះ ក្នុង​រយៈ​ពេល ៨០ ថ្ងៃ បន្ទាប់​ពី​កង​កម្លាំង​សហរដ្ឋ​អាមេ​​រិក និ​ង​អ៊ីស្រា​អែល បាន​ចាប់​ផ្តើម​វាយ​ប្រហារ​លើ​ប្រទេស​អ៊ីរ៉ង់។

លទ្ធផលឆ្នោតលើវិធានការនីតិវិធីដើម្បីជំរុញសេចក្តីសម្រេចនេះគឺ ៥០ ទល់នឹង ៤៧ សំឡេង ខណៈ​ដែល​សមា​ជិក​បក្ស​​សាធារណ​រដ្ឋ​រួម​បក្ស​របស់ លោក ត្រាំ ចំនួន ៤ រូប បាន​បោះ​ឆ្នោត​គាំទ្រ​រួម​ជាមួយ​សមា​ជិក​បក្ស​ប្រជា​ធិប​តេយ្យ​ស្ទើរ​​តែ​ទាំង​អស់។ លទ្ធ​ផល​នេះ គឺ​ជា​ជ័យ​ជម្នះ​សម្រាប់​សមាជិក​សភា​ទាំង​ឡាយ​ណា ដែល​បាន​វែក​ញែក​ថា សភា មិន​មែន​ប្រធានា​ធិបតី​នោះ​ទេ ដែល​គួរ​តែ​មាន​អំណាច​ក្នុង​ការ​បញ្ជូន​កង​ទ័ព​ទៅ​ធ្វើ​សង្គ្រាម ដូច​ដែល​មាន​ចែង​នៅក្នុង​​រដ្ឋ​​ធម្ម​នុញ្ញ។ ទោះ​ជា​យ៉ាង​ណា សេចក្តី​សម្រេច​នេះ​នៅ​តែ​ប្រឈម​នឹង​ឧបសគ្គ​ធំៗ ដោយ​ត្រូវ​ឆ្លង​កាត់​រដ្ឋ​សភា​ដែល​​ដឹក​នាំ​ដោយ​បក្ស​សាធារណ​រដ្ឋ និង​ត្រូវ​ទទួល​បាន​សំឡេង​ភាគ​ច្រើន​ពី​រភាគ​បី​ទាំង​ពីរ​ថ្នាក់ ដើម្បី​ជៀស​វា​ងកា​រប្រើ​វ៉េតូ​បដិសេធ​របស់​លោក ត្រាំ។

សមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ លោក ធីម ខេន (Tim Kaine) ដែលជាអ្នករៀបចំសេចក្តីសម្រេចនេះ បាន​និយាយ​ថា បទឈប់បាញ់បានផ្តល់ឱកាសដ៏ល្អសម្រាប់លោក ត្រាំ ក្នុងការលើកឡើងពីហេតុផលរបស់​លោកមកកាន់​សភា ព្រោះប្រធានាធិបតីកំពុងទទួលបានសំណើសន្តិភាព និងការទូតពីទីក្រុងតេហេរ៉ង់ ប៉ុន្តែលោកកំពុងបោះវាចូល​ក្នុងធុងសំរាមដោយមិនបានចែករំលែកឡើយ។ មុននេះ សមាជិកបក្សសាធារណរដ្ឋបានរារាំងការប៉ុន​ប៉ង​ស្រដៀង​​គ្នា​នេះ​ចំនួន ៧ លើក​រួច​មក​ហើយ​នៅ​ក្នុង​ព្រឹទ្ធសភានៅឆ្នាំនេះ។

នៅក្រោមច្បាប់ស្តីពីអំណាចធ្វើសង្គ្រាមឆ្នាំ​​១៩៧៣ របស់សហរដ្ឋអាមេរិក ប្រធានាធិបតីអាចធ្វើសកម្មភាពយោធា​​បាន​ត្រឹមតែ ៦០ថ្ងៃ​ប៉ុណ្ណោះ មុនពេលបញ្ចប់វា ឬត្រូវស្នើសុំការអនុញ្ញាតពីសភា។ លោក ត្រាំ បានប្រកាសកាលពីថ្ងៃទី ១ ខែឧសភា ថា បទឈប់បាញ់បានបញ្ចប់អរិភាពប្រឆាំងនឹងអ៊ីរ៉ង់ហើយ។ ទោះបីជាមានការអះអាងបែបនេះក៏​ដោយ ក៏សហរដ្ឋអាមេរិកបាននិងកំពុងបិទខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់ និងវាយប្រហារ​លើ​នាវារបស់អ៊ីរ៉ង់ ហើយអ៊ីរ៉ង់ក៏​បាន​និង​កំពុង​បិទ​ខ្ទប់​ច្រក​សមុទ្រហរមូសយ៉ាងមានប្រសិទ្ធភាព និង​វាយ​ប្រហារលើនាវារបស់សហរដ្ឋអាមេរិកផង​ដែរ។

សមាជិកបក្សប្រជាធិបតេយ្យ និងសមាជិកបក្សសាធារណរដ្ឋមួយចំនួនតូច បានអំពាវនាវឱ្យលោក ត្រាំ មក​សុំ​​ការ​អនុ​​ញ្ញាត ដោយបង្ហាញការព្រួយបារម្ភថា លោកអាចនឹងនាំប្រទេសចូលទៅក្នុងជម្លោះដ៏រ៉ាំរ៉ៃ ដោយគ្មានការកំណត់នូវ​យុទ្ធ​សាស្ត្រច្បាស់លាស់។ ផ្ទុយទៅវិញ វិមានប្រធានាធិបតី និងសមាជិកបក្សសាធារណ​រដ្ឋភាគច្រើនបានការពារថា សកម្ម​​ភាព​របស់​លោក ត្រាំ គឺស្របច្បាប់ក្នុងនាមជាមេបញ្ជាការកំពូល ដើម្បីការពារសហរដ្ឋអាមេរិក ហើយបាន​ចោទ​​​​ប្រកាន់​​បក្សប្រជាធិបតេយ្យថា បានដាក់សេចក្តីសម្រេច​នេះ​ឡើងដោ​យសារតែរឿងនយោបាយបក្សពួកនិយម​​​តែ​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ