តំណាងជនជាតិដើមភាគតិចពូនង មានគ្នាប្រមាណ៦០នាក់ មកពី៤ភូមិ គឺភូមិពុលុ ភូមិប៊ូស្រា ភូមិឡាំមេះ និងភូមិពូចារ ស្ថិតក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានប្រមូលផ្តុំគ្នានៅមុខសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីស្នើសុំឲ្យតុលាការប្រគល់ទីបញ្ចុះសពតាំងដូនតា ដែលត្រូវមន្ត្រីស្ថាប័នជំនាញគប់គិតចេញប្លង់កម្មសិទ្ធិជូនឈ្មោះ ទូច វុត្ថា និងឈ្មោះ ស៊ាង រ៉ាវី ទាំងពួកគាត់មិនបានដឹងជាមុន។
លោក គ្រើង តុលា សមាជិកសហគមន៍ភូមិឡាំមេះ ជនជាតិដើមភាគតិចព្នង នៅស្រុកពេជ្រាដា បានឲ្យដឹងថា ការជួបជុំរបស់ពលរដ្ឋ កាលពីព្រឹកមិញ គឺមកតាមដីកាកោះរបស់ចៅក្រមសាលាដំបូងខេត្តមណ្ឌលគិរី ឲ្យទៅបំភ្លឺជុំវិញបណ្តឹងរបស់តំណាងសហគមន៍ជនជាតិដើមព្នង ចំនួន៤នាក់ ដែលបានដាក់ពាក្យប្តឹងឈ្មោះ ទូច វុត្ថា និងឈ្មោះ ស៊ាង រ៉ាវី ទៅកាន់តុលាការ កាលពីឆ្នាំ២០២៥ ដើម្បីស្នើឲ្យជួយរកដំណោះស្រាយករណីលួចគប់គិតធ្វើប្លង់រឹង រំលោភយកទីបញ្ចុះសពដូនតារបស់ពួកគេ។ ប៉ុន្តែមិនទាន់មានដំណោះស្រាយទេ ដោយសារអវត្តមានមេធាវី ខាងដើមបណ្តឹងពួកគាត់ ហើយតុលាការក៏បានលើកពេលទៅថ្ងៃក្រោយវិញ។
លោកថា៖ «ដីព្រៃកប់សពហ្នឹងមាន ៤ភូមិ គឺភូមិពុលុ ភូមិប៊ូស្រា ភូមិឡាំមេះ និងភូមិពូចារ កប់ជាមួយគ្នា។ ហើយឥឡូវនេះ បែរជាលោក ទូច វុត្ថា គាត់ទិញដីហ្នឹងធ្វើប្លង់រឹង ហើយការធ្វើប្លង់រឹងរបស់គាត់ហ្នឹង សូម្បីទិសក៏ខុសដែរ គឺគាត់ដាក់ថា ទិសខាងកើតជាប់ព្រៃ ហើយទិសខាងលិចជាប់ផ្លូវ តែតាមការពិតខាងលិចជាប់ព្រៃ ជាប់ចំការប្រជាពលរដ្ឋទេ ហើយខាងជើងខាងត្បូងខុសទាំងអស់។ តាមពិតដីហ្នឹង មិនមែនដីត្រង់កន្លែងទីតាំងបញ្ចុះសពហ្នឹងទេ គឺដីនៅទីតាំងផ្សេង តែគាត់ចង់បានដីទីតាំងកប់សពហ្នឹង។ យើងបានជជែកគ្នាអត់ត្រូវសោះ ហើយដល់ពេលជជែកអត់ត្រូវគ្នា ក៏ពលរដ្ឋស្នើសុំទៅតុលាការបន្តបានបញ្ចុះសពទៀត»។
តាមលោក គ្រើង តុលា គោលបំណងរបស់ពលរដ្ឋជនជាតិដើមភាគតិចពួកគាត់ទាំង ៤ភូមិ គឺទាមទារឲ្យតុលាការរកដំណោះស្រាយ ប្រគល់ទីបញ្ចុះសពផ្នូរដូនតា មកឲ្យជនជាតិដើមភាគតិចព្នងពួកគាត់ ធ្វើពិធីបញ្ចុះសពនៅលើទីតាំងនោះដូចដើមវិញ។
លោកបន្តថា ទីបញ្ចុះសពនេះ ជនជាតិដើមភាគតិចព្នងពួកគាត់ បានប្រើប្រាស់តាំងពីមុនឆ្នាំ១៩៧៩ ហើយបានបញ្ចុះសពឡើងវិញនៅឆ្នាំ១៩៨៦។ ហើយបច្ចុប្បន្ន ទីបញ្ចុះសពនេះមានផ្នូរសពសរុប ៣០៧សពឬផ្នូរ។ ដោយទើបតែនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ទើបពួកគាត់ដឹងថា មានឈ្មោះ ទូច វុត្ថា និងឈ្មោះ ស៊ាង រ៉ាវី បានគប់គិតលួចធ្វើប្លង់រឹង មានទំហំផ្ទៃដី ១៨ ៤៤៥ ម៉ែត្រការ៉េ ទាំងពួកគាត់មិនបានដឹងមុនទាន់តែសោះ។
លោកបន្ថែមថា៖ «ជាពិសេសស្នើឲ្យក្រសួងយុត្តិធម៌ជំរុញទៅតុលាការខេត្តមណ្ឌលគិរី គឺទី១ ស្វែងរកយុត្តិធម៌ និងទី២ស្នើសុំឲ្យលុបប្លង់ហ្នឹងចោល ពីព្រោះព្រៃកប់សពមិនអាចក្លាយជាដីឯកជនបានទេ។ មនុស្សដែលស្លាប់ហើយ យើងមិនអាចទៅរំលោភបំពានទៀតទេ។ ឧទាហរណ៍ថា ពួកខ្ញុំទៅយកដីកប់សពដូនតា របស់លោក ទូច វុត្ថា សួរថា គាត់សប្បាយចិត្តអត់? ហើយវាអយុត្តិធម៌ទៀត។ អញ្ចឹងលោក ទូច វត្ថា ហ្នឹងគាត់ដឹងថា ដីហ្នឹងជាដីព្រៃកប់សពហើយ ហេតុអីបានជាគាត់នៅតែទិញ នៅតែយក? អញ្ចឹងស្នើឲ្យលោក ទូច វត្ថា ដកខ្លួនចេញ ហើយស្នើឲ្យប្រធានតុលាការចៅក្រមខេត្តមណ្ឌលគិរីហ្នឹងលុបប្លឹងហ្នឹងចោល»។
វីអូឌី មិនទាន់អាចស្នើសុំការបំភ្លឺពី លោក មាស ប្រុស អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរី ជុំវិញវិវាទខាងលើបាននៅឡើយទេ នៅថ្ងៃព្រហស្បតិ៍នេះ ដោយលោកនិយាយខ្លីថា មិនបានដឹងរឿងនេះទេ ព្រោះជាប់មានធុរៈផ្ទាល់ខ្លួន។ ខណៈ លោក រ័ត្ន ថាវី អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តមណ្ឌលគិរី ក៏មិនបានដឹងរឿងនេះដែរ ដ្បិតរូបលោកកំពុងជាប់រវល់ចូលរួមសិក្ខាសាលាអស់រយៈពេល ពីរថ្ងៃមកហើយ។
ទាក់ទិននឹងវិវាទនេះ លោក ទូច វុត្ថា ជាភាគីម្ចាស់ដីមានប្លង់កម្មសិទ្ធិ នៃវិវាទដីធ្លីខាងលើ បានបញ្ជាក់ថា រូបគាត់មានបណ្ណកម្មសិទ្ធិស្របច្បាប់ចេញដោយមន្ទីរសុរិយោដីខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣មកម៉្លេះ។ ហើយថា ទីតាំងដីនេះ រូបលោកបានទិញបន្តពីម្ចាស់មុន ដោយមិនដឹងថា ទីតាំងដីកន្លែងនេះជាទីបញ្ចុះសពរបស់ជនជាតិដើមភាគតិច នៅក្នុងមូលដ្ឋាននោះឡើយ។ លោកថា រូបលោកត្រូវបានតំណាងជនជាតិដើមចំនួន ៤ភូមិ ប្តឹងទៅកាន់តុលាការ ហើយក៏ត្រូវតុលាការកោះអញ្ជើញមកសាលសវនាការសាលាដំបូងខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២១ ខែឧសភានេះ ប៉ុន្តែត្រូវប្រកាសលើកពេល ដោយសារតែអវត្តមានមេធាវីដើមចោទ។
ទោះជាបែបនេះក្តី លោក ក្រើស ខ្វិន តំណាងពលជនជាតិដើមភាគតិចព្នងម្នាក់ រស់នៅភូមិប៊ូស្រា បានស្នើដល់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាពិសេសប្រមុខដឹកនាំរដ្ឋាភិបាល ជួយជំរុញអន្តរាគមន៍មកស្ថាប័នពាក់ព័ន្ធខេត្តមណ្ឌលគិរី ឲ្យជួយប្រគល់ទីបញ្ចុះសពតាំងពីដូនតា ឲ្យពួកគាត់ធ្វើពិធីតាមប្រពៃណីដូនតាដូចដើមវិញ។
លោកចាត់ទុកការចេញប្លង់កម្មសិទ្ធិ រំលោភលើទីបញ្ចុះសពផ្នូររបស់ជនជាតិដើមភាគតិចរបស់ពួកគាត់ គឺធ្វើឡើងដោយមានការគប់គិតគ្នា រវាងអាជ្ញាធរពាក់ព័ន្ធមួយចំនួន នៅខេត្តមណ្ឌលគិរី ខណៈពួកគាត់ មិនបានដឹងខ្លួនជាមុននោះទេ ទើបតែខាងភាគី ឈ្មោះ ទូច វត្ថា ដាក់គ្រឿងចក្រមកឈូសឆាយទីបញ្ចុះសពខាងលើនេះ កាលពីឆ្នាំ២០២៥ ទើបផ្ទុះការតវ៉ាឡើង។
លោកបន្តថា៖ «ចង់ឲ្យតុលាការកាត់ប្លង់ហ្នឹងចេញ ពីព្រោះដីកប់សពរបស់ជនជាតិដើមពួកខ្ញុំ តាំងពីដូនពីតាមក ហើយជនជាតិដើមពួកខ្ញុំអត់មានព្រៃកប់សពអត់កើតទេ គឺទំនៀមទម្លាប់ជនជាតិខ្ញុំមានព្រៃខ្មោច។ ហើយព្រៃខ្មោចនេះ មិនមែនទើបកើតមានថ្មីថ្មោងនេះទេ តាំងពីបុរាណមក គឺយូរណាស់មកហើយ។ ហើយឥឡូវមានគេមកទិញ ហើយពួកខ្ញុំទើបបានដឹង ក៏ធ្វើការតវ៉ា។ តែដីកប់សពនេះ គេធ្វើប្លង់កម្មសិទ្ធិរួចហើយ ចេញប្លង់មិនកើត។ ហើយថ្ងៃមុនខ្ញុំស្នើឲ្យអាជ្ញាធរចុះទៅត្រួតពិនិត្យឲ្យឃើញច្បាស់នឹងភ្នែក មានដំណាំ ឬមានអីយ៉ាងម៉េច តែអត់មានអ្នកណាទៅទេ។ តែខាងម្ចាស់ដីមានប្លង់ហ្នឹងគេថា មានដំណាំ តែជាក់ស្តែងដីហ្នឹងជាដីព្រៃ អត់មានដំណាំអីទេ មានតែដើមឈើធំៗ អត់មានដំណាំមានចំការអីទេ»។
តាមលោក គ្រើន តុលា សមាជិកសហគមន៍ភូមិឡាំមេះ ស្រុកពេជ្រាដា បញ្ជាក់ថា វិវាទដីធ្លីនៃទីបញ្ចុះសពខាងលើនេះ គឺជនជាតិដើមភាគតិចព្នងពួកគាត់ បានដាក់ពាក្យបណ្តឹងដាក់ជូនប្រធានសាលាដំបូងខេត្តមណ្ឌលគិរី រកដំណោះស្រាយ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយតំណាងពលរដ្ឋទាំង ៤ភូមិ បានស្នើឲ្យតុលាការទទួលស្គាល់សិទ្ធិភោគៈសមូហភាពនៃទីបញ្ចុះសព (ផ្នូរ) របស់សហគមន៍ជនជាតិដើមភាគតិចព្នង និងស្នើសុំឲ្យតុលាការមោឃភាពចោលទាំងស្រុង នៃវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមួយកន្លែង មានលេខក្បាលដី ១៧៩ មានទំហំ ១៨៤៤៥ម៉ែត្រការ៉េ ស្ថិតក្នុងភូមិពុលុ ឃុំប៊ូស្រា ប្រគល់ឲ្យពលរដ្ឋទាំង៤ភូមិវិញ។ ជាងនេះទៀត ក៏ទាមទារឲ្យឈ្មោះ ទូច វត្ថា និងឈ្មោះ ស៊ាង រ៉ាវី ដែលបានគប់គិតធ្វើប្លង់រំលោភយកទីបញ្ចុះសពដូនតាពួកគាត់ ដោយត្រូវសងសំណងនៃការខូចខាតជំងឺចិត្ត សម្រាប់ធ្វើពិធីសែនព្រេន តាមបែបប្រពៃណីជនជាតិដើមភាគតិច និងសុំសេចក្តីសុខ ចំនួន ១ម៉ឺនដុល្លារ ផងដែរ៕









