លោក ស៊ី ថា​ពិភព​លោក​កំពុង​ស្ថិត​ក្នុង​ហានិ​ភ័យ​នៃ​«ច្បាប់​​ព្រៃ» ខណៈ​​បង្កើន​ទំនាក់​ទំនង​ជាមួយ​រុស្ស៊ី

លោក ស៊ី ជិនភីង បាន​លើក​ឡើង​ថា ពិភព​លោក​កំពុង​ស្ថិត​ក្នុង​ហានិ​ភ័យ​នៃ​ការ​ធ្លាក់​ចុះ​ទៅ​រក «ច្បាប់​ព្រៃ» វិញ ហើយ​បាន​កោត​សរសើរ​ចំពោះ​ទំនាក់​ទំនង​ចិន-រុស្ស៊ី ​ថា​ជា​កម្លាំង​ស្ថិរ​ភាព​សកល ខណៈ​ដែល​លោក​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះទ​ទួល​ស្វាគមន៍​ លោក វ្ល៉ាឌីមៀ ពូទីន នៅ​ក្នុង​ទីក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី​២០ខែ​ឧសភា ពោល​គឺ​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​បានទ​ទួល​ស្វាគមន៍​លោក ដូណាល់ ត្រាំ។

មេដឹកនាំចិនបានទទួលស្វាគមន៍ប្រធានាធិបតីរុស្ស៊ីយ៉ាង​ឱឡា​រិក នៅ​ចំកណ្តាល​​ទីក្រុង​ប៉េកាំង មុន​ពេល​ដែល​មេដឹក​​នាំ​​ទាំង​ពីរ​បាន​ឈាន​ជើង​ចូល​ទៅ​ក្នុង​មហា​សាល​ប្រជា​ជន។ ទិដ្ឋ​ភាព​នេះ​បាន​រំលឹក​ទៅ​ដល់​ជំនួប​កម្រិត​ខ្ពស់​របស់ លោក ត្រាំ ជាមួយ​លោក ស៊ី កាលពី​សប្តាហ៍​មុន ដែល​នៅ​ពេល​នោះ មេដឹក​នាំ​នៃ​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​ធំ​ជា​ង​​គេ​ទាំង​ពីរ បាន​ពិភាក្សា​លើ​បញ្ហា​ជំនួញ ការ​វិនិ​យោគ ជម្លោះ​អ៊ីរ៉ង់ និង​បញ្ហា​តៃវ៉ាន់។

កិច្ចពិភាក្សារវាងលោក ស៊ី និងលោក ពូទីន បានចាប់ផ្តើមជាមួយនឹង «ជំនួបជាទម្រង់ចង្អៀត» ដើម្បីពិភាក្សា​លើ​បញ្ហា​រសើបនានា មុនពេលបន្តធ្វើ «ជំនួបជាទម្រង់ទូលំទូលាយ» ជាមួយប្រតិភូរបស់ពួកគេ។ បន្ទាប់មក មេដឹកនាំទាំងពីរបានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើឯកសារជាច្រើន រួមទាំងការបន្តសុពលភាពនៃ «សន្ធិសញ្ញាសហប្រតិបត្តិការមិត្តភាព និងភាពជាអ្នកជិតខាងល្អចិន-រុស្ស៊ី» ផងដែរ។

នៅក្នុងការអត្ថាធិប្បាយ លោក ស៊ី បានមានប្រសាសន៍ថា ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ ស្ថិត​​ក្នុង «កម្រិតខ្ពស់បំផុតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដោយលោកបានអំពាវនាវឱ្យរួមគ្នាប្រឆាំង​​នឹង «ការគំរាមកំហែងឯកតោភាគីទាំងអស់» និងបានសង្កត់ធ្ងន់ថា បទឈប់បាញ់គ្រប់ជ្រុងជ្រោយនៅ​មជ្ឈិមបូព៌ា គឺ​ជា​រឿង​បន្ទាន់​បំផុត។ ចំណែកលោក ពូទីន ក៏បានកោតសរសើរចំពោះទំនាក់ទំនងនេះថា ស្ថិត​ក្នុង «កម្រិត​ខ្ពស់​​ដែល​មិន​​ធ្លាប់​​​មាន» និងបានបញ្ជាក់ថា រុស្ស៊ីនៅតែជា «អ្នកផ្គត់ផ្គង់ថាមពលដ៏គួរឱ្យ​ទុក​ចិត្ត»។

ពាណិជ្ជកម្ម និងការវិនិយោគ គឺជាប្រធានបទសំខាន់បំផុតសម្រាប់លោក ពូទីន ខណៈដែលសេដ្ឋកិច្ចរបស់លោក​កំពុង​រងទណ្ឌកម្មពីសង្គ្រាមនៅអ៊ុយក្រែន។ ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់រុស្ស៊ី បានទិញប្រេងជិត​ពាក់​កណ្តាលនៃការនាំចេញរបស់ទីក្រុងម៉ូស្គូ។ ផ្ទុយស្រឡះពីភាពតានតឹងជាមួយទីក្រុងវ៉ាស៊ីនតោន លោក ពូទីន និង​លោក ស៊ី បានបង្ហាញពីចំណងទាក់ទងដ៏កក់ក្តៅកាន់តែខ្លាំងឡើង ដោយបានហៅគ្នាទៅវិញទៅមកថាជា «មិត្តចាស់»។

ខណៈពេលដែលលោក ស៊ី កំពុងរៀបចំទទួលស្វាគមន៍លោក ពូទីន ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា ប្រទេស​​ចិន​នឹង​ទិញយន្តហោះប៊ូអ៊ីង (Boeing) ចំនួន ២០០ គ្រឿង និងបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋ​អាមេ​រិក។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង ក៏មិនបានបដិសេធចំពោះលទ្ធភាពនៃជំនួបរវាងលោក ពូទីន និង​លោក ត្រាំ នៅក្នុងខែវិច្ឆិកា ក្នុងកំឡុងកិច្ចប្រជុំកំពូលអេប៉ិក (Apec) នោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ