កម្ពុជាយល់ព្រមបញ្ឈប់ពលរដ្ឋខ្មែរនៅភូមិសិលាខ្មែរ មិនឱ្យភ្ជួរស្រែលើដីខ្មែរ តាមសំណើររបស់ថៃ ខណៈគណបក្សចំនួន២៨ ប្រកាសគាំទ្ររដ្ឋាភិបាល លោកហ៊ុន ម៉ាណែត ក្នុងការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធីជាមួយថៃ។
អ្នកឃ្លាំមើល ចាត់ទុកការគាំទ្រនេះថា ដូចគាំទ្ររដ្ឋាភិបាលកាត់ទឹកដីឱ្យថៃ ខណៈថៃនៅតែបន្តរុលចូលរំលោភយកទឹកដីកម្ពុជាជារៀងរាល់ថ្ងៃ ចាប់តាំងពីក្រោយបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ប៉ុន្តែរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែមិនប្តឹងថៃទៅកាន់តុលាការអន្តរជាតិ ថែមទាំងមិនប្រើសិទ្ធិការពារទឹកដីនៅលើដីជាក់ស្តែងថែមទៀត។
ប្រតិកម្មទាំងនេះ បានកើតឡើងបន្ទាប់ពី លោកប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បានថ្លែងនៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់ស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២១ខែឧសភាថា នៅក្នុងឱកាសនៃកិច្ចប្រជុំរវាងគណបក្សសម្ព័ន្ធភាពរបស់គណបក្សប្រជាជនកម្ពុជា ដែលបានបើកធ្វើកាលពីថ្ងៃទី២០ ខែឧសភា តំណាងគណបក្សចំនួន២៨ បានប្រកាសគាំទ្ររាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ។
លោកប៉ែន បូណា ថ្លែងថា៖ «តំណាងគណបក្សនយោបាយចំនួន២៨ ដែលបានចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា បានប្រកាសគាំទ្រពេញទំហឹងចំពោះគោលជំហរដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាលជាមួយប្រទេសថៃ តាមមធ្យោបាយសន្តិវិធីដោយផ្អែកលើយន្តការការទូតនិងច្បាប់អន្តរជាតិ»។
នៅក្នុងជំនួបនោះដែរ លោក ហ៊ុន សែន ប្រធានកណបក្សប្រជាជនកម្ពុជា បានថ្លែងថា ទឹកដីរបស់កម្ពុជានេះ មិនមែនជារបស់គណបក្សណាមួយ ហើយក៏មិនមែនជារបស់អ្នកណា ក្រុមណាមួយឡើយ ប៉ុន្តែវាជារបស់យើងទាំងអស់គ្នា។
លោកសង្កត់ធ្ងន់ថា៖ «មានជាតិ មានទឹកដី ទើបយើងមានគណបក្សនយោបាយដែលយើងអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នាពេលបច្ចុប្បន្ននេះ ដូច្នេះបានជាសម្ព័ន្ធភាពនៃគណបក្សនយោបាយទាំងអស់ គឺរួមគ្នាការពារនូវបូរណភាពទឹកដី ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀង»។
ការថ្លែងរបស់ លោកហ៊ុន សែន នេះ ត្រូវបានអ្នកឃ្លាំមើលចាត់ទុកថា ជាសារប្រជាភិថុតិ ខណៈលោកហ៊ុន សែន នៅតែប្រើកណ្តាប់ដៃកម្ចាត់ខ្មែរអ្នកស្នេហាជាតិ តាមរយៈការចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់ ដែលរហូតមកដល់ពេលនេះ កើនឡើងដល់ជាង ១០០នាក់ ក្រោមយុទ្ធសាស្ត្រងើបមួយវ៉ៃមួយ ចំពោះសកម្មជននយោបាយប្រឆាំង និងសកម្មជនសង្គមដែលបញ្ចេញមតិរិះគន់ពីបញ្ហាព្រំដែ ការបំផ្លិចបំផ្លាញធនធានធម្មជាតិ ឧក្រិដ្ឋកម្មអនឡាញនិងបញ្ហាជាតិផ្សេងៗ។
លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានប្រាប់វីអូឌី នៅថ្ងៃទី២២ខែឧសភានេះថា គណបក្សសម្ព័ន្ធភាពចំនួន២៨ គឺជាគណបក្សស្ថិតនៅក្នុងក្រុមប្រឹក្សាពិគ្រោះយោបល់ដែលរស់ដោយសារលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ចិញ្ចឹម។ ហេតុដូច្នេះលោកថា វាមិនចម្លែកទេដែលគណបក្សមានតែឈ្មោះទាំងនោះ គាំទ្ររដ្ឋាភិបាល ពីព្រោះបើមិនគាំទ្រនឹងត្រូវបាត់បង់ងារជាឯកឧត្តម និងបាត់បង់កញ្ចប់ប្រាក់ដែលរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ផ្តល់ឱ្យជារៀងរាល់ខែ បើទោះបីជាដឹងថា លោកហ៊ុន ម៉ាណែត អសមត្ថភាពក្នុងការការពារទឹកដី និងបើទោះបីជាដឹងថា ទៅថ្ងៃខាងមុខលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត អាចនឹងកាត់ទឹកដីខ្មែរនៅតាមព្រំដែនទៅឱ្យថៃយ៉ាងណាក្តី។
សម្រាប់មន្ត្រីបក្សប្រឆាំងរូបនេះ ការគាំទ្រការដោះស្រាយបញ្ហាព្រំដែនទ្វេភាគីជាមួយថៃដូចបច្ចុប្បន្ននេះ គឺមិនខុសអ្វីពីការគាំទ្រលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ឱ្យកាត់ទឹកដីខ្មែរទៅឱ្យថៃ ដើម្បីដូរយកសន្តិភាពនិងការពារអំណាចតពូជនោះទេ ពីព្រោះដូចមើលឃើញទាំងអស់គ្នាហើយថា លោកហ៊ុន ម៉ាណែត អត់មានដំណោះស្រាយអ្វី ដើម្បីទាមទារយកទឹកដីខ្មែរដែលថៃឈ្លានពានមកវិញនោះទេ មានតែថៃរុលចូលវាទយកដីខ្មែរបន្ថែមទៀត។
លោកថា៖ «ឱ្យថៃបន្តឈ្លានពានរុលយកទឹកដីខ្មែរស្រេចចិត្ត ឈូសឆាយយកដីខ្មែរស្រេចចិត្ត ហើយសាងសង់សំណង់លើដីខ្មែរស្រេចចិត្ត អត់មានការទប់ស្កាត់អីផងហ្នឹង អត់មានមធ្យោបាយទប់ស្កាត់ការឈ្លានពានផងហ្នឹង អត់មានប្តឹងថៃទៅកាន់ ICJផងហ្នឹង។ ចង់ចរចាតែទ្វេភាគីជាមួយថៃហ្នឹង អត់មានប្តឹងថៃទៅកាន់សហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អត់ប្រើសិទ្ធិស្វ័យការពារដើម្បីទប់ស្កាត់កុំឱ្យថៃឈ្លានពាន សាងសង់សំណង់រឹងផ្សេងៗនៅលើទឹកដីខ្មែរផងនឹង។ ដូច្នេះកាលណាគណបក្សទាំង២៨ គាំទ្រជំហររបស់លោកហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយថៃមានន័យថា ដូចជាគាំទ្រលោកហ៊ុន ម៉ាណែត កាត់ទឹកដីខ្មែរឱ្យថៃដើម្បីដូរយកសន្តិភាពនិងអំណាចតែប៉ុណ្ណោះឯង»។
ជាមួយគ្នានេះ លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានចាត់ទុកគណបក្សទាំង២៨ នៅក្នុងក្រុមប្រឹក្សាពិគ្រោះយោបល់ ជាគណបក្សអាយ៉ង ដែលចាំតែដង្ហែតាមនិងគាំទ្រ លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត គ្រប់រឿងទាំង។ ភាគច្រើនគណបក្សរបស់ពួកគេមានតែក្បាលហើយពលរដ្ឋមិនដែលបោះឆ្នោតគាំទ្រនោះទេ។ បើតាមលោកម៉ែន ណាត គណបក្សទាំងអស់នេះ បានទទួលប្រយោជន៍ពីរដ្ឋាភិបាលលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ដូច្នេះគឺត្រូវតាមបម្រើគណបក្សកាន់អំណាចឥតងាករេ បើហ៊ានងាករេនឹងត្រូវបណ្តេញចេញពីក្រុមប្រឹក្សាពិគ្រោះយោបល់។
លោកថា៖ «ពួកនឹងខ្វាក់ភ្នែកអស់ហើយ មិនដឹងថាស្ថានភាពកម្ពុជានឹងវាដល់ណាហើយទេ អត់ខ្វល់ រដ្ឋាភិបាល លោកហ៊ុន ម៉ាណែត នាំទៅណាគឺទៅហ្នុង ពីព្រោះគណបក្សអស់ហ្នឹងជាគណបក្សមានតែក្បាលទេ។ ឧទាហរណ៍ដូចគណបក្សលោកញ៉ឹក ប៉ុនឆៃ គណបក្សលោក ម៉ម សូណង់ដូ ជាដើម មានអ្នកណាគាំទ្រ បោះឆ្នោតដែលជាប់ទេ? អត់ទេសូម្បីសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់រក១ឃុំ ២ឃុំ មិនចង់បានផងគ្មានគេបោះឱ្យទេ។ ម៉្លោះហើយលោកហ៊ុន សែនដាក់គណបក្សហ្នឹងគ្រាន់តែជាក្បាលហើយ បញ្ចូលសមាជិកថ្នាក់ដឹកនាំគណបក្សអស់ហ្នឹងចូលទៅក្នុងសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់រួច ផ្តល់ប្រាក់ខែឱ្យពួកនឹងទៅ ដើម្បីឱ្យពួកទាំងអស់គ្នាហ្នុង គាំទ្រនយោបាយផ្តេសផ្តាសរបស់លោកហ៊ុន ម៉ាណែត»។
អ្នកឃ្លាំមើលរូបនេះ លើកឡើងថា ដូចបច្ចុប្បន្នសៀមកំពុងតែឈ្លានពានកម្ពុជារុលចូលទឹកដីកម្ពុជាជារៀងរាល់ថ្ងៃ កាន់តែជ្រៅទៅៗធំទៅៗ។ ចំណែកគណបក្សទាំងអស់ នឹងនាំគ្នានៅតែបន្តគាំទ្រនយោបាយ លោកហ៊ុន ម៉ាណែត ថាធ្វើត្រឹមត្រូវឆ្លាតវៃ ក្នុងការដោះស្រាវវិវាទព្រំដែនជាមួយសៀមទៀត ខណៈរដ្ឋាភិបាល លោកហ៊ុន ម៉ាណែត មិនត្រឹមតែមិនហ៊ានប្តឹងថៃ ថែមទាំងមិនប្រើសិទ្ធិការពារទឹកដីខ្មែរលើដីជាក់ស្តែងទៀតផង។
លោកថា៖ «អ៊ីចឹងអាក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ហ្នឹង មិនគួរឱ្យមានទេអាណត្តិក្រោយៗ ពីព្រោះប្រើប្រាស់លុយជាតិច្រើនណាស់ ផ្តល់ប្រាក់ខែឱ្យពួកគេដែលជាការបំផ្លាញថវិកាជាតិបានពីការបង់ពន្ធរបស់ប្រជាពលរដ្ឋ។ បើរដ្ឋាភិបាល ហ៊ុន ម៉ាណែត ចង់កែទម្រង់គឺត្រូវលុបស្ថាប័នហ្នឹងចោល ព្រមទាំងលុបស្ថាប័នក្រសួងអីផ្សេងៗមួយចំនួនទៀត។ អាហ្នឹងវាពាក់ព័ន្ធនឹងគោលការណ៍កែទម្រង់រដ្ឋាភិបាល»។
បន្ថែមពីនេះ លោកមួង ណាតរ៉េត អ្នកធ្វើអត្ថាធិប្បាយលើបណ្តាញសង្គម បានថ្លែងថា សារព័ត៌មានថៃនានា បានចុះផ្សាយកាលពីថ្ងៃទី២១ខែឧសភា ពីករណីដែលទាហានថៃហាមប្រជាពលរដ្ឋខ្មែរមិនឱ្យភ្ជួរស្រែនៅភូមិសិលាខ្មែរ ក្បែរភូមិជោគជ័យ ដោយត្រូវរង់ចាំការសម្រេចរបស់គណៈកម្មការព្រំដែនចម្រុះ (JBC) ខណៈព័ត៌មាននេះមិនមានការចុះផ្សាយនៅកម្ពុជាទេ។
លោកថា៖ «ថាមានការជជែកគ្នាជាមួយគណភូមិភាគអីហ្នឹង រឿងថៃចុះទៅហាមឃាត់ប្រជាពលរដ្ឋអត់ឱ្យភ្ជួរស្រែលើកដីខ្មែរក្បែរភូមិជោគជ័យ។ ថៃគេរើបន្លាលួសដាក់របងដាក់អីក៏បានស្រេចតែចិត្ត គេចង់ដាក់ប្លង់កម្មសិទ្ធិអីទៅឱ្យជនជាតិថៃ នៅក្នុងដីខ្មែរបានដល់ខ្មែរទៅឈូសឆាយថាចាំដល់ប្រជុំ JBC សិនខូចអីខូចយ៉ាងនេះ។ ហើយឥឡូវថ្ងៃនឹងយករូបព្រះពុធបដិម៉ាប៉ុណ្ណាណីយកមកដាក់នៅអានសេះ ហើយប្រជុំគ្នាគណៈកម្មាការគេនឹងយកភ្លើងអគ្គិសនី កែប្រែស្តារហេដ្ឋារចនាសម្ព័ន្ធនៅអាច្រកអានសេះហ្នឹង ដើម្បីដាំដើមឈើនៅដីដែលយកបាននៅម្តុំលោកតាអ៊ុំអីហ្នឹង កន្លែងផ្សារបស់ខ្មែរអីហ្នឹង ឥឡូវគេកែទៅបស់គេអស់ដាំដើមឈើនាំភ្ញៀវទេសចរម៉ោ ហើយយើងនៅតែចរចាៗ អត់ព្រមប្តឹងថៃទៅតុលាការអន្តរជាតិ»។
សូមបញ្ជាក់ថា នៅក្នុងពិធីអបអរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កាលពីថ្ងៃទី១៥ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា កម្ពុជាមិនមែនខ្លាចថៃនោះទេ ប៉ុន្តែបើសិនជាមានជម្រើសការពារទឹកដីក្រៅពីវៃគ្នា នោះកម្ពុជានឹងជ្រើសរើសយកជម្រើស ការចរចាទ្វេភាគី ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ បើទោះបីជាមានសង្ឃឹមត្រឹម១ភាគរយក្តី ដើម្បីចៀងវាងការស្លាប់អាយុជីវិតមនុស្ស។
សារព័ត៌មានថៃមួយចំនួន ក្នុងនោះមានទាំងThe Nationផងដែរ បានចុះផ្សាយកាលពីថ្ងៃទី២១ខែឧសភាថា បន្ទាប់ពីមានការជួបប្រជុំគ្នាកាលពីថ្ងៃទី២០ ខែឧសភា រវាងទាហានខ្មែរកងការពារព្រំដែនលេខ៥០៣ និងទាហានឈុតខ្មៅថៃប្រចាំការនៅតំបន់ព្រំដែនលេខ១២ ដែលបានចុះត្រួតពិនិត្យ និងចរចាគ្នានៅតំបន់ព្រំដែនភូមិសិលាខ្មែរ ភាគីកម្ពុជាបានយល់ព្រមដកថយចេញពីទីតាំងដែលថៃហាមពលរដ្ឋខ្មែរ មិនឱ្យភ្ជួរដីអាស្រ័យផលនៅភូមិសិលាខ្មែរ ក្នុងឃុំអូរបីជាន់ ចម្ងាយប្រហែល៤០០ម៉ែត្រ រហូតដល់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកJBC បោះបង្គោលព្រំដែនជាផ្លូវការ។
សូបបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែឧសភា ទាហានឈុតខ្មៅថៃបានឆ្លងរបងបន្លាលួស ចូលមកហាមឃាត់ត្រាក់ទ័ររបស់ពលរដ្ឋខ្មែរ ដែលកំពុងភ្ជួរដីស្រែនៅក្នុងភូមិសិលាខ្មែរ។ ក្រសួងការពារជាតិ បានប្រកាសកាលពីថ្ងៃទី១៨ខែឧសភាថា តំបន់ភូមិសិលាខ្មែរជាទីតាំងដែលពលរដ្ឋកម្ពុជាបានបង្កបង្កើនផល និងអាស្រ័យផលជាយូរណាស់មកហើយ។ យ៉ាងណាក្តីការចុះផ្សាយរបស់សារព័ត៌មានថៃ មិនទាន់ឃើញមានប្រតិកម្មពីភាគីកម្ពុជានៅឡើយទេ។
ទាក់ទងនឹងទឹកដីនៅភូមិសិលាខ្មែរនេះ លោក អ៊ុំ សំអាន បានចោទសួរថា ទឹកដីខ្មែរសោះ ហេតុអ្វីធ្វើតាមបញ្ជារបស់ថៃ ខណៈទាហានថៃឆ្លងហួសបន្លាលួសដែលពួកគេទើបដាក់ថ្មី មកហាមឃាត់ពលរដ្ឋខ្មែរមិនឱ្យភ្ជួរស្រែនៅលើដីខ្មែរ? មន្ត្រីបក្សប្រឆាំងរូបនេះ ថ្លែងថា សម័យលោក ហ៊ុន ម៉ាណែត ជាសម័យដែលដឹកនាំអន់ជាងគេបំផុតក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលថៃឈ្លានពានយកទឹកដីខ្មែរស្រេចនឹងចិត្ត ដោយគ្មានការរារាំង។ លោកថា លោក ហ៊ុន ម៉ាណែត គួរតែចុះចេញពីតំណែងដើម្បីកុំឱ្យបាត់បង់ទឹកដីខ្មែរបន្ថែមទៀតទៅថៃ៕









