ចំពេលមានការលើកឡើងថា ក្រោយបទឈប់បាញ់ជាង៥ខែមកនេះ ថៃបន្តឈ្លានពានទឹកដីកាន់តែច្រើនឡើងគ្មានការទប់ស្កាត់ និងបន្សល់ទុកជនរងគ្រោះរាប់ម៉ឺននាក់ពីប្រព័ន្ធយុត្តិធម៌នោះ រដ្ឋាភិបាលបានអះអាងថា ខ្លួនកំពុងជ្រែងជើងយ៉ាងរ៉ឹងមាំ បន្តអភិវឌ្ឍន៍ឥតឈប់ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
នេះបើតាមការអះអាងរបស់អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដែលបាននិយាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ។
លោកថា៖ «បើទោះបីជាទទួលរងព្យុះភ្លៀងដែលកើតឡើងពីការឈ្លានពានទឹកដី ពីសំណាក់ប្រទេសថៃ និងឥទ្ធិពលអវិជ្ជមានដែលកើតឡើងពីសង្គ្រាមនៅមជ្ឈិមបូព៌ាយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្តឈរជ្រែងជើងយ៉ាងរឹងមាំ ដើម្បីជម្នះនូវឧបសគ្គទាំងនោះដោយដៃម្ខាងខិតខំការពារបូរណភាពទឹកដី តាមរយៈនយោបាយការទូតយ៉ាងសកម្ម និងម៉ឺងម៉ាត់ប្រកបដោយភាពចាស់ទុំ និងដៃម្ខាងទៀត ខិតខំដាក់ចេញអន្តរាគមន៍នានា ដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋតាមគ្រប់មធ្យោបាយ»។
លោកបន្តថា ទន្ទឹមនឹងនោះ រដ្ឋាភិបាលបន្តអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ដោយបោះជំហានទៅមុខឥតឈប់ឈរស្របតាមគោលនយោបាយដែលបានដាក់ចេញ។
ប៉ុន្តែផ្ទុយពីនេះ តំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន ដែលមានជំនាញកិច្ចការព្រំដែន បានអះអាងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អសមត្ថកិច្ចក្នុងការការពារបូរណភាពទឹកដី បណ្តោយឱ្យថៃឈ្លានពានទឹកដីខ្មែរតាមចិត្តចាប់ពីមានបទឈប់បាញ់ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលមានរយៈពេលជាង៥ខែមកនេះ។
លោកថា ទឹកដីខ្មែរ ៧២ទីតាំង ហើយនៅតាមខេត្តជាប់ព្រំដែន ត្រូវបានថៃរំលោភយកទាំងគ្មានការប្រើសិទ្ធិស្វ័យការពារ និងថែមទាំងមិនប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដើម្បីទាមទារទឹកដីខ្មែរត្រឡប់មកវិញទៀតផង ដែលលោកថានេះជាហានិភ័យធ្ងន់ធ្ងរសម្រាប់បូរណភាពទឹកដីខ្មែរក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត។
លោកថា៖ «ទឹកដីខ្មែរយើងនឹងបាត់បង់បន្ថែមទៀត មិនមែនបាត់ត្រឹមប៉ុណ្ណឹងទេ ប្រសិនបើជំហរលោក ហ៊ុន ម៉ាណែត ទន់ជ្រាយអត់មានវិធានការទប់ស្កាត់ ឱ្យគេឈ្លានពានស្រេចចិត្តអីចឹង និងមួយទៀតអត់ប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ អត់សង្ឃឹមថា បានទឹកដីទាំងនោះមកវិញទេ។ ហើយទឹកដីនឹងបន្តបាត់បង់តទៅទៀត។ ហើយបញ្ហាចាក់ស្រេះនៅក្នុងសង្គមហ្នឹង ក៏មិនអាចដោះស្រាយបាន ដោយសារតែអត់មានគណបក្សប្រឆាំងនៅក្នុងសភាផង ហើយអត់មានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ផងគេខ្វល់អី គេហៅថាជិះសេះលែងដៃ»។
ចំណែក ឆន្ទៈលើកកម្ពស់ជីវភាពពលរដ្ឋក៏ដូចគ្នាដែរ លោកថា គឺរដ្ឋាភិបាលនេះ មិនបានជួយដោះស្រាយបញ្ហាពលរដ្ឋនៅតាមព្រំដែនទេ ដោយសំអាងថា ថ្មីៗនេះ ថៃបានរារាំងមិនឱ្យពលរដ្ឋខ្មែរភ្ជួរដីធ្វើស្រែលើដីធ្លាប់អាស្រ័យផល នៅភូមិសិលាខ្មែរ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយទីបំផុតរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត សម្រេចធ្វើតាមថៃ និងដកទ័ពខ្មែរ ថយពីទីតាំងចាស់ចម្ងាយ ៤០០ម៉ែត្រទៀតផង ទាំងនេះបញ្ជាក់ថា រដ្ឋាភិបាលគ្មានឆន្ទៈជួយដល់ពលរដ្ឋទេ។
លោកបន្តទៀតថា ពលរដ្ឋនៅខេត្តមិនជាប់ព្រំដែនក៏ដូចគ្នាដែរ គឺពលរដ្ឋរងគ្រោះរាប់ម៉ឺននាក់ ពីអំពើឆបោករបស់ក្រុមឧកញ៉ា ដូចជា ក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្រា ក្រុមហ៊ុន អ្នកស្រី ឡេង ចាន់ណា ពិភពដីមាស របស់លោក ហ៊ី គឹមហុង អ្នកចាញ់បោក លោក ហ៊ុន តូ នៅក្រុមហ៊ុនហួយវ័ ផេ និងអ្នករងគ្រោះដីធ្លីរាប់ម៉ឺនគ្រួសារទៀត កំពុងប្រឈមនឹងការបណ្តេញពីសំណាក់អាជ្ញាធរ ដើម្បីបើកផ្លូវឱ្យក្រុមហ៊ុនអ្នកមានអំណាច។
បញ្ហាចាក់ស្រេះនេះ លោកថា ពលរដ្ឋច្រើនម៉ឺននាក់ទៀត នឹងបន្តគ្រោះរងគ្រោះ ពីប្រព័ន្ធដឹកនាំបែបគ្រួសារនិយមនេះយូរឆ្នាំទៅមុខទៀត បើគ្មានចរន្តផ្លាស់ប្តូរតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ដែលមានបក្សប្រឆាំងចូលរួមឡើងវិញទេនោះ។
ចំណែប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ហាក់ស្តីបន្ទោសចំពោះសារនយោបាយរបស់អ្នកនាំពាក្យរដ្ឋាភិបាលពេលនេះ។
លោកថា៖ «បើអ្នកនាំពាក្យហ្នឹងគាត់មានភ្នែក គាត់មាន ហើយចេះគិតពិចារណា ហើយបានមើលឃើញអំពីអ្វីដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្ន ខ្ញុំគិតថា បើមនុស្សមានចិត្តមានបេះដូងប្រហែលមិនអាចនិយាយពាក្យទំាងអស់ហ្នឹងបានទេ»។
សម្រាប់ លោក ករុណា មើលមិនឃើញពីការដែលថា រដ្ឋាភិបាលបានការពារបូរណភាពទឹកដីទេ ខណៈថៃឈ្លានពានទឹកដីខ្មែរតាមចិត្ត និងប្រមាថខ្មែរដូចបច្ចុបន្ននោះ។
មួយវិញទៀត លោកថា ការអភិវឌ្ឍក៏ដូចគ្នា ដោយសំអាងថា ពលរដ្ឋបច្ចុប្បន្ន ជួបវិបត្តិស្ទើរគ្រប់វិស័យ ទាំងវិស័យកសិកម្ម វិស័យការងារ វិបត្តិដីធ្លី ពលរដ្ឋជាប់វិបត្តិបំណុលវ័ណ្ឌក កសិករមិនត្រឹមអត់ទីផ្សារលក់ផលិតផលប៉ុណ្ណោះទេ ថែមទាំងនៅតាមបណ្តាខេត្តខ្លះ ត្រូវគេរំលោភយកដីធ្លី ដែលធ្លាប់អាស្រ័យផល ហើយថា លើសពីនេះប្រព័ន្ធច្បាប់ ពេលខ្លះបែរជាទៅបង្ក្រាបជនរងគ្រោះថែមទៀតផង។
លោកថា៖ «អភិវឌ្ឍន៍គ្រប់វិស័យស្អីគេ? វិស័យហ្នឹងទៅមុខយ៉ាងម៉េច? យើងមើលឃើញហើយមានតែភាពអព្ភអួរប្រទេសជាតិធ្លាក់ក្នុងភាពអាម៉ាស ដោយសហគមន៍អន្តរជាតិ គេកំពុងតែហាមឃាត់ពលរដ្ឋគេមិនឱ្យធ្វើការវិនិយោគ ឱ្យមានការប្រុងប្រយ័ត្នមកទេសចរណ៍នៅកម្ពុជា។ ស្ថានភាពសិទ្ធិមនុស្ស ស្ថានភាពនយោបាយនៅក្នុងប្រទេសស្ថិតនៅក្នុងស្ថានភាពបែកបាក់ជាតិ ដែលយើងមិនអាចរកពាក្យអ្វីមកនិយាយឱ្យត្រូវនូវរូបភាពបែបហ្នឹង»។
ជុំវិញវិធានការការពារបូរណភាពទឹកដី ចាប់តាំងពីថៃបើកការឈ្លានពានកម្ពុជា ពីខែកក្កដា ឆ្នាំ២០២៥មក អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន ប៉ូណា ធ្លាប់និយាយថា កម្ពុជាបានចេញកំណត់ទូតតវ៉ា រួមទាំងលិខិតតវ៉ាផ្សេងៗទៀត ប្រឆាំងទៅនឹងទង្វើឈ្លានពានរបស់ថៃនេះ ជាង៧០០លើករួចមកហើយ តែជាការកត់សម្គាល់ច្រើនខែមកនេះ ថៃមិនបន្ធូរដៃក្នុងការពង្រីកព្រំដែនឈ្លានពានកម្ពុជាម្តងណាទេ។
លើសពីនេះ ក៏គ្មានប្រទេសណាមួយ ថ្កោលទោសទង្វើឈ្លានពានរបស់ថៃ មកលើកម្ពុជា សូម្បីតែមហាមិត្តដែកថែបចិន និងវៀតណាម ដែលជាមិត្តម៉ឺនឆ្នាំរបស់បក្សកាន់អំណាច ក៏ឃើញចេញមុខថ្កោលទោសថៃនោះទេ ដែលការណ៍នេះ អ្នកឃ្លាំមើលចាត់ទុកថា ជាកម្សោយរបស់មេដឹកនាំ ដែលកម្ពុជាចាំបាច់ត្រូវប្រញាប់ប្តឹងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ទើបអាចការពារ និងដណ្តើមទឹកដី ពីប្រទេសថៃនិងវៀតណាម យកមកវិញបាន បើមិនដូច្នេះទេ ទឹកដីកម្ពុជានឹងបន្តបាត់បង់ច្រើនជាងនេះទៀតទៅប្រទេសជិតខាង៕









