នាយកប្រតិបត្តិនៃទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្រមានកាលពីថ្ងៃទី២១ខែឧសភាថា ទីផ្សារប្រេងនឹងឈានចូលដល់ «តំបន់ក្រហម» នៅត្រឹមខែកក្កដា និងខែសីហា ដោយសារតែស្តុកប្រេងថយចុះ មុនពេលរដូវកាលធ្វើដំណើរកម្សាន្តនាពេលរដូវក្តៅមកដល់ ចំពេលមានការខ្វះខាតការនាំចេញប្រេងពីមជ្ឈិមបូព៌ា។
លោក Fatih Birol បានបន្ថែមថា ដំណោះស្រាយដ៏សំខាន់បំផុត គឺការបើកច្រកសមុទ្រ Hormuz ឡើងវិញទាំងស្រុង និងដោយគ្មានលក្ខខណ្ឌ។
នៅក្នុងការថ្លែងទៅកាន់ស្ថាប័ន Chatham House លោក Birol បាននិយាយថា សមាជិក IEA អាចបញ្ចេញស្តុកប្រេងបម្រុងយុទ្ធសាស្ត្របន្ថែមទៀត ដូចកាលពីខែមីនា ដោយសារស្តុកបម្រុងរួមគ្នារហូតដល់ ៨០% មិនទាន់ត្រូវបានបញ្ចេញនៅឡើយទេ។
លោកបានព្រមានថា៖ «យើងអាចនឹងឈានចូលដល់តំបន់ក្រហមនៅក្នុងខែកក្កដា-សីហា ប្រសិនបើយើងមិនឃើញមានការកែលម្អណាមួយទេនោះ»។
លោក Birol ក៏បានសម្តែងការបារម្ភផងដែរថា គណបក្សជ្រុលនិយមនៅក្នុងតំបន់អឺរ៉ុប អាចនឹងឆ្លៀតឱកាសកេងចំណេញពីអតិផរណានាពេលខាងមុខ ដើម្បីរិះគន់ប្រព័ន្ធនយោបាយបច្ចុប្បន្ន ទាំងដែលតាមការពិត តម្លៃប្រេងត្រូវបានកំណត់នៅលើឆាកអន្តរជាតិ។ លោកបានចាត់ទុកការប៉ះទង្គិចផ្នែកប្រេងលើកនេះថា ធ្ងន់ធ្ងរជាងវិបត្តិឆ្នាំ១៩៧៣, ១៩៧៩ និងឆ្នាំ២០២២ ទៅទៀត ដោយមានប្រេងប្រហែល ១៤ លានបារ៉ែលក្នុងមួយថ្ងៃ ត្រូវបានបាត់បង់ពីទីផ្សារ។ លោកមើលមិនឃើញពីលទ្ធភាពដែលការផលិតប្រេងនឹងងើបឡើងវិញពេញលេញ យ៉ាងហោចណាស់ក្នុងរយៈពេលមួយឆ្នាំនោះទេ ហើយកេរ្តិ៍ឈ្មោះរបស់មជ្ឈិមបូព៌ាក្នុងនាមជាអ្នកផ្គត់ផ្គង់ថាមពលប្រកបដោយសុវត្ថិភាពត្រូវបានខូចខាត។
ការព្រមានរបស់លោកបានធ្វើឡើងចំពេលដែលប្រទេសប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួលក្នុងការចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានជួបប្រទះនឹងការលំបាក បន្ទាប់ពីការលើកពេលនៃដំណើរទស្សនកិច្ចរបស់មេបញ្ជាការយោធាប៉ាគីស្ថាន លោកសេនាប្រមុខ Asim Munir ទៅកាន់ទីក្រុងតេអេរ៉ង់ បានបង្ហាញថាកិច្ចប្រឹងប្រែងចរចាមិនទាន់ទទួលបានផ្លែផ្កានៅឡើយ។
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei បានបញ្ជាក់ជាថ្មីថា អ៊ីរ៉ង់នឹងមិនអនុញ្ញាតឱ្យស្តុកអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់របស់ខ្លួន ត្រូវបាននាំចេញទៅកាន់ប្រទេសទីបី ដូចជាប្រទេសរុស្ស៊ីនោះឡើយ ប៉ុន្តែជំហរនេះមិនបានច្រានចោលការធ្វើឱ្យស្តុកនោះចុះខ្សោយមកត្រឹមកម្រិតទាប ក្រោមការគ្រប់គ្រងរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នោះទេ។ យោងតាម IAEA អ៊ីរ៉ង់មានអ៊ុយរ៉ាញ៉ូមចំនួន ៤៤០,៩ គីឡូក្រាម ដែលត្រូវបានចម្រាញ់រហូតដល់កម្រិតភាពបរិសុទ្ធ ៦០% ដែលកៀកនឹងកម្រិតដែលអាចផលិតជាអាវុធបាន (៩០%)។
លោក ដូណាល់ ត្រាំ បានកាត់បន្ថយសារៈសំខាន់នៃការនាំចេញអ៊ុយរ៉ាញ៉ូមចម្រាញ់នេះ ដោយនិយាយថា សហរដ្ឋអាមេរិកចង់បានវា «ដើម្បីតែទំនាក់ទំនងសាធារណៈ (PR) ច្រើនជាងរឿងផ្សេងទៀត» ដោយសារអាមេរិកមានកាមេរ៉ាឃ្លាំមើលទីតាំងទាំងនោះ ២៤ ម៉ោងក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ លោកបានទទូចថា សហរដ្ឋអាមេរិកនឹងប្រមូលយកសម្ភារៈនោះមកកម្ទេចចោលនៅទីបំផុត។
ដោយឡែកពីគ្នានេះ ប្រទេសអ៊ីរ៉ង់បានប្រកាសពីព្រំដែននៃអាជ្ញាធរច្រកសមុទ្រពែរ្ស ដើម្បីត្រួតពិនិត្យការដឹកជញ្ជូនពាណិជ្ជកម្មតាមច្រកសមុទ្រ Hormuz។ ទីប្រឹក្សាការទូតជាន់ខ្ពស់របស់អារ៉ាប់រួម លោក Anwar Gargash បានពិពណ៌នាអំពីផែនទីនោះថាជា «ការស្រមើស្រមៃ» និងជាការប៉ុនប៉ងរំលោភលើអធិបតេយ្យភាពដែនសមុទ្ររបស់អារ៉ាប់រួម បន្ទាប់ពីអ៊ីរ៉ង់បានរងបរាជ័យខាងយោធាយ៉ាងច្បាស់ក្រឡែត៕









