បើទោះបីជានៅទីបំផុតតុលាការបានផ្តល់ពេលវេលាជាង១ម៉ោង ឱ្យលោក កឹម សុខា បានទៅជួបមុខម្តាយដែលកំពុងមានជំងឺធ្ងន់ធ្ងរលែងដឹងខ្លួនក្តី ក៏អ្នកនយោបាយប្រឆាំង និងអ្នកឃ្លាំមើលចាត់ទុកការបន្តឃុំខ្លួនមេបក្សប្រឆាំងរូបនេះថា ជាការឆ្លុះបញ្ចាំងពីភាពអយុត្តិធម៌ធ្ងន់ធ្ងរក្រោមឥទ្ធិពលអំណាចរបស់ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
សម្រាប់ក្រុមអ្នកឃ្លាំមើល និងប្រជាពលរដ្ឋខ្មែរក្នុងចំនួនដ៏ច្រើន លោកកឹម សុខា មិនត្រឹមតែមិនបានក្បត់ជាតិ កាត់ទឹកដីឱ្យបរទេស ឬក៏ធ្វើអ្វីមួយនាំឱ្យប៉ះពាល់ខូចខាតដល់ផលប្រយោជន៍ជាតិប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃអ្នកនយោបាយខ្មែរ ដែលប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សា ប្រជាធិបតេយ្យនិយម មិនយកខ្មែរណាជាសត្រូវ និងផ្តល់តម្លៃខ្ពស់លើផលប្រយោជន៍ជាតិ និងទឹកដី ខ្ពស់ជាងសេចក្តីសុខនិងអាយុជីវិតរបស់ខ្លួន។
នៅក្នុងពេលទៅជួបសួរសុខទុក្ខម្តាយជរា វ័យ១០១ឆ្នាំ ដែលកំពុងមានជំងឺជាទម្ងន់មានអាក្ការៈលែងដឹងខ្លួន កាលពីថ្ងៃទី២១ខែឧសភា លោក កឹម សុខា បាននិយាយទៅកាន់ម្តាយដែលកំពុងសម្រានស្តូកស្តឹងមិនអាចបើកភ្នែក និងមិនអាចកម្រើកដៃជើងបាន ក្រោមការឈរកៀកពីប៉ូលិសដែលស្លៀកពាក់ស៊ីវិលថា៖ «ម៉ែធ្លាប់ធ្វើធម៌ដឹងហើយថា កូនមិនដែលទៅបៀតបៀនអ្នកណា ហើយបើអ្នកណាបៀតបៀនកូន គឺអ្នកនឹងទទួលកម្មរបស់គេចុះ យើងអត់មានទៅធ្វើអីគេទេណាម៉ែ។[…]ចឹងហើយដើម្បីដោះទុក្ខទាល់តែយើងស្គាល់ហេតុនៃទុក្ខ ហើយហេតុនៃទុក្ខហ្នឹង ដូចខ្ញុំជម្រាបម៉ែអម្បាញ់មិញអ៊ីចឹង គឺមកពីអវិជ្ជា តណ្ហា ឧបាទាន និងកម្ម មិនមែនមកពីកម្មទាំងអស់ទេ មកពីឧបាទាន យើងជាប់ជំពាក់។ ដូចខ្ញុំចឹង ខ្ញុំជាប់ជំពាក់នឹងប្រទេសជាតិ ចឹងហើយបានខ្ញុំទទួលរងហ្នឹង ខ្ញុំអាណិតស្រឡាញ់ប្រទេសជាតិ ស្រឡាញ់ប្រជាពលរដ្ឋខ្មែរ។ ចឹងហើយអាហ្នឹងជាទុក្ខរបស់ខ្ញុំ ហើយខ្ញុំសូមឱ្យខ្មែរយើងចាកផុតទុក្ខ ឱ្យម៉ែចាកផុតទុក្ខ គ្រួសារយើងទាំងអស់ ប្រជាពលរដ្ឋទាំងអស់»។
បន្ថែមពីនេះ លោក កឹម សុខា បាននិយាយប្រាប់ម្តាយដែលមិនអាចបើកភ្នែកមើលលោក និងមិនអាចនិយាយតបតជាមួយលោកបានថា នៅពេលដែលលោករួចពីការឃុំខ្លួនមានសេរីភាព លោកនឹងទៅបួសសងគុណម្តាយ។
នៅក្នុងរយៈពេល២ថ្ងៃមកនេះ សាច់ញ្ញាតិ និងមេធាវី លោក កឹម សុខា រួមទាំងសាធារណៈជាច្រើន បានបង្ហាញអាម្មរណ៍សោកសង្រេងយ៉ាងខ្លាំង នៅលើបណ្តាញសង្គម និងស្នើឱ្យមានការដោះលែង លោកកឹម សុខា ដើម្បីឱ្យគាត់បានទៅមើលថែម្តាយនៅជីវិតចុងក្រោយលើកឡើងថា មេបក្សប្រឆាំងរូបនេះជាអ្នកស្នេហាជាតិ ស្រឡាញ់ជាតិ មិនមែនជាជនក្បត់ជាតិ ដូចការចោទប្រកាន់ទាំងបំពាននោះទេ។
សម្រាប់ លោក ស៊ឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី បានប្រាប់វីអូឌីនៅថ្ងៃទី២១ខែឧសភានេះថា លោកធ្លាប់បានចូលរួមសង្កេតការណ៍នៅក្នុងសវនាការ លោក កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញ កាលពីពេលកន្លងមក។
លោកមើលឃើញថា ករណីលោក កឹម សុខា គឺជាសំណុំរឿងអយុត្តិធម៌ ដោយមានការរំលោភច្បាប់យ៉ាងធ្ងន់ធ្ងរបំផុត ចាប់តាំងពីដើមទីមក ពីព្រោះកម្លាំងសមត្ថកិច្ចក្រោមបញ្ជា លោកហ៊ុន សែន បានឆ្មក់ចូលទៅចាប់ខ្លួនលោកកឹម សុខា នៅវេលារំលងអាធ្រាត្រថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ទាំងដែលមេបក្សប្រឆាំងរូបនេះនៅមានអភ័យឯកសិទ្ធិសភានៅឡើយ។
លោកថា៖ «ក្នុងការដឹកនាំប្រទេស ឬក៏ការអនុវត្តច្បាប់ក្នុងប្រទេស ខ្ញុំចាត់ទុកថា ជាការអនុវត្តច្បាប់តាមទំនើងចិត្ត តាមតែបញ្ជា មិនមែនជាការអនុវត្តច្បាប់ដោយគោរពទៅតាមនីតិវិធីច្បាប់ត្រឹមត្រូវនោះទេ ទាំងច្បាប់ជាតិ ទាំងច្បាប់អន្តរជាតិ។ ចឹងហើយយើងឃើញក្រោយពីមានការចាប់ខ្លួន លោកកឹម សុខា ក្រោយពីមានការរំលាយនូវគណបក្សសង្គ្រោះជាតិ យើងឃើញមានសម្ពាធពីសហគមន៍អន្តរជាតិជាបន្តបន្ទាប់»។
បើតាមអ្នកឃ្លាំមើល ដោយសារតែលោកហ៊ុន សែន បានប្រើតុលាការរំលាយគណបក្សសង្គ្រោះជាតិ ទាំងបំពានដែលជាការរំលាយប្រព័ន្ធត្រួតពិនិត្យអំណាចតាមបែបប្រជាធិបតេយ្យ ធ្វើឱ្យសហគមន៍អឺរ៉ុបដកEBA ២០ភាគរយ និងសហរដ្ឋអាមេរិកដកGSPទាំងស្រុង ធ្វើឱ្យកម្ពុជាកើតមានវិបត្តិយ៉ាងច្រើន រហូតមកដល់បច្ចុប្បន្ន ក្នុងនោះក៏មានឧក្រិដ្ឋអនឡាញដែលធ្វើឱ្យសហគមន៍អន្តរជាតិ កាន់តែមានការខឹងសម្បារកម្ពុជាថែមទៀត។
ការបន្តឃុំខ្លួន លោកកឹម សុខា និងអ្នកនយោបាយ រួមទាំងសកម្មជននានា គឺជារូបភាពឆ្លុះបញ្ចាំងថា ការដឹកនាំប្រទេសកម្ពុជាបច្ចុប្បន្ន មិនមែនប្រកាន់យករបបប្រជាធិបតេយ្យទេ គឺជាការដឹកនាំតាមបែបផ្តាច់ការ។
សម្រាប់ លោក ករុណា លោកមើលមិនឃើញមានភស្តុតាង ឬអង្គហេតុសមហេតុផលណាមួយ ដែលបង្ហាញថា លោក កឹម សុខា ក្បត់ជាតិនោះទេ។
លោកថា តុលាការបានអនុវត្តទៅតាមបទបញ្ជារបស់ លោកហ៊ុន សែន ធ្វើការចោទប្រកាន់ទាំងបំពានលើលោកកឹម សុខា ហេតុដូច្នេះហើយបានជាសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប រួមទាំងអង្គការសហប្រជាជាតិ គេបានចេញមុខថ្កោលទោសព្រោងព្រាត និងបានទាមទារឱ្យដោះលែង លោកកឹម សុខា និងអ្នកនយោបាយប្រឆាំង រួមទាំងសកម្មជនសង្គមដទៃទៀតដោយគ្មានលក្ខខណ្ឌ។
លោកថា៖ «ការចោទប្រកាន់ក្បត់ជាតិយើងដឹងហើយ ពាក្យក្បត់ជាតិ លុះត្រាតែ លោកកឹម សុខា បានធ្វើអ្វីឱ្យហិនហោចទៅដល់ប្រទេសជាតិ ការធ្វើឱ្យបាត់បង់ទឹកដី ការធ្វើឱ្យខូចខាតនូវធនធានជាតិ បើបាត់បង់ការការពារជាតិ គឺអំពើក្បត់ជាតិ។ នេះខ្ញុំគិតថា វាជារឿងងាយណាស់សម្រាប់តុលាការកម្ពុជា ចឹងការបកស្រាយរឿងក្បត់ជាតិនេះ យើងឃើញថា មិនទាន់មានអ្វីដែលជាការបញ្ជាក់ឱ្យបានច្បាស់លាស់ទេ។ ចឹងសម្រាប់អ្នកដែលក្បត់ជាតិ យើងមើលឃើញអំពីអ្នកដែលដឹកនាំប្រទេសទៅវិញទេ ដែលបច្ចុប្បន្នយើងឃើញហើយ មានការបាត់បង់ទឹកដី ក្រោមការដឹកនាំគ្រប់គ្រងរបស់ខ្លួន។ អំពើនេះវាផ្ទុយទាំងក្រមព្រហ្មទណ្ឌរបស់ប្រទេសយើងផង»។
យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធារិទ្ធ កាលពីថ្ងៃទី២០ខែឧសភា បានបង្ហាញការរីករាយដែល លោក កឹម សុខា ត្រូវបានតុលាការផ្តល់ការអនុញ្ញាតឱ្យទៅជួបម្តាយរបស់គាត់។ ក៏ប៉ុន្តែលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយពីបញ្ហាផ្លូវច្បាប់នោះទេ ដោយថ្លែងថា ករណីលោក កឹម សុខា គឺជាការសម្រេចរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យ។
ប៉ុន្តែសម្រាប់ លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បាននិយាយថា ចំពោះសហគមន៍អន្តរជាតិ លោក កឹម សុខា ជាអ្នកនយោបាយស្អាតស្អំ ជាសកម្មជនសិទ្ធិមនុស្សឆ្នើម និងជាអ្នកប្រកាន់នូវធម៌អហិង្សា ហើយថាការចោទប្រកាន់លើលោក កឹម សុខា ជាការធ្វើឡើងតាមទំនើងចិត្ត ធ្វើតាមបញ្ជារបស់លោក ហ៊ុន សែន ដែលយកខ្មែរអ្នកនិយមប្រជាធិបតេយ្យ ធ្វើជាសត្រូវ បង្កហានិភ័យដល់ជាតិ។
លោកថា៖ «តែចំពោះក្នុងខ្សែភ្នែក លោក ហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ចាត់ទុកលោកកឹម សុខាជាខ្មាំងសត្រូវ ហើយចាប់គាត់ឃុំខ្លួនដាក់គុកយ៉ាងអយុត្តិធម៌បំផុត។ អាហ្នឹងហើយគឺជានយោបាយទុច្ចរិតរបស់ លោកហ៊ុន សែន រួចប្រើលេសចោទប្រកាន់លោកកឹម សុខា តាមអំពើចិត្ត។ វាអយុត្តិធម៌ខ្លាំងណាស់ក្នុងរឿងហ្នឹង។ ហើយករណីឃុំខ្លួនលោកកឹម សុខា នេះដែរឆ្លុះបញ្ចាំងឱ្យឃើញថា តុលាការកម្ពុជាឬប្រព័ន្ធយុត្តិធម៌កម្ពុជាស្ថិតនៅក្រោមការបញ្ជាពីលោកហ៊ុន សែន។ លោកហ៊ុន សែន ចង់ឱ្យតុលាការចាប់អ្នកណាដាក់គុកក៏បាន គ្រាន់តែប្រើប្រព័ន្ធតុលាការជាលេស ក្នុងការចោទប្រកាន់មនុស្សតាមទំនើងចិត្ត»។
សម្រាប់អ្នកឃ្លាំមើលរូបនេះ មេដឹកនាំដែលមិនយកច្បាប់ជាធំ ប្រើអារម្មរណ៍ខឹងស្អប់បញ្ជាឱ្យតុលាការចាប់ឃុំខ្លួនអ្នកនយោបាយដែលជាគូប្រជែងរបស់ខ្លួន និងធ្វើទុក្ខបុកម្នេញទៅលើសកម្មជនសង្គមចាប់ដាក់គុកតាមអំពើចិត្ត គឺបង្កនូវភាពអយុត្តិធម៌ធ្ងន់ធ្ងរដល់ជនស្លូតត្រង់ ដល់អ្នកនយោបាយស្លូតត្រង់ ធ្វើឱ្យមានជនរងគ្រោះច្រើនលាននាក់ ហើយបង្កការឈឺចាប់ដល់ប្រជាជាតិខ្មែរនៅពាសពេញពិភពលោក។
សម្រាប់លោកម៉ែន ណាត ពាក្យក្បត់ជាតិទាល់តែលោកកឹម សុខា បានដឹកនាំរដ្ឋាភិបាលមានសិទ្ធិធ្វើកិច្ចព្រមព្រៀង ធ្វើសន្ធិសញ្ញា ធ្វើMOUជាមួយបរទេស ក្នុងការកាត់ទឹកដីឱ្យបរទេសជិតខាង ឬក៏គប់គិតជាមួយប្រទេសជិតខាង ដើម្បីបំផ្លាញជាតិខ្លួនឯង ទើបហៅថាក្បត់ជាតិ។
ប៉ុន្តែផ្ទុយទៅវិញ លោក ម៉ែន ណាត ថា លោកកឹម សុខា ត្រូវបានលោកហ៊ុន សែន ប្រឌិតភស្តុតាងផលិតឯកសារក្លែងក្លាយតាមរយៈតុលាការ រួចចោទប្រកាន់ដោយគ្មានភស្តុតាង។ នៅពេលដែលមានការចោទប្រកាន់លោកកឹម សុខា ធ្ងន់ធ្ងរជ្រុលពេក រហូតដល់ហ៊ានភ្ជាប់ទៅនឹងសហរដ្ឋអាមេរិក ធ្វើឱ្យលោកហ៊ុន សែន ពិបាកក្នុងការដោះសារ ខណៈលោកកឹម សុខា ក៏បានបដិសេធយ៉ាងដាច់អហ័ង្កការចំពោះបទចោទប្រឌិតនេះ ទើបមិនអាចរកមូលហេតុសមហេតុផលណាមួយ ដើម្បីដោះលែងលោកកឹម សុខា កុំឱ្យខ្លួនឯងរងភាពអាម៉ាស់នោះឡើយ។
ជាមួយគ្នានេះ លោក អ៊ុំ សំអាន តំណាងរាស្ត្រកណបក្សប្រឆាំង និយាយថា ការបន្តឃុំខ្លួនលោកកឹម សុខា និងការបន្តរិតត្បិតយ៉ាងខ្លាំង មិនឱ្យមេបក្សប្រឆាំងរូបនេះទៅមើលថែម្តាយរបស់លោកឱ្យបានពេញលេញ ថែមទាំងបញ្ជូនកម្លាំងប៉ូលិសឱ្យទៅតាមកៀក សូម្បីតែនៅពេល លោក កឹម សុខា និយាយជាមួយម្តាយ វាបង្ហាញកាន់តែច្បាស់ថា ប្រព័ន្ធតុលាការកម្ពុជា គឺជាតុលាការតេឡេដែលស្ថិតនៅក្រោមបញ្ជារបស់លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត។
បើតាមមន្ត្រីបក្សប្រឆាំងរូបនេះ ការដោះលែង លោកកឹម សុខា ឬមិនដោះលែង គឺវាអាស្រ័យទាំងស្រុងទៅលើ លោកហ៊ុន សែន មិនមែនអាស្រ័យលើតុលាការនោះទេ ពីព្រោះអ្នកណាក៏ដឹងដែរថា លោកហ៊ុន សែនជាមេតុលាការ។
លោកថា៖ «ការយល់ឃើញរបស់ខ្ញុំ លោកកឹម សុខា មិនមែនក្បត់ជាតិដូចការចោទប្រកាន់របស់តុលាការនោះទេ។ លោកកឹម សុខា មិនបានគប់គិតជាមួយអាមេរិកផ្តួលរំលំរដ្ឋាភិបាលលោកហ៊ុន សែន ដូចការចោទប្រកាន់របស់តុលាការនោះទេ ហើយម្យ៉ាងទៀត លោកកឹម សុខា អត់ដែលកាត់ទឹកដីយើងទៅឱ្យថៃទៅឱ្យវៀតណាមដូច លោកហ៊ុន សែន ផងហ្នឹង ដូច្នេះហេតុអីបានចោទគាត់ថា ជាជនក្បត់ជាតិទៅវិញ? តុលាការគួរតែចោទ លោកហ៊ុន សែន ដែលកាត់ទឹកដីទៅឱ្យវៀតណាមជាជនក្បត់ជាតិអាហ្នឹងបានត្រឹមត្រូវ»។
បន្ថែមពីនេះ អ្នកស្រី ម៉េង សុភារី សហមេធាវី លោកកឹម សុខា បានពិព៌ណ៍នាការទៅជួបម្តាយរបស់លោកកឹម សុខា នៅលើបណ្តាញសង្គមថា «១ម៉ោងនៃការជួបជុំដែលពោរពេញដោយទឹកភ្នែក និងក្តីអាលោះអាល័យ។ សមត្ថកិច្ចបាននាំរូបកាយឯកឧត្តម កឹម សុខា ទៅវិញហើយ»។
ជាមួយគ្នានេះ ក្មួយស្រីម្នាក់របស់ លោកកឹម សុខា គឺកញ្ញា ម៉ី កញ្ញា បានពិព័ណនាបន្ទាប់ពីប៉ូលីសក្រៀកលោកកឹម សុខា ចូលឡានដឹកយកទៅឃុំខ្លួនក្នុងផ្ទះវិញថា «អ៊ុំ កឹម សុខា ចាស់ ស្គម សាច់ឈាមមិនដូចមុនទេ ឃើញហើយសង្វេគក្តុកក្តួលណាស់ ជួបថ្ងៃនេះមិនដឹងពេលណាបានជួបទៀតទេ»។
កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍បានសម្រេចតម្កល់ទោស លោកកឹម សុខា ឱ្យជាប់ពន្ធនាគារ ២៧ឆ្នាំដដែល និងបន្ថែមទោស៥ឆ្នាំទៀត មិនឱ្យចេញទៅក្រៅប្រទេស ក្រោមការចោទប្រកាន់ពីបទគប់គិតជាមួយសហរដ្ឋអាមេរិកចង់ផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ទោះសហរដ្ឋអាមេរិកបានបដិសេធច្រើនដងថា លោក កឹម សុខា ជាមនុស្សស្អាតស្អំ និងចាត់ទុកថា ការបំបិទសំឡេងលោក កឹម សុខា ច្រើនឆ្នាំ និងមនុស្សផ្សេងទៀត ក្រោមបទចោទបែបប្រឌិត គឺជាបរាជ័យរបស់ប្រព័ន្ធយុត្តិធម៌កម្ពុជាក្តី ។
ទាំងលោកស៊ឹង សែនករុណា លោកម៉ែន ណាត និងលោកអ៊ុំ សំអាន យល់ស្របគ្នាថា ការបន្តឃុំខ្លួនលោកកឹម សុខា ការបន្តចាប់ខ្លួនអ្នកនយោបាយប្រឆាំង និងសកម្មជនសង្គម ដាក់គុកតាមអំពើចិត្ត គឺឆ្លុះបញ្ចាំងឱ្យឃើញថា រដ្ឋាភិបាលរបស់លោកហ៊ុន សែន លោកហ៊ុន ម៉ាណែត បានដើរប្រាសចាកឆ្ងាយពីរដ្ឋធម្មនុញ្ញ ពីគោលការណ៍ច្បាប់អន្តរជាតិ ដែលកម្ពុជាទទួលស្គាល់។
លើសពីនេះ បង្ហាញឱ្យឃើញថា ក្រុមគ្រួសារលោកហ៊ុន សែន ដឹកនាំប្រទេសតាមបែបផ្តាច់ការ ផ្ទេរអំណាចតពូជ។ ការណ៍នេះ បានធ្វើឱ្យកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធពីសហរដ្ឋអាមេរិក ពីសហគមន៍អឺរ៉ុប និងក៏បាត់បង់ការគាំទ្រជាអន្តរជាតិផងដែរ ដូចដែលយើងបានឃើញស្រាប់ នៅពេលដែលថៃវ៉ៃចូលឈ្លានពានកម្ពុជាបណ្តាលឱ្យស្លាប់និងរងរបួស គ្មានប្រទេសណាមួយជួយកម្ពុជា ហើយថ្កោលទោសថៃនោះទេ។ ការណ៍នេះ គឺដោយសារតែមេដឹកនាំកម្ពុជាមានរឿងអាស្រូវច្រើនពេក រួមទាំងបើកឱ្យមានឧក្រិដ្ឋកម្មអនឡាញ ដែលបង្កផលប៉ះពាល់ដល់ពិភពលោក ទើបបណ្តាប្រទេសលោកសេរីហាក់មិនសូវយកចិត្តទុកដាក់លើកម្ពុជា៕









