អនុសាសន៍​គោល​នយោបា​យ​ក្នុង​សៀវ​ភៅ​សរ ឆ្នាំ​២០២៧ របស់​សភា​​ពាណិជ្ជ​​កម្ម​​អឺរ៉ុប​​ប្រចាំ​​នៅ​​កម្ពុជា

ការ​ចាក​ចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិច​តួច​នៅ​ត្រឹ​ម​ឆ្នាំ​២០២៩ និង​ការ​បញ្ចប់​ដំណាក់​កាល​អន្តរ​កាល​ទាំង​ស្រុង​នៅ​​ត្រឹម​ឆ្នាំ​២០៣២ របស់​កម្ពុជា គឺ​ជា​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្ត្រ​មួយ​ដែល​នាំ​មក​នូវ​ទាំង​កាលា​នុវត្ត​ភាព​និង​បញ្ហា​ប្រឈម​​ជា​កញ្ចប់ ការ​បាត់​បង់​ប្រព័ន្ធ​អនុ​គ្រោះ​ពាណិជ្ជ​កម្ម តម្រូវ​ឱ្យ​កម្ពុជា​ត្រូវ​តែ​ពង្រឹង​ភាព​ប្រកួត​ប្រជែង​ផ្ទៃ​ក្នុង ធ្វើ​ពិពិធកម្ម​សេដ្ឋ​កិច្ច និង​កែ​លម្អ​រចនា​សម្ព័ន្ធ​គតិ​យុត្ត​ឱ្យ​មាន​តម្លា​ភាព និង​ប្រសិទ្ធ​ភាព​ខ្ពស់។

ក្នុងបរិបទគន្លឹះ​នេះ ការបោះពុម្ពផ្សាយសៀវភៅសរ នៅថ្ងៃទី​១៩ ខែឧសភា ឆ្នាំ២០២៧ (White Book 2027) របស់​សភា​ពាណិជ្ជកម្មអឺរ៉ុប​ប្រចាំនៅកម្ពុជា គឺជាត្រីវិស័យដ៏សំខាន់មួយដែលប្រមូលផ្ដុំទៅដោយការ​​វិភាគបែបស្ថាបនា ពីបណ្ដា​ក្រុមហ៊ុនវិនិយោគទុនអឺរ៉ុបជាច្រើន​ដែលកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា។

ឯកសារយុទ្ធសាស្ត្រនេះ បានដាក់ចេញនូវអនុសាសន៍គោលនយោបាយចំនួន ៧៧ ចែកចេញជាដប់ពីរវិស័យ​ខុសៗគ្នា ដោយផ្អែកលើបញ្ហាជាក់ស្ដែងដែលវិស័យឯកជនបានជួបប្រទះផ្ទាល់ ក្នុងការធ្វើប្រតិបត្តិការអាជីវ​កម្ម​ប្រចាំថ្ងៃ។

បទវិភាគនេះ នឹងពិនិត្យនិងវាយតម្លៃយ៉ាងលម្អិតទៅលើសសរស្តម្ភសំខាន់ៗនៃអនុសាសន៍ទាំងនោះ ព្រមទាំង​​ពិភាក្សា​អំពីសារៈសំខាន់នៃការកាត់បន្ថយនីតិវិធីរដ្ឋបាលស្មុគស្មាញ ការជំរុញឌីជីថលូបនីយកម្ម និងការ​បង្កើតបរិយា​កាសប្រកួតប្រជែងដោយស្មើភាព ដើម្បីគាំទ្រដល់ការកែទម្រង់សេដ្ឋកិច្ចស៊ីជម្រៅរបស់កម្ពុជា។

ផ្អែកលើលទ្ធផលនៃការតាមដានវឌ្ឍនភាពចាប់តាំងពីការចេញផ្សាយសៀវភៅសរ ​កាលពីកំណែមុនៗ គេសង្កេត​ឃើញថាទំនាក់ទំនង និងកិច្ចសន្ទនារវាងរដ្ឋាភិបាល និងសភាពាណិជ្ជកម្មអឺរ៉ុបមានភាពស៊ីជម្រៅ និង​​​ទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់។

ជាក់ស្ដែង មានអនុសាសន៍មួយចំនួនត្រូវបានដោះស្រាយជាស្ថាពរ ដូចជាការប្រកាសហាមឃាត់ការប្រើប្រាស់សារធាតុ​អាបស្តុសក្នុងវិស័យសំណង់ ការចេញប្រកាសស្ដីពីការគ្រប់គ្រងម៉ោងបន្ថែមការងារឱ្យមានភាពបត់បែន និងការ​បង្កើតអង្គភាពសវនកម្មពន្ធដារពិសេសដើម្បីបង្កើនភាពច្បាស់លាស់ និងការការពារអ្នកជាប់ពន្ធ។

ទោះជាយ៉ាងណាក៏ដោយ វិស័យឯកជននៅតែមើលឃើញថា បញ្ហាប្រឈមជាប្រព័ន្ធ ខណៈនីតិវិធីរដ្ឋបាលយឺតយ៉ាវ និងស្មុគស្មាញ នៅតែជាឧបសគ្គចម្បងដែលបង្កើនថ្លៃដើមអនុលោមភាព និងកាត់បន្ថយភាពរហ័សរហួនរបស់​សហគ្រាស​អាជីវកម្ម។

សៀវភៅសរ ឆ្នាំ២០២៧ បានផ្ដោតការយកចិត្តទុកដាក់ជាពិសេសទៅលើបញ្ហានីតិវិធីរដ្ឋបាលនេះ ដោយបានចង្អុលបង្ហាញ​ចំៗនូវចំណុចជាច្រើនក្នុងប្រព័ន្ធរដ្ឋបាលតាមរយៈឧបករណ៍តាមដានឌីជីថល ក្នុងគោលបំណងជួយរដ្ឋាភិ​បាល​ក្នុង​ការ​សម្រួល​ការធ្វើធុរកិច្ចឱ្យកាន់តែងាយស្រួល និងមានភាពរលូន។

បញ្ហាដំបូងបង្អស់ដែលត្រូវបានលើកឡើងយ៉ាងលម្អិត គឺការជាន់គ្នានៃឯកសាររវាងការចុះបញ្ជីគម្រោងវិនិយោគមាន​លក្ខណៈសម្បត្តិគ្រប់គ្រាន់ និងការចុះបញ្ជីអាជីវកម្មទូទៅតាមរយៈច្រកចេញចូលតែមួយ។

ទោះបីជាកម្ពុជាបានបង្កើតប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដ៏ទំនើបសម្រាប់ការផ្ទៀងផ្ទាត់ទិន្នន័យរវាងស្ថាប័នក៏ដោយ ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្ដែង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមអនឡាញហាក់ដូច​ជា​មិន​ទាន់​មានការតភ្ជាប់ទិន្នន័យផ្នែកខាងក្រោយជាមួយគ្នាឱ្យបានពេញលេញនៅឡើយទេ។

ស្ថានភាពនេះតម្រូវឱ្យវិនិយោគិនត្រូវដាក់ឯកសារដដែលៗជាច្រើនដងទៅកាន់ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និង​អគ្គនាយកដ្ឋានពន្ធដារ ដែលនាំឱ្យខាតបង់ពេលវេលា និងបង្កើនបន្ទុកការងារទាំងសងខាង។

អនុសាសន៍របស់សៀវភៅសរបានសង្កត់ធ្ងន់ថា ការអនុញ្ញាតឱ្យមានការចែករំលែកទិន្នន័យ និងការទទួលស្គាល់ឯកសារ​ចម្លងឌីជីថលរវាងស្ថាប័នរដ្ឋយ៉ាងពិតប្រាកដ នឹងជួយកាត់បន្ថយពេលវេលាចុះបញ្ជីយ៉ាងច្រើន ព្រម​ទាំងពង្រឹង​ទំនុកចិត្តរបស់វិនិយោគិនបរទេសមកលើសេវាកម្មសាធារណៈរបស់កម្ពុជា។

បន្ថែមលើការចុះបញ្ជីពាណិជ្ជកម្ម ការទទួលបានអាជ្ញាប័ណ្ណជំនាញតាមវិស័យនីមួយៗ ក៏ជាចំណុចស្មុគស្មាញមួយទៀត​ដែលវិស័យឯកជនស្នើសុំឱ្យមានការកែទម្រង់។

ឧទាហរណ៍ នៅក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ក្រុមហ៊ុនមួយត្រូវប្រឈមមុខនឹងការសុំអាជ្ញាប័ណ្ណ និង​លិខិត​អនុញ្ញាតត្រួតស៊ីគ្នាច្រើនពីក្រសួង និងស្ថាប័នផ្សេងៗគ្នា។

ដំណើរ​ការសុំលិខិតអនុញ្ញាតខ្លះនៅតែធ្វើឡើងតាមបែបសៀវភៅ និងផ្ទាល់ដៃ គ្មានការណែនាំច្បាស់លាស់ និងតម្រូវ​ឱ្យ​មានការជួបពិភាក្សាដោយផ្ទាល់ ដែលបង្កើតឱ្យមានភាពមិនច្បាស់លាស់ក្នុងការបំពេញលក្ខខណ្ឌ។

សភាពាណិជ្ជកម្មអឺរ៉ុប បានស្នើឱ្យរដ្ឋាភិបាលពិចារណាលើគំរូអាជ្ញាប័ណ្ណភស្តុភារកម្មតែមួយ រួមបញ្ចូលគ្នានូវ​​គ្រប់សមាស​ភាគទាំងអស់ ដើម្បីលុបបំបាត់ការដាក់ឯកសារជាន់គ្នា និងធ្វើឱ្យកម្ពុជាក្លាយជាមជ្ឈ​​មណ្ឌល​​ភស្តុភារកម្មតំបន់​ដែលមានភាពប្រកួតប្រជែងខ្ពស់។

នៅក្នុងទិដ្ឋភាពពាណិជ្ជកម្មអន្តរជាតិ នីតិវិធីនៃការសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ គឺជាកត្តាកំណត់​​ល្បឿន​នៃការនាំចេញ។

បើទោះបីជាក្រសួងពាណិជ្ជកម្ម បានដាក់ឱ្យដំណើរការប្រព័ន្ធអនឡាញ និងការទូទាត់ប្រាក់តាមអេឡិចត្រូនិកក៏​​ដោយ ប៉ុន្តែនីតិវិធីខ្លះនៅតែតម្រូវឱ្យមានការដាក់វិក្កយបត្រជាក្រដាសស្នាម និងការផ្ទៀងផ្ទាត់សាច់ប្រាក់ដោយផ្ទាល់​ដៃ។

ភាព​យឺតយ៉ាវក្នុងការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញនេះ ជួនកាលអាចអូសបន្លាយពេលរហូតដល់​ ៧ថ្ងៃ ដែលបង្កឱ្យមានការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងធ្វើឱ្យក្រុមហ៊ុននាំចេញរបស់កម្ពុជាបាត់​បង់​​​ឱកាសប្រកួតប្រជែង និងមិនអាចឆ្លើយតបនឹងការបញ្ជាទិញទាន់ពេលវេលា។ ការលុបបំបាត់នីតិវិធីសាច់ប្រាក់ផ្ទាល់ដៃ និងការអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធបណ្ណសារឌីជីថលទាំងស្រុងសម្រាប់ការបញ្ជាក់ឯកសារ គឺជាដំណោះស្រាយគន្លឹះ ដើម្បីធានាថា កម្ពុជានៅតែរក្សាបាននូវភាពទាក់ទាញសម្រាប់ការនាំចេញ ជាពិសេសនៅពេលដែលបទបញ្ញត្តិស្ដីពីប្រភពដើមទំនិញ នឹងត្រូវរឹតបន្តឹងបន្ទាប់ពីការចាកចេញពីក្រុមប្រទេស​អភិវឌ្ឍន៍តិចតួច។

ការអភិវឌ្ឍវិស័យទេសចរណ៍ធុរកិច្ច តាមរយៈការរៀបចំសន្និសីទ ពិព័រណ៍ និងព្រឹត្តិការណ៍វិជ្ជាជីវៈខ្នាតធំ ក៏ជា​ប្រភព​ចំណូលដ៏មានសក្តានុពលសម្រាប់សេដ្ឋកិច្ចជាតិ។

ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តប្រកាសស្ដីពីការគ្រប់គ្រងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មបច្ចុប្បន្ន មាន​​ទំហំទូលំ​ទូលាយពេក ដោយមិនមានការបែងចែកច្បាស់លាស់រវាងព្រឹត្តិការណ៍លក់ដូរពាណិជ្ជកម្ម និង​ព្រឹត្តិការណ៍មិនមែនពាណិជ្ជ​កម្ម ដូចជាសិក្ខាសាលាចែករំលែកចំណេះដឹង កិច្ចសន្ទនានយោបាយ ឬ​ការ​​ជួបជុំបណ្ដាញធុរកិច្ចបិទទ្វារនោះទេ។

ការតម្រូវឱ្យសុំលិខិតអនុញ្ញាតមុន ៤៥ ថ្ងៃ សម្រាប់គ្រប់ប្រភេទព្រឹត្តិការណ៍ បង្កើតជាហានិភ័យហិរញ្ញវត្ថុ និង​រដ្ឋបាលដល់អ្នករៀបចំកម្មវិធី និងអាចធ្វើឱ្យកម្ពុជាបាត់បង់ភាពទាក់ទាញក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិ​ការណ៍​អន្តរជាតិ។

អនុសាសន៍គោលនយោបាយបានសង្កត់ធ្ងន់លើការដាក់ចេញនូវលក្ខណវិនិច្ឆ័យច្បាស់លាស់ ដោយផ្អែកលើ​ទីតាំង ការ​​​ចូល​រួមរបស់សាធារណជន និងគោលបំណងពិតប្រាកដនៃកម្មវិធី ដើម្បីសម្រួលដល់ការរីកចម្រើន​នៃវិស័យទេស​ចរណ៍​លំដាប់​ជាន់ខ្ពស់នេះ។

ការវិភាគក៏បានឆ្លុះបញ្ចាំងផងដែរអំពីសារៈសំខាន់នៃកិច្ចសហការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្នុង​ការបង្កើត​បទ​បញ្ញត្តិ​ថ្មីៗ ដើម្បីចៀសវាងការបង្កើតបន្ទុកបន្ថែមដែលមិនចាំបាច់។

ជាក់ស្ដែង ប្រកាសស្ដីពីការសម្រួលនីតិវិធីចុះបញ្ជីអាជីវកម្មដែលបានដាក់ចេញនាពេលថ្មីៗនេះ ទោះបីជាមានគោល​​បំណង​​ល្អក្នុងការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចសាជីវកម្មក៏ដោយ ប៉ុន្តែបញ្ញត្តិខ្លះពាក់ព័ន្ធនឹង​​កាតព្វ​កិច្ចហិរញ្ញវត្ថុ និងការផ្ដល់សិទ្ធិហត្ថលេខាដល់លេខាធិការក្រុមហ៊ុន ហាក់ដូចជាខុសប្លែកពីការអនុវត្ត​ជាទូទៅក្នុងតំបន់ និងបង្កើត​ជាកង្វល់ផ្នែកគតិយុត្តសម្រាប់ក្រុមហ៊ុន។

ទោះបីជាមានការបកស្រាយសម្រួលតាមរយៈសេចក្តីប្រកាសព័ត៌មានក៏ដោយ ប៉ុន្តែការមិន​ទាន់​បាន​កែសម្រួល​អត្ថ​បទ​ច្បាប់ដើមជាផ្លូវការ អាចបង្កជាភាពមិនច្បាស់លាស់ក្នុងការអនុវត្តច្បាប់។

ហេតុនេះ ការធ្វើសុខដុមនីយកម្មរវាងច្បាប់ និងការអនុវត្តជាក់ស្ដែង គឺជាកត្តាចាំបាច់ដើម្បីរក្សាស្ថិរភាព និង​​ការ​ព្យាករបាននៃបរិយាកាសវិនិយោគ។

ក្រៅពីការកាត់បន្ថយនីតិវិធីរដ្ឋបាលជាន់គ្នា សៀវភៅសរក៏បានដាក់ចេញនូវទស្សនវិស័យវែងឆ្ងាយលើការផ្លាស់ប្ដូរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងការអនុវត្តគោលការណ៍ចីរភាព នៅក្នុងវិស័យកសិកម្ម។

អនុសាសន៍បានលើកទឹកចិត្តឱ្យមានការកែសម្រួលបញ្ជីសារធាតុហាមឃាត់ក្នុងការផលិតសត្វ ការពង្រឹងវិធាន​ការការពារជំងឺរាតត្បាត និងការផ្ដល់ការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ចដល់ក្រុមហ៊ុនដែលវិនិយោគលើការបណ្តុះបណ្តាលបច្ចេកទេសដល់កសិករខ្នាតតូច ការបង្កើតក្របខ័ណ្ឌស្តង់ដារកសិកម្មប្រកបដោយចីរភាព និងការគាំទ្រដល់ការធ្វើកសិកម្មកិច្ចសន្យា។

ករណ៍នេះ មិនត្រឹមតែជួយលើកកម្ពស់ផលិតភាព និងជីវភាពកសិករទប់ទល់នឹងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យកសិផលកម្ពុជាមានឱកាសខ្ពស់ក្នុងការនាំចេញទៅកាន់ទីផ្សារដែលមានស្តង់ដារខ្ពស់ដូចជាសហភាពអឺរ៉ុប។

ស្របពេលជាមួយគ្នានេះ វិស័យកម្មន្តសាល និងកាត់ដេរ ដែលជាសសរស្តម្ភទ្រទ្រង់កំណើនសេដ្ឋកិច្ចដ៏សំខាន់ ក៏ត្រូវការការគាំទ្រក្នុងការអន្តរកាលថាមពល និងការគ្រប់គ្រងកាកសំណល់។

ការបង្កើតក្របខ័ណ្ឌអនុលោមភាពជាតិដែលរួមបញ្ចូលគ្នារវាងស្តង់ដារការងារ សុវត្ថិភាពបច្ចេកទេស និងការគ្រប់គ្រងបរិស្ថាន នឹងជួយកាត់បន្ថយការវាយតម្លៃជាន់គ្នាពីសំណាក់អ្នកទិញអន្តរជាតិ។

លើសពីនេះ ការលើកលែងពន្ធលើតម្លៃបន្ថែមសម្រាប់ការជួញដូរកាកសំណល់វាយនភណ្ឌ ដើម្បីជំរុញការកែច្នៃឡើងវិញ និងការកែលម្អគោលនយោបាយថាមពលព្រះអាទិត្យនៅលើដំបូលរោងចក្រ គឺជាជំហានយុទ្ធសាស្ត្រដើម្បីឆ្លើយ​តប​ទៅនឹងតម្រូវការខ្សែច្រវាក់ផ្គត់ផ្គង់បៃតងសកល លុបបំបាត់ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងរក្សាឧត្តមភាពប្រកួត​ប្រជែងរបស់កម្ពុជា។

នៅក្នុងសម័យកាលនៃសេដ្ឋកិច្ចឌីជីថល អនុសាសន៍ស្ដីពីការជំរុញការអនុម័តច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួន និងឯកជនភាព ដោយផ្អែកលើបទដ្ឋានស្តង់ដារអន្តរជាតិ គឺជាគ្រឹះស្ថានដ៏សំខាន់ក្នុងការទាក់ទាញការវិនិយោគលើវិស័យ​បច្ចេកវិទ្យាកម្រិតខ្ពស់។

ការបង្កើតក្របខ័ណ្ឌកុំព្យូទ័រពពកច្បាស់លាស់ (Cloud Computing Framework) និងការធ្វើសុខដុមនីយ​កម្ម​បទ​បញ្ញត្តិ​ស្ដីពីទ្រព្យសកម្មឌីជីថល នឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនប្រកប​​ដោយ​​សុវត្ថិភាព។

ជាមួយគ្នានេះ វិស័យសុខាភិបាលក៏អាចទាញយកផលប្រយោជន៍ពីឌីជីថលូបនីយកម្ម តាមរយៈការកែលម្អ​​ប្រព័ន្ធចុះ​បញ្ជីផលិតផលវេជ្ជសាស្ត្រតាមអនឡាញ ការអនុញ្ញាតឱ្យចុះបញ្ជីឧបករណ៍វេជ្ជសាស្ត្រជាកញ្ចប់​​ក្រុម និងការបង្កើតក្រប​ខ័ណ្ឌសាកល្បងបច្ចេកវិទ្យាសុខាភិបាលឌីជីថល ដើម្បីធានាសុវត្ថិភាពអ្នកជំងឺ និងបង្កើនប្រសិទ្ធភាពនៃការថែទាំ​សុខភាព។ 

សរុបមក សៀវភៅសរ ឆ្នាំ២០២៧ មិនត្រឹមតែជាឯកសារឆ្លុះបញ្ចាំងពីកង្វល់របស់វិស័យឯកជនប៉ុណ្ណោះទេ ប៉ុន្តែវាគឺ​ជា​ដៃ​គូ​សន្ទនាគោលនយោបាយដ៏មានតម្លៃ ដែលផ្ដល់នូវដំណោះស្រាយជាក់ស្ដែង និងអាចអនុវត្ត​បានក្នុងរយៈពេល​ខ្លី និងមធ្យម។

ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការសម្របសម្រួលកាត់បន្ថយនីតិវិធីរដ្ឋបាលស្មុគស្មាញ ការបើកចិត្តទូលាយ​ក្នុងការពិគ្រោះយោបល់ និងការប្ដេជ្ញាចិត្តធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ នឹងក្លាយជាកាតាលីករដ៏មាន​ឥទ្ធិពលក្នុងការជំរុញការកែទម្រង់ផ្ទៃក្នុង។

ការអនុវត្តតាមអនុសាសន៍ទាំងនេះ នឹងជួយឱ្យកម្ពុជាអាចបង្កើតបរិយាកាសធុរកិច្ចមួយដែលមានភាពស្មើភាព មានតម្លាភាព និងមានភាពប្រកួតប្រជែងខ្ពស់នៅលើឆាកអន្តរជាតិ ដែលជាគ្រឹះស្ថានដ៏រឹងមាំក្នុងការធានានូវកំណើន​សេដ្ឋកិច្ចប្រកបរដោយចីរភាព បរិយាបន្ន និងវិបុលភាពសម្រាប់រយៈពេលវែងទៅអនាគត៕

ដោយលោក សុក្រឹត ពុទ្ធិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ