តំណាងពលរដ្ឋនៅភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ស្នើតំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី ពិចារណាកុំចាត់ការលើបណ្តឹងរបស់អ្នកមានអំណាច ដែលជាគូវិវាទ រឿងទំនាស់ដីធ្លី ក្រោយចូលបំភ្លឺនៅសាលាដំបូងខេត្ត ដោយពួកគេថា សកម្មភាពពលរដ្ឋដែលបានធ្វើកន្លងមក គឺដើម្បីការពារស្ពាន និងដីធ្លីដែលធ្លាប់អាស្រ័យផលតែប៉ុណ្ណោះ។
នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ពលរដ្ឋចំនួន ២រូប លោក សឿន កេត និងអ្នកស្រី ញឹម ស្រីឌី តំណាងឱ្យពលរដ្ឋ ២៥គ្រួសារ រស់នៅភូមិកាណាត បានចូលទៅបំភ្លឺនៅសាលាដំបូងខេត្តរតនគិរី តាមដីកាកោះជាលើកទី៣ របស់តំណាងអយ្យការ ឈ្មោះ ជួន សុបញ្ញា ជុំវិញករណី ធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦។
នៅថ្ងៃកើតហេតុ ថ្ងៃទី១៥ ខែកុម្ភៈនោះ លោក សឿន កេត រួមទាំងប្រជាពលរដ្ឋប្រមាណជាង ២០នាក់ទៀត បាននាំគ្នាទៅហាមឃាត់អេស្កាវ៉ាទ័រ(គ្រឿងចក្រ) ដែលគេស្គាល់ថា ឈ្មោះ សេង សុផល ជាមេការរបស់លោកស្រី សេក សុភ័ក្រសឿម៉ូនា (ឬហៅជំទាវ វី) ភរិយារបស់អ្នកមានអំណាចនៅក្រសួងមហាផ្ទៃ ជាអ្នកបញ្ជាឱ្យគ្រឿងចក្រឱ្យកាយកម្ទេចស្ពានឈើ ដែលពលរដ្ឋទាំង ២៥គ្រួសារបានខិតខំធ្វើឡើង ដើម្បីឆ្លងកាត់ និងចេញចូលទៅកាន់ដីចំការរបស់ពួកគេ ដែលកន្លងមកឈ្មោះ សេង សុផល បានបិទផ្លូវមិនឱ្យប្រជាពលរដ្ឋឆ្លងកាត់ ដើម្បីដឹកកសិផល។ ករណីនេះ កើតឡើងដោយសារតែទំនាស់ដីធ្លីរាំរ៉ៃជាច្រើនឆ្នាំ រវាងពលរដ្ឋ និងអ្នកស្រី សឿម៉ូនា ដែលមិនទាន់បានដោះស្រាយ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សមាគមអាដហុក។
តំណាងពលរដ្ឋ លោក សឿន កេត ដែលបានចូលទៅបំភ្លឺនៅសាលាដំបូងខេត្តរតនគិរី បានប្រាប់វីអូឌី នៅថ្ងៃទី២២ ខែឧសភានេះថា លោកបានចូលទៅឆ្លើយបំភ្លឺនៅតុលាការហើយ កាលពីរសៀលថ្ងៃម្សិលមិញ ហើយនិងបានប្រាប់ទៅតំណាងអយ្យការថា ការដែលរូបគាត់ និងពលរដ្ឋផ្សេងទៀត យកដុំថ្មគប់សំដៅទៅគ្រឿងចក្រនោះ គឺក្នុងគោលបំណងរារាំងគ្រឿងចក្រមិនឱ្យកាយបំផ្លាញស្ពានឈើឆ្លងកាត់អូរ ទៅកាន់ដីចម្ការរបស់ពួកគាត់ប៉ុណ្ណោះ មិនមានចេតនាណាមួយទៅបំផ្លាញទ្រព្យសម្បតិ្តអ្នកដទៃឡើយ។
ការណ៍នេះ លោកស្នើដល់ព្រះរាជអាជ្ញា ពិចារណាកុំចាត់ការលើបណ្តឹងនេះ ដោយសាររូបលោកមិនបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរដូចការចោទប្រកាន់ ដោយគ្រាន់តែចង់ការពារស្ពានឈើដែលប្រជាពលរដ្ឋឆ្លងកាត់ទៅដីស្រែចម្ការ កុំឱ្យគេបំផ្លាញ ខណៈជីវភាពកំពុងខ្វះខាតពិបាកក្នុងការធ្វើដំណើរតតាំងក្តីនៅតុលាការ។
លោកនិយាយថា៖ «ការពារស្ពានផង គាត់ថាយើងខុសដែរ។ មិនមែនថាយើងមិនហាមឃាត់គាត់ទេ[នៅថ្ងៃកើតហេតុ] មុននឹងគាត់កាយហ្នឹង ខ្ញុំបានធ្វើដៃឱ្យឈប់ដែរ ប៉ុន្តែគាត់អត់ស្តាប់យើងអីចឹងណា គាត់ធ្វើដូចជាបំពានប្រជាពលរដ្ឋពេក អាងតែគាត់មានសិទ្ធិអំណាច គាត់មានខ្នងមានខ្សែអីចឹង […] ម្សិលមិញពេលខ្ញុំចូលឆ្លើយបំភ្លឺ ក៏ខ្ញុំប្រាប់តាមហ្នឹងដែរ[…] ខ្ញុំមានពាក្យសំណូមពរច្រើនដែរ ព្រោះដោយសារបុគ្គលម្នាក់ហ្នឹង ដូចគាត់អុកឡុកបុកម្នេញពួកប្រជាពលរដ្ឋមិនឱ្យធ្វើដី មិនឱ្យដាំអាស្រ័យផលអី គាត់មកកកូរកកាយរករឿងចឹង មេប៉ុស្តិ៍ មេភូមិមកហាមឃាត់រហូតចឹង សូមឱ្យខាងតុលាការគាត់ជួយបញ្ឈប់រឿងហ្នឹងឱ្យបានឆាប់ ព្រោះពួកខ្ញុំវាអត់សូវមានថវិកាដើម្បីឡើងចុះ[ទៅតុលាការ]ចឹងដែរ»។
បើតាមតំណាងពលរដ្ឋរូបនេះ ក្រោយសាកសួររួច តំណាងអយ្យការអមសាលាដំបូងខេត្ត បានរៀបចំសំណុំរឿងនេះ និងអនុញ្ញាតឱ្យពួកគាត់ត្រឡប់មកផ្ទះវិញ ដោយលោកមិនបានដឹងថា តើនឹងមានការបញ្ជូនសំណុំរឿងឡើងទៅលើទៀតឬយ៉ាងណានោះទេ។
ប្រជាពលរដ្ឋរស់នៅភូមិកាណាត លោក សល់ ព្លុក យល់ថា ជារឿងអយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋដែលត្រូវតុលាការកោះហៅទៅបំភ្លឺ ខណៈដែលពលរដ្ឋគ្រាន់តែចង់ការពារស្ពានឈើដែលធ្លាប់ធ្វើដំណើរឆ្លងកាត់រាល់ថ្ងៃ ពីការឈូសឆាយបំផ្លាញរបស់បុគ្គលអ្នកមានអំណាច។
លោកបន្តថា ការធ្វើទុក្ខបុកម្នេញមកលើប្រជាពលរដ្ឋក្នុងរឿងជម្លោះដីធ្លី ពីសំណាក់អ្នកមានអំណាចរូបនេះ មិនមែនជាលើកទី១នោះទេ កន្លងមកបុគ្គលអ្នកមានអំណាចទាំងនោះ ក៏ធ្លាប់បានបំផ្លាញស្ពាននេះម្តងរួចមកហើយ ហើយពលរដ្ឋក៏បានប្តឹងទៅតុលាការដែរ តែតុលាការតម្កល់សំណុំរឿងមិនចាត់ការ។ ហើយក្រោយមកប្រជាពលរដ្ឋបាននាំគ្នាធ្វើស្ពានឈើឆ្លងកាត់អូរនោះឡើងវិញដោយកម្លាំងញើសឈាម បែរជាត្រូវបុគ្គលឈ្មោះ សេង សុផល ប្រើគ្រឿងចក្រមកឈូសបំផ្លាញស្ពានជាថ្មី ថែមទាំងប្តឹងប្រជាពលរដ្ឋទៅតុលាការថែមទៀត។
លោកថា៖ «ករណីនេះវាដូចជាអយុត្តិធម៌មែនទែន[…] សម្រាប់ខ្ញុំសុំសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ សុំលោកជួយដល់យើងខ្ញុំដែលជាជនរងគ្រោះ ដែល សេង សុផល តែងតែប្រព្រឹត្តជាច្រើនលើកច្រើនសារមកលើយើងខ្ញុំ ហើយធ្វើឱ្យយើងមានសម្ពាធក្នុងការធ្វើស្រែចម្ការ ហើយពេលខ្លះងាកទៅតុលាការ ពេលខ្លះងាករឿងទាក់ទងនឹងដីធ្លី ចឹងយើងខាតបង់ច្រើន ចឹងហើយសុំឱ្យខាងតុលាការនោះដែរ សុំជួយដោះស្រាយឱ្យយើងខ្ញុំ កុំឱ្យបុគ្គល សេង សុផល ហ្នឹងចេះតែមកធ្វើបាបយើងខ្ញុំដោយវិធីណាផ្សេង»។
បើតាមក្រុមប្រជាពលរដ្ឋ គឺពួកគាត់ទាំង ២៥គ្រួសារ បានរស់នៅ និងធ្វើចម្ការលើដីជាង ៨០ហិកតា ជាច្រើនឆ្នាំហើយ។ បន្ទាប់មក ឈ្មោះ សេង សុផល បានចោទពលរដ្ឋថា បំពានដីនោះ ហើយបានប្រើប្រព័ន្ធផ្លូវតុលាការ និងប្រើរូបភាពគំរាមកំហែងដល់អាយុជីវិតរបស់ពលរដ្ឋជាដើម។
លើសពីនេះ មន្ត្រីមានអំណាចទាំងនោះ ក៏តែងតែធ្វើទុក្ខបុកម្នេញលើពលរដ្ឋទាំង ២៥គ្រួសារនេះ ដូចជា សង់របងបិទផ្លូវមិនឱ្យឆ្លងកាត់ យកលុយ២ម៉ឺនរៀលសម្រាប់ការដឹកកសិផលរបស់ពលរដ្ឋក្នុង១ជើងជាដើម ព្រមទាំងបំផ្លាញស្ពានដែលពលរដ្ឋប្រើឆ្លងកាត់ទៅដីចម្ការរបស់ពួកគេថែមទៀតផង។
VOD មិនអាចសុំការឆ្លើយតបពីតំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី លោក ជួន សុបញ្ញា បានទេ។ ខណៈ ឈ្មោះ សេង សុផល ដែលជាមេការអ្នកស្រី សេក សុភ័ក្រសឿម៉ូនា ដែលពលរដ្ឋថា ជាភរិយាអ្នកមានអំណាចនៅក្រសួងមហាផ្ទៃនោះ ក៏ VOD មិនអាចស្វែងរកសុំការបញ្ជាក់ជុំវិញករណីនេះបានដែរ នៅរសៀលថ្ងៃសុក្រនេះ។
អនុប្រធានផ្នែកសិទ្ធិមនុស្សនិងដីធ្លីនៃសមាគមអាហដុក លោក យិន ម៉េងលី សង្កេតឃើញថា ករណីប្តឹងផ្តល់រវាងប្រជាពលរដ្ឋ និងអ្នកស្រី សេក សុភ័ក្រសឿម៉ូនា ហៅជំទាវ វី និងមេការនោះ ផ្តើមចេញពីភាពមិនច្បាស់លាស់រឿងបញ្ហាដីធ្លី ហើយស្ពាននោះស្ថិតនៅលើដីមានទំនាស់ ដែលភាគីទាំងពីរកំពុងទាមទារកម្មសិទ្ធិរៀងៗខ្លួន។ ការណីនេះ លោកយល់ថា តុលាការគួរតែបង្អង់នីតិវិធីសិន ដោយទុកឱ្យអាជ្ញាធរចុះស្រាវជ្រាវ និងដោះស្រាយបញ្ហាវិវាទដីធ្លីជាមុន និងបោះបង្គោលព្រំដី ដើម្បីជៀសវាងកុំឱ្យមានករណីហិង្សាកើតឡើងនៅថ្ងៃមុខទៀត ដោយសារភាពមិនច្បាស់លាស់នៃម្ចាស់កម្មសិទ្ធិដីធ្លី។
លោកថា៖ «ចឹងបញ្ហានេះ យើងឃើញថា មានភាពមិនច្បាស់លាស់បានបង្កឱ្យមានបញ្ហា រវាងពលរដ្ឋ ជាមួយនឹងភាគីខាងក្រុមហ៊ុន ដែលថាតំណាងឱ្យយាយវី ឬជំទាវ វី នេះឯង ហើយថា មានពាក់ព័ន្ធទៅដល់មន្ត្រីជាន់ខ្ពស់នៃក្រសួងថែមទៀត បាទ! បើតាមការអះអាងរបស់ពលរដ្ឋនេះ។ ចឹងយើងចង់ឱ្យព្រះរាជអាជ្ញាគាត់បង្អង់រឿងព្រហ្មទណ្ឌទុកមួយអន្លើសិន ពិនិត្យទៅលើរឿងបញ្ហាដីធ្លីនេះឱ្យបានច្បាស់លាស់ ចាំបន្តកិច្ចការហ្នឹងបន្តទៅទៀត ក៏អត់ទាន់ហួសពេលដែរ។ មួយទៀតគណៈកម្មការខេត្តធ្វើការពិនិត្យមើលឡើងវិញ ពាក់ព័ន្ធនឹងរឿងដីធ្លីនេះ ដើម្បីបញ្ចប់បញ្ហា បើមិនចឹងទេ បញ្ហាវានៅតែកើតឡើង ដោយសារតែភាគីម្ខាងទៅរកកម្ទេចស្ពាន ហើយភាគីម្ខាងទៀត រារាំង អាចធ្វើឱ្យមានបណ្តឹងព្រហ្មទណ្ឌ វាអាចធ្វើឱ្យមានហិង្សាផ្សេងៗទៀត»។
របាយការណ៍ស្តីពី ស្ថានភាពសិទ្ធិដីធ្លីឆ្នាំ២០២៥របស់សមាគមអាដហុក ចេញផ្សាយកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ បានរកឃើញថា ករណីវិវាទដីធ្លីថ្មីនៅឆ្នាំ២០២៥មានចំនួន ៤៥ករណី បន្ថែមលើករណីចាស់ៗជាច្រើនដែលមិនទាន់មានដំណោះស្រាយសមរម្យ ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៥ ៥២០គ្រួសារ និងផ្ទៃដីជាង ១១ម៉ឺនហិកតា (១១៥ ៤១៣ ហិកតា)។ ក្នុងនោះភាគរយខ្ពស់នៃវិវាទពាក់ព័ន្ធនឹងការរំលោភដីធ្លីដោយបុគ្គលមានអំណាច ៤២ភាគរយ និងអ្នកមានទ្រព្យ/ក្រុមហ៊ុន ២០ភាគរយ ដែលជាការបង្ហាញពីឥទ្ធិពលខ្លាំងរបស់ក្រុមអាជ្ញាធរមានអំណាចលើការប្រើប្រាស់ធនធានដីធ្លី និងធនធានធម្មជាតិ។
ជុំវិញរបាយការណ៍នេះ អាដហុក បានវាយតម្លៃថា បញ្ហាវិវាទដីធ្លីនៅកម្ពុជា នៅតែបន្តមានលក្ខណៈធ្ងន់ធ្ងរ រ៉ាំរៃ និងស្មុគស្មាញ ដែលទាមទារឱ្យមានការកែលម្អផ្នែកច្បាប់ គោរពសិទ្ធិសហគមន៍ ទប់ស្កាត់អំពើពុករលួយ និងបញ្ឈប់ការប្រើអំណាចខុសពីគោលបំណងនៃច្បាប់ បើពុំនោះទេ វិវាទដីធ្លីនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថិរភាពសេដ្ឋកិច្ច សង្គម និងការបាត់បង់ទំនុកចិត្តលើរដ្ឋាភិបាលនិងប្រព័ន្ធយុត្តិធម៌ ដែលអាចរារាំងដល់ការអភិវឌ្ឍរយៈពេលវែង៕









