ពលរដ្ឋ​រង​គ្រោះ​គម្រោង​ដី​ឡូតិ៍​នៅ​ប៉ោយ​ប៉ែត​ដង្ហើយ​រក​យុត្តិ​​ធម៌​​ស្រប​​ពេល​​ជីវភាព​ព្រំដែន​ធ្លាក់​ចុះ

ប្រជា​ពលរដ្ឋ​ប្រមាណ​ ៨៧៥​គ្រួសារ នៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ កំពុង​រង់​​​ចាំ​ដំណោះ​​ស្រាយ​​​ពី​ក្រុម​ហ៊ុន ពៅ វណ្ណា នៅថ្ងៃ​ច​ន្ទ​សប្ដាហ៍​ក្រោយ ដោយ​រំពឹង​ថា​ជំនួប​លើក​ទី​១០​នេះ ក្រុម​ហ៊ុ​ន​នឹង​​ផ្ដល់​​សំណង ឬ​ប្លង់​កម្ម​សិទ្ធិ​ដល់​ពួក​គាត់។

ពលរដ្ឋរងគ្រោះ លោក ឈី ឆន ប្រាប់វីអូឌីនៅថ្ងៃទី​២២ ខែ​ឧសភា​ថា នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​ ក្រុម​ហ៊ុន​ត្រូវ​ជួប​ជាមួយ​​អតិថិជ​ន​ម្ដង​ទៀត តាម​ការ​សន្យា​កាល​ពី​ថ្ងៃទី​១៨ ខែ​ឧសភា។ លោក​រំពឹង​ថា​ ជំនួប​លើក​ទី​១០​នេះ នឹង​មាន​ផ្លែផ្កា​តា​ម​រយៈ​ការ​ប្រគល់​ប្លង់​កម្ម​សិទ្ធិ ឬ​បង្វិលស​ង​លុយ​ត្រឡប់​មក​វិញ​ ដើម្បី​ឱ្យ​លោក​ដោះ​ស្រាយ​ជីវភាព។

លោក ឈី ឆន និយាយថា​៖ «ជួយបានច្រើន! បើសិនបងបានដីហ្នឹងមក បងអា​ច​ថា លក់​នូវ​អ្វី​​ដែល​បង​​អាច​​​ថា​លក់​បាន។ អាច​ថា​មើល​ទៅ​តាម​ទីផ្សារ​ដែរ បើ​ថា​វា​ខាត​ក៏​វា​ខាត​ខ្លះអី​ខ្លះ​ទៅ ធ្វើ​ម៉េច​​ឲ្យ​តែ​បា​ន​លុយ​ហ្នឹង​យក​មក​ដោះ​ស្រាយ​ជីវភាព។ សព្វ​ថ្ងៃ​ហ្នឹង​គឺ​ពិបាក​ខ្លាំង នៅ​ខាង​ប៉ោ​យប៉ែ​ត​ហ្នឹង​គឺ​ពិបាក​​ខ្លាំង​មែន​ទែន គឺ​សេដ្ឋ​កិច្ច​ដូច​ងាប់​បណ្តោយ»។

កាលពីថ្ងៃទី១៨ ខែឧសភា ប្រជាពលរដ្ឋប្រមាណ ២០០នាក់ តំណាងឱ្យ​អតិថិជន​រង​គ្រោះ​ចំនួន​ ៨៧៥​គ្រួសារ បាន​ដង្ហែ​ក្បួន​ពី​វត្ត​កណ្ដាល​ឆ្ពោះ​ទៅ​កាន់​សាលា​ក្រុង​ប៉ោយ​ប៉ែត ទាម​ទារ​ដំណោះ​ស្រាយ​ពី​ក្រុម​ហ៊ុ​ន​ដីឡូតិ៍ ពៅ វណ្ណា ដែល​ជា​កម្ម​សិទ្ធិ​របស់​ប្រពន្ធ​មេ​ឃុំ​អូរ​បីជាន់ លោក តុល សារិន។ ពួក​គាត់​អះ​អាង​ថា ការ​ទាម​ទារ​នេះ ដោយ​សារ​ក្រុម​ហ៊ុន​គេច​វេស និង​កុហក​អតិថិ​ជ​ន​ម្ដង​​ហើ​យ​ម្ដ​ង​ទៀត​ ដែល​ជំរុញ​ពួក​គាត់​ត្រូវ​តែ​សុំ​ការ​អន្តរា​គមន៍​ពី​អាជ្ញាធរ ដោយ​​មាន​ លោក ប៉ាន់ខែម ប៊ុនថន ប្រធា​ន​ក្រុម​​ការ​ងា​​ររដ្ឋាភិ​បាល​ប្រចាំក្រុ​ងប៉ោ​យ​ប៉ែត ជា​អ្នក​ទទួល​ដោះ​ស្រាយ។

តាមរយៈជំនួបនៅព្រឹកនោះ ក្រុមហ៊ុនបានសុំពេលបីថ្ងៃ សម្រាប់ឆ្លើយតប ប៉ុន្តែលោក ប៉ាន់​​ខែម ប៊ុនថន ពន្យារ​ពេល​ឱ្យ​​មួយ​សប្ដាហ៍ ដោយ​ជំនួប​លើក​ក្រោយ​នឹង​ប្រព្រឹត្ត​​ទៅ​នៅ​ថ្ងៃ​ចន្ទ ទី​​២៥ ខែ​ឧសភា។

អតិថិជនអះអាងថា គិតចាប់ពីពាក់កណ្ដាលឆ្នាំ២០២៥ មកទល់ពេលនេះ ពួក​គាត់​បាន​ជួប​​ជាមួយ​ក្រុ​ម​ហ៊ុ​ន ៩ដង និង​ជួប​នៅ​មុខ​លោក ប៉ាន់ខែម ប៊ុនថន ៣ដង រួចមកហើយ។

គ្រួសារលោក ឈី ឆន បានទិញដីពីក្រុមហ៊ុនពៅ វណ្ណា ចំនួន​៣ប្លង់ ក្នុង​មួយ​ប្លង់​តម្លៃ ១ម៉ឺន ៣ពាន់​​ដុល្លារ តាំង​ពី​ឆ្នាំ​២០១៩ ដោយ​ប្រើ​ប្រាស់​លុយ​បាន​ពី​កម្លាំង​ញើស​ឈាម​ រំពឹង​ទទួល​បា​ន​ផល​ប្រយោ​ជន៍​​​ពី​ដី​នេះ។

ប្រពន្ធលោក ឈី ឆន គឺអ្នកស្រី សុខ ស្រីមុំ បង្ហាញ​ភាព​ហត់​នឿយ​នឹង​ការ​ទាម​ទារ​ដំណោះ​ស្រាយ ដោយ​​​បញ្ជាក់​​ថា​អ្នក​ស្រី​គ្រាន់​តែ​ចង់​បាន​តែ​ដី​ដែល​ជាក​ម្លាំង​ញើស​ឈាម​ ឬ​ក្រុម​ហ៊ុន​អាច​សង​បង្វិល​លុយ​ត្រឡប់​មក​វិញ។ អ្នក​ស្រីឱ្យ​ដឹង​ថា បច្ចុប្បន្ន​អ្នក​ស្រី​កំពុង​ដាក់​លក់​ផ្ទះ ព្រោះ​គ្មាន​មុខ​របរ ប្ដី​ក៏​បាត់​បង់​ការ​ងារ ដោយ​សារ​ការ​បិទ​ព្រំដែន​ និង​ការ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​អន​ឡាញ។

អ្នកស្រី សុខ ស្រីមុំ និយាយថា៖ «សង្ឃឹម​ជឿ​ជាក់​លើ​បង​ឯក​ឧត្តម​ដែរ​ថា​គាត់​នឹង​រក​ដំណោះ​ស្រាយ ព្រោះគា​ត់​​ដោះ​ស្រាយ​ឲ្យ​គេ​បាន​ច្រើន​នាក់​ហើយ។ ហើយ​ខ្ញុំ​ក៏​សំណូម​ពរ​គាត់​នៅ​ក្នុង​អង្គ​ប្រជុំ​ដែរ​ថា ឲ្យ​បង​ដោះ​​ស្រា​​​យ​​ឲ្យ​ខ្ញុំ​មក ឲ្យ​ចប់​សព្វ​គ្រប់​នៅ​ក្នុង​ខែ​ប្រាំ ព្រោះ​ខ្ញុំ​វា​ដល់​ដំណា​ក់​កាល​មួ​យ​ដែល​ថា​ខ្ញុំ​ទប់​លែង​ជាប់ ពី​មុន​មក​គឺ​ខ្ញុំអ​ត់​ដែល​រក​រឿង​ឡាំប៉ា​អី​ទេ​ ព្រោះ​អី​សេដ្ឋ​កិច្ច យើង​រក​បាន​យើង​​​ចេះ​តែ​ទប់​ជាប់​បណ្តើ​រ​ៗ​អ៊ីចឹង​ណា។​ លើក​នេះ​គឺ​ខ្ញុំ​ទប់​លែង​ជាប់​ហ្មង ព្រោះ​ថា​វា​អស់​​រ​ក​អី​អត់​បាន​រហូ​​ត​ដល់​ថ្នាក់​​ខ្ញុំ​លក់​ឡៃ​​ឡុ​ង​ផ្ទះ​​ចោល បង​គិត​ទៅ»។

ការសម្រេចចិត្តទិញដីពីក្រុមហ៊ុនពៅ វណ្ណា ក្នុងគម្រោង​ទី​១​០ និង​ទី​១១​នេះ ដោយ​សារ​ពលរដ្ឋ​​មើល​​ឃើញ​ពី​សក្ដា​នុពល ព្រោះជា​ដី​ស្ថិត​នៅ​ជិត​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ ដែល​អាច​មាន​ត​ម្លៃ​ខ្ពស់​​នៅ​ពេល​ក្រោយ។

ពលរដ្ឋរងគ្រោះម្នាក់ទៀត គឺលោក ហៃ ថុន ឱ្យដឹងថាដីឡូតិ៍ ក្រុមហ៊ុនពៅ វណ្ណា មាន​បង្គោល​​ភ្លើង និង​ហេដ្ឋា​រច​​នា​សម្ព័ន្ធ​ច្បាស់​លាស់ ខណៈ​ក្រុម​ហ៊ុន​បាន​ផ្ដល់​ លិខិត​ផ្ទេរ​សិទ្ធិ​កាន់​កា​ប់​អចលន​ទ្រព្យ​​ដែល​មិន​ទាន់​ចុះ​បញ្ជី ឬ​ហៅ​ថា​ប្លង់​ទន់​ឱ្យ​អតិថិ​ជន​  និង​ថែម​ទាំង​បាន​ចុះ​​បញ្ជី​បង់​ពន្ធ​ប្រថាប់​​ត្រា​នៅ​​ថ្នាក់​​ខេត្ត​ទៀត​ផង​ ដែលធ្វើ​ឱ្យ​លោក​មិន​នឹក​ស្មាន​ថា​មាន​បញ្ហា​បែប​នេះ​ឡើយ។

លោក ហៃ ថុន និយាយថា៖ «ហើយពេលដែលចុះធ្វើប្លង់រឹងនេះ គេអត់​បាញ់​ប្លង់​ឲ្យ​ អត់​បាញ់​បំ​បែក​ក្បា​ល​ដី​ធ្វើ​​ប្លង់​រឹង​ឲ្យ ដោយ​សារ​គេ​ថា​ដី​ហ្នឹង​វា​ពាក់​ព័ន្ធ»។

ពលរដ្ឋចាប់ផ្ដើមសម្រុកទិញដីនេះនៅឆ្នាំ២០១៩ ដោយបង់រំលស់ជាមួយ​ក្រុម​ហ៊ុន​ និង​ជាមួយ​ធនា​គារ រហូត​ដល់ដា​ច់​ជា​ស្ថាពរ។ ប៉ុន្តែប្ល​ង់​កម្មសិ​ទ្ធិ ឬ​ប្លង់​រឹង បែរ​ជា​ត្រូវ​រាំង​ស្ទះ​ រហូត​ដល់​ខែមិ​ថុនា ឆ្នាំ​២០២៥ ទើប​ពួក​គាត់​ដឹង​ថា​មាន​ឧកញ៉ា​ម្នាក់​ចេញ​មុខ​អះ​អាង​ថា​ដី​នោះ​ស្ថិត​ក្នុង​សិទ្ធិ​រក្សា​ការ​ពារ​របស់​ខ្លួន។

វីអូឌី មិនអាចទាក់ទងសុំការអត្ថាធិប្បាយ​បន្ថែម​ ពី​ប្រធាន​ក្រុម​ការ​ងារ​រដ្ឋាភិ​បាល​ប្រចាំ​ក្រុង​ប៉ោយ​ប៉ែត លោក ប៉ាន់​ខែម ប៊ុន​ថន បាន​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ។

ទាក់ទិនរឿងនេះ អ្នកគ្រប់គ្រង​ប្រចាំ​ការិយាល័យ​អង្គការ​លីកាដូ​ (LICADHO) នៅ​ខេត្ត​បន្ទាយ​​មាន​​ជ័យ លោក អ៊ិន គង់​ជិត លើក​ឡើង​ថា ដីធ្លី​ទាំង​នោះ​អាច​ជួយ​ប្រជា​ពលរដ្ឋ​ក្រុង​ប៉ោយ​ប៉ែត ដោយ​យក​ទៅ​លក់​ដូរ ឬ​ដាក់​បញ្ចាំយ​ក​លុយ​ដោះ​ស្រាយ​ជីវ​ភាព​បាន​​ ចាប់​តាំង​ពី​ការ​បិទ​ព្រំដែ​ន​បាន​ញាំញី​​មុខ​របរ​ពួក​គាត់។ លោក​ចង់​ឃើញ​ ក្រុម​ហ៊ុន​មាន​ទំនួល​ខុស​ត្រូវ​ ផ្ដល់​ដំ​ណោះ​ស្រា​យ​ឆាប់​រហ័ស​ដល់​ពលរដ្ឋ។

លោក អ៊ិន គង់ជិត ថ្លែង​ថា៖ «ក្នុង​នាម​គាត់​ដែល​ជា​ម្ចាស់​ក្រុម​ហ៊ុន​មួយ​ ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ហើយ​រឿង​នេះ ពួក​គាត់​អត់​ទាន់​គិត​ដល់​រឿង​ព្រហ្ម​ទណ្ឌ​ផង។ អ៊ីចឹង​ ម្ចាស់​ក្រុម​ហ៊ុន​ត្រូវ​តែ​​មា​ន​ការ​ទ​ទួ​ល​ខុស​ត្រូវ ត្រូវ​តែ​ដោះ​ស្រា​យ​តាម​អ្វីដែ​ល​គាត់ (អតិថិជន) ទាម​ទារ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ