លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងថា សហរដ្ឋអាមេរិកនឹងបញ្ជូនកងទ័ពបន្ថែមចំនួន ៥ ០០០ នាក់ ទៅកាន់ប្រទេសប៉ូឡូញ ពោលគឺមួយសប្តាហ៍បន្ទាប់ពីមន្ទីរបញ្ចកោណបានលុបចោលផែនការដាក់ពង្រាយកងទ័ពចំនួន ៤ ០០០ នាក់ ទៅកាន់ប្រទេសនោះ។
តាមរយៈការសរសេរនៅលើបណ្តាញសង្គម Truth Social លោក ត្រាំ លើកឡើងថា ការសម្រេចចិត្តនេះ គឺផ្អែកលើទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយប្រធានាធិបតីប៉ូឡូញ លោក Karol Nawrocki ដែលលោកបានគាំទ្រនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន។
ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមថា តើកងទ័ពបន្ថែមទាំងនោះជាផ្នែកនៃការរៀបចំដាក់ពង្រាយកាលពីលើកមុន ឬក៏ជាប្រតិបត្តិការផ្សេងនោះទេ។ សេតវិមានបានបង្ហាញសញ្ញាកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះថា ខ្លួនមានបំណងកាត់បន្ថយកម្រិតកងទ័ពសរុបរបស់ខ្លួននៅក្នុងតំបន់អឺរ៉ុប ដែលជាផ្នែកមួយនៃរបៀបវារៈ «អាមេរិកមុនគេ» (America First) របស់ខ្លួន។
កាលពីដើមខែនេះ សហរដ្ឋអាមេរិក ក៏បានប្រកាសផងដែរថា ខ្លួននឹងដកកងទ័ពចំនួន ៥ ០០០ នាក់ ចេញពីប្រទេសអាល្លឺម៉ង់ បន្ទាប់ពីមានជម្លោះរវាងលោក ត្រាំ និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ជុំវិញបញ្ហាសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់។
កន្លងមក លោក ត្រាំ បានរិះគន់លោក Merz ចំពោះការលើកឡើងរបស់លោកថា សហរដ្ឋអាមេរិកត្រូវបាន «ធ្វើឱ្យអាម៉ាស់» ដោយក្រុមអ្នកចរចាអ៊ីរ៉ង់។
គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើកងទ័ពបន្ថែមសម្រាប់ប្រទេសប៉ូឡូញទាំងនោះ ជាផ្នែកមួយនៃកងទ័ពដែលត្រូវដកចេញពីប្រទេសអាល្លឺម៉ង់ ឬជាក្រុមផ្សេងដាច់ដោយឡែក។
លោកក៏បានរិះគន់សម្ព័ន្ធមិត្តណាតូ (Nato) របស់ទីក្រុងវ៉ាស៊ីនតោនផងដែរ ចំពោះការមិនស្ម័គ្រចិត្តចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការដាក់សម្ពាធលើប្រទេសអ៊ីរ៉ង់ជុំវិញបញ្ហាច្រកសមុទ្រ Hormuz។
ការប្រកាសរបស់លោក ត្រាំ កាលពីថ្ងៃ២១ឧសភា បានធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីក្រសួងការពារជាតិបានថ្លែងយ៉ាងទាន់ហន់ថា ខ្លួនកំពុងលុបចោលការដាក់ពង្រាយកងទ័ពចំនួន ៤,០០០ នាក់ទៅកាន់ប្រទេសប៉ូឡូញ។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានថ្លែងនៅពេលក្រោយមកថា ការលុបចោលនោះគឺគ្រាន់តែជា «ការយឺតយ៉ាវបណ្តោះអាសន្ន» នៃផែនការដាក់ពង្រាយប៉ុណ្ណោះ ហើយអាមេរិកនឹងបន្តធានាថាខ្លួន «រក្សាវត្តមានយោធាដ៏រឹងមាំ» នៅក្នុងប្រទេសប៉ូឡូញ។
លោក Nawrocki គឺជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់លោក ត្រាំ ជាយូរមកហើយ ហើយទទួលបានការគាំទ្រពីលោក ត្រាំ មុនពេលឈ្នះការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសប៉ូឡូញ។
នៅក្នុងការថ្លែងទៅកាន់កម្មវិធី Radio 4 Today របស់ BBC កាលពីខែមករា ប្រធានាធិបតីប៉ូឡូញរូបនេះបាននិយាយថា លោក ត្រាំ គឺជាមេដឹកនាំពិភពលោកតែម្នាក់គត់ដែលអាចបញ្ឈប់ លោក វ៉្លាឌីមៀ ពូទីន និងបញ្ចប់សង្គ្រាមនៅប្រទេសអ៊ុយក្រែនបាន។
ទោះបីជាមានការរិះគន់ពីមុនៗរបស់លោក ត្រាំ ទៅលើសម្ព័ន្ធមិត្តណាតូ និងសមភាគីអឺរ៉ុបរបស់លោកក៏ដោយ ក៏លោក Nawrocki នៅតែទទូចថា សហរដ្ឋអាមេរិកនៅតែជាអ្នកធានាសន្តិសុខនៅក្នុងតំបន់អឺរ៉ុប។ សមាជិកសភាខាងគណបក្សសាធារណរដ្ឋមួយចំនួន កាលពីពេលមុនបានរិះគន់ការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការដកទ័ពចេញពីប្រទេសអាល្លឺម៉ង់ ដោយនិយាយថា វាប្រឈមនឹងការបញ្ជូនសារដ៏ខុសឆ្គងទៅកាន់ប្រទេសរុស្ស៊ី។
ការដាក់ពង្រាយយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអាល្លឺម៉ង់ គឺធំជាងគេបំផុតនៅក្នុងតំបន់អឺរ៉ុប ដែលបច្ចុប្បន្នមានកងទ័ពបំពេញកាតព្វកិច្ចសកម្មជាង ៣៦ ០០០ នាក់ បើប្រៀបធៀបទៅនឹងកងទ័ពប្រហែល ១២ ០០០ នាក់ នៅក្នុងប្រទេសអ៊ីតាលី និង ១០ ០០០ នាក់ទៀត នៅក្នុងចក្រភពអង់គ្លេស៕









