តំណាង​​អ្នក​​ចិញ្ចឹម​​សត្វ​​ស្នើ​​​បញ្ឈប់​​នាំ​​ចូល​​សាច់​​បង្កក​​​ពី​​ក្រៅ​​​ប្រទេស​​ដើម្បី​​គាំទ្រ​​ផលិត​​ក្នុង​ស្រុក​

ក្រៅ​​​ពី​​មុខ​​របរ​​ធ្វើ​​ស្រែ​​ចម្ការ កសិក​រ​​មួយ​​ចំនួន​​រស់​​នៅ​​ខេត្ត​​សៀម​រាប និង​​ខេត្ត​​តាកែវ​ បាន​ប្រកប​​របរ​​ចិញ្ចឹម​​ជ្រូក និង​​​គោ លក់​​ដើម្បី​​រក​​ប្រាក់​​ចំណូល​​ផ្សែ​ផ្សំ​​ចិញ្ចឹម​​ជីវិត​ ដោយ​​ពួក​គាត់​​ខ្លះ​​ចិញ្ចឹម​​សត្វ​​ជា​​លក្ខណៈ​​គ្រួសារ និង​​ខ្លះ​​ទៀត ចិញ្ចឹម​​​ជា​​កសិ​ដ្ឋាន។

នៅ​កៀក​នឹង​ផ្ទះ​របស់​​កសិករ​មាន​ទ្រុង​ជ្រូក​ ទ្រុង​គោ​ និង​ទ្រុង​មាន់​ទា ​ស្ទើរ​តែ​គ្រប់​ក្រុម​គ្រួសារ។ កសិករ​ថា ក្រោយ​ពី​​បិទ​ព្រំ​ដែន​​ថៃ-កម្ពុជា តម្លៃ​សាច់​ជ្រូក និង​​សាច់​​គោ​ក្នុង​​​ស្រុក​​ហក់​​ឡើង​​ថ្លៃ​​ ធ្វើឱ្យ​កសិករ​មួយ​ចំនួន​អាច​រក​ប្រាក់​ចំណូល​​​បាន​សមរម្យ​នៅ​ផ្ទះ​ និង​កសិករ​ខ្លះ​ទៀត​បាន​ពង្រីក​មុខ​របរ​ប្រចាំ​ថ្ងៃ ដោយ​មិន​ធ្វើ​ចំណាក​ស្រុក​នោះ​ឡើយ​។

កំពុង​អង្គុយ​ហាន់​ដើម​ចេក​ឱ្យ​ល្អិត​ដើម្បី​ឱ្យ​ចំណី​ជ្រូក​នៅ​ផ្ទះ កសិករ​ម្នាក់​រស់​នៅ​ស្រុក​សូទ្រនិគម​ ខេត្ត​សៀមរាប គឺ​លោក ខាំ ខះ។ លោក​ប្រាប់​វីអូឌី ​នៅ​ថ្ងៃ​ទី​២២ ខែ​​ឧសភា​ថា​ បច្ចុប្បន្ន​តម្លៃ​ជ្រូក​រស់​អាច​លក់​​បាន​ចន្លោះ ១​ម៉ឺន​១ពាន់​រៀល (១១ ០០០រៀល​) ដល់ ១ម៉ឺន​៤ពាន់​​រៀល (១៤ ០០០រៀល​) ក្នុង​មួយ​គីឡូ​ក្រាម​ ហើយ​កាល​ពី​មិន​ទាន់​​បិទ​ព្រំដែន​កម្ពុជា-ថៃ តម្លៃ​ទាប​ខ្លាំង​ធ្លាក់​នៅ​ក្រោម ៨​ពាន់​រៀល​ ក្នុង​​មួយ​​គីឡូ​ក្រាម ​​ធ្វើ​​ឱ្យ​កសិករ​ខាត​បង់​ មិន​អាច​​ទប់​ការ​ការ​​ចំណាយ។

លោក​បញ្ជាក់​ថា តម្លៃ​ជ្រូក​រស់​ដែល​អាច​ចំណេញ​បាន​ក្នុង​មួយ​គីឡូក្រាម​ចន្លោះពី ១ម៉ឺន១ពាន់​រៀល(១១ ០០០រៀល) ដល់​១ម៉ឺន​​២ពាន់​​រៀល (១២ ០០០រៀល)។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​នាំ​សាច់​បង្កក​ពី​ក្រៅ​ប្រទេស ហើយ​​គាំទ្រ​​ផលិត​ផល​​ក្នុង​​ស្រុក​ ជួយ​​កសិករ​​មាន​​ចំណូល និង​ដោះស្រាយ​បំណុល។

លោក ខាំ ខះ និយាយ​ថា៖ «បើ​បិទ​ត្រឹម​សាច់​បង្កក​នាំ​ចូល​ស្រុក​ខ្មែរ ទុក​សត្វ​ក្នុង​ស្រុក​វា​ល្អ​ វាល្អ​ប្រជាជន​យើង​ចិញ្ចឹម​​ចំណូល​ច្រើន វា​កាត់​បន្ថយ បងប្អូន​យើង​ចំណាក​ស្រុក»

តំណាង​អ្នក​ចិញ្ចឹម​សត្វ​​ បារម្ភ​ថា បញ្ហា​នាំចូល​សាច់​ជ្រូក​កក​មក​ពី​ប្រទេស​ជិត និង​​សាច់​បង្កក​ បង្ក​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ​​​សាច់​ជ្រូក​ក្នុងស្រុក​ ព្រោះ​សាច់​ជ្រូក​នាំចូល​មានតម្លៃ​ថោក។ ពួកគេ​អះអាង​ថា​ មុន​ពេល​មិន​ទាន់​បិទ​ព្រំដែន​កម្ពុជា-ថៃ សាច់​គោ​របស់​កសិករ​ខ្មែរ​ធ្លាក់​ថ្លៃ​ខ្លាំង​រហូត​​ដល់​ ២​ម៉ឺន​២ពាន់​រៀល (២២ ០០០រៀល) ដល់ ២ម៉ឺន​៨ពាន់​​រៀល (២៨ ០០០រៀល​) ក្នុង​​មួយ​​គីឡូ​​ក្រាម​ ក៏ប៉ុន្តែ​បច្ចុប្បន្ន​តម្លៃ​សាច់​គោ​ហក់​ឡើង រហូត​ដល់ ៣ម៉ឺន​៥ពាន់រៀល(៣៥​ ០០០​រៀល) ដល់ ៤ម៉ឺនរៀល (៤០ ០០០រៀល) ក្នុង​មួយ​គីឡូក្រាម។

កសិករ​ថា ពួកគាត់​ចង់​ឱ្យ​ក្រសួង​លើក​ទឹក​ចិត្ត​ឱ្យ​កសិករ​ចិញ្ចឹម​ផ្គត់​ផ្គង់​ក្នុង​ស្រុក ដើម្បី​រក្សា​ស្ថិរភាព​ទីផ្សារ​​ជ្រូក​ក្នុងស្រុក ហើយ​​​ស្វែងរក​វិនិយោគទុន​មក​កែច្នៃ​សាច់​ជ្រូក​របស់​កសិករ។

អ្នក​ចិញ្ចឹម​សត្វ​បែប​កសិដ្ឋាន​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ លោក ហៀក ចំរើន ប្រាប់​ថា​ គ្រួសារ​លោក​ចិញ្ចឹម​ជ្រូក​ជាង ៥០០ ក្បាល​ ​ដោយ​ត្រូវ​ចំណាយ​លើ​ថ្លៃ​ចំណី​ កម្លាំង​ពលកម្ម និង​ការ​ថែទាំ​ជាដើម​ ប្រសិន​បើ​សាច់​ជ្រូក​ក្នុង​ស្រុក​​មាន​តម្លៃ​ទាប នឹង​ធ្វើ​ឱ្យ​លោក​ខាតបង់ ប៉ះពាល់​ប្រាក់​ចំណូល។ លោក​ថា​ នៅ​គ្រា​ដែល​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​​ក្រុមហ៊ុន​នាំ​សាច់​ជ្រូក​បង្កក​ ចូល​មក​កម្ពុជា​ ចៀស​មិន​ផុត​ប៉ះពាល់​កសិករ​អ្នក​ចិញ្ចឹម​សត្វ។

លោក ហៀក ចំរើន និយាយថា៖ «ទី១ គឺ​យើង​អត់​សប្បាយ​ចិត្ត​ទេ​ ហើយ​ក៏​មិន​ចង់​ឱ្យ​នាំចូល​ច្រើន​ដែរ បិទ​តែ​ម្តង​ល្អ។ បើ​ខ្វះ​គួរ​ផ្សព្វផ្សាយ​បង្ហាញ​សាធារណៈ​ថា ឥលូវ​ជ្រូក​យើង​ខ្វះ​ ដើម្បី​ឱ្យ​កសិករ​ខ្មែរ​ចិញ្ចឹម កាត់​បន្ថយ​ការ​នាំចូល​​ហើយ​ក៏​យើង​មិន​ចង់​ឡើង​ខ្ពស់​ដែរ ឡើង​សមរម្យ»

ប្រតិកម្ម​របស់​អ្នក​ចិញ្ចឹម​សត្វ​រូប​នេះ ក្រោយ​ពី​អគ្គនាយក​ដ្ឋាន​គយ​នៃ​ក្រសួង​ពាណិជ្ជកម្ម និង​អគ្គនាយក​ដ្ឋាន​សុខភាព​​សត្វ​នៃ​កសិកម្ម​ថ្មីៗនេះ (ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ២០២៦) បាន​អនុញ្ញាត​​ឲ្យ​ក្រុមហ៊ុន​ចំនួន ៥ ថែម​ទៀត​នាំ​ចូល​​សាច់​បង្កក​មក​លក់​នៅ​កម្ពុជា ដែល​មាន​ក្រុមហ៊ុន​សរុប​ ៥៧ ក្រុមហ៊ុន។ ប្រការ​នេះ​តំណាង​អ្នក​ចិញ្ចឹម​សត្វ និង​​កសិករ​​បារម្ភ​ថា​ កំណើន​ក្រុមហ៊ុន​នាំចូល​សាច់​បង្កក ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​របរ​កសិករ​ផលិត​ក្នុង​ស្រុក​ និង​ប្រាក់​​ចំណូល​ពលរដ្ឋ​មូលដ្ឋាន។

ពួកគេ​ព្រួយ​បារម្ភ​ខ្លាំង ពី​ការ​កើន​ឡើង​នាំចូល​សាច់​បង្កក​ ដោយ​សាច់​ខ្លះ​មាន​ឈាម​លាយ​ឡំ ​និង​សាច់​ខ្លះ​ទៀត​លាប​​​ថ្នាំ​ពណ៌ ​បង្ក​ផល​​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់។

រដ្ឋលេខាធិការ និងជាអ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម​ លោក ប៉ែន វិសុជាតិ បដិសេធ​​មិន​ឆ្លើយ​សំណួរ​របស់​វីអូឌី​តាម​ទូរសព្ទ ដោយ​លោក​រុញ​ឱ្យ​អ្នក​យក​ព័ត៌មាន​វីអូឌី​ ផ្ញើ​សំណួរ​តាម​បណ្តាញ​សង្គម​តេឡេ​ក្រាម ក៏ប៉ុន្តែ​នៅ​ពេល​ដែល​​វីអូឌី ផ្ញើ​សំណួរ​ទៅ​លោក​ ក៏​អ្នក​នាំពាក្យ​រូបនេះ​នៅ​តែ​មិន​ឆ្លើយ​តប ជុំវិញ​បញ្ហា​នេះ​ នៅ​ថ្ងៃ​ទី២២ ខែ​ឧសភា។

វិអូឌីក៏មិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួង​កសិកម្ម កញ្ញា អ៊ឹម រចនា បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។

កន្លង​ទៅ ​ប្រធាន​គណៈកម្មការ​ទី៣​នៃ​ព្រឹទ្ធសភា  និង​ជា​អ្នក​ឧកញ៉ា លោក ម៉ុង ឫទ្ធី  បាន​ថ្លែង​នៅ​សិក្ខា​សាលា​មួយ​ស្តីពី​​សុវត្ថិភាព​សាច់​បង្កក​សម្រាប់​​សុខភាព​ពលរដ្ឋ​ ដោយ​លោក​បង្ហាញ​មោទនភាព​ក្នុង​វិស័យ​ចិញ្ចឹម​ជ្រូក​នៅ​ក្នុង​ស្រុក​ មានការ​​​រីក​ចម្រើន​រយៈ​ពេល​១០​ឆ្នំា​ចុង​ក្រោយ​ ធ្វើ​ឱ្យ​កសិករ​ខ្មែរ​ចិញ្ចឹមសត្វ​លក្ខណៈ​​គ្រួសារ វិវដ្ត​ទៅ​ចិញ្ចឹម​បែប​ពាណិជ្ជ​កម្ម​ទំនើប​ដូច​ប្រទេស​ជឿន​លឿន​។

ក៏ប៉ុន្តែ​អ្វី​ដែល​ឧកញ៉ា​រូបនេះ​​បារម្ភ​ គឺ​ការ​​នាំចូល​សាច់​បង្កក​មាន​គុណភាព​ទាប ​យក​មក​ដាក់​លក់​នៅ​លើទីផ្សារ​ក្នុងស្រុក ​​កំពុង​តែ​បំផ្លាញ​វិស័យ​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា។

លោក ម៉ុង ឫទ្ធី ថ្លែងថា​៖  «ការនាំចូលសាច់បង្កកមានគុណភាពទាប គ្មានហេដ្ឋរចនាសម្ព័ន្ធទុកដាក់គ្រប់គ្រាន់ ហើយ​​មិនបានពិនិត្យត្រឹមត្រូវ យកមកដាក់លក់លើទីផ្សារក្នុងតម្លៃទាបហួសប្រមាណ កំពុងបំផ្លាញវិស័យចិញ្ចឹមសត្វ និងបំផ្លាញសុខភាពពលរដ្ឋ​»។

ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា លោក ស្រ៊ុន ពៅ សង្កេត​ឃើញ​ថា​ បច្ចុប្បន្ន​សាច់​បង្កក​កំពុង​វាយ​លុក​តាម​ហាង​​​បាយ ភោជនីយដ្ឋាន អាហារ​បូហ្វេ​(Buffet) និង​កម្ម​វិធី​បុណ្យ មង្គលការ ​ជាដើម ​ដោយ​ម្ចាស់​កម្ម​វិធី​​បាន​​​ប្រើ​ប្រាស់​​​សាច់​​បង្កក​​វេច​ខ្ចប់​ជា​កេះ​ៗ  នាំ​ចូល​ពី​ក្រៅ​ប្រទេស​ ដើម្បី​រៀបចំម្ហូបទទួល​ភ្ញៀវ ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​អ្នកប្រើ​ប្រាស់។

លោក​បន្ថែម​ថា ដើម្បី​លើក​កម្ពស់​ជីវភាព​កសិករ​ និង​លើក​កម្ពស់​សុវត្ថិភាព​ហូប​ចុក​របស់​ពលរដ្ឋ រដ្ឋាភិបាល​​គួរ​តែ​​អនុ​ញ្ញាត​​ឱ្យ​​​នាំ​ចូល​​​​តែ​​ផលិត​​ផល​​ណា ​ដែល​កម្ពុជាមិនអាច​ផលិត​​បាន។

លោក ស្រ៊ុន ពៅ ថ្លែងថា៖ «ខ្លះគាត់យកសាច់បង្កកមក មានឈាមលាយទៀត បងប្អូនពលដ្ឋយើងអត់ដឹង គាត់​ទិញ គាត់​អត់បានមើលទេ។ សំខាន់បំផុតនោះ សត្វបង្កកវាយលុយហាង បុណ្យ ការ និងតាមមូលដ្ឋានស្រុក។ ខ្ញុំឧស្សាហ៍​​អំពាវនាវដែរម្ចាស់ដើមការ មើលចុងភៅផង បើចុងភៅធ្វើមិនបានល្អ ប៉ះពាល់អ្នកហូបយើង»។

តំណាង​អ្នក​ចិញ្ចឹម​សត្វ​រូប​នេះ​ បន្ថែម​ថា ក្រសួង​ពាក់ព័ន្ធ​គួរតែ​​ពិនិត្យ​សាច់​បង្កក​​នាំចូល​ពី​ក្រៅ​ប្រទេស ​ឱ្យ​បាន​ត្រឹមត្រូវ និង​​បង់ពន្ធ​ឱ្យ​បាន​ត្រឹមត្រូវ ចៀសវាង​នាំចូល​សាច់​បង្កក​ខូច​គុណភាព​ និង​​ខុសច្បាប់​ចូល​មក​កម្ពុជា។ លោក​ថា ការ​​នាំចូល​សាច់​បង្កក​ដែល​មាន​គុណភាព​ទាប​ គ្មាន​ប្រព័ន្ធ​ទុក​ដាក់​​គ្រប់គ្រាន់​តាម​ស្តង់ដារ​បច្ចេក​ទេស ហើយ​មិន​​បាន​ត្រួត​ពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ​ យក​មក​ដាក់​លក់​នៅ​លើ​ទីផ្សារ​មាន​តម្លៃ​ទាប បង្ក​ហានិភ័យ​​ប៉ះពាល់​សុខភាព​អ្នក​​ប្រើប្រាស់។

អ្នក​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ និង​និស្សិត​ពេទ្យ​នៅ​រាជ​ធានី​ភ្នំពេញ លោក ឡេង បូរី ពន្យល់​ថា​ សាច់ជ្រូក​ដែល​កសិករ​ខ្មែរ​​ចិញ្ចឹម​មាន​គុណ​ភាព​ល្អ និង​មានសុវត្ថិភាពដល់អ្នកប្រើប្រាស់។ តែ​ផ្ទុយ​ទៅ​វិញ​សាច់​បង្កក​ក្លា​សេ​​ឱ្យ​កក​ ចាំបាច់​ត្រូវ​ប្រើ​​សារធាតុ​គីមី ដើម្បី​រក្សា​គុណភាព​ហើយ​ នៅ​ពេល​ដែល​អ្នក​ទទួល​ទាន​យូរ​ៗ​ទៅ វិវត្ត​ទៅ​ជា​ជំងឺ​មហារីក។

លោក​ថា ប្រសិន​​បើ​គ្មាន​ការ​ពិនិត្យ​ល្អិតល្អន់​ទេ សាច់​បង្កក់​ខូច​គុណភាព​ និង​ផ្ទុក​សារធាតុគីមី មាន​តម្លៃទាប នឹង​វាយ​​​លុក​​​ចូល​ទីផ្សារ​កម្ពុជា ជាពិសេស​កម្មពិធី​មង្គលការ និង​បុណ្យទាន​ជាដើម។

លោក ឡេង បូរី ថ្លែងថា៖ «ផ្នែកវេជ្ជសាស្ត្រ គីមី ចំណីអាហារ គាត់មិនបានពិនិត្យដិតដល់ទេ ធ៉្វើឱ្យសាច់បង្កកហ្នឹង​ខូច​​គុណ​ភាព ការដាក់សារធាតុរក្សាទុកបំបាត់ក្លិនស្អុយលើសកម្រិត​រក្សាទុកបានយូរ។ បើសិនជាខាងផ្នែកវេជ្ជសាស្ត្រ​​គីមី ចំណីអាហារមិនបានពិនិត្យដិតដល់ទេ វាមានផលអាក្រក់ច្រើន ប៉ះពាល់សុខភាពប្រជាជន និងពល​រដ្ឋ​ខ្មែរ»។

ថ្មីៗនេះ ​មន្ត្រី​ជំនាញ​បាន​ឃាត់​ចាប់​សត្វ​ជ្រូក ១៧០ ក្បាល ​នៅ​ច្រក​ព្រំដែន​ដែន​កម្ពុជា-ឡាវ ក្នុង​ខេត្ត​ព្រះវិហារ​ដែល​​​គេ​សង្ស័យ​​ថា នាំ​ចូល​ពី​ប្រទេស​ថៃ​មក​លក់​ទីផ្សារ​កម្ពុជា។

តំណាង​អ្នក​ចិញ្ចឹម​សត្វ​លោក ស្រ៊ុន ពៅ ប្រាប់ថា នៅ​ប្រទេស​ថៃ​ ការ​ផ្គត់ផ្គង់​សាច់​ជ្រូក​អាច​នឹង​កក​​ស្ទះ​ខ្លាំង ហើយ​កំពុង​​​រក​​​មធ្យោបាយ​​នាំ​ចេញ​​​មក​ទីផ្សារ​កម្ពុជា។ លោក​បញ្ជាក់​ថា កសិករ​កម្ពុជា​អាច​ផលិត​ផ្គត់ផ្គង់​គ្រប់​គ្រាន់ ពុំ​ចាំ​បាច់​​នាំ​ចូល​សាច់​សត្វ​បង្កក និងសាច់ជ្រូកនោះ​ឡើយ។

លោក ស៊្រុន ពៅ សំ​ណូមពរ​ឱ្យ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​បញ្ឈប់​នាំចូល​សាច់​បង្កក​ ហើយ​គាំទ្រ​ផលិតផល​ក្នុង​​ស្រុក ដោយ​លោក​ចាត់​ទុក​ថា កម្ពុជា​ជឿន​លឿន​បាន​ លុះ​ត្រាតែ​អាច​ផលិត​ដោយ​ខ្លួន​ឯង ពុំ​ចាំ​បាច់​នាំ​ចូល។

សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា ចាត់​ទុក​ថា កសិករ​ចិញ្ចឹម​សត្វ​ក្នុងស្រុក​ដើរ​តួនាទី​យ៉ាង​សំខាន់ ​ក្នុង​​ការ​​ជំរុញ​​កំណើន​​​​​សេដ្ឋ​កិច្ច​​​ជាតិ និង​ធានា​សន្តិសុខ​ស្បៀង តាម​រយៈ​ការ​ផ្គត់ផ្គង់​សាច់​ និង​ស៊ុត​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក។ បច្ចុប្បន្ន​ របរ​ចិញ្ចឹម​សត្វ​បែង​ចែក​ជា​ពីរ​ទម្រង់ គឺ​ការ​ចិញ្ចឹម​បែប​លក្ខណៈ​គ្រួសារ ​ដើម្បី​បង្កើន​ចំណូល​បន្ថែម និង​ការ​ចិញ្ចឹម​​​បែប​​ពាណិជ្ជកម្ម​ទំនើប ឬ​កសិដ្ឋាន​ខ្នាត​ធំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ