លោក ហ៊ុន សែន រង​ការ​រិះ​គន់​ថា​កំពុង​​សម្ដែង​ពី​ការ​មិន​ជាប់​ពាក់​ព័ន្ធ​ឧក្រិដ្ឋ​កម្ម​អន​ឡាញ

អ្នក​ឃ្លាំ​មើល ​​អះ​អាង​​ថា លោក ហ៊ុន សែន កំពុ​ង​​បង្កើត​​ឈុត​​ឆាក​​​ថ្មី​​ដើម្បី​​បោក​ប្រាស់​​ពលរដ្ឋ​​ថា រដ្ឋាភិ​បាល​​​នៃ​​ក្រុម​​គ្រួសារ​​របស់​​លោក​​​ជា​​ជន​​រ​ង​គ្រោះ​​ដោយ​​ក្រុម​​ឧក្រិដ្ឋ​ជន​​អន​ឡាញ។

ទន្ទឹម​​​​នឹ​ង​នេះ ​ពួកគេ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ ​លោក ហ៊ុន ម៉ាណែត បង្ហាញ​តម្លាភាព និង​ត្រូវ​ចាត់​វិធានការ​មិន​លើកលែង​​ចំពោះ​បុគ្គល​ដែល​ត្រូវ​បាន​អាមេរិក​ដាក់​ក្នុង​បញ្ជី​ខ្មៅ មាន​លោក ហ៊ុន តូ ជាដើម។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​លោក ម៉ែន ណាត ប្រាប់​វីអូឌី​នៅ​ថ្ងៃទី២៥ ខែ​ឧសភា ថា លោក ហ៊ុន សែន កំពុង​យក​រឿង​ឧក្រិដ្ឋ​កម្ម​អនឡាញ​​មក​ធ្វើ​ឡប់ឡែ ដើម្បី​​កុហក​ពលរដ្ឋ​ខ្មែរ​ថា មេដឹកនាំ​កម្ពុជា​មិន​ពាក់ព័ន្ធ​នឹង​ក្រុម​ឧក្រិដ្ឋ​​ជន ហើយ​អះអាង​ថា ខ្លួន​​ស្អាតស្អំ ក្នុង​ពេល​ដែល​នាយករដ្ឋមន្ត្រី ​​លោក ហ៊ុន ម៉ាណែត កំពុង​​​បង្ក្រាប​​បទ​​ឧក្រិដ្ឋ​​​​កម្ម​​អន​ឡាញ ដែល​​បាន​​ធ្វើ​ឱ្យ​ខូច​មុខមាត់​កម្ពុជា​​​នៅ​លើ​ឆាក​អន្តរជាតិ។ លោក​ថា នេះ​ជា​សារ​ដែល ​លោក ហ៊ុន សែន ចង់​ប្រាប់​ទៅ​ពលរដ្ឋ ដែល​លោក​តែង​ប្រើ​ក្នុង​ន័យ​​ប្រជាភិថុតិ​ពលរដ្ឋ​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុង​ពេល​កន្លង​ទៅ។

​លោក ម៉ែន ណាត ថ្លែងថា​៖ «ប៉ុន្តែ​រឿង​​ពិ​ត​​​នៅ​ក្នុង​ការ​បង្ក្រាប​បទឧក្រិដ្ឋ​កម្ម​អន​ឡាញ​នៅ​ប្រទេស​កម្ពុជា​នេះ មែន​ទែន​​​ទៅ គឺ​គ្រាន់ គឺ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​របស់​លោក ហ៊ុន សែន ហ្នឹង បង្ក្រាប​តែ​ជនរងគ្រោះ ហើយ​​និង​ពួក​ប្រព្រឹត្ត​បទឧក្រិដ្ឋ​តូចតាច​។ តែ​មេ​ឧក្រិដ្ឋជន​នៅ​ប្រទេស​កម្ពុជា ដែល​មាន​កេរ្តិ៍ឈ្មោះ​អាស្រូវ​បំផុត នៅ​ក្នុង​បញ្ជីខ្មៅ​របស់​សហរដ្ឋអាមេរិក មិនទាន់​ត្រូវ​បាន​បង្ក្រាប​ទេ​ ហើយ​ថែមទាំង​មន្ត្រី​រដ្ឋាភិបាល​និយាយ​ការពារ​ភាព​​ស្អាតស្អំ​របស់​ពួកគេ នៅក្នុង​បញ្ជីខ្មៅ​របស់​សហរដ្ឋអាមេរិក ដូចជា មេ​ឆបោក​​អនឡាញ លោក លី យ៉ុងផាត់ លោក កុក អាន លោក ហ៊ុន តូ ជាដើម»។

អ្នកឃ្លាំមើល​រូប​នេះ ​បន្ត​ថា ពលរដ្ឋ​ខ្មែរ​កំពុង​រង​គ្រោះ​ទ្វេ​ដង ដោយ​សារ​ការ​ដឹកនាំ​របស់​ក្រុមគ្រួសារ​ ​លោក ហ៊ុន សែន តាមរយៈ​ការ​ប៉ះពាល់​​សេដ្ឋកិច្ច​គ្រួសារ​​យ៉ាង​ធំ​សម្បើម ​ដោយសារ​លុយ​របស់​ខ្លួន​ត្រូវ​ក្រុមហ៊ុន ហួយវ័ន របស់​លោក ហ៊ុន តូ លួច​យក​ផង ហើយ​កេរ្តិ៍​ឈ្មោះ​ប្រទេស​ត្រូវ​រង​ឈ្មោះ​អសោច​លើ​ពិភពលោក​ថែម​ទៀត។

លោក​ថា មិនមែន​រដ្ឋាភិបាល​គ្មាន​សមត្ថភាព​ដោះស្រាយ​ទេ ប៉ុន្តែ​បើ​ដោះស្រាយ​ទៅ វា​ប៉ះពាល់​​លោក ហ៊ុន សែន ​អ្នក​ជា​អ្នក​នៅ​​ពី​ខាងក្រោយ​​ខ្នង​នៃ​បទឧក្រិដ្ឋ​កម្ម​ឆបោក​​អនឡាញ ព្រោះ​មេ​ឧក្រិដ្ឋជន​ធំ​ ដូចជា លោក ចេន ហ្ស៊ី ប្រធាន​​ក្រុម​ហ៊ុន ព្រីនស៍ គ្រុប (Princes Group) ជា​មន្ត្រី​ជំនិត​របស់​ ​លោក ហ៊ុន សែន ដែល​ធ្លាប់​ប៉ាវ​មន្ត្រី​​រដ្ឋាភិបាល​ស៊ីចាយ​ និង​ជិះ​យន្តហោះទៅ​ប្រជុំ​​នៅ​​​អាមេរិក​ជាដើម។

ដោយឡែក អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី យល់​ថា ការ​បង្ក្រាប​​បទល្មើស​អនឡាញ​​របស់​រដ្ឋាភិ​​បាល​​កន្លង​មក ហាក់​មាន​លក្ខណៈ​ជ្រើសរើស​ធ្វើ​ឡើង​តែ​លើ​ក្រុម​តូចតាច ​នៅ​ពេល​ដែល​មាន​សម្ពាធ​ពី​អន្តរ​ជាតិ ជាពិសេស​ពី​សហរដ្ឋ​អាមេរិក។ អ្នក​ជំនាញ​រូប​នេះ ​បន្ត​ថា ដើម្បី​ឱ្យ​យុទ្ធនាការ​នេះ​មាន​ប្រសិទ្ធភាព​ពិតប្រាកដ ​រដ្ឋាភិ​បាល​​ត្រូវ​តែ​​បង្ហាញ​​សកម្ម​​ភាព​​​ជាក់​ស្ដែង​ ​ក្នុង​ការ​អនុវត្ត​ច្បាប់​ឱ្យ​ស្មើភាព​ តួយ៉ាង​​ការ​អនុវត្ត​ច្បាប់​លើ​លោក ហ៊ុន តូ ជាដើម។

លោក សេង វណ្ណលី ថ្លែង​ថា៖ «ដើម្បី​ឱ្យ​យុទ្ធនាការ​នេះ​មាន​ប្រសិទ្ធភាព​ពិតប្រាកដ ខ្ញុំ​គិតថា​ លោក​ ហ៊ុន ម៉ាណែត ជាពិសេស​រួម​​ទាំង ​លោក ហ៊ុន សែន ផង​​ត្រូវតែ​បង្ហាញ​សកម្មភាព​ជាក់ស្ដែង​ក្នុងការ​អនុវត្ត​ច្បាប់​ស្មើភាព​គ្នា ​​ចំពោះ​បុគ្គល​គ្រប់រូប​ដោយ​មិន​គិត​ពី​ឋានៈ ​ឬក៏​ឥទ្ធិពល​នយោបាយ ជាពិសេស​គឺ​មិន​គិត​អំពី​សាច់ញាតិ​របស់​បុគ្គល​មួយចំនួន​ឬក៏​ក្មួយ​របស់​ខ្លួន»

លោក សេង វណ្ណលី ក៏​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ចំរុះ ​​ដែល​មាន​ការចូលរួម​ពី​អ្នកជំនាញ​អន្តរ​ជាតិ​​ដូចជា​​ពី​តំណាង​អង្គការសហប្រជាជាតិ ឬ​ប៉ូលិស​អន្តរជាតិ ​ដើម្បី​ធានា​ថា​ដំណើរការ​ស្រាវជ្រាវ​​ត្រូវ​បាន​ធ្វើឡើង ​ដោយ​គ្មាន​ការ​​ជ្រៀតជ្រែក​ពី​អ្នកមាន​ឥទ្ធិពល​​នយោបាយ​ផ្ទៃក្នុង ជាពិសេស​ពី​សំណាក់​ឥស្សរជន​នយោបាយ​របស់​គណបក្សកាន់អំណាច​​កម្ពុជា។

ការ​លើកឡើង​របស់​របស់​អ្នកឃ្លាំមើល​​នៅ​ពេល​នេះ បន្ទាប់​លោក ហ៊ុន សែន ថ្លែង​ក្នុង​ពេល​ជួប​​​​មន្ត្រីនៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី២៤ ខែឧសភា ដោយ​អះអាង​ថា កម្ពុជា​ជា​ជន​រងគ្រោះ​ពី​បទល្មើស​អនឡាញ ហើយ​លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កូន​របស់​លោក​​​​ចាត់​វិធានការ​បង្ក្រាប​ឱ្យ​តឹងរ៉ឹង ដោយ​ពុំ​មាន​ការ​លើកលែង​ឡើយ។ ដូចជា ចាប់​បញ្ជូន​មន្ត្រី​​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​អនឡាញ​​ទៅ​តុលាការ ឬ​រឹបអូស​ទ្រព្យ​សម្បត្តិ​បាន​ពី​បទល្មើស​នេះ ទៅ​ប្រើ​ក្នុង​វិស័យ​កង​ទ័ព​​ជាដើម។

យ៉ាងណា លោក ហ៊ុន សែន ហាក់​ថ្លែង​ឌឺដង​ទៅ​ប្រទេស​ថៃ​​ដែល​បាន​ប្រើ​លេស​បង្ក្រាប​បទល្មើស​នេះ ​​វាយ​ប្រហារ​ឈ្លាន​ពាន​​កម្ពុជា ហើយ​​លោក​ចោទ​ថា ប្រទេស​ថៃ​ជា​​ប្រទេស​ឈាន​មុខ​ខាង​ឧក្រិដ្ឋកម្ម​អនឡាញ ហើយ​ក្រុម​ឧក្រិដ្ឋ​ជន​​អាច​​ចូល​​មក​កម្ពុជា​​ដោយ​ខុស​ច្បាប់​ ​តាមរយៈ​ប្រទេស​ថៃ និង​ធ្វើ​ឱ្យ​កម្ពុជា​ជួប​បញ្ហា​ដល់​សព្វ​ថ្ងៃ។ បន្ថែម​ពី​នេះ ​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​សួរ​​ចម្លើយ​ឧក្រិដ្ឋជន​ដែល​រដ្ឋាភិបាល​ចាប់​​បាន ដើម្បី​បង្ហាញ​ដល់​អន្តរជាតិ​ថា កម្ពុជា​ជា​​ជនរងគ្រោះ​ក្នុង​វិស័យ​ឆបោក​អនឡាញ​​នេះ។

លោក ហ៊ុន សែន ថ្លែង​ថា៖«កម្ពុជា​ធ្លាប់​ត្រូវ​គេ​ប្រមាថ​ថា ជា​ប្រទេស​ដែល​មាន​សង្គ្រាម​អត់​ចេះ ឈប់ តែ​កម្ពុជា​បាន​ក្លាយ​ទៅ​ជា​​ប្រទេស​ដែល​មាន​សន្តិភាព​ពេញលក្ខណៈ ប្រទេស​ខ្លះ​នៅ​មាន​ក្រុម ចង់​បំបែក​ខ្លួន​នៅ​ក្នុង​តំបន់​របស់​យើង នៅ​នឹង​លើ​ពិភព​​លោក​​ផង។ ប៉ុន្តែ កម្ពុជា​អត់​មាន​តំបន់ អភិគមន៍ និង​ជម្លោះ​ប្រដាប់​អាវុធ​គ្នា​ឯង​ទេ​ កម្ពុជា​​​នឹង​ធ្វើ​សារ​​ជាថ្មី​ម្ដង​ទៀត​​ឲ្យ​ពិភព​លោក​បាន​ស្គាល់​ថា កម្ពុជា បាន​បំផ្លាញ​អនឡាញ​ហើយ ប្រទេស​អ្នក​ឯង​មាន​យ៉ាងណា​រឿង​របស់​អ្នក​ឯង​ទៅ​ចុះ»។

ទោះ​លោក ហ៊ុន សែន ថ្លែង​ថា លោក​និង​រដ្ឋាភិបាល​មិន​ពាក់ព័ន្ធ​នឹង​ក្រុម​ឧក្រិដ្ឋជន​អនឡាញ​យ៉ាង​ណា​ក្ដី ប៉ុន្តែ រដ្ឋាភិ​បាល​មិន​​បាន​ចាត់វិធានការ​ចំពោះ​មនុស្ស​ជំនិត​​នឹង​គណបក្ស​របស់​​លោក គឺ​លោក លី យ៉ុងផាត់ លោក កុក អាន និង​ក្មួយ​បង្កើត​លោក គឺ​លោក ហ៊ុន តូ ជាដើម​នោះ​ទេ ទោះ​សហរដ្ឋ​អាមេរិក​បាន​ដាក់​ក្រុម​មន្ត្រី​ទាំងនេះ ​ក្នុង​បញ្ជី​ខ្មៅ​និងបង្កក​ប្រាក់​ដោយ​សារ​​ជាប់​ពាក់ព័ន្ធនឹង​ការ​​ប្រព្រឹត្តិ​អំពើ​ឆបោក​​តាមអនឡាញ និង​លាង​លុយ​ក៏​ដោយ។

ជាក់ស្ដែង កាល​ពី​ថ្ងៃ​ទី២៣ ខែ​ឧសភា រដ្ឋាភិបាល​បាន​ដក​តំណែង​មន្ត្រី​ជាន់ខ្ពស់​​ ពាក់ព័ន្ធ​នឹង​បទល្មើស​អនឡាញ​នៅ​ខេត្ត​មណ្ឌល​គិរី រួម​មាន ​អភិបាល​ខេត្ត ស្នងការ​នគរបាល និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ជាដើម។ ប៉ុន្តែ អភិបាល​ខេត្ត​មណ្ឌល​គិរី ​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ ក្រោយ​ត្រូវ​ដក​ដំណែង។

ការណ៍​នេះ ត្រូវ​បាន​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស លោក អ៊ុំ សំអាន រិះគន់​ថា ការបង្ក្រាប​បទល្មើស​ឆបោក​តាម​អនឡាញ​​របស់​លោក ហ៊ុន ម៉ាណែត គ្រាន់តែ​ជា​ឆាកល្ខោន​តែប៉ុណ្ណោះ។ លោក​​សរសេរ​លើ​ហ្វេសប៊ុក​​នៅ​​ថ្ងៃ​ទី​២៥​ ខែ​​​ឧសភា ថា អតីត​​​អភិបាល​ខេត្ត​មណ្ឌលគិរី ​លោក ថង សាវុន ជា​កូនប្រុស​របស់​សមមិត្ត ប៊ូ ថង ដែល​ធ្លាប់​តស៊ូ​និង​​ជា​មិត្ត​រួម​អាវុធ​ជាមួយ​លោក ហ៊ុន សែន ទើប​លោក ហ៊ុន សែន អនុគ្រោះ ហើយ​លោក ថង សាវុន មិន​ត្រូវ​បាន​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ និង​ថែមទាំង​​ដំឡើង​បុណ្យ​សក្តិ​ថែមទៀត។

ជុំវិញ​ករណី​នេះ នាយក​នៃ​ស្ថាប័ន​អ្នកតស៊ូមតិ​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​អាស៊ី (Asia Human Rights and Labour Advocates – AHRLA) លោក ហ្វីល រ៉ូប៊ឹតសុន (Phil Robertson) អះអាង​ប្រាប់​វីអូឌី​​តាម​សារ​អេឡិកត្រូនិក​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ព្យាយាម​បង្កើត​ភាព​ជឿជាក់​ថា ខ្លួន​បោសសម្អាត​​ឧក្រិដ្ឋកម្ម​អនឡាញ ប៉ុន្តែ​​នៅ​មិន​អាច​បដិសេធ​​បានទេ​ថា មនុស្ស​មួយចំនួន​មាន​ឥទ្ធិពល​ខ្លាំង​ពេក រហូត​រដ្ឋាភិបាល​មិនអាច​ប៉ះពាល់​បាន ពី​ព្រោះ​អ្នក​ជំនួញ​ធំៗ​ទាំង​នោះ​​ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​​បន្ត​ថា ស្ថានការណ៍​នេះ គេ​ត្រូវ​យល់​ថា រដ្ឋាភិបាល​កម្ពុជា​​គ្រាន់​តែ​ចង់​ស្ដារ​មុខមាត់​លើ​ឆាក​អន្តរជាតិ និង​ទាក់​ទាញ​​ការ​វិនិយោគ​បរទេស​បន្ថែម​ប៉ុណ្ណោះ ខណៈ​កម្ពុជា​​កំពុង​មាន​បញ្ហា​សេដ្ឋកិច្ច។

មន្ត្រីសិទ្ធិមនុស្ស​​អន្តរជាតិ​រូប​នេះ​ថា ​រដ្ឋាភិបាល​កម្ពុជា​មាន​វិធី​តែមួយគត់ ​ដែល​អាច​បង្កើត​ទំនុកចិត្ត​ពី​សហគមន៍​អន្តរ​ជាតិ​​បាន គឺ​ការ​ចាប់​ខ្លួន និង​ផ្ដន្ទាទោស​អ្នក​មាន​អំណាច និង​ពុករលួយ​ខ្លាំងៗ ដែល​នៅ​ពីក្រោយ​ប្រតិបត្តិការ​ឆបោក​អនឡាញ ដោយ​ចាប់​ផ្តើម​ពី លោក ហ៊ុន តូ តែ​ម្ដង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ