សហគមន៍​កោះ​មាស​ព្រមាន​វេច​បាយ​តាម​ជួប លោក ហ៊ុន ​សែន បើ​គ្មាន​ដំណោះ​ស្រាយ​ដី​ធ្លី

តំណាង​​ប្រជា​ពលរដ្ឋ​​រស់​នៅ​តំបន់​កោះ​មាស នៅ​ព្រឹក​​​ថ្ងៃ​ចន្ទ​នេះ បន្ត​ដាក់​ញត្តិ​​​​​នៅ​ក្រសួ​​ង​​អធិកា​រ​​កិច្ច ស្នើ​​សុំ​​កិច្ច​​អន្តរា​​គមន៍​​ដោះ​ស្រាយ​រឿង​​វិវាទ​ដីធ្លី​ជាមួយ​​ក្រុម​​ហ៊ុន ឃុន​ សៀ អ៊ឹ​មផត អិច​ផត ក្រោយ​​​ដើរ​​​ដាក់​​ញត្តិ​​​​នៅ​​ព្រឹទ្ធ​​សភា រដ្ឋ​សភា និង​​ក្រសួង​​ស្ថាប័ន​​ផ្សេង​ៗ​ នៅ​មិនទាន់មានលទ្ធផល​។

លោក ឈឹម រី តំណាង​ពលរដ្ឋនៅតំបន់កោះមាស ក្នុង​ខណ្ឌ​ច្បារ​អំពៅ រាជធានីភ្នំពេញ និង​ស្រុក​​កៀនស្វាយ​ ខេត្តកណ្តាល បាន​ឱ្យ​ដឹងថា ការ​ដែល​ពួកគាត់​នាំគ្នា​ដាក់ញត្តិ​នៅ​ក្រសួង​អធិការ​​កិច្ច​ នៅព្រឹក​ថ្ងៃទី​២៥ ខែ​ឧសភា​នេះ ដោយ​​សារ​តែ​​ខាង​ព្រឹទ្ធ​សភា បានបញ្ជូនករណី​វិវាទ​ដីធ្លីរបស់ពួកគាត់ មក​ក្រសួង​អធិការ​កិច្ច។

លោកសង្ឃឹមថា ក្រសួង​អធិការ​កិច្ច នឹង​ជួយដោះស្រាយ​បញ្ហាដីធ្លីរបស់ពលរដ្ឋ​នៅតំបន់​កោះ​មាស​នេះ ព្រោះពលរដ្ឋ​បានដើរ​ដាក់ញត្តិ​ស្វែងរកកិច្ច​អន្តរាគមន៍​ពីព្រឹទ្ធ​សភា រដ្ឋសភា ក្រសួង​រៀប​ចំ​ដែនដី និង​អាជ្ញាធរ​ពាក់ព័ន្ធ​អស់​ហើយ តែ​នៅតែមិនមានដំណោះស្រាយ។ ការណ៍​នេះ លោក​​បានព្រមានដែរ​ថា នឹង​បន្ត​ទៅ​ប្រមូល​ផ្តុំ​នៅ​មុខ​ផ្ទះប្រធាន​​ព្រឹទ្ធ​​សភា លោក ហ៊ុន សែន នា​ពេល​ខាង​មុខ បើក្រសួង​មួយនេះ នៅ​តែមិន​អាច​ដោះ​​ស្រាយ​​បាន។

លោកថា៖ «ហើយ​បើ​ថា[ក្រសួង]អធិការ​កិច្ច​​ ដោះស្រាយ​ជូន​ប្រជា​ជន​អាហ្នឹង​ខ្ញុំឈប់​ត្រឹម​ហ្នឹង ហើយ​បើថា​មិនចឹង​ទេ ខ្ញុំនឹង​ឡើង​ទៅ​ដល់​លោក សម្តេច​ម៉ង សម្តេច​ ហ៊ុន សែន វេចបាយទៅ​ហើយ វេចបាយ​​ទៅ​ផ្ទះសម្តេច​តែ​ម្តង[…] ទៅថ្នាក់ដឹកនាំកំពូល​ៗ​​ចង់​អស់​ហើយ​ មក​ដល់​ក្រសួ​ង​អធិការ​កិច្ច​ហើយ ហើយ​​សង្ឃឹម​ជឿ​ជាក់លើ​ក្រសួង​អធិការ​កិច្ច​ សុំលោក​ជួយ​ដោះស្រាយ​ជូ​ន​ប្រជា​ជន​​យើង​​ខ្ញុំ​យើងផង​ ដូច​​ខ្ញុំនេះ​គឺ​ចំណាស់​ប៉ុណ្ណឹ​ង​ហើយ​​​ រក​តែ​ដី​បង្ក​បង្កើន​ផលមិន​បាន​​ផង​​ គ្មានសិទ្ធិរស់នៅ​បាន​ គ្មាន​សិទ្ធិ​ទទួល​ផល​​​ ដី​ដែល​រដ្ឋ​អំណាច​ចែក​ឱ្យផង​ អស់​លោក​មាន​បុណ្យ​មាន​ស័ក្តធ្វើ​ប្លង់​គ្រប​​យក​ទៅ​ ឱ្យ​ទៅ​អ្នកមាន អ្នកក្រ​នេះ​រាប់​​រ​យ​គ្រួ​សារនេះ លោក​អត់គិត​ទេ ចឹង​បាន​សង្ឃឹម​លើ​ក្រសួ​ងអធិការ​កិច្ច សុំ​លោក​ជួយ​រក​យុត្តិធម៌ជន​បងប្អូន​យើង​ខ្ញុំ​ជាង​១០០​​គ្រួសារ​​នេះ​​ផង​»។

យោងតាមញតិ្ត​របស់​ប្រជាពលរដ្ឋនៅតំបន់​កោះមាសចំនួន ១៦៨គ្រួសារ ដែល​ដាក់ទៅ​ក្រសួ​ង​អធិការ​កិច្ច បាន​លើកឡើង​ថា ប្រជាពលរដ្ឋ​បានរស់នៅលើ​ដី​នោះ​តាំង​ពី​ឆ្នាំ​១៩៧៩​មក ពោលគឺប្រមាណជា៤៧ឆ្នាំ ដោយ​អាជ្ញាធរ​បែង​ចែក​ជា​ក្រុម ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​​ធ្វើ​ដំណាំ​លើ​ដីកោះ ដើម្បីចិញ្ចឹមជីវិត។

ញត្តិដដែលបន្តថា កាលពីឆ្នាំ​២០២០ ក្រុមការ​ងារ​សាលា​ខណ្ឌ​ច្បារ​អំពៅ និ​ងស្រុក​កៀន​ស្វាយ​ បានចុះវាស់វែង​ដី​ដើម្បីកំណត់​ទំហំដីអាស្រ័យ​ផល​នៅលើ​កោះមាស​នេះ និង​ធ្វើបណ្ណកម្មសិទ្ធិ​ ប៉ុន្តែ ក្រោយ​មក​រដ្ឋាភិបាលតាមរយៈទីស្តីការ​គណៈ​រដ្ឋមន្ត្រី ​​បាន​ជួល ​កោះ​នេះ ឱ្យ​ទៅ​​ក្រុមហ៊ុន​ ឃុន សៀ អ៊ឹ​មផត អិច​ផត ធ្វើការ​អភិវឌ្ឍ​ទៅវិញ​ ដែលធ្វើ​ឱ្យ​ពលប្រជា​សហគមន៍​កោះមានចំនួន​ ១៦៨​គ្រួសារ។

យោងតាម​លិខិត​មួយ​របស់​ទីស្តីកា​រគណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២៣ រដ្ឋាភិបាល​​​បាន​​អនុញ្ញាត​​ឱ្យ​ក្រុមហ៊ុន ឃុន សៀ ទិញ​ផ្តាច់​​​ទីតាំង​​ដី​កោះមាសទំហំជាង ៣៤០ហិកតា (៣៤០​ហិកតា ៣៨​អា ០៤​សង់​ទីអា) ស្ថិត​នៅ​ភូមិ​ជ្រោយ​​​អំពិល​១ សង្កាត់​ក្បាល​កោះ ខណ្ឌ​ច្បារ​អំពៅ រាជធានីភ្នំពេញ និ​ងនៅភូមិ​កោះប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀន​ស្វាយ​ ខេត្ត​​កណ្តាល ក្នុង​តម្លៃជាង ១០លាន​ដុល្លារ (១០ ២១១ ៤១២​ដុល្លារ) ជា​ថ្នូរ​ក្នុងការ​កសាង​សមិទ្ធ​ផល​ជូន​រដ្ឋបាល​រាជធានី​​ភ្នំពេញ និ​ងរដ្ឋបាល​​ខេត្ត​កណ្តាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ