ក្រសួង​សុខា​ភិបាល​ប្រាប់​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​វីរុស​កូវីដ​បំប្លែង​ថ្មី

ក្រសួង​សុខា​ភិបាល​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ឱ្យ​ពលរដ្ឋ​បង្ការ និង​ប្រុ​​ង​ប្រយ័ត្ន​​ចំពោះ​​វីរុស​​កូវីដ-១៩ បំប្លែង​ថ្មី​ឈ្មោះ NB.1.8.1 ដែល​កំពុង​រីក​​រា​ល​ដាល​នៅ​តាម​​បណ្ដា​​ប្រ​ទេស​​មួយ​​ចំនួ​ន​ក្នុង​​តំប​​ន់​អាស៊ី។ ទោះ​បី​មិនទា​ន់មា​ន​ភស្តុ​តាង​​វិទ្យា​​សាស្ត្រ​បញ្ជាក់​ពី​កម្រិត​ហានិ​ភ័យ តែ​កម្ពុជា​បា​​នរក​​ឃើ​ញ​វិជ្ជ​មាន​មួយ​ករណី​កាល​ពី​សប្ដាហ៍​មុន។

តាមរយៈសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៤ ខែ​ឧសភា ក្រសួង​សុខាភិ​បាល​កម្ពុជា បាន​ឱ្យ​ដឹង​ថា ជំងឺ​កូវីដ-១៩ បំប្លែង​ថ្មី​ប្រភេទ NB.1.8.1 កំពុង​រីក​រាល​ដាល​ឆ្លង​​​នៅតា​ម​បណ្ដា​​ប្រទេស​មួយ​​ចំនួន​នៅ​លើ​សកល​លោក ជាពិសេស​នៅ​ក្នុ​ងតំ​បន់​ប៉ាស៊ីហ្វិ​ក​ខាង​លិច រួ​មមា​ន ប្រទេស​ចិន សិង្ហ​បុរី និង​ហុង​កុង។

វីរុសបំប្លែងថ្មី NB.1.8.1 គឺជាពូជកូនចៅដែលវិវត្តចេញពីពូជអូមីក្រុង (Omicron) ខ្សែស្រ​ឡាយ​ JN.1.។ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២៥ អង្គការ​សុខ​ភាព​ពិភព​លោក (WHO) បាន​​ចាត់​​ថ្នាក់​​វីរុ​​ស​នេះ​ជា​វីរុស​បំប្លែង​ខ្លួន​ដែល​ស្ថិត​ក្រោម​​ការ​តាម​ដាន បន្ទាប់​ពី​សង្កេត​ឃើញ​​កា​រ​កើ​ន​​ឡើ​ង​យ៉ាង​​ឆាប់​រ​ហ័ស​នៃ​ទិន្នន័​យ​វិភាគ​លម្អិត​ហ្សែន នៅ​លើ​សកល​​លោក ជា​ពិសេស​នៅ​អាស៊ី​អាគ្នេយ៍ និង​ប៉ា​​ស៊ី​ហ្វិ​ក​ខាង​លិច។

បើតាមក្រសួង បច្ចុប្បន្ននេះមិនទាន់មានភស្តុតាងវិទ្យាសាស្ត្រណា​មួយ បញ្ជាក់​ថា វីរុស NB.1.8.1 បង្ក​ឱ្យ​មាន​ស្ថាន​ភា​ព​ជំ​ងឺ​​ធ្ងន់​ធ្ងរ ការ​សម្រាក​ពេទ្យ​កើន​ឡើង ឬ​គ្រោះថ្នា​ក់​ខ្ពស់​ជាង​ពូជ​​អូមី​ក្រុង​ដែ​ល​​បាន​រាល​ដាល​មុនៗ​នោះ​ទេ។

ទោះយ៉ាងណា ក្រសួងបានអះអាងថា កន្លងមកកម្ពុជាធ្លាប់បានរកឃើញ​វីរុស NB.1.8.1 នេះ នៅ​ចន្លោះ​ខែ​ឧសភា ដល់​ខែ​ធ្នូ ឆ្នាំ​២០២៥។ ខណៈ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២៦ ក្រសួង​សុខា​​ភិ​បាល បាន​​រក​​ឃើញ​វីរុសនេះវិជ្ជ​មាន​ចំនួន ១ករណី កាល​ពី​​ថ្ងៃទី​១៨ ខែ​ឧសភា កន្លង​ទៅ​​ថ្មីៗ​​នេះ នៅ​ក្នុ​​ង​ចំ​ណោម​អ្នក​ជំងឺដែ​ល​មក​ទទួល​សេវា​សុខា​ភិបាល​នៅ​តាម​មន្ទីរ​ពេទ្យ។

ស្ថិតក្នុងស្ថានភាពនេះ ក្រសួងសុខាភិបាល ណែនាំពលរដ្ឋឱ្យប្រុងប្រយ័ត្ន ដើម្បី​បង្ការ​​នូវ​ការ​ឆ្ល​ង​​ជំងឺ​ផ្លូ​វ​​ដង្ហើម និង​ជំងឺ​កូវីដ-១៩ គ្រប់​ទម្រង់​ ដោយ​អនុ​វត្ត​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​វិធាន​ការ​បង្ការ​ការ​ចម្លង​ជំងឺ ពាក់​ម៉ាស លាង​ដៃ​ឱ្យ​ញឹក​ញាប់​ជាមួយ​សាប៊ូ ឬអា​ល់កុ​ល​ ឬ​ដែល​លាង​ដៃ និង​ត្រូវ​ខ្ទប់​មាត់ និង​ច្រមុះ​​ពេល​ក្អក កណ្តាស់។ ក្នុង​ករណី​មាន​រោគ​សញ្ញា​គ្រុន​ក្តៅ ក្អក​ ឈឺ​ក្បាល ហៀរ​សំបោរ ឬ​ពិបាក​ដក​ដង្ហើម ត្រូវ​ពិគ្រោះយោ​បល់​នៅ​មណ្ឌល​សុខ​ភាព​ ឬ​មន្ទីរ​ពេទ្យ ឱ្យ​បាន​ទាន់​ពេល​វេលា។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលជំរុញប្រជាពលរដ្ឋឱ្យបន្តទៅ​ទទួល​វ៉ាក់​សាំង​កូវីដ-១៩ ឱ្យ​បាន​គ្រ​ប់​​ដូស ទាំងដូស​មូល​ដ្ឋាន និង​ដូស​ជំរុញ​ នៅតា​ម​មន្ទីរ​ពេទ្យ ឬ​មណ្ឌល​សុខ​ភាព​ ដើម្បី​ពង្រឹ​ង​ប្រព័ន្ធ​​ភា​ព​ស៊ាំរាង​កាយ។

វីរុសកូវីដ-១៩ បាន​ក្លាយ​ជា​ជំងឺ​រាត​ត្បាត​សកល​ ក្រោយ​ផ្ទុះ​ឡើង​លើក​ដំបូង​កាល​ពី​ឆ្នាំ​២០១៩ ចេញ​ពី​តំ​ប​ន់​​វូហាន ប្រទេស​​ចិន។ វីរុស​នេះ​ បាន​បង្ក​ឱ្យ​ប៉ះ​ពាល់​ដល់​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ​រហូត​ដល់​បាត់​បង់​ជីវិត។ វីរុស​កូវីដ-១៩ បាន​បំប្លែង​ខ្លួន​ទៅ​ជា​វីរុស​ផ្សេងៗ​ផង​ដែរ​ ដោយ​ឆ្លង​កាន់​តែ​លឿន និង​ស៊ាំ​ខ្លួន​​​ទៅ​នឹង​វ៉ា​​ក់​​សាំង រួម​មាន ប្រភេទ​អាល់​ហ្វា បេតា កាម៉ា ដែល​តា និង​អូមី​ក្រុង ខណៈ​ដែល​វីរុស​អូមី​ក្រុង បាន​បំ​ប្លែង​ទៅ​ជា​ប្រភេទ XBB, EG.5, JN.1 និង​ចុង​ក្រោយ​គឺ NB.1.8.1។

តាមអង្គការសុខភាពពិភពលោក បានប៉ាន់ស្មានថា ហោច​ណាស់​មាន​មនុស្ស​ជាង ៧​លាន​នាក់ ឬ​ច្រើន​ជាង​នេះ បាន​​ស្លាប់​ដោយ​សារ​វីរុស​កូវីដ-១៩។ ភាគ​ច្រើន​នៃ​អ្នក​ស្លាប់​គឺ​បណ្ដាល​មក​ពី​វីរុ​ស​បំប្លែង​ប្រភេទ ដែលតា នៅ​អំឡុង​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២២​ ដែល​កាល​នោះ​ធ្វើ​​ឱ្យ​​មាន​ការ​បិទ​ខ្ទប់ ប៉ះ​ពាល់​ដល់​​សេដ្ឋ​កិច្ច​ពិភព​លោក​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ