ការកែ​​​ទម្រង់​​ដើម្បី​​​ពង្រឹង​វិស័យ​ការ​ពារ​ជាតិ​​មិ​ន​​​ជោគ​ជ័យ​​ទេ​​បើមិ​ន​រំសាយ​មន្ត្រី​អសកម្ម

អ្នក​​ឃ្លាំ​មើល​​មួយ​​ចំនួន លើក​ឡើង​​​ថា កា​រកែ​ទ​ម្រង់​​របស់​​រដ្ឋាភិ​បាល លោក​​ហ៊ុន ម៉ាណែត ​ដែល​​កំពុង​​​​​បន្ត​​ធ្វើ​​តាម​​ជំហាន​​​​គីង្គក់​ ​«បង្រួម​ក្បាល ​ពង្រីក​​ខ្លួន» ដែល​​​ធ្វើ​​មិ​ន​​​​ចំ​ចំណុច​​គន្លឹះ​​ ​​ដើម្បី​​​ឈាន​​ទៅព​ង្រឹង​​វិស័យ​​ការ​ពារ​ជាតិ​ ខណៈ​​រដ្ឋាភិ​បាល​​​អសមត្ថ​ភាព​​ក្នុង​ការ​​ការពា​រ​​ទឹ​កដី​​របស់​​ខ្លួន​នោះ នឹង​​មិន​​ទទួល​បាន​​ជោគ​ជ័យ​​​នោះ​ទេ នៅ​​ពេល​​ដែល​​​បច្ចុប្បន្ន​​​ថៃ​​នៅ​​​តែ​​បន្ត​​សម្រុក​​​ឈ្លាន​​ពាន​​ទឹក​​​ដី​​កម្ពុជា​​តាម​​អំពើ​ចិត្ត​។

ការ​លើកឡើង​នេះ បន្ទាប់ពីលោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​បាន​ថ្លែង​នៅក្នុង​ពិធីសម្ពោធដាក់ឱ្យប្រើ​ប្រាស់​​អគារ​​អគ្គនាយកពន្ធដារថ្មី កាលក​ពី​ថ្ងៃទី២១ ខែ​​ឧសភាថា ការ​​ធ្វើ​កំណែទម្រង់​របស់​រដ្ឋាភិបាល ​គឺត្រូវ​​«បង្រួម​ក្បាល ពង្រីកខ្លួន» ដោយ​លោក​​បញ្ជាក់​​ថា រដ្ឋាភិបាល​​បាន​​ដាក់​ចេញ​​នូវការ​ធ្វើ​កំណែ​ទម្រង់​​ចាប់​តាំង​ពី​​ដើម​​អាណត្តិមកម្ល៉េះ​។

លោកថា៖ «មក​ដល់​ម៉ោង​នេះ ក្រសួង​មុខងារ​សាធារណៈ គណៈក​ម្មកា​រ​​កំណែ​ទម្រង់​​យើង​​បាន​​ធ្វើ​ការ​​ហើយ ​​​​១៦​​ក្រសួង ស្ថាប័ន​​បាន​​ធ្វើ​កា​រ​​កែ​សម្រួល​ ក្នុង​នោះ​​ទូទាំង​​រដ្ឋាភិ​បាលម​ក​​ដល់​​ម៉ោង​​នេះ ក្រោយ​ពី​ការ​ពិនិត្យ​១៦​ក្រសួង​​ស្ថាប័ន​នេះ​ យើង​​មាន​​គម្រោង​​រហូត​​​ទៅ​​ដល់​​កែ​សម្រួល​​កាត់​​បន្ថយ​​៣​អគ្គ​នាយក​ដ្ឋាន ៣០​នាយក​​ដ្ឋាន​​​នៅ​​តាម​​ក្រសួង​​ផ្សេង​ៗ ​ហើយ​​​នៅ​​បន្ត​ធ្វើ​តទៅ​ទៀត»។​

លោក ​អ៊ុំ សំអាន ​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះជាតិ បាន​ប្រាប់​វីអូឌីនៅ​ថ្ងៃទី​២៥ខែ​​ឧសភា​​​នេះថា ការ​​​ប្រកាស​ធ្វើ​កំណែ​ទម្រង់​​របស់ ​លោក ​ហ៊ុន ម៉ាណែត ​គឺ​ជារឿង​ល្អ។​ ក៏ប៉ុន្តែ​លោក​ថា​កំណែ​ទម្រង់​​នេះ ​ធ្វើ​ឡើង​​មិន​​ទាន់​​​ចំ​ចំណុច​គន្លឹះ ​​គឺកា​រ​​កេះ​​មិន​​ត្រូវ​​រមាស់​ ដោយ​បែរ​ជាទៅ​លុប​ចោល​​អគ្គនាយក និង​នាយក​ដ្ឋាន​​​បច្ចេកទេស​​ទៅ​វិញ​ ចំណែក​ឯមន្ត្រី​នយោបាយ​យ៉ាងច្រើន​​សម្បើ​មឥតប្រយោជន៍ ​​​បែរ​​ជាមិន​កាត់​បន្ថយ​។ ការ​​មិន​​កាត់​បន្ថយ​ក្រសួង​ មិន​កាត់​បន្ថយ​មន្ត្រី​នយោបាយ​ ដូច​ជា ​​រដ្ឋមន្រ្តី​ ទេស​រដ្ឋមន្ត្រី ឧបនាយក​រដ្ឋ​​មន្ត្រី ​​រដ្ឋ​មន្ត្រី​​អម​នាយក​រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជំនួយការ​ និង​​​ទី​ប្រឹក្សា​​រហូត​ដល់​រាប់​ពាន់​នាក់​ ប៉ុន្តែ​បែរ​ជាមក​កាត់​មន្ត្រី​បច្ចេកទេស​ ​ស្ថាប័ន​បច្ចេកទេស គឺ​ជាការ​ធ្វើ​មិន​ចំចំណុច​​នោះទេ​។

លោកថា៖ «ខ្ញុំ​គ្មាន​ជំនឿ​ទៅ​លើ​កំណែទម្រង់​របស់​រដ្ឋាភិបាល​ លោក​ហ៊ុន ម៉ាណែត ​នោះទេ​ ហេតុ​អី​បាន​អ៊ី​ចឹង? ពីព្រោះ​​​វា​​ត្រូ​វ​​កំណែ​ទម្រង់​​​ពី​លើ​​ចុះ​មក​​ក្រោម ដូច​ជា ក្រសួង​ចំនួន​២៨ ​ហើយ​រដ្ឋលេខាធិការ​ដ្ឋាន​ចំនួន​​២ទៀត ​វា​៣០​ក្រសួង​ហើយ រដ្ឋមន្ត្រី​ត្រូវ​៣០នាក់​​ហើយ ដូច្នេះ​ត្រូវ​កាត់​បន្ថយមក​​ចំនួន​​១០​​ក្រសួង​បាន​​​ហើយ​។ ដូចនៅ​ប្រទេស​វៀត​ណាម ​ពល​រដ្ឋ​គេរហូត​ដល់​ ១០១លាន​នាក់ ​មាន​តែ​១៤ក្រសួង ​នៅ​ជប៉ុន​ជាង​​១០០​លាន​​នាក់​​ជាងដែរ​ មាន​តែ​១១​ក្រសួង ហើយ​​​កម្ពុជា​យើង​មាន​១៧លាន​នាក់​​​មាន​ដល់​៣០​ក្រសួង​ និង​រដ្ឋលេខាធិការដ្ឋាន ដូច្នេះ​វាច្រើន​ណាស់»។

​មន្ត្រី​គណបក្ស​ប្រឆាំង​រូបនេះ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត ​គួរ​មើល​គំរូប្រទេស​​​វៀតណាម​និង​​ប្រទេស​ជប៉ុន​ ​ក្នុងការ​ធ្វើ​កំណែទម្រង់ គឺ​ត្រូវ​បង្រួម​ក្រសួង​មក​នៅ​ត្រឹម​​១០ តំណែង​រដ្ឋលេខាធិការ ​និង​អនុ​រដ្ឋ​លេខាធិការ នៅ​តាម​ក្រសួង​នីមួយ​ៗដែល​បច្ចុប្បន្ន​មាន​សរុបដល់​ ១៦០០នាក់ ​គួរ​ទុក​ត្រឹម​២នាក់​ក្នុង​​មួយ​ក្រសួង​ ឧបនាយក​រដ្ឋមន្ត្រីមាន​១២នាក់​​គួរ​ទុកត្រឹម​២​នាក់ ​ចំណែក​តំណែង​ទេស​រដ្ឋមន្ត្រី​ដែល​បច្ចុប្បន្ន​​មាន​​​២២​នាក់គួរ​លុប​ចោល​។ ក្រៅ​ពីនេះ តំណែង​​​រដ្ឋ​មន្ត្រី​ប្រតិភូអម​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​មាន​​២៩​នាក់ ក៏​ត្រូវ​​លុប​ចោល​ផងដែ​រ ​ពីព្រោះ​នៅ​ប្រទេស​ជប៉ុន ​និង​នៅ​បណ្តាប្រទេស​ផ្សេង​ទៀត ​គេ​មិន​មាន​តំណែង​ទាំង​នេះ​ទេ​។

បើ​តាម​ លោក​អ៊ុំ សំអាន​ នៅ​ប្រទេស​វៀតណាម ​និង​នៅ​​ជប៉ុន ​ក៏​ដូច​កម្ពុជា​ កាល​ពី​ឆ្នាំ​១៩៩៣​​ផង​ដែរ​ គឺ​មាន​​​រដ្ឋលេខា​ធិការ ​និង​អនុរដ្ឋលេខាធិការ​តែ​២នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ក្រសួង​​ ហើយ​ប្រសិន​បើ​លោក​ហ៊ុន ម៉ាណែត ​ធ្វើ​កំណែទម្រង់​កាត់​បន្ថយ​​ក្រសួង​មក​នៅ​ត្រឹម​១០ ​ហើយ​​ក្នុង​មួយ​ក្រសួងមាន​រដ្ឋលេខាធិការ​២នាក់​ និង​​អនុរដ្ឋលេខា​២នាក់ ​នោះ​នឹង​មាន​រដ្ឋលេខាធិការ​និង​អនុរដ្ឋលេខាធិការ​តែ​៤០​នាក់​ប៉ុណ្ណោះ ​ខណៈ​​បច្ចុប្បន្ន​មាន​រហូតដល់ ​១៦០០នាក់។ ​ទីប្រឹក្សា​និង​ជំនួយការ​បច្ចុប្បន្ន​មាន​រហូត​ដល់​ជាង ​៦០០០​នាក់​ ក៏​​​ត្រូវ​បង្រួម​មក​ត្រឹម ​៥០​​ឬ១០០​នាក់​ផងដែរ​ នោះ​កម្ពុជា​​នឹងអាច​​សន្សំ​ថវិកា​​ជាតិ​​បាន​​រាប់​ពាន់​លាន​ដុល្លារ​ក្នុងមួយ​ឆ្នាំ​ៗ ដើម្បី​យក​ថវិកា​ទាំង​នេះ​ទៅ​ពង្រឹង​វិស័យ​យោធា។

លោក​បន្ថែមថា ​សូម្បីចៅហ្វាយ​ខេត្ត​រង​ ​ក្នុងមួយ​ខេត្ត​ៗ​​មាន​រហូត​ដល់​​ជាង​១០នាក់​ ​តាម​អគ្គនាយកដ្ឋាន​ និង​​នាយក​ដ្ឋាន​មួយៗ មាន​រងដល់​១០-២០នាក់​ ស្នងការ​រងក៏មាន​ពី​២០ទៅ​៣០​នាក់​ក្នុងខេត្ត​នីមួយៗ ហើយ​​អគ្គ​ស្នង​ការ​រង​ក៏មាន​រហូត​ដល់​៥០-៦០នាក់ដែរ ​គឺ​​ច្រើ​ន​ណាស់ គួរកាត់​បន្ថយ​តំណែង​រង​មក​នៅ​ត្រឹម​​តែ​២នាក់​បាន​ហើយ​។

លោក​ថា៖ «ដូច្នេះ​ត្រូវ​បង្រួម​អានឹង​ដែរ​បាន​អាច​កាត់​បន្ថយ​ទៅលើ​ការចំណាយ​ថវិកា​ជាតិខ្ជះ​ខ្ជាយ​។ ខេត្ត​មួយ​​ចំនួន ​ដូច​ជាប៉ៃលិន កែប ​អីលុបចោលទៅ ​ព្រោះ​ចំណាយ​លុយ​អត់​ប្រយោជន៍​ខេត្ត​តូច​ៗ​ហ្នឹង​។ ដូច្នេះ​វា​ត្រូវ​ធ្វើ​កំណែ​ទម្រង់​​របៀ​បហ្នឹង ​ហើយលុប​បំបាត់​អំពើ​ពុក​រលួយ ​គ្រួសារ​និយម​ បក្ខពួ​ក​និយម ​បាន​អាច​ធ្វើ​ការ​​កែ​ទម្រង់​បាន​។ ការ​ស្តារប្រជាធិបតេយ្យ ​គោរពសិទ្ធិមនុស្ស ​ងាក​មក​ផ្លូវ​ប្រជាធិបតេយ្យ ​មាន​គណបក្ស​ប្រឆាំង​នៅក្នុង​សភា ក៏ជា​ការជួយ​ទៅ​​ដល់​​កំណែ​ទម្រង់ ​ដើម្បី​ឈាន​ទៅ​ដល់​កំណែទម្រង់​វិស័យ​យោធា ដើម្បី​​ឱ្យ​ទាហាន​យើង​មាន​ប្រាក់​ខែ​សមរម្យ ​បំពាក់​​សព្វាវុធ​ទំនើប​ៗ​​ទៅ ​យើង​អាចការពារ​ទឹកដីយើង​​ពី​កា​រ​​ឈ្លាន​ពាន​​រប​ស់​​​ថៃ​បាន​ហើយ»។

លោក ម៉ែន ណាត ​ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​យល់​ស្របទៅ​នឹង​ការ​លើកឡើង​របស់​​​លោក​​អ៊ុំ សំអាន ដោយ​បន្ថែម​ថា ក្រៅ​ពី​នេះ​ ​ស្ថាប័ន​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​​យោបល់ ​ដែល​មាន​គណបក្ស​​ចំនួន​២៨ ​ត្រូវ​​បាន ​​លោក​ហ៊ុន សែន ​បង្កើតឡើង ​ក៏ត្រូវ​​លុប​ចោល​ផងដែរ​ ដើម្បី​កុំ​ឱ្យ​ចំណាយ​ថវិកាជាតិ​​ខ្ជះ​​​ខ្ជាយ​​ឥត​ប្រយោជន៍​​តទៅ​​ទៀត។

លោកថា៖ «អ៊ីចឹង​អាក្រុម​ប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់​ហ្នឹង ​មិនគួរ​ឱ្យមាន​ទេ​អាណត្តិក្រោយៗ ពីព្រោះ​ប្រើប្រាស់​លុយជាតិ​ច្រើន​ណាស់​ផ្តល់​ប្រាក់​ខែ​ឱ្យពួកគេ​ដែល​ជាការ​បំផ្លាញ​ថវិកាជាតិ​​បាន​ពីការ​​បង់ពន្ធ​របស់​ប្រជាពល​រដ្ឋ​។ បើ​រដ្ឋាភិបាល ​ហ៊ុន ម៉ាណែត​ ចង់​ធ្វើ​កំណែទម្រង់ ​គឺ​ត្រូវ​លុប​ស្ថាប័ន​ហ្នឹង​ចោល​ ​ព្រម​ទាំង​លុប​ស្ថាប័ន​អីផ្សេងៗ​និង​ក្រសួង​មួយ​ចំនួនទៀត​។ អាហ្នឹង​វាពាក់ព័ន្ធ​នឹងគោលការណ៍កែទម្រង់​រដ្ឋាភិបាល។​ គណបក្ស​ចំនួន​២៨ ​នៅ​ក្រោម​គណបក្ស​ប្រជាជន ​គឺ​ជាគណបក្ស​អាយ៉ង​មាន​តែក្បាល​អត់​ខ្លួន​អត់​ជើង​»

ស្របពេល​នឹង​ការ​ធ្វើ​កំណែ​ទម្រង់ ​លោក ​ម៉ែន ណាត ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​​ប្រញ៉ាប់​​ដាក់​​ពាក្យ​​ប្តឹង​ថៃ​​ទៅ​​កាន់​​តុលាកា​រ​​អន្តរ​ជាតិ ​និង​យន្ត​​កា​រ​ច្បា​ប់​​អន្ត​រជាតិ​ផ្សេង​ទៀត​ ​និង​​​ក៏ត្រូ​​វ​ប្រើ​​កម្លាំង​​​ទ័ព​​ឱ្យ​បាន​​ខ្លាំង​ក្លា​បំ​ផុត​​ក្នុង​ការ​​ទប់​​ស្កាត់​​ការ​​បន្ត​សម្រុក​ចូល​​​ឈ្លាន​ពាន​​ទឹក​​ដី​​ខ្មែរ​​ជា​រៀ​ង​​រាល់​ថ្ងៃ​ ពីសំណាក់​​ទាហាន​​ថៃ បើ​ទោះ​​បី​ជា​ត្រូវ​​​ផ្ទុះ​​អាវុធ​ខ្លះ​​​ក៏​ដោយ ​ក៏ត្រូវ​តែការ​ពារ​ទឹក​ដីនៅ​​លើ​ដីជាក់​ស្តែង​ឱ្យបាន​ដែរ​ មិន​អាច​នៅ​បណ្តែត​បណ្តោយ​​​ឱ្យថៃ​ចូល​​ឈ្លានពាន​ទឹក​ដី​​តាម​អំពើចិត្ត​​​ដូច​បច្ចុប្បន្ន​នេះទេ ពីព្រោះ​កាលណា​បើថៃ​ឈ្លាន​ពាន​​បាន​​​ហើយ ​មិន​​ងាយ​នឹង​ទាម​ទារ​យក​មក​វិញ​បាន​ដោយ​ស្រួល​ៗ​នោះ​ទេ។

ក្រសួង​ការពារជាតិ​កម្ពុជា ​បាន​ចេញ​សេចក្តីប្រកាសព័ត៌មានមួយ​ កាល​ពី​ថ្ងៃទី​២៤ខែ​ឧសភា​ថា នៅ​​​ព្រឹក​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៦ ចាប់​ពី​វេលា​ម៉ោង ៩:២៤​នា​ទី ដល់​វេលា​ម៉ោង ១០:១០​នាទី មា​ន​ឮ​សំឡេង​នៃ​ការ​បាញ់​កាំភ្លើង​ចំនួន ២២​គ្រាប់ នៅ​តំបន់​ច្រក​អន្តរ​ជាតិ​អូរ​ស្មាច់ ខេត្ត​ឧត្តរ​មាន​ជ័យ ទឹក​ដី​កម្ពុជា​ដែល​កំពុង​ត្រូវ​បាន​កាន់​កាប់​ដោយ​ខុស​ច្បាប់​ដោយ​យោធា​ថៃ។

ទាក់ទងនឹងករណីនេះ ក្រុមការងារទំនាក់ទំនងរបស់យោធភូមិភាគទី៤ កម្ពុជាបានធ្វើលិខិតតវ៉ា​ទៅក្រុមទំនាក់​ទំនង​របស់កងទ័ពភូមិភាគទី២របស់ថៃ ដើម្បីឱ្យភាគីថៃធ្វើការផ្ទៀងផ្ទាត់ និងរឹតបន្តឹងវិធានការគ្រប់​គ្រង​វិន័យ​កង​ទ័ព​របស់​ខ្លួន​ឱ្យ​បាន​តឹង​រឹង និង​គោរព​ឱ្យ​បាន​ហ្មត់​ចត់​ពេញ​លេញ​នូវ​សេច​ក្តី​ប្រកាស​រួម​របស់​គណៈ​កម្មា​ធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

បន្ថែមពីនេះ​​ លោក​បណ្ឌិត ​យង់ ពៅ អគ្គ​លេខាធិការ​រាជ​បណ្ឌិត​សភាកម្ពុជា បាន​សរសេរ​លើ​បណ្តាញ​សង្គម​​​របស់​លោក​​​ថា ចា​ប់​ពីពេល​នេះ​ត​ទៅ​ បើ​ខ្មែរ​មិន​ភ្ញាក់​ខ្លួន ហើយ​​​កែខ្លួ​ន​ឱ្យ​ខ្លាំង​នោះ​ទេ អនា​គត​កម្ពុជា​​​មិន​ត្រឹម​តែរ​ង​នឹង​​ការ​ប្រមាថ​នោះទេ ថែម​ទាំង​បន្ត​រួញ​ទឹក​ដី​​ថែម​​ទៀត​។ ជា​មួយ​គ្នា​​នេះ ​​លោក​​បណ្ឌិត​​បាន​​លើក​​ឡើង​​​ពី​​សម្តី​​របស់​ ​លោក ​ហ៊ុន សែន ​ប្រធាន​​ព្រឹទ្ធ​​សភា​​ដែល​​ថា «កែទម្រង់រស់ មិនកែទម្រង់ស្លាប់»។

អ្នក​ឃ្លាំមើល​រូបនេះ ​បញ្ជាក់ថា ដ្បិតតែការ​ធ្វើ​ការ​កែទម្រង់វាស្មុគស្មាញ ប៉ុន្តែចាំបាច់ត្រូវតែធ្វើ ដើម្បីសង្គមរឹងមាំ​និង​មាន​សាមគ្គី​ភាព។ ចំណុចមួយសំខាន់បំផុតទី១ គឺ​រដ្ឋាភិបាល​​ត្រូវតែ​ធានា​ឱ្យបាននូវ​យុត្តិធម៌សង្គម» ហើយ​​សូមកុំភាន់ច្រឡំដោយខ្លួនឯងថា ប្រជាពលរដ្ឋមើលមិនឃើញនូវភាពអសកម្ម និងនយោបាយប្រជាភិថុតិ។

សម្រាប់ ​​លោក​បណ្ឌិត ​ជ័យ តិច ​អ្នក​ស្រាវ​ជ្រាវ ​និង​ជាអ្នក​ជំនាញ​កិច្ចការអន្តរជាតិ ​បាន​ថ្លែង​​នៅ​​​ក្នុង​​បទ​សម្ភាសន៍​​ជាមួយ​​សា​រ​ព័ត៌​មាន​​កម្ពុជា​ថ្មី​ថា បើ​កម្ពុជា​​រៀ​ន​​ពី​ប​ទ​ពិសោធន៍​​កាល​​ពី​​​សង្គ្រាម​​ថៃ​​វ៉ៃ​កម្ពុជា​ ក្នុង​​​​ឆ្នាំ​២០០៨-​២០១៣ ​រហូត​​មក​​ដល់​​សង្គ្រាម​​ថៃ​​ឈ្លាន​​ពាន​​ឆ្នាំ​២០២៥​​នេះទៀ​ត ​កម្ពុជា​​មិ​ន​​អាច​នៅ​​បន្ត​​​អភិវឌ្ឍន៍​ខ្លួន​​តាម​​​បែប​ជំហាន​​គីង្គក់​​ ឬក៏របៀប​ដដែល​​ដេក​លង់​លក់​ក្នុង​សន្តិភាព​ ដោយ​មិនខិត​ខំ​​​ប្រឹង​ប្រែងធ្វើ​កំណែ​ទម្រង់​ ​​និងការ​អភិវឌ្ឍ​ខ្លួន​ឯង​ឱ្យ​ខ្លាំង​ជា​បន្ត​ទៅ​ទៀត​នោះទេ​​។

លោកថា៖ «​យើង​មិន​អាច​ដើរជាលក្ខណៈ​ធម្មតា​ទៀតទេ ពេលនេះយើ​ត្រូ​រត់​ផងអីផបាន​ទៅ​រួច​។ បើមិន​ដូច្នេះទេ ​យើង​ត្រូវ​តែ​គេវ៉ៃជាន់ក​ទៀតហើយ​។ ដូច្នេះទាំង​ប្រជាពល​រដ្ឋ​ត្រូវ​ប្រឹងប្រែង​រៀនសូត្រ ​អ្នក​ធ្វើការ​ត្រូវ​ប្រឹង​ប្រែង​ធ្វើការ ​ប៉ុន្តែ​ប្រឹងប្រែងមិន​មែន​ត្រូវប្រឹង​ប្រែង​​ដល់​ខែ​ត្រូវ​បើក​លុយទេ​ គឺ​ត្រូវ​ប្រឹងប្រែង​​ធ្វើ​ការ​ឱ្យ​ស្ថាប័នជាពិសេស​អភិវឌ្ឍន៍​​ខ្លួនឯង​បន្ថែមទៀត ​ជាពិសេស​អភិវឌ្ឍន៍​​អ្វីៗ​ដែល​ថ្មី​ទៅ​តាម​សម័យ​បច្ចេកវិទ្យា​។ ដូច្នេះ​ទាំ​ង​រដ្ឋាភិបាល​ក្តី​ ទាំង​វិស័យ​ឯកជនក្តី ​ត្រូវ​ធ្វើ​អ្វីមួយ​ដើម្បីក្នុង​ន័យថា ដើម្បី​ពង្រឹង​ខ្លួនឯង ​មាន​តែពង្រឹង​ខ្លួនឯង​ទេ​ បើ​យើង​រង់ចាំ​មហា​អំណាច ​រង់ចាំយន្តការអន្តរជាតិ ​វាជារឿង​មួយ​ដែល​យើង​ត្រូវ​​​ដើរ ប៉ុន្តែ​ទន្ទឹមនឹង​យើង​ត្រូវ​អភិវឌ្ឍន៍​​​ខ្លួន​ឯង​ឱ្យក្លាយទៅ​ជាសត្វ​កាំប្រម៉ា»។​

លោក​បណ្ឌិត ​ក៏​​បាន​ជំរុ​ញ​ឱ្យ​រដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត​ ​ត្រូវ​ប្រញ៉ាប់​ដាក់​ពាក្យ​ប្តឹង​ថៃ​ទៅ​តុលាការ​អន្តរ​ជាតិ ​និង​យន្តការ​ច្បាប់​អន្តរជាតិ​ផងដែរ ​ដោយ​​លោក​ថ្លែង​ថា កម្ពុជា​មាន​ប្រៀប​ខាង​ផ្លូវ​ច្បាប់​លើថៃ​​ចំពោះ​ជម្លោះ​​ដែនដី​នេះ​​ទាំង​ព្រំដែន​គោក​និង​ព្រំដែនទឹក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ