ពលរដ្ឋ​នៅ​ខេត្ត​ព្រះ​សីហនុ​ថា​ទង្វើ​ប្លន់​និង​ចាប់​ជំរិត​ពី​សំណាក់​​ជន​ជាតិ​ចិន​​កំពុង​​បង្ក​ការ​ភ័យ​ខ្លាច

ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​មួយ​ចំនួន អះ​អាង​ពី​ការ​កើន​ឡើង​បទ​ល្មើស​ប្លន់ និង​ចាប់​ជំរិត ពី​សំណាក់​ជន​ជាតិ​ចិន បង្ក​ការ​ភ័យ​ខ្លាច​ជា​ខ្លាំង ក្រោយ​អាជ្ញាធរ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​អន​ឡាញ ដែល​បញ្ហា​នេះ​ពលរដ្ឋ​និង​អ្នក​ឃ្លាំ​មើល ជំរុ​ញ​ឱ្យ​រដ្ឋាភិ​បាល​ទប់​ស្កាត់​ឱ្យមា​ន​ប្រសិទ្ធ​ភាព ដើម្បី​សុវត្ថិ​ភាព​ពលរដ្ឋ និង​សន្តិ​សុខ​សង្គម។

អ្នកស្រី  ឌួង រចនា ជាអាជីវករម្នាក់​ក្នុងចំណោមអាជីវករផ្សេងទៀត រស់នៅក្រុ​ង​ព្រះសី​ហនុ និយាយ​ថា​គ្រួសារ​​គាត់​មាន​​ការ​ព្រួយ​បារម្ភ​​ចំពោះ​ប​​​ទល្មើស​ប្លន់​​ប្រដាប់​​អាវុធ និង​ចាប់​​បង្ខាំង​មនុស្ស​​​ជំរិ​ត​​​​ទារ​ប្រាក់​ ដែល​កើត​ឡើង នៅ​ក្រោយ​​យុទ្ធ​នាការ​បង្ក្រាប Scams Online នៅ​ក្នុង​ខេត្ត​នេះ។

អ្នកស្រីថា៖ «បើសិនអត់មានស្កែមហ្នឹង អ្នករកស៊ីមិនថាជនជាតិខ្មែរ ជនជាតិចិន ឬ​ក៏​ជន​ជាតិ​ផ្សេងៗ​ទេ គឺ​គា​ត់​មាន​​​​អារម្មណ៍​​ថា មានសុវត្ថិភាព និងកក់ក្តៅ ហើយរីករាយ​នឹងមករ​កស៊ី​នៅ​ក្នុង​​​ខេត្ត​​យើ​ង​ជា​បន្ត​ទៀត។ ហើយ​ពាក់ព័ន្ធ​នឹង​សុវត្ថិភាពសន្តិសុខ ក៏មាន​​ការព្រួយបារម្ភដែរ ព្រោះ​នៅពេលសមត្ថកិច្ច​គាត់​​បង្ក្រាប​ស្កេម​អន​ឡាញ​ទៅ គឺ​ពួក​​គាត់​ក៏​បាន​បែក​ខ្ញែក​គ្នា​ចេញ​ម​ក​ខាង​​ក្រៅ។ អញ្ចឹ​ង​​ហើយ​​​​​គឺយើ​ងអត់​ដឹងថា គាត់​ចេញ​ទៅ​ណា​ខ្លះ ហើយ​មាន​បំណង​​អី​ខ្លះ​លើ​អ្នក​​រក​ស៊ី អាជីវករ​ទាំង​ក្នុង​ស្រុក ក៏​ដូច​​​​​ជា​ក្រៅ​ស្រុក​នោះទេ​»។​

ជុំវិញបញ្ហានេះ ក្រុមអង្គការសង្គមស៊ីវិល​មួយចំ​នួន បង្ហាញកា​រ​ព្រួយ​បារម្ភ​ពី​ការ​អះ​អាង​នេះ និង​​​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់​​ព័ន្ធ​ទប់ស្កាត់ឱ្យមានប្រសិទ្ធភាព។ ​

លោក អំ សំអាត​ នាយកទទួលបន្ទុក​​កិច្ចការទូទៅ​នៃអង្គកា​រ​លីកាដូ ថ្លែង​​​គាំ​ទ្រ​​ចំពោះ​យុទ្ធ​នា​ការ​បង្ក្រាប​​បទ​ល្មើស Scams Online ពី​សំណាក់​អាជ្ញាធរ​ពាក់ព័​ន្ធ។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ លោក​ក៏​ព្រួយ​បារម្ភ​ពី​ការ​កើត​ឡើង​​​​​បទ​​ល្មើស​​​ថ្មី​ទៀត គឺប្ល​ន់​ប្រដាប់​អាវុធ​ និង​ចាប់​បង្ខាំង​មនុស្ស​ជំរិត​ទារ​ប្រាក់ ដែល​ពលរដ្ឋ​បាន​លើក​ឡើង។​

បើតាមពលរដ្ឋ គិតមកត្រឹមថ្ងៃទី​​២២ ខែ​ឧសភា​នេះ​ នៅ​ខេត្ត​ព្រះ​សីហនុ​ មាន​ករណី​ជន​ល្មើស​ជន​ជាតិ​ចិន បាន​ប្រព្រឹត្ត​បទល្មើស​​ចាប់​បង្ខាំមនុស្ស​​ជំរិត​ទារ​ប្រាក់ចំនួន​​២ករណី គឺ​នៅ​ថ្ងៃទី​​​៩ ខែ​ឧសភា និង​នៅ​យប់​ថ្ងៃ​ទី​​២១ ខែ​ឧសភា ម្សិល​មិញ​នេះ ដោយជនល្មើស​​​មាន​កាំភ្លើងខ្លីប្រើប្រាស់ និង​​​បាញ់​តដៃ​ជា​មួយ​កម្លាំង​សម​ត្ថកិ​ច្ច ដោយ​មិន​ញញើត​​ឡើ​យ។

សម្រាប់ លោក អំ សំអាត បទល្មើសនេះ ​បង្កការភ័យខ្លាចដល់ពលរដ្ឋ អាជីវ​ករ​ ជាពិសេស​ភ្ញៀវ​ទេ​សចរ​ជាតិ អន្តរ​ជាតិ​ និង​​​អ្នក​វិនិ​យោគ ដែល​លោក​ចង់​ឃើញ​អាជ្ញាធរ​ពាក់​ព័ន្ធ​ទប់​ស្កាត់​ឱ្យ​មាន​ប្រសិទ្ធ​ភាព ។

លោកថា៖ «អ្វីដែលយើងឃើញថ្មីនោះគឺលេចចេញនូវបទល្មើស ដែលជនបរទេសមួយចំនួន ប្រព្រឹត្ត​ប​ទ​ល្មើ​សនៅក្នុងតំបន់ ឬក៏នៅក្នុងខេត្ត​មួយ​​​​​​ចំនួន ទាក់ទងបទល្មើសប្លន់ និងចាប់ជំរិត ដែល​​​​បង្ក​ទៅ​ជា​អស​ន្តិសុខ អសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋ នាំឲ្យមានការ​ភ័យខ្លាច​​ដល់​ពលរដ្ឋ ជាពិសេ​ស​កា​រប្រើ​ប្រា​ស់​អាវុធ សម្រាប់ប្រព្រឹត្តបទល្មើស។ អញ្ចឹង​​ត្រូវ​តែ​មាន​ការ​រិត​បន្តឹង​ឡើង​វិញ ទាក់​ទង​នឹង​ការ​​​ចរា​ចរ​នៃ​​ការ​ជួញ​ដូរ​អាវុធ ពីព្រោះហេ​តុ​អ្វី​បាន​ជា​ពួក​​​ជន​បរទេស​​ទាំង​អស់​ហ្នឹង​មាន​​អាវុធប្រើ​ប្រាស់»។​

មន្ត្រី​សិទ្ធិមនុស្សរូបនេះ ​ផ្តល់ជាគំនិតថា ដើម្បី​ទប់ស្កាត់បទល្មើសទាំងនេះ​ឱ្យមានប្រសិទ្ធភាព សមត្ថ​កិច្ច ឬ​អាជ្ញាធរ គួរមាន​ផែនកា​​រគ្រប់គ្រង​​ចំពោះ​​​វ​ត្តមា​ន​របស់​ជន​បរទេស ដែល​ចូល​​មក​​ស្នាក់​​​​នៅ និង​​ធ្វើ​​ការ​ក្នុងមូលដ្ឋាននានា ​ដោយ​កំ​ណត់​អត្ត​សញ្ញា​ណ​ឲ្យបានច្បាស់លាស់។

ជាងនេះទៀត ក៏ត្រូវ​ពង្រឹងការ​គ្រប់​គ្រង​ការ​ជួញដូរ​​អាវុធជាតិ​ផ្ទុះ ឲ្យបាន​ប្រសើ​រ​ជាង​​រាល់​ថ្ងៃ​នេះ ដ្បិត​​ឃើញ​​ជន​​បរទេស​​អាចរកទិញសព្វាវុធ​មកធ្វើ​សកម្មភាព​ ស្ទើរ​​គ្រប់​​ដៃ និង​​ហាក់​មា​ន​​​ភាព​​ងាយ​​​​ស្រួល ក្នុង​​ការ​ស្វែ​​ង​រក​ទិញ​អាវុធ​​ទាំង​នេះ មក​​បំរើ​​បទ​ល្មើស​របស់​ពួក​គេ។

លោកថា៖ «ទី១ ត្រូវតែមានការត្រួតពិនិត្យ និងទប់ស្កាត់ នូវការចរាចរ​អាវុធ​ជាតិ​ផ្ទុះ ពី​ព្រោះ​​​បើ​​សិន​ជា​ជនប​រទេស​មាន​អាវុធ វា​ជា​​​គ្រោះ​​​ថ្នាក់​​​​​មួយស​ម្រាប់​កម្ពុជា។ ទី២ ត្រូវ​តែ​ទប់​ស្កាត់​រាល់​បទ​ល្មើស​ដែល​​កើត​ឡើង ក៏​ដូច​ជា​ការ​បង្ក្រាប​ ដើម្បី​ធានា​នូវ​សុវត្ថិ​ភាព សន្តិ​សុខ​ជូ​ន​​ប្រជា​ពលរដ្ឋ ក៏​ដូច​​​ជា​អ្នក​វិនិយោគ​ទុន និង​ភ្ញៀវប​រទេស។ បើ​សិន​ជា​ករណី​​បទ​ល្មើស​ហ្នឹង​កើត​ឡើង​ច្រើន គឺ​វា​នឹង​ប​​ង្កការ​ភ័​​យ​ខ្លាច ដែល​ធ្វើ​​ឲ្យ​​​អ្នក​វិនិយោគ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ គឺ​មាន​​ការ​ភ័យ​ខ្លាច ឬ​មិន​ចូ​ល​មក​ប្រ​ទេស​​កម្ពុជា​ទៀត​ទេ»។​

ប្រហាក់ប្រហែលគ្នានេះដែរ សម្រាប់ ​លោក សេក សុជាតិ អ្នក​ព្រឹ​ក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវ​ជ្រាវ លើក​ឡើង​ថា ក្រុម​​ឧក្រិដ្ឋ​ជន​​ប្លន់​​ប្រដាប់​អាវុធ និង​ចាប់​ជំរិត គឺ​ជា​ក្តី​​បារម្ភ​​​​ថ្មី​មួ​យ​ទៀត សម្រាប់​សង្គម​កម្ពុជា​ ដែល​ទាម​​ទារ​​ឲ្យ​​​អាជ្ញាធរ​​បង្ក្រាប ប្រកប​ដោយ​ឆន្ទៈ​ខ្ពស់​ និង​ជំនាញផ​ងដែ​រ បើ​មិន​ដូច្នេះ​ទេ វា​នឹង​បន្ត​គំរាម​កំហែង​ជាប្រ​ព័ន្ធ រួម​ទាំង​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ ។

លោកថា៖ «គឺជារឿងមិនគួរបណ្តែតបណ្តោយឲ្យមានបទល្មើសប្រើប្រាស់អាវុធ និងចាប់ជំរិតមនុស្ស​​នោះទេ។ យើងដឹងហើយថា ក្រុម​ឧក្រិដ្ឋជនដែលគេចចេញពី​ការឆបោកតាអនឡាញដូច្នេះពួកគាត់​​ប្រហែលជាមាបញ្ហាផ្នែកហិរញ្ញវត្ថុ ហេតុនេះហើយគឺមានតែវិធី​សាស្ត្រ​ខ្លះ ដើម្បីបាន​​រស់នៅ​​ក្នុង​​ស្ថាន​​ភាពហ្នឹង។ អញ្ចឹងគឺមានតែធ្វើការចាប់ជំរិតទៅលើជនជាតិចិនខ្លួនឯង ដើម្បីរកចំណូលចិញ្ចឹម ឬក៏ដោះ​​ស្រាបញ្ហាផ្ទាល់ខ្លួនប្រចាំថ្ងៃ។ ក៏ប៉ុន្តែរឿងនេះគឺជារឿងមួយដែលយើងមិនចង់ដឹងទេ?»

បន្ថែមលើនេះ លោក សុជាតិ​ ក៏ចង់​ឃើញការអនុវត្តច្បាប់​នៅ​កម្ពុជា ​មាន​ភាព​​យុត្តិ​ធម៌​ និង​មិន​លំអៀង​សម្រាប់​​​​​ដោះ​ស្រាយ​​បញ្ហា​​ប្រឈម​ ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា ដើម្បី​ធានា​​​សុវត្ថិ​ភាព​ជូន​ដល់​​ពលរដ្ឋ ភ្ញៀវ​​ទេសចរ និង​​អ្នក​​វិនិ​​យោគ​ទុន​​បរទេស​​ឲ្យ​​មាន​ទំនុក​ចិ​ត្ត។

លោកថា៖ «ពីព្រោះករណីទាំងអស់នេះ គឺជាករណីដ៏រសើបសម្រាប់កម្ពុជា ហើយ​ក៏​សង្ឃឹម​ថា អាជ្ញា​ធរ​មា​ន​សមត្ថ​កិច្ច នៅ​គ្រប់​បណ្តា​​​រាជ​ធានី​​​​ខេត្តទាំ​ងអ​ស់ គួរ​តែពិ​ចារណា ហើយ​ធ្វើ​ការ​រិត​បន្តឹង​ផ្នែក​សន្តិសុ​ខ​នេះ ឲ្យ​​បា​ន​កាន់​តែ​ខ្លាំង​ជាង​មុន ដើម្បី​ធានា​នូវ​​សុខ​សុវត្ថិ​ភាព។ ហើយ​​​បើ​សិន​ជា​មិន​អាច​ដោះ​ស្រាយ​បញ្ហា​នេះ បាន​ទាន់​ពេល​ទេ អញ្ចឹង​​កម្ពុជា ​នឹង​កាន់​តែ​ទទួល​រង​នូវ​ការ​រិះ​គន់​បែប​អវិជ្ជ​មាន​កាន់​តែ​ខ្លាំង»។​

​ទាក់ទិន​បញ្ហានេះ លោក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះ​សីហនុ បាន​ប្រា​ប់​កាសែ​ត​​ក្នុង​ស្រុក នៅថ្ងៃ​សុ​ក្រនេះ​​ថា សមត្ថ​កិច្ច​​មិន​​ព្រងើយ​​កន្តើយ លើការងារចុះបង្ក្រាប ឬ​ទប់ស្កាត់បទល្មើស ដែ​ល​​កើតមាន​ក្នុងមូលដ្ឋាន​នេះទេ។ ជាក់ស្តែង ករណី​​ជនជាតិចិន​មួយ​ក្រុម បាន​​ធ្វើសកម្មភាពចាប់​ជន​​ជាតិ​ចិនដូចគ្នា ញាត់​ចូល​ក្នុងរថយន្ត កាល​ពីយប់ថ្ងៃ​ទី​​២១ ខែ​ឧសភា គឺកម្លាំងជំនាញ​របស់​លោក ​បានចុះ​​អន្តរាគមន៍​​ចាប់​ជន​​សង្ស័យបាន​ចំនួន ​៥នាក់​ភ្លាមៗ​ ក្នុង​នោះមាន​ជន​ជាតិ​ចិន ​៤នាក់ និង​អ្នក​បើក​ឡាន​​ជន​ជាតិ​ខ្មែរ​​​ម្នាក់។

​សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែឧសភា ក៏​មានករណីជនសង្ស័យ​ជន​ជាតិ​ចិន​ បាន​ចាប់​បង្ខាំង​បុរស​​ជ​នជា​​​តិចិន​​​ដូច​គ្នា ​ឈ្មោះ TANG CAIYOU ​ជំរិត​ទារប្រា​ក់អ​ស់​ជិត​ ១០​ម៉ឺន​ដុល្លារ។ ហើយ​ក្រោយ​មក​ក៏​ត្រូវ​​បាន​​កម្លាំង​​​នគរ​បាល​ព្រហ្មទ​ណ្ឌ​​​ក្រសួង​មហា​ផ្ទៃ និង​កម្លាំង​​នគរ​បាល​ខេត្ត​ព្រះ​សីហនុ សហ​ការ​បង្ក្រា​ប​ចាប់​ខ្លួន​ជ​ន​ល្មើស​បាន ​​៨នាក់ កសាង​​សំណុំរឿ​ង​​​ទៅ​កាន់​​តុលាការ​ផ្តន្ទា​ទោស។

​​កាលពីថ្ងៃទី​២៩ ខែមេសា ក៏មាន​ករណី​ជនជាតិចិន ២នាក់ ចេញធ្វើ​ប្លន់ប្រដាប់អាវុធ ​នៅ​ហាង​បញ្ចាំ​​មួយ​​កន្លែ​ង ក្នុងក្រុងព្រះសីហនុ ហើយ​ត្រូវ​កម្លាំង​​សមត្ថ​កិច្ច​ចុះ​​បង្ក្រាប និង​​ចាប់​​ខ្លួន​​ជន​​សង្ស័យ​​​​បាន​​ទា​ន់​​ពេល។ រីឯ​​កា​លពីយប់ថ្ងៃទី​២៣ ខែមីនា ក៏មានក​រណីខ្មាន់​កាំភ្លើង​មួយក្រុម បាន​​បាញ់​សម្លាប់​ថៅកែកា​ស៊ីណូ ជន​​ជាតិតៃ​វ៉ាន់ម្នាក់​ ស្លាប់ក្នុង​ថ្លុក​ឈា​ម នៅ​កណ្តាល​ក្រុង​ព្រះ​សីហនុ ហើយ​ខ្មាន់​កាំភ្លើង​​​បាន រត់គេច​ខ្លួន​ដោយសុវត្ថិភាព។ ហើយ​​គិតមកដល់ថ្ងៃ​ទី​​២២ ខែ​ឧសភា​នេះ ​សមត្ថកិច្ច​នៅមិនទាន់ស្រាវជ្រាវ​ចាប់​ខ្លួន​ជន​​ល្មើស​​​មកផ្តន្ទា​​ទោស ឬបង្ហាញ​មុខ ឲ្យ​​​ប្រជា​​​ពលរដ្ឋ បានដឹងជាសាធារណៈនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ