រុស្ស៊ីបានបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំដ៏សាហាវមួយលើអ៊ុយក្រែន ដោយបានបាញ់បង្ហោះដ្រូនរាប់រយគ្រឿង និងមីស៊ីលរាប់សិបគ្រាប់ពេញមួយយប់។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានថ្លែងថា ទីក្រុងគីវ គឺជាគោលដៅចម្បង ប៉ុន្តែតំបន់ផ្សេងទៀត ក៏រងការវាយប្រហារផងដែរ ដែលបណ្តាលឱ្យមនុស្សប្រហែល ១០០ នាក់រងរបួស។ មនុស្ស ៤ នាក់ បានស្លាប់នៅក្នុងរដ្ឋធានី និងតំបន់ជុំវិញ ដោយមានសំឡេងផ្ទុះយ៉ាងខ្លាំងត្រូវបានឮពាសពេញតំបន់នោះពេញមួយយប់។ អគារស្នាក់នៅរបស់ប្រជាពលរដ្ឋរាប់សិបខ្នង សាលារៀនមួយ រោងមហោស្រពអូប៉េរ៉ាមួយ និងសារមន្ទីរមួយបានរងការខូចខាត។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា មីស៊ីលល្បឿនលឿនជាងសំឡេង អូរ៉េស្នីក (Oreshnik) ត្រូវបានប្រើប្រាស់នៅក្នុងការវាយប្រហារនេះ ដែលខ្លួនបានពិពណ៌នាថាជាការឆ្លើយតបទៅនឹង “ការវាយប្រហាររបស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល” ខណៈដែលកងទ័ពអ៊ុយក្រែនបានបដិសេធថា មិនបានកំណត់គោលដៅលើជនស៊ីវិលនោះទេ។
កាលពីដើមសប្តាហ៍នេះ រុស្ស៊ីបានចោទប្រកាន់ទីក្រុងគីវថា បានវាយប្រហារលើអន្តេវាសិកដ្ឋាននិស្សិតមួយកន្លែង នៅក្នុងទីក្រុង ស្តារ៉ូប៊ីលស្ក៍ (Starobilsk) ដែលបណ្តាលឱ្យមនុស្ស ២១ នាក់ស្លាប់។ កងទ័ពអ៊ុយក្រែនបានទទួលស្គាល់ថា ខ្លួនពិតជាបានវាយប្រហារនៅក្នុងទីក្រុងនោះមែន ប៉ុន្តែបានអះអាងថា ខ្លួនបានវាយប្រហារលើកងឯកភាពដ្រូនយោធារបស់រុស្ស៊ីតែប៉ុណ្ណោះ។
មេដឹកនាំអឺរ៉ុប បានថ្កោលទោសការវាយប្រហាររបស់រុស្ស៊ី កាលពីថ្ងៃទី២៤ខែឧសភា ដែលកើតឡើងបន្ទាប់ពីការព្រមានពី លោក ហ្សេឡេនស្គី ថា រុស្ស៊ីប្រហែលជាកំពុងរៀបចំប្រើប្រាស់មីស៊ីល អូរ៉េស្នីក។ មីស៊ីលនេះធ្វើដំណើរក្នុងល្បឿនលឿនជាងល្បឿនសំឡេងជាង ១០ ដង ពិបាកក្នុងការស្ទាក់ចាប់ និងអាចផ្ទុកទាំងក្បាលគ្រាប់ធម្មតា និងក្បាលគ្រាប់នុយក្លេអ៊ែរ។ លោក ហ្សេឡេនស្គី បាននិយាយថា រុស្ស៊ីបានបាញ់បង្ហោះមីស៊ីលនេះប្រឆាំងនឹងទីក្រុង ប៊ីឡា ស៊ែរក្វា (Bila Tserkva) ក្នុងតំបន់គីវ ប៉ុន្តែការិយាល័យប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា ខ្លួនមិនទាន់បញ្ជាក់ផ្លូវការទេ ដោយកំពុងបន្តពិនិត្យប្រភេទអាវុធ។ ប្រសិនបើពិតមែន វាជាលើកទីបីហើយដែលរុស្ស៊ីបានប្រើប្រាស់មីស៊ីល អូរ៉េស្នីក ក្នុងជម្លោះនេះ។
ទាំងប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោក ហ្វ្រីដរិច មឺស បានថ្កោលទោសការប្រើប្រាស់អាវុធនេះ ខណៈដែលប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី កាចា កាឡាស បានពិពណ៌នាវាថាជា “យុទ្ធសាស្ត្របំភ័យនយោបាយ និងជាការលេងល្បែងប្រថុយប្រថាននឹងសង្រ្គាមនុយក្លេអ៊ែរ”។ រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស លោកស្រី អ៊ីវ៉ែត ឃូភឺ ក៏បានសម្តែងការសោកស្តាយចំពោះ “ទិដ្ឋភាពដ៏រន្ធត់” នេះដែរ។
កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ខ្លួនបានរកឃើញមីស៊ីល ៩០ គ្រាប់ និងដ្រូន ៦០០ គ្រឿង។ ទិន្នន័យបឋមបង្ហាញថា មីស៊ីលបាលីស្ទីក និងមីស៊ីលគ្រូស ចំនួន ៥៥ គ្រាប់ និងដ្រូនចំនួន ៥៤៩ គ្រឿង ត្រូវបានបាញ់ទម្លាក់ ឬស្ទាក់ចាប់បាន ប៉ុន្តែក៏មានការវាយប្រហារចំគោលដៅផ្ទាល់ចំនួន ៥៤ កន្លែងផងដែរ។
លោក ហ្សេឡេនស្គី បាននិយាយថា មនុស្ស ៦៩ នាក់បានរងរបួសនៅក្នុងរដ្ឋធានី ខណៈដែលកន្លែងផ្គត់ផ្គង់ទឹកត្រូវបានវាយប្រហារ ហើយសារមន្ទីរ ឆរណូប៊ីល (Chornobyl Museum) ត្រូវបាន “បំផ្លាញទាំងស្រុង”។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន បាននិយាយថា នេះជា “ការវាយប្រហារដោយចេតនាលើប្រវត្តិសាស្ត្រ និងការចងចាំ”។
ផ្ទុយទៅវិញ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនមិនបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលទេ ប៉ុន្តែបានវាយប្រហារចំត្រង់ប៉ុស្តិ៍បញ្ជាការរបស់កងទ័ពជើងគោកអ៊ុយក្រែន និងនាយកដ្ឋានស៊ើបការណ៍សម្ងាត់ ដែលការអះអាងនេះមិនត្រូវបានអ៊ុយក្រែនបញ្ជាក់នោះទេ។
អភិបាលក្រុងគីវ លោក វីតាលី ឃ្លីតស៍កូ បាននិយាយថា មនុស្សពីរនាក់បានស្លាប់នៅក្នុងទីក្រុងផ្ទាល់ និង ៣៦នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ មនុស្សម្នាក់បានស្លាប់ បន្ទាប់ពីអគារស្នាក់នៅកម្ពស់ ៩ជាន់ នៅក្នុងសង្កាត់ សេវឆេនកូ (Shevchenko) ត្រូវបានវាយប្រហារ។ នៅក្នុងសង្កាត់ដដែលនោះ ការវាយប្រហារចំសាលារៀនបានធ្វើឱ្យកម្ទេចកំទីបិទផ្លូវចូលជម្រកការពារខ្លួន ដែលបណ្តាលឱ្យមនុស្សជាច្រើននាក់ជាប់គាំងនៅខាងក្នុង។ សេវាសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់ទៅពន្លត់ភ្លើង សម្អាតកម្ទេចកំទី និងព្យាបាលអ្នករងរបួស៕









