ក្រោយពីរបាយការណ៍នានារកឃើញថា ច្រើនឆ្នាំមកនេះ ការរំលោភបំពានដីធ្លីកើតឡើងលើសហគមន៍ក្រីក្រ ហើយបានបន្សល់ទុកជនរងគ្រោះរាប់ម៉ឺនគ្រួសារនោះ បច្ចុប្បន្នបញ្ហានេះ វាបានរាលដាលដល់មន្ត្រីបក្សកាន់អំណាចមួយចំនួន រួមទាំងលោក ជា ចំរើន ដែលមានងារជាឧកញ៉ា និងជាអតីតតំណាងរាស្ត្រ ដែលបានបង្ហាញការខកចិត្តចំពោះប្រព័ន្ធយុត្តិធម៌ ក្រោយបាត់បង់ដីធ្លី។
ការរីករាលដាលអយុត្តិធម៌សង្គមនេះ ត្រូវបានអ្នកឃ្លាំមើលអះអាងថា ទាំងពលរដ្ឋក្រីក្រ អ្នកគ្មានអំណាច រួមទាំងមន្ត្រី ឬឧកញ៉ា នឹងបន្តរងគ្រោះដូចគ្នា រយៈពេលយូរឆ្នាំទៀត បើប្រព័ន្ធដឹកនាំ នៅបន្តរំលោភអំណាច មិនធ្វើឱ្យប្រព័ន្ធតុលាការ កា្លយជាស្ថាប័នឯករាជ្យទេនោះ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណបក្សឆន្ទៈខ្មែរ លោក សុន ឆ័យ និយាយថា បញ្ហាចម្បងដែលនាំឱ្យជនរងគ្រោះ ពិបាករកយុត្តិធម៌ នាពេលបច្ចុប្បន្ន ដោយសារតុលាការមិនឯករាជ្យ។
លោកថា៖ «រឿងរំលោភអំណាច រឿងអី ក៏ដោយសារតែរឿងលុយកាក់ ផលប្រយោជន៍ដែរ ដូច្នេះបានត្រូវដោះស្រាយមុនគេ គឺរឿងតុលាការនេះ បើទោះបីយ៉ាងណាក៏ដោយឲ្យពលរដ្ឋ អ្នកនយោបាយ អីហ្នឹង មានបញ្ហា អាចទៅពឹងពាក់តុលាការនេះអាចទុកចិត្តបាន បាទហើយបើតុលាការហ្នឹងលំអៀង ឬពុករលួយ អាហ្នឹងជាបញ្ហា។ ទោះបីជារឿងបញ្ហាដីធ្លីហ្នឹង វាពាក់ព័ន្ធ នឹងរាស្ត្រតូចតាច មន្ត្រីបក្សប្រឆាំង ឬក៏មន្ត្រីបក្សកាន់អំណាចគ្នាឯង នៅតែរកខុសរកត្រូវអត់ឃើញទេ អាការបំពាននៅតែបន្តបាទ»។
ជាការកត់សម្គាល់ លោក សុន ឆ័យ ក៏ជាជនរងគ្រោះម្នាក់ដែរ ពីប្រព័ន្ធតុលាការ ក្រោយលោករិះគន់ការបោះឆ្នោតមិនត្រឹមត្រូវអំឡុងឆ្នាំ២០២២ ក្រោមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា។ លោកឱ្យដឹងដែរថា ដីរបស់លោកចំនួន៣ហិកតា នៅទីក្រុងសៀមរាប ត្រូវបានតុលាការកាត់ក្ដីយ៉ាងអយុត្តិធម៌ប្រគល់ទៅក្រុមហ៊ុន លោក សុខ គង់ ធ្វើជាសណ្ឋាគារ ទោះលោកមិនយល់ព្រមប្រគល់ជូន ឬប្ដឹងទាស់យ៉ាងណាក្ដី។
មួយវិញទៀត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ចាត់ទុករឿងរ៉ាវនេះ ជាករណីពាលស៊ីពាល និងកេងប្រវ័ញ្ចគ្នាដោយពាក់ព័ន្ធនឹងអំពើពុករលួយជាដើម។
លោកថា៖ «ឧទាហរណ៍ដូចករណី លោក ជា ចំរើន ចុះ។ គាត់បង្កើតសាលាឱ្យបណ្ឌិត ដែលបណ្ឌិតអត់ក្រិតទៅលើពួកមន្ត្រីរដ្ឋាភិបាលដែលគ្មានសញ្ញាបត្រអ្វីទាំងអស់ហ្នឹង។ ជា ចំរើន បាន បានលុយមកធ្វើមានធ្វើបានអ៊ីចឹងទៅ ហើយគាត់យកលុយទៅទិញដី ទិញធ្លីអ៊ីចឹងទៅ។ ប៉ុន្តែក្រោយមកលោក ហ៊ុន សែន អន់ចិត្ត អន់ចិត្តនឹងលោក ជា ចំរើន ហ្នឹង វាមានរឿងពាក់ព័ន្ធនឹងអាទំនាស់ផលប្រយោជន៍រវាងគ្នានឹងគ្នា ក៏ លោក ហ៊ុន សែន បោះបង់លោក ជា ចំរើន ចោល ហើយត្រូវបាន ហ៊ុន សែន បោះបង់ហើយ ក៏ ជា ចំរើន មិនហ៊ានធ្វើស្អីគេដែរ មិនហ៊ាននិយាយដែរ រងគ្រោះយុត្តិធម៌ម៉េច ក៏មិនហ៊ានដែរ»។
សម្រាប់លោក ម៉ែន ណាត បញ្ហាទាំងអស់នេះ មកពីលោក ហ៊ុន សែន គឺជាតំណាងនៃអំពើអយុត្តិធម៌ ដោយលោកសំអាងថា មេដឹកនាំរូបនោះ ជាអ្នកមានសិទ្ធិអំណាចក្នុងការចាត់ចែងប្រគល់ដីឱ្យក្រុមហ៊ុន និងយកប្រព័ន្ធយុត្តិធម៌ ធ្វើជាឧបករណ៍ ដើម្បីបម្រើមហិច្ឆតានយោបាយ។
ការលើកឡើងនេះ បន្ទាប់ពីលោក ជា ចំរើន អតីតតំណាងរាស្ត្របក្សប្រជាជនអាណត្តិទី៤ នៅមណ្ឌលខេត្តកណ្ដាល និងជាម្ចាស់សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា និងមានងារជាឧកញ៉ា បានបង្ហោះសារដ៏កម្រមួយលើហ្វេសប៊ុករបស់លោកថ្មីៗ បង្ហាញពីការខកចិត្តចំពោះប្រព័ន្ធតុលាការ ក្រោយបាត់បង់បាត់បង់ដីធ្លី។
យ៉ាងណា ក្នុងការថ្លែងនោះ លោក ជា ចំរើន ពុំបង្ហាញចំនួនដីដែលគេដណ្ដើមយក ឬអ្នកណាជាអ្នករំលោភបំពាននោះទេ តែក្រោយលោកបានលុបវីដេអូនោះចោលវិញ។
លោក ជា ចំរើន បានលើកឡើងថា៖ «សុទ្ធតែឯកសារដីធ្លីនៅរឿងតុលាការ តែឥឡូវក្រវាត់ចោល ចោលហើយ។ សុំតែសុខៗទេ គឺសុំតែរស់ តែពេលខ្លះពិបាកនឹងសុខទៀត ឯដីគេយកអស់ហើយ។ នៅសល់តែប្លង់ៗហ្នឹង យើងគិតតែតែប្តឹងផ្តល់គ្នា ឥឡូវគេយកអស់។ អ៊ីចឹងទុកប្លង់ដីបានការអី ដីគេយកអស់បាត់ហើយហ្នឹង»។
លោក ជា ចំរើន បានប្រាប់វីអូឌីតាមតេឡេក្រាមថា មូលហេតុដែលលុបវីដេអូនេះចោល ដោយលោកខ្លាចសាធារណជនច្រឡំថា លោកជាមនុស្សប្រឆាំង ហើយលោកអះអាងថា លោកមិនមែនជាអ្នកនយោបាយទៀតទេ។
ប្រហាក់ប្រហែលគ្នានេះដែរ លោក សែម រតនៈ កូនប្រុស លោក សែម សុវណ្ណនី អតីតអគ្គនាយកមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ក៏បានបង្ហោះសារលើហ្វេសប៊ុកថ្មីៗនេះ ទាមទាររកយុត្តិធម៌ដូចគ្នាពី លោក ហ៊ុន ម៉ាណែត ដោយសំអាងថា ដីចម្ការកៅស៊ូ ១០០ហិកតារបស់លោកនៅខេត្តរតនគិរី ត្រូវបានថ្នាក់ដឹកនាំស្ថាប័នខ្លួនរំលោភបំពានយក។
ជុំវិញករណីនេះ វីអូឌីពុំអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេ។
ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បដិសេធ ការលើកឡើងរបស់អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំង។
លោក ជា ធីរិទ្ធ ថ្លែងថា៖ «ទោះបីជាមន្ត្រីណាក៏ដោយ មន្ត្រីបក្សប្រជាជនក៏ដោយ មិនមែនបក្សប្រជាជនក៏ដោយ គឺការដោះស្រាយបញ្ហា ឬក៏វិវាទណានោះ គឺឈរលើគោលការណ៍ច្បាប់ជាធំ។ អញ្ចឹងអ្នកណាក៏ដោយឲ្យធ្វើខុសច្បាប់ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ទទួលទោសតាមច្បាប់របស់កម្ពុជា»។
យ៉ាងណា របាយការណ៍សន្ទស្សន៍នីតិរដ្ឋឆ្នាំ២០២៥ របស់គម្រោងយុត្តិធម៌ពិភពលោក ដែលបានចេញផ្សាយនៅដើមឆ្នាំ២០២៦នេះ បានបង្ហាញថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាបានបាត់បង់ឯករាជ្យភាពទាំងស្រុង និងជំនួសមកវិញដោយការប្រើប្រាស់ច្បាប់ ដើម្បីការពារផលប្រយោជន៍បក្ខពួក និងបង្ក្រាបសំឡេងរិះគន់។ ស្ថានភាពនេះបង្កើតនូវបរិយាកាសអវិជ្ជមាន សម្រាប់វិស័យសេដ្ឋកិច្ច និងវិនិយោគ។
ចំណែករបាយការណ៍ស្តីពីស្ថានភាពសិទ្ធិដីធ្លី ដែលចេញផ្សាយដោយសមាគមការពារសិទ្ធិមនុស្សអាដហុក កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ រកឃើញថា បញ្ហាវិវាទដីធ្លីនៅក្នុងឆ្នាំ២០២៥ បន្តមានលក្ខណៈធ្ងន់ធ្ងរ រ៉ាំរៃ និងស្មុគស្មាញ ។
អាដហុក រកឃើញថា មានករណីថ្មីបានកើតឡើងចំនួន ៤៥ករណី បន្ថែមលើករណីចាស់ៗ ដែលមិនទាន់មានដំណោះស្រាយសមរម្យ។ ហើយថា បានប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួនជាង ៥ពាន់គ្រួសារ (៥ ៥២០គ្រួសារ) និងផ្ទៃដីជាង ១១ម៉ឺនហិកតា (១១៥ ៤១៣ ហិកតា) ក្នុងនោះភាគរយខ្ពស់ នៃវិវាទពាក់ព័ន្ធនឹងការរំលោភដីធ្លីដោយបុគ្គលមានអំណាច ៤២ភាគរយ និងអ្នកមានទ្រព្យ/ក្រុមហ៊ុន ២០ភាគរយ ។
កំណើននៃវិវាទនេះ បង្ហាញពីឥទ្ធិពលខ្លាំងរបស់ក្រុមអាជ្ញាធរ ដែលមានអំណាចលើការប្រើប្រាស់ធនធានដីធ្លី និងធនធានធម្មជាតិ។ ហើយថា បើគ្មានវិធានការជាក់ស្តែង វិវាទដីធ្លីនឹងបន្តបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថិរភាពសេដ្ឋកិច្ច-សង្គម ការកើនឡើងនៃភាពក្រីក្រ ការបាត់ទំនុកចិត្តលើរដ្ឋាភិបាល និងប្រព័ន្ធយុត្តិធម៌ ដែលអាចរារាំងការអភិវឌ្ឍរយៈពេលវែង៕









