ទឹក​កខ្វក់​មាន​ក្លិន​ស្អុយ​ចេញ​ពី​រោង​ចក្រ​កែ​ច្នៃ​បន្ត​យាយី​សុខ​ភាព​ពលរដ្ឋ​នៅ​ខេត្ត​ព្រះ​សីហនុ

អ្នក​ធ្វើកា​រ​ងារ​ពាក់​ព័ន្ធ​នឹង​​បរិស្ថាន ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ ទប់​ស្កាក់​ការ​បង្ហូរ​ទឹក​ស្អុយ ចេញ​ពី​រោង​ចក្រ​​​​​​​កែ​​​​ច្នៃ​ដំណាប់​ផ្លែ​ឈើ​​មួយ​ចំនួន​ នៅ​ស្រុក​កំពង់​សិលា និង​​ក្រុង​​​កំពង់​សោម ឱ្យ​មាន​ប្រសិទ្ធ​ភាព ដើម្បី​ការ​ពារ​សុខ​ភាព​ពលរដ្ឋ ដែល​រស់​នៅ​ជុំ​វិញ​តំបន់​នោះ។

​លោក សុខ​ សុខុម ប្រធានអង្កការ​ស្រឡាញ់​ធន​ធាន​ធម្ម​ជាតិ ហៅ​កាត់ ស៊ី​អ៊ិនរ៉ូ (CNRO) ប្រចាំ​​ខេត្ត​​ព្រះ​សីហនុ នៅ​ថ្ងៃ​​អង្គារ​នេះ ​បាន​ជំរុញ​​ឲ្យ​​ក្រសួង​ មន្ទីរ​បរិស្ថាន ក៏​ដូច​ជា​រដ្ឋ​បាល​ខេត្ត​ព្រះ​សីហនុ ត្រូវ​​​មា​ន​វិ​ធាន​ការ​ច្បាប់​តឹង​រឹង ជា​មួយ​​ក្រុម​​ហ៊ុន ឬ​​សិប្ប​កម្ម​​​កែ​ច្នៃ​ដំ​​ណាប់​ផ្លែ​​ឈើ​ទាំង​​អស់ ដែល​កា​​រ​ធ្វើអា​ជី​វ​កម្ម​របស់​ខ្លួន ​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​របស់​ពលរដ្ឋ​ក្នុង​មូល​ដ្ឋាន និង​ប៉ះ​​ពា​ល់ដ​ល់​ជីវ​ចម្រុះ នៅ​តាម​ព្រែក ឬ​តាម​​​​​​​សមុទ្រ​ ក្នុង​ករណី​​បង្ហូរ​កាក​សំណល់​មាន​សារ​ធាតុ​គី​មី មិន​ឆ្លង​កាត់​អាង​ចម្រោះ​ទឹក​ស្អាត ឲ្យ​បាន​​​ត្រឹម​​ត្រូវ​​​ជាមុន។

លោកថា៖ «ខ្ញុំជាសង្គមស៊ីវិល សូម​ឲ្យ​ក្រសួង​បរិ​ស្ថាន ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ ហើយ​ផាក​ពិន័យ ហើយ​បើ​ក្រុម​ហ៊ុន​ទាំង​នោះ គ្មាន​ឧបករណ៍​​ចម្រោះ​ប្រព័ន្ធ​​ទឹក​ស្អាត ទឹក​កខ្វក់ ឲ្យ​បាន​ស្អាត​ទេ គួរ​តែ​បិទ​ទៅ​កុំ​ឲ្យ​ដំណើរ​ការ ពី​ព្រោះ​​បើ​​ទុក​​ឲ្យ​ដំណើរ​ការ ការ​បង្ហូរ​ទឹក​កខ្វក់​ហ្នឹង ប៉ះ​ពាល់​​ដល់​ប្រជា​ពលរដ្ឋ​រស់​នៅក្នុ​ង​ខេត្ត​ព្រះ​សីហនុ​ជា​បន្ត​ទៀត​ហើយ។ អញ្ចឹង​គួរ​តែ​ក្រសួង​ប​រិស្ថាន​​ដែល​ជា​ស្ថាប័ន​ជំនាញ​ ពិនិត្យ​មើល​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ច្បាស់​លាស់​ផង»។

អ្នកការពារបរិស្ថានរូបនេះ បន្តថា ចំពោះ​ករណីបង្ហូរទឹកកខ្វក់ចេញពីក្រុមហ៊ុន ឬ​រោង​ចក្រ​ កែ​ច្នៃ​ដំ​ណាប់​ផ្លែ​ឈើ ដោយ​​មិន​ឆ្លង​កាត់អា​ង​​ចម្រោះ​​ទឹក​ស្អាត​ជា​មុន ចូល​ទៅ​ក្នុង​ដៃ​​ព្រែក​ទឹក​សាប​ ឬ​ចូល​ទៅ​សមុទ្រ គួរ​​ត្រូ​វ​លុប​បំបាត់​ឲ្យ​បាន​ជា​ស្ថាពរ។ ដ្បិត​​​ក្លិន​ស្អុយ​បាន​ប៉ះ​​ពាល់​​​ធ្ងន់​ធ្ងរ​ដល់​ការ​ប្រកប​មុខ​របរ និង​សុខ​​ភាព​របស់​​ពលរដ្ឋ ដែល​មាន​ផ្ទះ​​​នៅ​ជុំវិញ​រោង​ចក្រ​ទាំង​នោះ។

ប្រហាក់ប្រហែលគ្នានេះដែរ លោក ជិន វណ្ណៈ ប្រធានអង្គការការពារបរិស្ថាន មាន​មូល​ដ្ឋាន​ក្នុង​​ខេត្ត​​​ព្រះ​សី​ហនុ​ ក៏​បាន​​ឲ្យ​ដឹង​ដែរ​​​ថា សកម្ម​ភាព​​​បង្ហូរ​ទឹក​ស្អុយ ឬ​ទឹក​​កខ្វក់ ​មិន​​ឆ្លង​កាត់​​អាង​ចម្រោះ​​ទឹក​ស្អាត​របស់​ក្រុម​​ហ៊ុ​ន​កែ​ច្នៃ​ដំណាប់​ផ្លែឈើ នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ នៅ​តែ​ជា​បញ្ហា​​ប្រឈម ជាពិសេ​ស​នៅ​រដូ​វ​មាន​ភ្លៀង​​ធ្លាក់​​នេះ។

លោកថា ករណីនេះ បាន​ជះក្លិនស្អុយ ប៉ះពាល់ដល់​​ការរស់​​នៅ​របស់​​ប្រជា​ពលរដ្ឋ ដែល​​​មាន​​ផ្ទះ​ រស់​​​នៅ​​ជុំ​វិញ​ក្រុម​ហ៊ុន​​​ឬ​រោង​ចក្រ និង​ប៉ះ​ពាល់​ដល់​បរិស្ថាន​ក្នុង​ទឹក ពេល​បង្ហូរ​កាក​សំណល់​រាវ​ មាន​សារធាតុ​គីមី ចូល​​​ទៅ​​ក្នុ​ង​សមុទ្រ នាំ​ឲ្យ​ប៉ះ​ពាល់​​ដល់​ជីវ​ចម្រុះ ឬ​ធន​ធាន​ត្រី​ជា​ដើម​​​ ដែល​ទាម​ទារ​ឲ្យ​ថ្នាក់​ដឹក​នាំ​​ក្រសួង​មន្ទីរ​ជំនាញ ជាពិសេស ​អភិបាល​​ខេត្ត​ព្រះ​​សីហនុ ជួយ​​​មាន​​វិធាន​ការ​ទប់​ស្កាត់​ឲ្យ​មាន​ប្រសិទ្ធ​ភាព។

លោកថា៖ «ស្នើឲ្យក្រុមហ៊ុនទាំងអស់ហ្នឹងធ្វើអាងចម្រោះ ហើយ​ចម្រោះ​ទឹក​កខ្វក់​ហ្នឹង​ឲ្យ​ស្អាត​រួច​ហើយ ចាំ​ឲ្យ​បង្ហូរ​ចូល​​ព្រែក ទើបមិ​ន​ប៉ះ​ពាល់​ដល់​ជីវ​ចម្រុះ។ តែ​បើ​ក្រុម​ហ៊ុន​អត់​ធ្វើអា​ង​ចម្រោះ​ទឹក​ស្អាត​ទេ គឺ​ប៉ះ​ពាល់​ច្រើន គឺ​ប៉ះ​ពាល់​​ដល់​មច្ឆា ប៉ះ​ពាល់​ដល់​ជីវ​ចម្រុះ និង​ប៉ះ​ពាល់​ដល់​ការ​រស់នៅ​​របស់​ប្រជា​ពលរដ្ឋ គឺ​ប៉ះ​ពាល់​ច្រើន​មែន​ទែន។ តែ​បើ​​ក្រុម​​ហ៊ុន​ធ្វើ​អាង​ចម្រោះ​ហើយ ហើយ​ចម្រោះ​ទឹក​ស្អុយ​ហ្នឹង​ហើយ ចាំ​បង្ហូរ​ទឹក​ហ្នឹង​ចូល​ព្រែក​ទៅ គឺ​ទឹក​ហ្នឹង​អត់​មាន​​ជាតិ​​ពុល ហើយ​ចាំ​បង្ហូរ​ចូល​ព្រែក​ទៅ គឺ​ទឹក​ហ្នឹង​អត់​មាន​ប៉ះ​ពាល់​អី​ទេ»។

អ្នកការពារបរិស្ថាន​រូបនេះ ចង់ឃើញ​មន្ត្រី​ស្ថាប័ន​ជំនាញ​ចុះ​អនុ​វត្ត​ច្បាប់ ចំពោះ​ក្រុម​ហ៊ុន​ ឬ​រោង​ចក្រ ក៏​ដូច​ជា​សិប្បកម្ម​កែ​ច្នៃ​ដំណាប់​ផ្លែ​ឈើ មាន​​​​​​ផ្លែ​​​ស្វាយ ជាដើម នៅ​ក្នុង​មូល​ដ្ឋាន​​ ឲ្យមាន​​ប្រសិទ្ធ​ភាព​យូរ​អង្វែង ​ខណៈ​កន្លង​មក ម្ចាស់​​ទីតាំងទាំ​ង​នេះ បាន​​អនុ​វត្ត​​ត្រឹម​​​​​តែ​ក្នុង​អំឡុង​ពេល​ មន្ត្រី​ជំនាញ បាន​​ចុះ​ទៅ​​​ធ្វើកំណត់​ហេតុ​ឬ​កិច្ច​សន្យា​ ដោយ​អនុ​វត្ត​តាម​ត្រឹម​មួយ​ដង្ហើម​ចង្រិត​ប៉ុណ្ណោះ។ ​

​ឆ្លើយតបបញ្ហានេះ លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សិលា បានប្រាប់​សារ​ព័ត៌​មាន​ក្នុង​ស្រុក ឱ្យ​ពលរដ្ឋ​ជូន​ដំណឹង​ជាផ្លូ​វ​ការ​មក​មន្ត្រី​ជំនាញ ដើម្បី​ចុះ​ទប់​ស្កាត់។

លោក​​បន្ត​​​​ថា ថ្មីៗនេះ ក៏មានករណីម្ចាស់​ទីតាំង​មួយកន្លែង ឈ្មោះ ឆាយ ជាងហេង បាន​នាំ​យក​​កាក​​សំណល់​​​ផ្លែ​ស្វាយ​ទៅ​​ទុក​ក្នុង​ស្រះ​ទឹក និ​ង​លើ​ដី​ស្រែ​​​ទំហំ​ប្រមាណ ២ហិ​កតា ​​នាំ​​​ឲ្យ​​​​ជះ​ក្លិន​ស្អុយ​​ប៉ះ​ពាល់​​​ដល់​​​ការរស់​​​នៅ​របស់ប្រជាពលរដ្ឋ​ក្នុង​​មូល​ដ្ឋាន​នេះ​​ពិត​មែន។ ប៉ុន្តែ​លោក​ថា​ ករណី​នេះ ត្រូវ​បាន​​មន្ត្រី​​ជំនាញ​ចុះ​អន្ត​​រាគមន៍​ទប់​ស្កាត់​រួច​ហើយ។

ចំណែក លោក ម៉ើង សុភាព ប្រធាន​ស្តីទី​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះ​សីហនុ បាន​អះ​អាង​ដែរ​​​ថា ពិត​ជា​មាន​​ក្រុម​ហ៊ុន​កែ​ច្នៃ​ផ្លែ​ឈើ ឬ​​ដំណាប់​ស្វាយ នៅ​ស្រុក​​កំពង់​​​សិលា និង​ក្រុងកំ​ពង់​សោម​ មិន​បាន​គ្រប់​​គ្រង​កា​ក​សំ​ណ​ល់​​​របស់​ខ្លួន ឲ្យ​បាន​​ត្រឹម​ត្រូវ​​តាម​ស្តង់​ដារ​ពិត​មែន។ ហើយ​​​ថា ករណី​នេះ មន្ត្រី​​​​​ជំនាញ​របស់​លោក ក៏​បាន​ចុះ​​ណែ​នាំ និង​ធ្វើ​កិច្ច​សន្យាជាមួយ​​​​​ក្រុម​ហ៊ុន​ទាំង​នោះ​រួច​ហើយ។

លោកព្រមានថា នៅថ្ងៃ​អនាគត ​នឹងមាន​វិធាន​ច្បាប់ឲ្យ​បាន​ធ្ងន់​ធ្ងរ បើ​​ក្រុ​ម​ហ៊ុន​​ទាំង​នោះ គឃ្លើន​មិ​ន​អ​នុ​វត្ត​តា​ម​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ។

លោក​ថា៖ «ទាក់​ទង​ក្រុម​ហ៊ុន​ដំណាប់​ស្វាយ នៅ​ស្រុក​កំពង់​សិលា ក៏​ដូច​ជា​នៅ​ក្រុង​កំពង់​សោម ទឹក​សាប​យើង​នេះ ពិត​ជា​មាន​ការ​សាយ​ភាយ​ក្លិន​ពិត​មែន។ ហើយ​តាម​ការពិ​តម​ក​ពី​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​សំបក​ស្វាយ សំប​កដំណាប់​ផ្លែ​ឈើ​ហ្នឹង មក​កាន់​ទីលាន​ទុក​ដាក់​សំរាម ឬ​ទុក​ដាក់​កាក​សំណល់​ឧស្សាហ​កម្ម​ហ្នឹង គឺ​គាត់​បាន​ទុក​ឲ្យ​លើស​ថ្ងៃ​កំណត់។ ប៉ុន្តែ​ក្រោយ​ពេល​មន្ត្រី​ជំនាញ​បរិស្ថាន​ចុះ​ទៅ​ពិនិត្យ​ពន្យល់​ណែនាំ​គាត់​ទៅ គឺ​គាត់​បាន​អនុ​វត្ត​តាម​ផែន​ការ​ហ្នឹង​ហើយ»។

ទាក់ទិនបញ្ហានេះដែរ ប្រជាពលរដ្ឋមួយចំនួន ដែល​មានផ្ទះរស់នៅជិតក្រុម​ហ៊ុន​កែច្នៃ​​ផ្លែ​ឈើ​ (Chin huay​(cambodia)​co,HD), ក្រុម​ហ៊ុន​ទីលាន​ទុក​ដាក់​សំណល់​រឹង​ឧស្សាហ​កម្ម របស់​ក្រុម​ហ៊ុន​​សន្យា​​ពេ​ជ្រ ​ត្រេឌិង មាន​ទីតាំង​នៅ​ក្រុង​កំពង់​សោម និង​​ពលរដ្ឋ​មួយ​ចំនួន​​ទៀត​​ ​មាន​ផ្ទះ​រស់​នៅ​ក្នុង​​ឃុំ​អូរ​បាក់​រទេះ ស្រុកកំពង់សិលាជាដើម បានលើកពី​ការសាយ​ភាយ​នៃ​​​ក្លិន​ស្អុយ​ ចេញ​ពី​រោង​​​​​​​​​​​​​ច​ក្រ​​​​​​កែ​​​​​​​ច្នៃ​ផ្លៃឈើ​ទាំងនោះ និងបាន​​ស្នើកិច្ច​អន្តរា​គមន៍ ពី​អាជ្ញាធរ​ជួយ​ទប់​ស្កាត់​ក្លិន​ស្អុយ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​យូរ​អង្វែង​។

បើតាមញត្តិរបស់ពលរដ្ឋដែលបានដាក់មកកាន់អាជ្ញាធរកន្លងទៅថ្មីៗនេះ ផលប៉ះពាល់ទឹកកខ្វក់​​មាន​ក្លិនស្អុយ​ខ្លាំង​ពិបាក​ដក​ដង្ហើម​នេះ កំពុ​ងគំរាម​កំហែង​ជីវភាព​ពលរដ្ឋ​យ៉ាង​តិច​ ៣​ឃុំសង្កាត់ ដូច​ជា នៅ​ឃុំ​អូរ​បាក់​រទេះ ក្នុង​ស្រុកកំពង់សិលា។ ដោយ​​ឡែក​នៅ​ក្រុង​កំពង់​សោម ប៉ះពាល់​ពលរដ្ឋ ២សង្កាត់ គឺ​សង្កាត់​រាម និង​សង្កាត់​បិត​ត្រាំង។

​កង្វល់នេះ ប្រជា​ពលរដ្ឋមួយចំនួន បានអះអាងថា ចំពោះ​កាក​សំណល់រឹង ឬរាវ និង​​​ក្លិន​ស្អុយ ​ដែ​ល​​ជះ​ចេញ​ពី​ក្រុមហ៊ុន​​​កែ​ច្នៃ​ផ្លែឈើ​​ខាង​លើ គឺអា​ជ្ញា​ធរ​ ទប់​ស្កាត់​មិន​មាន​ប្រសិទ្ធ​ភាព​យូរ​អង្វែង​​ទេ។ ពួក​គាត់​ថា ក្រុម​​ហ៊ុ​ន​​អនុ​វត្ត​តាម​​​តែ​នៅ​ពេល​មន្ត្រី​ចុះ​​​ទៅ​ពិនិត្យ ឬ​​ធ្វើ​​​​​​​​កិច្ចស​ន្យា ដោយ​​អនុ​វត្ត​តា​ម​ក្នុ​ង​រយៈ​​ពេល​ខ្លី​​​តែ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​បាត់​​​បង់​ជំនឿ​ និង​​ទំនុក​​ចិត្ត​ ទៅ​លើ​ការ​ដឹក​នាំ​របស់​អាជ្ញាធរ​​រដ្ឋ​បា​ល​​​ខេត្ត​​​ព្រះ​សីហនុ​ទៀត​ហើយ​​៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ