ជន​ជាតិ​ដើម​​ភាគ​តិច​​៣​ឃុំ នៅ​រតនគិរី ស្នើ​បញ្ឈប់​សកម្ម​ភាព​​​រុ​ក​រក​​​រ៉ែ​​មាស​របស់​ក្រុម​ហ៊ុន​ចិន

ជន​ជាតិ​ដើម​ភាគ​តិច​ចារ៉ាយ ​រាប់​​រ​យ​​គ្រួសារ​​នៅ​ខេត្ត​​រតន​គិរី ​កំពុង​កើត​ទុក្ខ​មិន​សុខ​ចិត្ត ពេ​ល​​ទ​ទួល​​ដំ​ណឹង​​ថា​ ក្នុង​​តំបន់​​ពួក​គាត់​​រស់​​​នៅ​​រដ្ឋាភិ​បាលបា​ន​​ផ្តល់​​សិទ្ធិ​​ឱ្យ​​​ក្រុម​ហ៊ុន​​ចិន​​មួយ​​ទៀត ធ្វើ​​សកម្ម​ភាព​​រុក​​រ​ក​​​រ៉ែ​​លោហៈ ​លើ​​ផ្ទៃ​​ដី ២០០ គីឡូ​​ម៉ែត្រ​​ការ៉េ ក្នុង​​ស្រុក​​អូរ​​យ៉ា​ដាវ។

ប្រការ​នេះ ប្រជា​សហគមន៍​កំពុង​ប្រជុំ​ពិភាក្សា​គ្នា​រក​មធ្យោបាយ​​ ទាម​ទារ​​ឱ្យ​​ក្រុម​ហ៊ុន​​បញ្ឈប់​ជា​បន្ទាន់ ចៀស​វាង​ ប៉ះ​ពាល់​​​ដី​​ស្រែ​​ចម្ការ​ ងាប់​សត្វ​ពាហនៈ និង​​ធន​ធាន​​ធម្ម​ជាតិ​​បម្រើ​​វិស័យ​​ទេស​ចរណ៍​រាលធំ​​ឡើង។

ជន​ជា​ដើម​ភាគ​តិច​ចារ៉ាយ រស់​នៅ​ភូមិ​គងធំ ឃុំប៉ាតេ លោក  រម៉ាស ក្លោច ប្រាប់​វីអូឌី នៅ​​ថ្ងៃ​​ទី​២៦ ខែ​ឧសភា​​ ថា ឆ្នាំ​​មុន​​​(២០២៥)ក្របី​​​របស់​​លោក ៥ក្បាល​​ងាប់ ដោយ​សារ​​ពុល​​ទឹក​​អូរ​​ធម្ម​ជាតិ​​ក្នុង​ភូមិ ​ដោយ​សង្ស័យ ក្រុមហ៊ុន​រ៉ែមាស​​អង្គរ​ហ្គោល (Angkor Gold) បង្ហូរ​កាក​សំណល់​ចូល​ក្នុង​អូរ​។

លោក​ថា ផល​ប៉ះពាល់​បរិស្ថានទាំង​នេះ ទើប​តែ​ស្ងាត់​មួយ​រយៈ​ ស្រាប់​តែ​លេច​ឡើង ក្រុមហ៊ុន​ចិន​មួយ​ទៀត គឺ​ក្រុមហ៊ុន ខេមបូឌាន ស៊ានចាម.ឯ.ក  ធ្វើឱ្យ​ពលរដ្ឋ​កំពុង​ដេកភ័យ ពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម នៅ​ថ្ងៃ​ខាង​មុខ។

លោក រម៉ាស ក្លោច និយាយថា៖ «ជំហរ​របស់​ពួកគាត់​អត់​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ចូល​មក​ ដោយសារ​ពួកគាត់​​ធ្លាប់​​រង​គ្រោះ​ ដោយសារ​ក្រុមហ៊ុន​អង្គរហ្គោល​ បំពុល​​ទឹក​​តាម​​អូរ​​ សូម្បី​​ក្របី​​ខ្ញុំ​​ងាប់ ៥ ទៅ ៦ ក្បាល ដោយ​សារ​​ពុល​​ទឹក លាង​​ជាតិ​​រ៉ែ និង​ប៉ា​រ៉ត ត្រី​ក៏​ងាប់​ដែរ។ គាត់​ស្វែង​យល់​ដែរ​ ហាម​ដោយ​សារ​​​ពុល បាន​​គេ​​មិន​​ឱ្យ»។

ថ្មីៗ​នេះ អ្នកភូមិ​រាប់​រយ​នាក់ បាន​លើក​គ្នា​តវ៉ា​ឃាត់​គ្រឿង​ចក្រ​របស់​ក្រុមហ៊ុនចិន ខេមបូឌាន ស៊ានចាម.ឯ.ក ដែល​យក​គ្រឿង​ចក្រ​ឈូសឆាយ និង​ជីក​ដី​ស្រែ​ចម្ការ​របស់​អ្នកភូមិ​ ដោយ​មិន​បាន​ពិភាក្សា​ជាមួយ​សហគមន៍​ជាមុន។

សហគមន៍​ព្រមាន​ថា ប្រសិន​បើ​ក្រុមហ៊ុន​មិន​បញ្ឈប់​សកម្មភាព​ប្រើ​គ្រឿងចក្រ​ កាយ​ដី​ចម្ការ​របស់​ពួកគាត់នោះ​ទេ ​អ្នក​ភូមិ​នឹង​តវ៉ា​ទ្រង់ទ្រាយ​ធំនៅសាលាឃុំ ឬសាលាស្រុក។

សំឡេងតវ៉ា៖ «គាត់​ថា អត់​ឱ្យ​ដាំ​ដំឡូង បើ​អត់​ឱ្យ​ដាំ​ដំឡូង​ត្រូវ​ឱ្យ​លុយ​គេ»។

ក្រោយ​ពី​ពលរដ្ឋ​លើក​គ្នា​តវ៉ា អាជ្ញាធរ​បាន​កោះ​ហៅ ភាគី​ពាក់ព័ន្ធ​ដោយ​មាន​សហគមន៍​ និង​តំណាង​ក្រុមហ៊ុន មក​ប្រជុំ​​ពិភាក្សា​រក​ដំណោះស្រាយ ។

អនុ​ប្រធាន​មន្ទីររ៉ែ​ខេត្ត​មណ្ឌល​គិរី លោក យ៉ាន ចម្រើន បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​​ថា​ ក្រុមហ៊ុន​ដែល​​ឈូសឆាយ និង​រុក​រក​​រ៉ែ ប្រសិន​បើ​ប៉ះពាល់ទ្រព្យសម្បត្តិ​ពលរដ្ឋ ត្រូវ​​​តែស​ង​​សំណង​​ជូន​​ពលរដ្ឋ​​តាម​តម្លៃទី​ផ្សារ។ លោក​​បញ្ជាក់​​ថា​ ពេល​​គ្រឿង​​ចក្រ​​ខូង​​ដី យ៉ាង​​យូរ​​ណាស់ ១ ខែ ក្រុមហ៊ុន​នឹង​លុប​​រណ្ដៅ​​ឱ្យ​​ដូច​​ដើម​​វិញ។

លោក យាន ចម្រើន និយាយថា៖ «មាន​ន័យ​ថា គាត់​ចូល​តែ​មួយ​ហ្នឹង គាត់​លុប​ឱ្យ​វិញ​ វា​ខូង​តែ​មួយ​រណ្តៅ​​ទេ ដោយ​សារ​​ទី១ នាំ​គ្រឿង​​ចក្រ​ចូល វា​ត្រូវ​ធ្វើ​ផ្លូវ»។

ឯកសារ​មួយ​សន្លឹក​ដែល​វីអូឌី ទទួល​បាន ចុះ​ហត្ថលេខា​ដោយ​អភិបាល​ខេត្ត​រតនគិរី លោក យ៉ែម សំអឿន កាលពីដើម​ឆ្នាំ​២០២៤ បង្ហាញ រដ្ឋបាល​ខេត្ត បាន​ឯកភាព​​លើ​គោលការណ៍​ស្នើ​សុំ​ប្រើ​ប្រាស់​ឧបករណ៍ និង​បរិក្ខារ សិក្សា​ស្រាវ​ជ្រាវ រុក​​រក​​រ៉ែ ស្ថិត​នៅ​ឃុំ​បកែវ ឃុំប៉ាតេ និង​ឃុំ​យ៉ាទុង​ ស្រុក​អូរ​យ៉ាដាវ ខេត្ត​រតនគិរី លើ​ផ្ទៃ​ដី​ទំហំ ២០០ គីឡូ​ម៉ែត្រ​ក្រឡា។

លោក យ៉ែម សំអឿន ​បន្ត​ថា​ រដ្ឋបាល​ខេត្ត​​ស្នើ​លោក​ប្រធាន​ក្រុមហ៊ុនចិន ខេមបូឌាន សានឆាយ ឯ.ក ត្រូវ​គោរព​កិច្ច​​សន្យា​ការពារ​បរិស្ថាន និង​ត្រូវ​មាន​កិច្ច​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន។

រីឯ​ ឯ​កសារ​មួយ​សន្លឹក​ទៀត​ ​ចុះ​ហត្ថលេខា​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត កាល​ពី​ចុង​ឆ្នាំ ២០២៣ ឱ្យ​ដឹង​ថា ​ក្រសួង​បរិស្ថាន​ ​ឯកភាព​លើ​របាយការណ៍​វាយ​តម្លៃ​ហេតុប៉ះ​ពាល់​បរិស្ថាន និង​សង្គម​សម្រាប់​គម្រោង​​​ស្វែង​រក​រ៉ែ​លោហៈ​ នៅ​តំបន់​ឧទ្យាន​ជាតិ​អូរ​យ៉ាដាវ​ លើ​ផ្ទៃ​ដី​ទំហំ ២រយ (២០០)គីឡូម៉ែត្រក្រឡា។

ជុំវិញ​​រឿង​នេះ សកម្មជន​សិទ្ធិ​មនុស្ស និង​ធនធាន​ធម្មជាតិ លោក ប៊ី វ៉ាន់នី សង្កេតឃើញថា ពលរដ្ឋ​ហាក់​មិន​ទុក​ចិត្ត​​ក្រុមហ៊ុន ​និង​អាជ្ញាធរ​លើ​គម្រោង​វិនិយោគ​រ៉ែមាស ក្នុង​តំបន់​ពួកគាត់​រស់​នៅ​។ លោកថា ពលរដ្ឋ​មាន​សិទ្ធិ​តវ៉ា​ទាម​​​ទារ​​ដំណោះ​ស្រាយ​ដោយសន្តិវិធី បញ្ហា​ដីធ្លី និង​ធនធាន​ធម្មជាតិ ដែល​រដ្ឋាភិបាល​ត្រូវ​រក​មធ្យោបាយ​ដោះស្រាយ​ដោយ​យុត្តិធម៌។

លោក ប៊ី វ៉ាន់នី ថ្លែងថា​៖ «យើង​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ ហើយ​បង្កើន​ទំនុក​​ចិត្ត ឱ្យ​ពលរដ្ឋ​មាន​ទំនុក​ចិត្ត ជាមួយ​នឹង​ក្រុមហ៊ុន និង​រដ្ឋាភិបាល​ឡើង​វិញ​ តាម​រយៈ​​យើង​បង្ហាញ​​​ឱ្យ​គ្នា​យល់​ពី​​គ្នា​​​ទៅ​​វិញ​​ទៅ​​មក ទើប​​ការ​អភិវឌ្ឍ​​​រដ្ឋាភិបាល​ទទួល​ប្រយោជន៍​ និង​ពលរដ្ឋ​ទទួល​ប្រយោជន៍»។

កាលពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ២០២៦នេះ រដ្ឋ​មន្ត្រី​ក្រសួងរ៉ែ លោក កែវ រតនៈ បាន​ថ្លែង​ជា​សាធារណៈ​ថា  ក្នុង​រយៈ​ពេល​​ជាង​​ ៥​ឆ្នាំ ​មក​នេះ រាជ​រដ្ឋាភិបាល​ បាន​ប្រមូល​ចំណូល​ពន្ធ​ពី​អាជីវកម្ម​រ៉ែមាសបានចំនួន​​ ២០០លាន​ដុល្លារ ​ចូល​​ថវិកា​ជាតិ ក្នុង​​នោះ​ជិត ​៤​ខែ​ដើមឆ្នាំ២០២៦នេះ បាន​ប្រមូល​ពន្ធ​ ឬសួយសារពីអាជីវកម្មរ៉ែ​ជាង ៦០​លាន​ដុល្លារ។

លោក កែវ រតនៈ ថ្លែង​បែប​នេះ​ក្នុងពិធីបើក​ដំណើរការ​រោង​ចក្រស្លមាស​របស់​​ក្រុម​ហ៊ុន ខេមបីឌាន K88 (CAMBODIAN​ K88 INDUSTRY) ឋិត​នៅ​ក្នុង​តំបន់​ស្មងអន ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​ និងស្រុកសំបូរ ខេត្តក្រចេះ ដែល​ជាទីតាំងចម្រាញ់រ៉ែមាស ដោយមានរោងចក្រស្លមាសទី៧ នៅកម្ពុជា ជាប់នឹងតំបន់ព្រៃឡង់។

របាយការណ៍​ក្រសួងរ៉ែ​ ឱ្យ​ដឹង​ថា បច្ចុប្បន្ន កម្ពុជា​មាន​ក្រុមហ៊ុន​ចំនួន ៧ កំពុង​ធ្វើ​អាជីវកម្ម​ក្នុង​វិស័យរ៉ែ​មាស រួមមាន ក្រុមហ៊ុនរ៉េនីហ្សង់របស់អូស្រាលី (Renaissance Minerals Cambodia Limited) ក្នុងខេត្តមណ្ឌលគិរី, ក្រុម​ហ៊ុន​ចិន ឈ្មោះ សឹង យន់គ័ងយិក (Xing Yuan Yeak Co., Ltd.) នៅ​ក្នុង​ខេត្ត​ក្រចេះ, ក្រុ​មហ៊ុ​ន​មេស្កូ​ហ្គោល របស់​​ឥណ្ឌា (Mesco Gold Cambodia Co., Ltd.) ក្នុង​ខេត្ត​រតន​គិរី, ក្រុម​ហ៊ុន​ឌែល​ខម​កម្ពុជា (Delcom Kampuchea Co., Ltd.) នៅ​​ខេត្ត​​ព្រះ​វិហារ, ក្រុមហ៊ុនចិន ភួ យ័ង (Phu Yang Cambodia Co., Ltd.) នៅ​ខេត្ត​បាត់​ដំបង, ក្រុម​ហ៊ុន​ចិន ចាង​ហ្សី មីនីង អែនន័រជី (Jiang Xia Mining Energy) Development Co., Ltd.) នៅ​ខេត្ត​​កំពង់ធំ និង​ក្រុម​ហ៊ុន​ខេម​បូ​ឌាន K88 (Cambodian K88 Industry Co., Ltd.) នៅ​ខេត្ត​កំពង់​ធំ និង​ខេត្ត​ក្រចេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ