អ៊ីស្រាអែល​ប្រកាស​ថា​ខ្លួន​នឹង​បង្កើន​ការ​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​ប្រឆាំង​នឹង​ក្រុម​ហេស​បូឡាហ៍

កង​ទ័ព​អ៊ីស្រា​អែល​ បាន​និយាយ​ថា ខ្លួន​បាន​ចាប់​ផ្តើម​ធ្វើ​ការ​វាយ​ប្រហារ​នៅ​ទូទាំង​ប្រទេស​លីប​ង់ បន្ទាប់​ពី​មាន​ការ​ប្រកាស​របស់​នាយក​រដ្ឋ​មន្ត្រី លោក បេនហ្សាមីន ណេតា​នីយ៉ាហូ (Benjamin Netanyahu) ថា ប្រទេសរ​បស់​លោក​នឹង​បង្កើន​ការ​វាយ​ប្រហារ​លើ​ក្រុម ហេស​បូ​ឡាហ៍ (Hezbollah)។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនបានបើកការវាយប្រហារប្រឆាំ​ងនឹ​ង​ក្រុម​ហេស​បូ​ឡាហ៍ នៅ​​ក្នុង​​ជ្រលង​ភ្នំ បេកា (Bekaa) នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​លីបង់ និង​ផ្នែក​ផ្សេង​ទៀត​នៃ​ប្រទេស។ ក្រុម ហេស​បូ​ឡាហ៍ បាន​និយាយ​ថា ខ្លួនបានវាយបកវិញដោយការវាយប្រហារដោយដ្រូន និងរ៉ុក្កែត​ចំនួន ២២ ដង លើ​ទាហាន រថក្រោះ បន្ទាយ និង​អគាររបស់អ៊ីស្រាអែល។

កាលពីដើមខែនេះ ប្រទេសលីបង់ និងអ៊ីស្រាអែល បានព្រមព្រៀងគ្នាពន្យារពេលបទឈប់​បាញ់​​រយៈពេល ៤៥ ថ្ងៃ ទោះបី​ជា​ការប្រយុទ្ធគ្នាមួយចំនួន​នៅតែបន្តក៏ដោយ។

ក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូកាលពីល្ងាចថ្ងៃទី​២៥​ខែ​ឧសភា លោក ណេតានីយ៉ាហូ បាន​និយាយ​ថា អ៊ីស្រា​អែល​​កំពុង “ស្ថិត​ក្នុងសង្គ្រាមជាមួយក្រុម ហេសបូឡាហ៍” ហើយយោធាត្រូវបានប្រាប់ឱ្យ “ផ្តល់ការវាយ​ប្រហារយ៉ាងធ្ងន់ធ្ងរដល់ពួកគេ”។ លោកបានប្រកាសថា ការវាយលុកនេះបាន “កម្ចាត់ភេរវករជាង ៦០០ នាក់” ប៉ុន្តែ “អ្វីដែលតម្រូវឱ្យយើងធ្វើឥឡូវនេះ គឺត្រូវបង្កើនការវាយប្រហារ បង្កើនកម្រិតកាន់តែខ្លាំងក្លា”។

រដ្ឋមន្ត្រីស្តាំនិយមជ្រុលរបស់អ៊ីស្រាអែលពីររូប គឺលោក បេហ្សាលែល ស្ម៉ូទ្រិច (Bezalel Smotrich) និងលោក អ៊ីតាម៉ា បេន ហ្គីវៀរ (Itamar Ben Gvir) បានអំពាវនាវឱ្យមានការបន្តពង្រីកយុទ្ធនាការយោធា រួមទាំង​ការចូលទៅក្នុងទីក្រុង​បេរូត (Beirut) ផងដែរ។

ក្រុម ហេសបូឡាហ៍ បាននិយាយថា ខ្លួនបានប្រើប្រាស់ដ្រូន និងរ៉ុក្កែតវាយប្រហារលើទីតាំងនានា​ កាល​ពី​ថ្ងៃ​ទី​​២៥​ខែ​​ឧសភា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង “ការរំលោភលើបទឈប់បាញ់” របស់អ៊ីស្រាអែល។

មន្ត្រីមកពីប្រទេសលីបង់ និងអ៊ីស្រាអែល ដែលមិនមានទំនាក់ទំនងការទូតផ្លូវការនឹងគ្នា គ្រោងនឹងធ្វើការចរចា​បន្ថែម​​ទៀតនៅទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ ខណៈដែលប្រធានាធិបតីលីបង់ លោក ហ្សូសែហ្វ អូន (Joseph Aoun) បានទាមទារឱ្យអ៊ីស្រាអែលដកទ័ពទាំងស្រុងចេញពីភាគខាងត្បូងប្រទេសលីបង់។

ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី​១៦ ខែ​មេសា​មក ការ​វាយ​ប្រហារ​របស់​អ៊ីស្រា​អែល​ភាគ​ច្រើន​ ​ត្រូវបានកម្រិតត្រឹមតែភាគខាងត្បូងនៃប្រទេស ជាកន្លែងដែលកងទ័ពអ៊ីស្រាអែល​នៅ​សេស​សល់។ ចំណែកឯជ្រលងភ្នំ បេកា ដែលត្រូវបានវាយប្រហារកាលពីល្ងាចថ្ងៃទី​២៥ខែ​​ឧសភា ស្ថិត​នៅ​ភាគ​ខាង​កើត​ប្រទេស​​លីបង់ ក្បែរព្រំដែនប្រទេសស៊ីរី។

ការពង្រីកយុទ្ធនាការរបស់អ៊ីស្រាអែលបានកើតឡើង ខណៈដែលរដ្ឋបាលអ៊ីរ៉ង់បានទទូចថា កិច្ចព្រមព្រៀង​សន្តិ​ភាព​ជាមួយសហរដ្ឋអាមេរិក គួរតែរួមបញ្ចូលបទឈប់បាញ់ទាំងស្រុងលើគ្រប់រណសិរ្ស។ ប៉ុន្តែ​រដ្ឋាភិបាល​របស់អ៊ីស្រា​អែល​ បានប្រឆាំងនឹងការបញ្ចប់ការប្រយុទ្ធគ្នាប្រឆាំងនឹងក្រុម ហេសបូឡាហ៍។

ទាហានអ៊ីស្រាអែលចំនួន ១០ នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីបទឈប់បាញ់ដំបូងត្រូវបានព្រមព្រៀងគ្នា។ មនុស្សជាង ៤០០ នាក់ នៅក្នុងប្រទេសលីបង់ ត្រូវបានសម្លាប់ដោយការទម្លាក់គ្រាប់បែកក្នុងរយៈពេល​ដូចគ្នានេះ រួមទាំងក្រុម​​គ្រូពេទ្យ និងបុគ្គលិកសង្គ្រោះបន្ទាន់ជាច្រើននាក់។ អ៊ីស្រាអែលបានចេញបញ្ជា​ស្ទើរតែរាល់ថ្ងៃឱ្យប្រជាពលរដ្ឋលីបង់​​ភៀសខ្លួនចេញពីតំបន់ថ្មីៗ​​នៅភាគខាងត្បូង ដែលបន្ថែមលើចំនួនប្រជាជនជាងមួយលាននាក់​ដែលបាន​ភៀស​ខ្លួន​រួច​ទៅ​ហើយ។

ប្រទេសលីបង់ត្រូវបានទាញឱ្យចូលទៅក្នុងការប្រយុទ្ធគ្នា បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើក​សង្គ្រាម​​ប្រឆាំងនឹងអ៊ីរ៉ង់កាលពីថ្ងៃទី​២៨ ខែកុម្ភៈ។ ក្រុម ហេសបូឡាហ៍ ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ បាន​បាញ់រ៉ុក្កែតចូលអ៊ីស្រាអែល ដើម្បីសងសឹកនឹងការវាយប្រហារដែលបានសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អាយ៉ាតូឡោះ អាលី ខាមេនេអ៊ី (Ayatollah Ali Khamenei)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ