ការ​លើក​លែង​ទោស ​លោក កឹម សុខា មាន​ការ​សាទរ​និង​ជំរុញ​ឱ្យ​ផ្តល់​សិទ្ធិ​ធ្វើ​នយោ​បាយ​ឡើង​វិញ

គណបក្ស​ក្រៅ​រដ្ឋាភិ​បាល​មួយ​ចំនួន ដែល​គេ​ដឹង​ថា មាន​និន្នា​ការ​ប្រជា​ធិប​តេយ្យ​នោះ ជំរុញ​ឱ្យ​បក្ស​កាន់​អំណាច​ផ្តល់​​សិទ្ធិ​ធ្វើ​នយោ​បាយ​ឡើង​វិញ​ឱ្យ លោក កឹម សុខា ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ស្តារ​ប្រជា​ធិប​តេយ្យ តាម​ការ​ចង់​បាន​របស់​ប្រជា​​ពលរដ្ឋ និង​បំណង​អន្តរ​ជាតិ ទោះ​ពួក​គេ​បាន​សាទរ​ចំពោះ​ការ​លើក​លែង​ទោស ពី​ប្រមុ​ខ​រដ្ឋ​ស្តី​ទី​លោក ហ៊ុន សែន ក្តី។

គណបក្ស​ភ្លើងទៀន និង​​គណប​ក្ស​​ឆ​ន្ទៈ​​ខ្មែរ​ បាន​​និយាយ​ក្នុង​​សេចក្ដី​ថ្លែង​ការណ៍​​រួម ចុះ​​​ថ្ងៃ​ទី​២៦ខែ​ឧសភា​នេះ ក្រៅ​ពី​សម្តែង​​ការ​សាទរ​​ចំពោះ​​ការ​​សម្រេច​លើក​លែង​ទោស ​លោក កឹម សុខា នេះ​ថា​ជា​​សញ្ញា​​​វិ​ជ្ជមា​ន​ ឆ្ពោះទៅ​រ​ក​ការ​ផ្សះ​ផ្សា​ជាតិ​តាម​បំណង​ប្រាថ្នា​​របស់​ពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរ​ជាតិ​ក្តី តែ​ពួក​គេ​ថា ការ​ស្ដារ​ឡើងវិញ​​នូវ​​សិទ្ធិ​​នយោ​បាយ លោក កឹម សុខា និងដោះលែងអ្នក​ទោស​មនសិការ​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ឃុំ នោះ​បញ្ជាក់​កាន់​តែ​ច្បាស់​ថា កម្ពុជា​​បាន​​ស្តារ​ប្រជា​ធិប​តេយ្យ​ឡើង​វិញ​ឈរ​លើ​មូល​ដ្ឋាន​នីតិ​រដ្ឋ។

ការណ៍​នេះ ​ពួកគេ​​អំពាវនាវ​ដល់​រដ្ឋាភិបាល​​លើក​លែង​​ទោស និង​​ទម្លាក់​ចោល​បទចោទប្រកាន់​ចំពោះ​មេដឹកនាំ និង​សកម្ម​ជន​នយោ​បាយ សកម្មជន​ដីធ្លី សកម្មជន​​បរិស្ថាន និង​សកម្មជន​សិទ្ធិ​មនុស្ស ដើម្បី​ធានា​បាន​នូវ​ភាព​សុខ​ដុម​រមនា​​រវាង​ខ្មែរ​និង​ខ្មែរ​។

ប្រហាក់ប្រហែលនេះ​ដែរ គណបក្ស​ប្រជាធិបតេយ្យ​ជឿន​លឿន និង​​គណបក្ស​ជំនាន់​ថ្មី បាន​និយាយ​ថា ដើម្បី​​​ដោះ​ស្រាយ​​​បញ្ហា​​ជាតិ​​បន្ទាន់​ ​នៅ​ក្នុង​បរិបទ​​កម្ពុជា​​​កំពុង​ប្រឈម​មុខ​នឹង​បទឧក្រិដ្ឋអនឡាញ បញ្ហា​ជីវភាព​​ប្រជា​ពលរដ្ឋ​ និង​ការ​ឈ្លានពាន​របស់​​ថៃ ​តាម​បណ្ដោយ​​ព្រំដែន វាចាំបាច់ណាស់ ដែល​រដ្ឋាភិបាល​ត្រូវបង្កើតឱ្យមាន​វប្បធម៌​សន្ទនា ​រវាង​ខ្មែរ​និង​ខ្មែរ​ឡើង​វិញ ដោយ​​មាន​ការចូលរួម​ពី​គ្រប់​ភាគីទើបខ្មែរខ្លាំង។

លើសពីនេះ រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលារបស់លោក សម រង្ស៊ី ដែល​មាន​មូល​ដ្ឋាន​នៅ​ក្រៅ​ប្រទេស បាន​​សម្ដែង​​​ការ​​ខក​ចិត្ត​​​ចំពោះ​​ការ​​ផ្ដល់​​សេរី​ភាព​​ដល់ ​លោក កឹម សុខា ត្រឹម​តែ​​អាច​​បំពេញ​​ករណី​ក្នុង​គ្រួសារ និង​ធ្វើ​កិច្ច​ការ​​ផ្ទាល់​ខ្លួន ប៉ុន្តែ​មិន​​ផ្ដល់​​សិទ្ធិ​​នយោបា​យ​​ពេញ​លេញ​ ដើម្បី​​បម្រើ​​ផល​ប្រយោជន៍​ជាតិ។

ប្រភពនោះ បញ្ជាក់ថា លោក កឹម សុខា ​ក៏ដូចជា​អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ​ផ្សេងទៀត នៅតែ​ស្ថិត​​ក្នុង​លក្ខ​ខណ្ឌ​​​ជា​អ្នក​ទោស​នយោបាយ​របស់​លោក ហ៊ុន សែន ដដែល។

លើសពីនេះ រដ្ឋាភិបាលក្រៅប្រទេសនេះ បន្ត​ទាមទារ​​ផ្តល់​សិទ្ធិ​សេរីភាព​នយោបាយ​ពេញលេញ ជូន​​លោក កឹម សុខា ទើប​ជា​ការ​​ចាប់ផ្ដើម​ដ៏​ត្រឹមត្រូវ​នៃ​ដំណើរការ​ផ្សះផ្សា ​សាមគ្គី​ឯកភាព​ជាតិ ការផ្សះផ្សា​​ដោយ​សុចរិត និង​គោរព​គោល​ការណ៍​​យុត្តិ​ធម៌ និង​​ភាព​រឹងមាំ​ក្នុង​ស្មារតី​ជាតិ​ពិតប្រាកដ។

គួរំឭកជូនថា កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា​នេះ លោក ហ៊ុន សែន ក្នុង​នាម​ប្រមុខ​រដ្ឋ​ស្តី​ទី ​បាន​សម្រេច​លើក​លែង​ទោស​​ដល់​លោក កឹម សុខា តាម​សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រោយ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន និង​ដក​សិទ្ធិ​ធ្វើ​នយោបាយ​ជិត​១០​ឆ្នាំ។ ប៉ុន្តែ​ការ​លើក​លែង​ទោស​នេះ អនុ​វត្ត​ចំពោះ​តែ​ទោស​ជាប់​ពន្ធនាគារ ២៧​ឆ្នាំ ដែល​ជា​មូល​ទោស​ប៉ុណ្ណោះ ដោយ​មិន​​អនុវត្ត​ទោស​បន្ថែម​ឡើយ។

កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោស លោក កឹម សុខា ២៧​ឆ្នាំ ឃុំនៅក្នុងផ្ទះ ដោយចោទ​ពី​បទ​សន្ទិដ្ឋិ​ភាព​​ជាមួយ​​បរទេស ព្រម​ទាំង​​ដក​ហូត​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ជា​ស្ថាពរ។ លោក​ កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ឆ្មក់​ចូល​ចាប់​ខ្លួន​​ទាំង​កណ្តាល​​យប់ ឈាន​​ចូល​​​ថ្ងៃ​​ទី​៣ ខែ​​កញ្ញា ឆ្នាំ​​២០១៧ ទាំង​មាន​អភ័យ​​ឯកសិទ្ធិ​សភា​ជា​​អ្នក​តំណាងរាស្ត្រ នៅ​គ្រា​ដែល​គណបក្ស​សង្គ្រោះ​ជាតិរបស់លោក ហក់​​​ឡើង​​ប្រជា​​ប្រិយ​ភាព​​​​ជិត​​​ទាន់​​គណបក្ស​កាន់អំណាច ដែលបញ្ហានេះហើយដែលសហគមន៍ជាតិ និងអន្តរជាតិ ចាត់ទុកថា សំណុំ​រឿង​ចោទ​ប្រកាន់​ លោក កឹម សុខា មានចរិត​​នយោបាយ ដើម្បី​កម្ចាត់បក្សប្រឆាំង​ចេញពីសង្វៀននយោបាយ ព្រោះ​​ការ​​ភ័យ​​ខ្លាច​​របស់បក្សកាន់អំណាច។

ជុំវិញ​​​ករណី​​នេះ ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ និយាយថា លោក​ពុំ​ចាប់​អារម្មណ៍​ឆ្លើយ​នឹង​ការ​រិះគន់​នេះ​​ឡើយ  និងបានការពារថា ការលើកលែងទោស លោក កឹម សុខា ពេលនេះ ​បង្ហាញ​ពី​ស្មារតី​នៃ​ការ​ពង្រឹង​​​សាមគ្គីភាព​របស់​កម្ពុជា និង​អនុគ្រោះ​ដល់​ ​លោក កឹម សុខា ឱ្យ​ទៅ​ថែ​ម្ដាយ​​កំពុង​ឈឺធ្ងន់​ ​នៅ​ដំណាក់កាល​ចុង​​ក្រោយ។

​លោក ជា ធីរិទ្ធ ថ្លែងថា​៖ «ខ្ញុំ​គិត​ថា ចង់​ពួកគេ​ឬក៏​នរណា និយាយ​ថា​​ម៉េច​ក៏​ថា​ទៅ ក៏​ប៉ុន្តែ​អ្វី​ដែល​ជា​​​ការ​លើកលែងទោស​ចំពោះ​​លោក កឹម សុខា នេះ គឺ​ជា​​​រឿង​មួយ​ដែល​យើង​គួរ​តែ​សាទរ​ទៅ​​វា​​ល្អ​​ជាង ដែល​​​វា​​បង្ហាញ​​អំពី​​គុណ​ធម៌​​របស់​​​អ្នក​នយោ​បាយ ជាពិសេស​គុណ​ធម៌​​របស់​​សម្ដេច​​ធីបតី ហ៊ុន ម៉ាណែត ដែល​​លោក​​អនុ​គ្រោះ​​មាន​​គុណ​ធម៌​​ចំពោះ​​​លោក កឹម សុខា»។

ចំណែក ​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍ​ផ្នត់គំនិត និង​ស្រាវ​ជ្រាវ លោក សេក សុជាតិ ចាត់ទុក​ករណី​នេះ​ ជា​រឿង​វិជ្ជមាន​​នៅក្នុង​​នយោបាយ​​កម្ពុជា ដែលលោកថា ការលើកលែងទោសនេះ​ជាការគួរឱ្យសាទរ។ ប៉ុន្តែ លោកយល់ថា ក្នុង​កាលៈ​ទេសៈបច្ចុប្បន្ន​ការចង់ឱ្យលោក កឹម សុខា ទទួលបានសិទ្ធិធ្វើ​នយោបាយពេញលេញ​ឡើងវិញឆាប់ៗ វាជាការ​លំបាកសង្ឃឹម ខណៈប្រព័ន្ធ​តុលាការ ត្រូវបានគេមើលឃើញថា មិនទាន់​ឯករាជ្យនៅឡើយនោះ។

តែយ៉ាងណា អ្នកឃ្លាំមើល​រូប​នេះ ​នៅ​តែ​យល់ថា ករណី​លោក កឹម សុខា អាច​នឹង​មាន​ការប្រែប្រួល​នៅក្នុង​ពេល​អនាគត បើអ្នក​នយោបាយ​បក្សកាន់អំណាច មានឆន្ទៈចង់ផ្សះផ្សាជាតិពិតប្រាកដ ហើយតម្កល់ប្រយោជន៍ជាតិជាធំនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ