ជាមួយនឹងការសាទរចំពោះការលើកលែងទោសជាប់ពន្ធនាគារដល់ លោក កឹម សុខា អ្នកឃ្លាំមើល បានជំរុញឱ្យលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត គួរត្រូវផ្តល់សិទ្ធិធ្វើនយោបាយដល់អតីតមេបក្សប្រឆាំងរូបនេះវិញ និងត្រូវដោះលែងអ្នកទោសមនសិការទាំងអស់ជាង ១០០នាក់ ដែលកំពុងជាប់ឃុំទាំងអយុត្តិធម៌ក្នុងពន្ធនាគារ ដើម្បីឱ្យមានការផ្សះផ្សានិងរួបរួមជាតិខ្មែរពិតប្រាកដឡើងវិញ។
លោក កឹម សុខា ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២៧ឆ្នាំ ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ របស់សាលាឧទ្ធរណ៍ភ្នំពេញ ត្រូវបានប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន ចេញព្រះរាជក្រឹត្យលើកលែងទោសក្នុងព្រះបរមនាម ព្រះមហាក្សត្រ កាលពីថ្ងៃទី២៥ខែឧសភា។
ការលើកលែងទោសនេះ អនុវត្តចំពោះតែទោសដាក់ពន្ធនាគារដែលជាមូលទោសប៉ុណ្ណោះ ចំណែកទោសដកសិទ្ធិធ្វើនយោបាយ និងការហាមចេញទៅក្រៅប្រទេស មិនត្រូវបានលើកលែងនោះទេ។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាសហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា បានប្រាប់វីអូឌីនៅថ្ងៃទី២៦ខែឧសភានេះថា ការលើកលែងទោស លោក កឹម សុខា បើទោះបីជាមិនទាន់ដកចេញនូវបម្រាមធ្វើនយោបាយយ៉ាងណាក្តី ក៏បានធ្វើឱ្យមានការសាទរយ៉ាងច្រើន ដែលនេះជាជំហានវិជ្ជមានមួយ ក្នុងដំណើរស្វែងរកការឯកភាពជាតិនិងសាមគ្គីភាពជាតិ។ ម៉្យាងក៏ធ្វើឱ្យមានភាពធូរស្រាលដល់លោកកឹម សុខា អាចជួបជុំក្រុមគ្រួសារ និងមានសេរីភាពក្នុងការដើរហើរ នៅក្នុងប្រទេសបានផងដែរ។
លោកថា៖ «ខ្ញុំឃើញថា វាជាដំណោះស្រាយនយោបាយមួយ ដែលសហគមន៍អន្តរជាតិ ក៏គេចាប់អារម្មណ៍លើការលើកលែងទោសនេះដែរ ហើយខ្ញុំឃើញសារព័ត៌មានអន្តរជាតិមួយចំនួន ក៏គេបានផ្សព្វផ្សាយដែរពីការលើកលែងទោសនេះ។ ប៉ុន្តែអ្វីដែលយើងគួរតែពិចារណាតទៅទៀត គឺសិទ្ធិនយោបាយរបស់លោកពីព្រោះលោកជាអ្នកនយោបាយ ហើយបើចង់ឱ្យប្រទេសយើងមានដំណើរការឯកភាពជាតិហ្នឹង គួរតែលើកលែងឱ្យមានសិទ្ធិនយោបាយឡើងវិញ ក្នុងការបញ្ចេញយោបល់ក្តីអីក្តី ពាក់ព័ន្ធនឹងរឿងនយោបាយវាជារឿងប្រសើរសម្រាប់ប្រទេសជាតិយើង មានន័យថា បើលើកលែងទោសទាំងស្រុងតែម្តង រិតតែប្រសើរ»។
សម្រាប់លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយ បានចាត់ទុកលោក កឹម សុខា ថាជានិមិត្តរូបនៃភាពបរិសុទ្ធតាំងពីដំបូង ដូច្នេះការលើកលែងទោសបែបមានលក្ខខណ្ឌនេះ មិនមែនជាអ្វីដែលលោកចង់បាននោះទេ។ អ្វីដែលយើងគួរសាទរ គឺការស្តារសិទ្ធិនយោបាយពេញលេញ និងការផ្តល់សងនូវយុត្តិធម៌ពិតប្រាកដជូនរូបលោកវិញ។
លោក វណ្ណលី ថ្លែងថា ព្រះរាជក្រឹត្យលើកលែងទោសលោកកឹម សុខា ចុះថ្ងៃទី២៥ ខែឧសភា មិនមែនជាសញ្ញានៃការបើកចំហលំហប្រជាធិបតេយ្យពិតប្រាកដនោះទេ ប៉ុន្តែវាជាយុទ្ធសាស្ត្រនយោបាយដ៏ស្មុគស្មាញ និងមានការគណនាយ៉ាងល្អិតល្អន់របស់គណបក្សកាន់អំណាច។
ក្នុងន័យនេះ លោកអះអាងថា ការសម្រេចលើកលែងត្រឹមតែទោសពន្ធនាគារ២៧ឆ្នាំ ដោយរក្សាទុកការហាមឃាត់មិនឱ្យចាកចេញពីប្រទេស និងការរឹតត្បិតសិទ្ធិនយោបាយយ៉ាងតឹងរ៉ឹង ឆ្លុះបញ្ចាំងពីចេតនាបង្កប់ក្នុងការបន្ធូរបន្ថយសម្ពាធការទូតពីបស្ចិមប្រទេស ជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ទន្ទឹមនេះ វាក៏ជាយន្តការមួយដើម្បីបិទបាំងកំហុសឆ្គងជាប្រព័ន្ធ កាលពីពេលដែលលោក ហ៊ុន សែន សម្រេចផ្តន្ទាទោសលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ ដោយព្យាយាមលាងជម្រះរូបភាពអវិជ្ជមានទាំងនោះ ក្រោមរូបភាពនៃភាពទន់ភ្លន់ និងការបង្រូបបង្រួមជាតិបែបនយោបាយ។
សម្រាប់អ្នកវិភាគរូបនេះ គោលបំណងស្នូលមួយទៀតនៃការរក្សាលក្ខខណ្ឌរឹតត្បិតនេះ គឺដើម្បីអនុវត្តយុទ្ធសាស្ត្របំបែកបំបាក់ និងបង្ការការរួបរួមឡើងវិញនៃកម្លាំងប្រឆាំង។
លោក ស៊ឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី បានប្រាប់វីអូឌីនៅថ្ងៃទី២៦ខែឧសភានេះថា ដំណើររឿង លោក កឹម សុខា ចាប់តាំងពីការចោទប្រកាន់ និងការចាប់ឃុំខ្លួន គឺត្រូវបានធ្វើឡើងទាំងខុសច្បាប់និងអយុត្តិធម៌បំផុត។
ករណី លោកកឹម សុខា បានបង្ហាញយ៉ាងច្បាស់ពីមធ្យោបាយដ៏កម្សាករបស់ លោកហ៊ុន សែន ដែលមិនហ៊ានប្រកួតប្រជែងដោយសុចរិតស្មើមុខស្មើមាត់ ដោយយុត្តិធម៌ត្រឹមត្រូវ ប៉ុន្តែបែរជាជ្រើសរើសមធ្យោបាយដោយការប្រើនូវប្រព័ន្ធតុលាការ ដើម្បីកម្ចាត់គូរប្រជែងនយោបាយរបស់ខ្លួន។
លោកថា៖ «នណាៗក៏គេដឹងដែរនៅក្នុងសំណុំរឿងនេះ ហើយរឿងការលើកលែងទោស លោកកឹម សុខា នេះវាជារឿងមួយដែលធ្វើឡើងដោយមិនត្រឹមត្រូវ។ ពាក្យលើកលែងទោស វាគួរតែត្រូវធ្វើឡើងដោយគ្មានការដាក់កំហិតទេ ប៉ុន្តែនេះលើកលែងទោសដាក់ពន្ធនាគារ ប៉ុន្តែបែរជានៅជាប់បម្រាមនយោបាយ មិនឱ្យធ្វើនយោបាយ មិនឱ្យចេញក្រៅប្រទេស។ ហើយយើងសួរមើថាតើប្រវត្តិលោកកឹម សុខា គឺជាអ្នកណា? លោកគឺជាអ្នកនយោបាយ អ៊ីចឹងលោកត្រូវតែមានសិទ្ធិធ្វើនយោបាយ នោះទើបមានភាពត្រឹមត្រូវហើយផ្តល់ឱ្យលោកបានអនុវត្តសិទ្ធិសេរីភាពនេះ ដើម្បីបន្តបេសកកម្មជួយទៅដល់សង្គមជាតិ នោះទើបគេហៅថា ធ្វើឱ្យមានការឯកភាពជាតិ ធ្វើឱ្យមានប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា»។
ជាមួយគ្នានេះ លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក៏ចូលរួមត្រេកអរចំពោះការលើកលែងទោស លោក កឹម សុខា ផងដែរ បើទោះបីជាលោកថា មានភ្ជាប់លក្ខខណ្ឌអយុត្តិធម៌ និងជាយុទ្ធសាស្ត្រមិនសុច្ចរិតរបស់ លោក ហ៊ុន សែន យ៉ាងណាក្តី។ លោកថា ការលើកលែងទោសនេះ ជាការបន្ធូរបន្ថយនូវការរឹតត្បិតសេរីភាពរបស់លោក កឹម សុខា និងជាការជួយលើកមុខមាត់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានមួយចំណែក ខណៈសិទ្ធិធ្វើនយោបាយ និងសិទ្ធិដើរហើររបស់ លោក កឹម សុខា ជាពិសេសការចេញទៅក្រៅប្រទេស ត្រូវបានហាមប្រាមដដែល។
លោកថា៖ «នៅក្នុងអត្ថន័យនៃព្រះរាជក្រឹត្យរបស់លោកហ៊ុន សែន គឺលោកកឹម សុខា អត់ត្រូវបានគេទម្លាក់ចោលនូវទោសទេ គឺគេដាក់នូវចំណុចគន្លឹះមួយ គេគ្រាន់តែបន្ធូរបន្ថយសម្រាល។ ប៉ុន្តែភាពអយុត្តិធម៌របស់លោកកឹម សុខា គឺនៅដដែល ពីព្រោះគាត់មិនត្រូវបានគេផ្តល់ឱ្យធ្វើនយោបាយវិញ ហើយក៏មិនអាចចេញទៅក្រៅប្រទេសបាន។ ការសម្រាលទោសលោកកឹម សុខា នេះក៏ជាផ្នែកមួយនៃការស្តារមុខមាត់លោកហ៊ុន ម៉ាណែត ដែរ ពីព្រោះលោកហ៊ុន សែន លោកហ៊ុន ម៉ាណែត ទទួលសម្ពាធខ្លាំងណាស់ពីសហគមន៍អន្តរជាតិជុំវិញរឿងចោទ លោកកឹម សុខា ចាប់លោកកឹម សុខា អយុត្តិធម៌ ហើយតុលាការហ្នឹងផ្តន្ទាទោស លោកកឹម សុខា តាមទំនើងចិត្តតាមបញ្ជារបស់លោកហ៊ុន សែន។ ហើយឥឡូវសម្រាលហ្នឹង បានជួយបន្ថយសម្ពាធអន្តរជាតិខ្លះ ក៏ប៉ុន្តែមិនមែនបញ្ជាក់ថា តុលាការផ្តល់យុត្តិធម៌ឱ្យលោកកឹម សុខា នៅឡើយទេ អត់ទេ»។
នៅក្នុងស្ថានភាពដែលប្រទេសកម្ពុជាកំពុងជួបប្រឈមនឹងវិបត្តិចាក់ស្រេះ រាប់ចាប់តាំងពីសៀមឈ្លានពានទឹកដីកម្ពុជា រួមទាំងភាពអាម៉ាសរបស់កម្ពុជានៅលើឆាកអន្តរជាតិ ជុំវិញរឿងឧក្រិដ្ឋកម្មអនឡាញជាដើម។ល។ ទាំងលោក ស៊ឹង សែនករុណា និងលោក ម៉ែន ណាត បានផ្តល់ជាយោបល់ថា គួរណាស់លោកហ៊ុន សែន ទម្លាក់ចោលទោសទាំងអស់ និងផ្តល់យុត្តិធម៌ពេញលេញជូនលោកកឹម សុខា វិញ។
ជាមួយគ្នានោះ ក៏ត្រូវដោះលែងអ្នកទោសមនសិការទាំងអស់ ដែលរងការចោទប្រកាន់ទាំងអយុត្តិធម៌ដូចគ្នា ហើយរៀបចំឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ តាមបែបប្រជាធិបតេយ្យឡើងវិញ ឱ្យស្របទៅតាមរដ្ឋធម្មនុញ្ញ។ ការធ្វើបែបនេះ ក៏ជាសារប្រាប់ទៅសហគមន៍អន្តរជាតិផងដែរថា កម្ពុជាបានងាកមកដើរលើផ្លូវប្រជាធិបតេយ្យវិញ ហើយដែលជាការស្តារមុខមាត់កម្ពុជាឡើងវិញ បន្ទាប់ពីរងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ចាប់តាំងពីតុលាការរំលាយគណបក្សសង្គ្រោះជាតិជិត១០ឆ្នាំមកនេះ។
សម្រាប់ លោក ស៊ឹង សែនករុណា ត្រឹមការលើកលែងទោសជាប់ពន្ធនាគារលើលោកកឹម សុខា គឺមិនទាន់មានមូលដ្ឋានគ្រប់គ្រាន់ ទៅអះអាងថា ជារូបភាពនៃការពង្រឹងឱ្យមានការសាមគ្គីឯកភាពជាតិបាននៅឡើយទេ ខណៈអ្នកទោសនយោបាយជាង១០០នាក់ផ្សេងទៀត កំពុងជាប់ឃុំ និងសកម្មជននានាផ្សេងទៀតកំពុងរស់នៅក្នុងភាពភ័យខ្លាច គេចខ្លួនមិនហ៊ាននៅផ្ទះ ចាកចេញទៅក្រៅប្រទេស។
លោកលើកឡើងថា ការមិនផ្តល់សិទ្ធិសេរីភាពពេញលេញតាមច្បាប់ដល់ពលរដ្ឋគ្រប់រូប ធ្វើនយោបាយស្របតាមសង្គមប្រជាធិបតេយ្យ មិនមែនជារូបភាពសាមគ្គីជាតិឯកភាពជាតិអ្វីនោះទេ វាគ្រាន់តែជាការបន្លែបន្លប់ស្ថានការណ៍តែប៉ុណ្ណោះ។
យ៉ាងណាក្តី លោកជា ធីរិទ្ធ អ្នកនាំពាក្យលោកហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចាត់ទុកការលើកលែងទោសលើ លោក កឹម សុខា ថាជារឿងសាទរ ពីព្រោះវាបង្ហាញអំពី«គុណធម៌នយោបាយ»របស់លោកហ៊ុន ម៉ាណែត។ លោកបានថ្លែងតាមរយៈសារព័ត៌មានស៊ីស៊ីថាមញ៍ថា ការលើកលែងទោសនេះ គឺដោយសារមើលឃើញថា លោក កឹម សុខា កំពុងជួបទុក្ខលំបាកដោយសារម្តាយរបស់លោក កំពុងស្ថិតនៅក្នុងស្ថានភាពចាស់ជរាដំណាក់កាលចុងក្រោយ តម្រូវឲ្យលោកកឹម សុខា ជាកូនមានពេលវេលា មានឱកាស នៅក្នុងការថែទាំម្ដាយរបស់ខ្លួន ។
លោកថា៖ «រឿងច្បាប់វាជារឿងមួយ ក៏ប៉ុន្តែគុណធម៌នយោបាយ គុណធម៌នៅក្នុងស្ថានភាពដែលម្តាយស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ យើងកូនមានទោសទៀតនោះ គឺជារឿងមួយដែលសម្តេចធិបតី លោកមិនចង់ឃើញ ម៉្លោះហើយទើបលោកស្នើឱ្យមានការលើកលែងទោសនេះ។ ហើយការលើកលែងទោសនេះទៀតសោត ក៏វាបានឆ្លុះបញ្ចាំងអំពីគុណតម្លៃនៃការពង្រឹងនូវការសាមគ្គីជាតិ នូវការផ្សះផ្សាជាតិដែលកើតចេញពីគុណធម៌របស់អ្នកនយោបាយ ជាពិសេសគឺគុណធម៌របស់អ្នកជំនាន់ក្រោយនេះតែម្តងដែលយើងគ្រប់គ្នាជាប្រជាពលរដ្ឋខ្មែរ ចង់ឃើញនិងចង់បានហើយកំពុងតែសាទរ»។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា ក៏បានសាទរចំពោះការលើកលែងទោស លោកកឹម សុខា ផងដែរ ដោយចាត់ទុកថា ជាចំណុចចេញដំណើរដ៏ល្អនៃដំណើរការពង្រឹងសាមគ្គីនិងឯកភាពជាតិខ្មែរ ក្រោមដំបូលរដ្ឋធម្មនុញ្ញនិងម្លប់ព្រះមហាក្សត្រ។ លោកបានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី២៥ ខែឧសភាថា «គ្មានបញ្ហាណាមួយដែលគ្មានច្រកចេញនោះទេ ឱ្យតែយើងចង់ឱ្យវាចេញ»។
ដោយយកសារលោកហ៊ុន ម៉ាណែត ដែលហៅការលើកលែងទោស លោកកឹម សុខា ថាជា «ជំហានមួយបន្ថែមក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ» លោកបណ្ឌិត គិន ភា បានបួងសួងសូមឱ្យជំហានមួយនេះ ក្លាយជាជំហានប្រកបដោយអត្ថន័យ និងជាជំហានចាប់ផ្ដើមដ៏សំខាន់ សម្រាប់ការបន្តដំណើររាប់លានគីឡូម៉ែត្រទៅមុខទៀត ក្នុងបុព្វហេតុនៃការពង្រឹងសាមគ្គីនិងឯកភាពជាតិ ដើម្បីពង្រឹងសមត្ថភាពជាតិលើគ្រប់វិស័យ។
សម្រាប់ លោកម៉ែន ណាត សាររបស់លោកហ៊ុន ម៉ាណែត វាគ្រាន់តែជាជំហានមួយឈានទៅរកការផ្សះផ្សាជាតិ ដែលមិនទាន់អាចជាការផ្សះផ្សាជាតិពិតប្រាកដ បានដូចអ្វីដែលប្រជាពលរដ្ឋរំពឹងទុកនោះនៅទេ។ ក្រៅពីនេះ លោកថ្លែងថា ទាំងលោកហ៊ុន សែន ទាំងលោកហ៊ុន ម៉ាណែត មិនហ៊ានបើកឱ្យលោកកឹម សុខា ចូលរួមក្នុងនយោបាយដូចមុនវិញនោះទេ ដោយសារតែដឹងច្បាស់ថា ប្រកួតមិនឈ្នះលោកកឹម សុខា។
លោកថា៖ «លោកហ៊ុន សែន ក្តី លោកហ៊ុន ម៉ាណែត ក្តី នៅតែខ្លាចប្រកួតប្រជែងចាញ់លោកកឹម សុខា ក្នុងការបោះឆ្នោតលើកក្រោយ ពីព្រោះលោកហ៊ុន ម៉ាណែត មិនអាចជាដៃគូប្រកួតប្រជែងឈ្នះឆ្នោតធៀបលោកកឹម សុខា បានទេ។ ទោះយ៉ាងណា យើងចូលរួមត្រេកអរក្នុងជំហាននេះ លោកហ៊ុន សែន ដើរលើផ្លូវត្រូវហើយ ប៉ុន្តែយើងចង់កុំឱ្យលេងល្បែងល្បិចកលនយោបាយអ៊ីចឹង បើថាទម្លាក់ចោល ទម្លាក់ចោលទាំងស្រុង ពីព្រោះលោកកឹម សុខា គាត់គ្មានទោសពៃរ៍អីទេ គាត់ត្រូវបានលោកហ៊ុន សែន ចោទប្រកាន់យ៉ាងអយុត្តិធម៌ចាប់ដាក់គុកជិត១០ឆ្នាំ»។
សម្រាប់ លោក ម៉ែន ណាត ក្នុងករណីលោកកឹម សុខា នេះ ក្រៅពីត្រូវសងភាពស្អាតស្អំដល់គាត់វិញ ទាំងលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ថែមទាំងត្រូវបង់សងនូវការខូចខាតគ្រប់បែបយ៉ាងដល់លោក និងក្រុមគ្រួសារចំពោះការប្រឌិតរឿងចោទប្រកាន់ទាំងបំពាន ដោយគ្មានភស្តុតាង និងអង្គហេតុពិតប្រាកដធ្វើឱ្យលោកកឹម សុខា ត្រូវជាប់ឃុំរហូតដល់ជិត១០ឆ្នាំ បើទោះបីជាត្រូវជាប់ឃុំក្នុងផ្ទះក្តី៕









