កងទ័ព​អាមេរិក​បាន​បើក​ការ​វាយ​ប្រហារ​ជា​ថ្មី​លើ​ភាគ​ខាង​​ត្បូង​​ប្រទេស​​អ៊ីរ៉ង់​​ដើម្បី​ការ​ពារ​ខ្លួន

កង​ទ័ព​សហរដ្ឋ​អាមេរិក​ បាន​និយាយ​ថា ខ្លួន​បាន​បើក​ការ​វាយ​ប្រហារ​ថ្មី​លើ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ីរ៉ង់​ ដោយ​ផ្តោត​គោល​ដៅ​លើ​ទីតាំង​គ្រាប់​មីស៊ីល និង​ទូក​របស់​អ៊ីរ៉ង់​ដែល​ព្យា​យាម​​ដាក់​មីន។

បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក (US Central Command) បាននិយាយថា ការ​វាយ​ប្រហារ​ទាំង​នេះ​ត្រូវ​បាន​​ធ្វើ​ឡើង​ក្នុង​លក្ខណៈ “ការ​ពារ​ខ្លួន” ដើម្បី​ការ​ពារ​កង​ទ័ព​ពី​ការ​គំរាម​កំហែង​ដែល​បង្ក​ឡើង​ដោយ​កង​កម្លាំង​អ៊ីរ៉ង់។ អ្នក​នាំ​ពាក្យ លោក​វរសេនីយ៍​ទោ Tim Hawkins បា​ន​បញ្ជាក់​ថា សហរដ្ឋ​អាមេ​រិក​បន្ត​ការ​ពារ​កង​កម្លាំង​របស់​ខ្លួន ក្នុង​ពេល​មាន​ការ​អត់​ធ្មត់​ក្នុង​កំឡុង​ពេល​បទ​ឈប់​បាញ់។

ការវាយ​ប្រហារ​នេះ​បានកើតឡើង ខណៈដែលអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baqai បាននិយាយ​ថា វឌ្ឍនភាពមួយចំនួន​ត្រូវបានសម្រេចនៅក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ប៉ុន្តែកិច្ចព្រម​ព្រៀង​ដើម្បី​​បញ្ចប់​​ជម្លោះ “មិនទាន់ជិតមកដល់នៅឡើយទេ”។ លោក Hawkins ឱ្យដឹងថា ការវាយប្រហារ​បានផ្តោតគោល​ដៅ​លើ​តំបន់​មួយនៅជិតទីក្រុង Bandar Abbas ដែលជាទីក្រុងកំពង់ផែភាគខាងត្បូង និង​ជាមូលដ្ឋានទ័ពជើងទឹក​អ៊ីរ៉ង់​នៅលើច្រកសមុទ្រ Hormuz។

ប្រទេសអ៊ីរ៉ង់ មិនទាន់ឆ្លើយតបនឹងការវាយប្រហារចុងក្រោយនេះទេ ហើយគេមិន​ទាន់​ច្បាស់​ថា វា​នឹង​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ណាដ​ល់​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​នោះ​ឡើយ។

បន្ទាប់ពីការវាយប្រហារនេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បាននិយាយថា កិច្ច​ព្រម​ព្រៀងមួយគឺនៅតែអាចទៅរួច ដោយសំដៅលើការចរចារវាងប្រធានអ្នកចរចាអ៊ីរ៉ង់ និងនាយករដ្ឋមន្ត្រីនៃប្រទេស​កាតា។

លោក Rubio បានប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំគិតថា មាន​ការ​ពិភាក្សា​ដេញ​ដោល​គ្នា​យ៉ាង​ច្រើន​អំពី​ខ្លឹម​សារ​ជាក់​​លាក់​​នៅ​ក្នុង​ឯកសារ​ដំបូង ដូច្នេះ​វា​អាច​នឹង​ចំណាយ​ពេល​ពី​របី​ថ្ងៃ»។ លោក​បាន​បន្ថែម​ថា​ ប្រធានា​ធិបតី Donald Trump ចង់​សម្រេច​វា​ឱ្យ​បាន ប៉ុន្តែ “លោក​នឹង​ធ្វើ​កិច្ច​ព្រម​ព្រៀង​ដ៏​ល្អមួ​យ បើ​មិន​ដូច្នេះ​ទេ គឺ​គ្មាន​កិច្ច​ព្រម​ព្រៀង​​អ្វី​ទាំង​អស់”។

កាលពីចុងសប្តាហ៍ លោក Trump បានលើកឡើងថាភាគីទាំងសងខាងជិតឈានដល់កិច្ចព្រមព្រៀងហើយ ប៉ុន្តែក្រោយមកបានណែនាំអ្នកចរចា “កុំឱ្យប្រញាប់ប្រញាល់ពេក”។

លោក Baqai បានឆ្លើយតបវិញថា៖ “វាជាការត្រឹមត្រូវដែលនិយាយថាយើងបានឈានដល់ការសន្និដ្ឋានលើ​ផ្នែកធំនៃបញ្ហា… ប៉ុន្តែដើម្បីនិយាយថាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជិតមកដល់ហើយនោះ គឺគ្មាន​នរណា​ម្នាក់​អាច​អះ​​អាង​​បែប​​នេះ​​បាន​​ឡើយ”។

អនុស្សរណៈនៃការយោគយល់គ្នាដែលកំពុងត្រូវបានពិភាក្សា រួមមានការពន្យារពេលបទឈប់បាញ់រយៈពេល ៦០ ថ្ងៃ ការបើកច្រកសមុទ្រ Hormuz ឡើងវិញ និងផែនការសម្រាប់ការចរចាបន្ថែមទៀតលើកម្មវិធីនុយ​ក្លេអ៊ែររបស់អ៊ីរ៉ង់។

សារព័ត៌មាន CBS News បានរាយការណ៍ថា ផ្នែកស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកជឿជាក់ថា មេដឹកនាំកំពូលរបស់​អ៊ីរ៉ង់ លោក Mojtaba Khamenei (ដែលបានរងរបួសក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃដំបូងនៃសង្គ្រាម) កំពុងលាក់ខ្លួននៅក្នុងទីតាំងមិនច្បាស់លាស់មួយ ដែលធ្វើឱ្យការប្រា​ស្រ័យ​ទាក់​ទង​មាន​ការលំបាក ហើយ​បង្ក​ឱ្យ​មាន​ការ​ពន្យា​ពេលក្នុងដំណើរការចរចា។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ ការពិភាក្សានេះនឹងមិននាំទៅរកការដោះស្រាយចុងក្រោយភ្លាមៗនោះទេ។ បញ្ហាដែលមាន​ភាព​ចម្រូងចម្រាសនឹងត្រូវចរចានៅពេលក្រោយ រួមទាំងការបន្ធូរបន្ថយទណ្ឌកម្ម ការលើក​លែងប្រាក់​អ៊ីរ៉ង់ដែល​ត្រូវ​បានបង្កក និងការទាមទារឱ្យអ៊ីរ៉ង់ទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែរ។ នៅដើមសង្គ្រាម អ៊ីរ៉ង់ត្រូវបានគេគិត​ថា​មានអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិត ៦០% ប្រហែល ៤៤០ គីឡូក្រាម ដែលជិតដល់​កម្រិតផលិតអាវុធ ៩០%។ លោក Trump បាននិយាយថា អ៊ុយរ៉ាញ៉ូមទាំងនោះត្រូវប្រគល់ឱ្យសហរដ្ឋ​​អាមេរិក​ភ្លាមៗ ឬកម្ទេចចោលនៅនឹងកន្លែងក្រោម​ការសម្របសម្រួលជាមួយអ៊ីរ៉ង់។

កងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានគោរពតាមបទឈប់បាញ់ចាប់តាំងពីថ្ងៃទី ៨ ខែមេសា។ អ៊ីរ៉ង់បានរក្សាការ​គ្រប់​គ្រងលើការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ហើយកងទ័ពជើងទឹកសហរដ្ឋអាមេរិកបានព្យាយាមបិទផ្លូវកំពង់ផែនានារបស់អ៊ីរ៉ង់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ