ក្រោយ​ផ្ទុះកា​រ​តវ៉ា​ទ្រង់​ទ្រាយ​ធំ​នៅ​ក្រុង​ប៉ោយ​ប៉ែត​មន្ត្រី​និង​ក្រុម​ហ៊ុន​លក់​ដី​សន្យា​ដោះ​ស្រាយ

បន្ទាប់​ពី​មាន​ការ​តវ៉ា​ពី​អតិថិជន​កាល​ពី​សប្ដាហ៍​មុន ទី​បំផុត​ក្រុម​ហ៊ុន ពៅ វណ្ណា នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា បាន​សន្យាជា​មួយ​លោក ប៉ាន់​ខែម ប៊ុន​ថន ថា​នឹង​ដោះ​ស្រាយ​ប្រ​គ​ល់​​​ដី​ទៅ​ព​លរដ្ឋ​​នៅ​អំឡុង​​​ខែ​​មិថុ​​នា​ខាង​​មុខ​នេះ។

អតិថិជនមួយរូប គឺអ្នកស្រី ស្រីនាង ប្រាប់វីអូឌី នៅថ្ងៃទី២៧ ខែឧសភា ថា អតិថិជន​ភាគ​ច្រើន​​បាន​​ទទួល​យក​ការសន្យា​នេះ និងរង់ចាំមើលលទ្ធផលជាក់ស្ដែង។ អ្នកស្រីសង្ឃឹមថា ក្រុម​ហ៊ុ​ននឹងធ្វើតា​ម​​ការ​សន្យា ចំពោះមុខលោក ប៉ាន់​ខែម ប៊ុនថន ព្រោះប្រជា​ពលរដ្ឋ​​បាន​​ស្វែ​ង​រកដំណោះ​ស្រា​យ​ច្រើ​នឆ្នាំ​មក​ហើយ ខណៈក្រុមហ៊ុនតែងតែគេច​វេស។  

អ្នកស្រី ស្រីនាង និយាយថា៖ «ពេលខ្លះគាត់ជម្រុញឲ្យពួកខ្ញុំជាអតិថិជនហ្នឹង បើ​រង់​ចាំ​មិន​បាន ទៅ​ប្ដឹង​​តុលា​ការ​ទៅ ធ្វើតា​ម​ច្បាប់​ទៅ។ ពេល​ខ្លះ​ទៀត​ គាត់​ក៏​បែរ​ជា​មក​ឲ្យ​ពួក​យើង​ហ្នឹង​រង់​ចាំគា​ត់​សិន គាត់​​កំពុង​​​តែ​ខំ​ស្វះ​ស្វែងដោះ​ស្រា​យ​​ហើយ។ ដល់​ពេលអ​ញ្ចឹង​ ពួក​ខ្ញុំ​ជា​អតិថិ​ជន​នេះ វាវិលវល់ណាស់បង។ ខ្ញុំឆ្ងល់ដែរ ប៉ុន្តែក៏អត់ទាន់បានមានសកម្ម​ភាព ឬ​ក៏​គិត​អី​ដែរ គ្រាន់​តែ​ជា​ការ​ឆ្ងល់ ព្រោះឥ​ឡូវ​ហ្នឹង គឺ​ខ្ញុំ​ស្ថិត​នៅក្នុ​ងកា​រ​រង់​ចាំ​ដំណោះ​ស្រាយ​ពី​បង​ ឯកឧត្តម ប៉ាន់​ខែម ប៊ុនថន»។

កាលពីថ្ងៃទី១៨ ខែឧសភា ប្រជាពលរដ្ឋប្រមាណ២០០នាក់ តំណាង​ឱ្យ​​អតិថិជន​​រង​គ្រោះ​​ចំនួន ៨៧៥​គ្រួសារ បានដង្ហែក្បួនពីវត្តកណ្ដាលឆ្ពោះទៅកាន់សាលាក្រុងប៉ោយប៉ែត ទាម​ទារ​ដំ​ណោះ​ស្រាយ​​ពីក្រុ​មហ៊ុនដីឡូតិ៍ ពៅ វណ្ណា ក្រោយ​ទិញ​ដី​ជាង​៦ឆ្នាំ តែ​​មិន​បាន​ប្លង់​កម្ម​សិទ្ធិ។

អតិថិជនម្នាក់ទៀត ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយបារម្ភពីសុវត្ថិភាព បាន​អះ​អាង​​ថា លោក​គ្មាន​ជំនឿ​ជាក់​ថា​ក្រុម​ហ៊ុន​អាច​ប្រគល់​ដី​តាម​ការ​សន្យា​ឡើយ​ ព្រោះ​ដី​នោះ​មាន​ការ​ជាប់​ពាក់​ព័ន្ធ​​ជាមួយ​បុគ្គលមា​ន​អំណាច​ផ្សេង​​​​ទៀត ជា​ពិសេស ម្ចាស់​ក្រុម​ហ៊ុន​គឺ​អ្នក​ស្រី ពៅ វណ្ណា ផ្ទាល់ ធ្លាប់​ទម្លាយថាដីនេះស្ថិតក្រោមសិទ្ធិរក្សាការពាររបស់ឧកញ៉ាម្នាក់ ប៉ុន្តែ​ក្រោ​យ​មកគាត់ក៏ប្រែ​មកនិយាយថា​ដីនេះ​គ្មានជាប់ពាក់ព័ន្ធនឹងនរណាឡើយ។

អតិថិជនរូបនោះ និយាយថា៖ «សម្រាប់ខ្ញុំដូចជា ខ្ញុំអត់​សប្បាយចិត្ត។ ខ្ញុំ​គិត​ក្នុង​ចិត្ត​ ធម្មតា​(ក្រុម​ហ៊ុន) ធ្លាប់កុហក​​បង​​ប្អូន​​យើង​​រាប់រយរាប់ពាន់ដងមិនអស់ហើយ តើ​ឱ្យ​យើង​មាន​ជំនឿ​ចិត្ត​ម៉េច​កើត»។

ប្រភពដដែលយល់ឃើញថា ប្រសិនបើក្រុមហ៊ុនមានស្មារតីចង់ដោះស្រាយ​បញ្ហា​នេះ ទីមួយ​​​គឺត្រូវផ្ដ​ល់ទំនុកចិត្តដល់អតិថិ​ជន ដោយធ្វើលិខិតសន្យា​នៅ​មុខ​ពលរដ្ឋ និង​បង្ហាញ​ស្នាម​​មេ​ដៃ​​អ្នក​ទទួ​ល​ខុ​ស​​ត្រូវ។ ទីពីរ ត្រូវ​ដោះ​ស្រាយ​ដី​នេះ​ឱ្យ​​ដាច់​ស្រេច​ជាមួយ​បុគ្គល​ពាក់​ព័ន្ធ​ផ្សេង​ទៀត ខណៈ​ទី​បី ករណី​គ្មា​ន​ដី​ឱ្យ​ ក្រុម​ហ៊ុន​ត្រូវ​បញ្ចេញ​សាច់​ប្រាក់​ដែល​បាន​ពី​​អតិថិ​ជន​ខ្ទង់​លាន​ដុល្លារ​នោះ សង​ត្រឡប់​មក​វិញ ខណៈ​ក្រុម​ហ៊ុន​ធ្លាប់​ធានា​ថា​ ប្រសិន​បើ​មាន​បុគ្គល​ទីបី​រារាំង​ដី​នេះ នោះក្រុមហ៊ុន​នឹងសងលុយអ​តិថិជ​ន​វិញគុណនឹង៥។

ប្រភពរូបនេះបន្តថា លោកចង់ឱ្យអតិថិជនទាំងអស់ បន្តសាមគ្គីគ្នាទាមទារដំណោះស្រាយ​ពិត​ប្រាកដ​​​មួយ ដោយមិន​ត្រូវទទួលព្រមតាមការបញ្ចុះបញ្ចូល ឬ​ការ​បំបែក​បំបាក់​ផ្ទៃ​ក្នុង​នោះ​​​ឡើយ ព្រោះ​មាន​អតិ​ថិជនខ្លះកំពុងធ្លាក់ខ្លួន​ឈឺ ខ្លះស្លាប់ ខ្លះបែ​ក​បាក់​ប្ដី​ប្រពន្ធ​កូន​ ដោយ​​សា​រ​​ការ​ខក​​ចិត្តនឹងដីនេះ។

អតិថិជនរូប​នោះ បន្តថា៖ «អ្នកខ្លះក៏បែកបាក់គ្រួសារ និយាយ​ទៅ​អ្នក​ខ្លះគា​ត់​ខំ​រក​ទៅ​ស្រុក​ថៃ រក​តិក​តក់ៗ កម្លាំង​​ញើ​ស​ឈាម​គ្នា​ខំ​ធ្វើ រក​ស៊ី​ផង​អី​ផង ផ្ញើ​លុយ​មក​បង់​ដី​ ដល់​ពេល​ចុង​ក្រោយ​អ៊ីចឹង សួរ​ថា​បា​​ក់ទឹក​ចិត្តអត់? បាក់កម្លាំង​ចិត្ត​ខ្លាំងណាស់ណា»។

ក្រុម​ហ៊ុនលក់ដីឡូតិ៍ពៅ វណ្ណា គឺជាកម្មសិទ្ធរបស់អ្នកស្រី ពៅ វណ្ណា ប្រពន្ធ​មេឃុំអូរ​បីជាន់ លោក តុល សារិន។ ពលរដ្ឋចាប់ផ្ដើមសម្រុកទិញដីឡូតិ៍​នេះ​នៅ​ឆ្នាំ​២០១៩ ដោយ​​ប​ង់​​រំលស់​​ជាមួយ​​ក្រុម​ហ៊ុន និង​​ជា​មួយ​ធនាគារ រហូត​ដល់ដា​ច់​ជាស្ថា​ពរ ដោយ​​​ជឿ​​ជា​ក់​​លើ​​ការ​​ផ្សព្វ​ផ្សាយ គម្រោង​ហេដ្ឋារ​ចនាស​ម្ព័ន្ធច្បា​ស់លាស់ និងស្ថិតនៅជិតតំបន់សេដ្ឋកិច្ចពិសេស។ ប៉ុន្តែ​​​ការ​កាត់ប្លង់កម្មសិទ្ធិ ឬប្លង់រឹង បែរ​​ជាត្រូវរាំងស្ទះ​រហូតដល់ខែមិថុនា ឆ្នាំ២០២៥ ដោយ​សារ​​ដី​នោះ​ស្ថិ​តក្នុង​សិ​ទ្ធិរក្សា​ការពាររ​បស់ឧ​កញ៉ា​ម្នាក់។

អតិថិជនបានស្វែងរកអន្តរាគមន៍អស់ចំនួន១០លើកមកហើយ ដោយ​ក្រុម​ហ៊ុន​តែង​សន្យា​នឹង​ដោះ​​ស្រាយ​​​នៅ​ខែ​នេះ​ខែ​នោះ​ រហូតអូសបន្លាយមកដល់ពេលបច្ចុប្បន្ន។

ទាក់ទិនរឿងនេះ អ្នកគ្រប់គ្រង​ប្រចាំ​ការិយាល័យ​អង្គការ​លីកាដូ​ (LICADHO) នៅ​ខេត្ត​បន្ទាយ​​​មាន​ជ័យ លោក អ៊ិន គង់​ជិត យល់​ឃើញ​ថា ការលើកពេលម្ដងហើយម្ដងទៀត បាន​ធ្វើ​​ឱ្យ​​​ព​លរដ្ឋកាន់តែ​មានក្ដីកង្វល់ និងលែងមានជំនឿ​លើក្រុមហ៊ុន។ ករណីនេះ លោក​ជំរុញ​ឱ្យ​​អាជ្ញាធរ​តាមដាន និងធ្វើយ៉ាងណាឱ្យក្រុមហ៊ុនគោរពតាមការសន្យា។

លោក អ៊ិន គង់ជិត បន្ថែមថា៖ «ករណីដែលមិនអាចសម្រុះសម្រួលបាន ពួកគាត់​​គួរនាំ​គ្នា​ប្ដឹង​ទៅ​​អាជ្ញាធរ​ដោះ​ស្រាយ​​ក្រៅប្រព័ន្ធ (អ.ដ.ក)។ នៅ អ.ដ.ក មួយទៀត ដែលអាច​នឹង​សម្រុះ​​សម្រួល​ស្វែ​​ងរក​ដំ​ណោះ​ស្រាយ​បាន»។

ការទាមទារប្លង់កម្មសិទ្ធិ និងដីយកមកកាន់កាប់របស់ពលរដ្ឋទាំង ៨៧៥គ្រួសារនេះ គឺចំ​ពេល​ដែល​​សេដ្ឋកិ​ច្ច​នៅ​ក្រុង​​ប៉ោយ​​ប៉ែត កំពុង​ធ្លាក់​ចុះ​បណ្ដាល​ឱ្យ​បាត់​បង់​ការ​ងារ​ និង​ប៉ះ​ពាល់​មុខ​របរ ក្រោយ​ការ​ផ្ទុះស​ង្គ្រាម​នៅ​ជាយ​ដែន និង​ការ​បង្ក្រាប​ឧក្រិដ្ឋក​ម្ម​អន​ឡាញ។ ពលរដ្ឋ​រំពឹង​ថា ក្រុមហ៊ុននឹងប្រគល់ដី ឬសងជាលុយ ដើម្បីពួកគាត់យក​ទៅ​ដោះ​ស្រាយ​ជីវភា​ព​ក្នុងដំណាក់កា​លលំបា​កនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ