អ្នកធ្វើការងារពាក់ព័ន្ធលើការងារអភិរក្សធនធានជលផលសមុទ្រ បង្ហាញកង្វល់ពីការបាត់បង់ដីព្រៃកោងកាង ឬព្រៃលិចទឹក នៅខេត្តព្រះសីហនុ ខណៈក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ត្រៀមចេញបណ្ណកម្មសិទ្ធិជូនបុគ្គលឯកជនជាង ១៦០ហិកតាទៀត គ្របដណ្តប់លើដីព្រៃលិច នៅឃុំទឹកល្អក់ ស្រុកព្រៃនប់ ដែលមានព្រៃកោងកាងដុះដូចម្រាមដៃ។
ថ្លែងក្រោយបិទបញ្ចប់សិក្ខាសាលា ដែលរៀបចំនៅក្រសួងរៀបចំដែនដី នាល្ងាចថ្ងៃទី២៧ ខែឧសភានេះ លោក សុខ សុខុម ប្រធានអង្គការស្រឡាញ់ធនធានធម្មជាតិកម្ពុជា ហៅកាត់ ស៊ីអ៊ិនរ៉ូ (CNRO) បានជំរុញឲ្យថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ក្រសួងកសិកម្ម ពិសេសប្រមុខដឹកនាំរដ្ឋាភិបាល បញ្ឈប់ការចេញបណ្ណកម្មសិទ្ធិជូនបុគ្គលឯកជន ប៉ះពាល់លើផ្ទៃដីព្រៃលិចទឹកជាបន្តទៀត។
លោករកឃើញថា មានផ្ទៃដីប្រមាណជាង ១៦០ហិកតាទៀត ត្រូវក្រសួងរៀបចំដែនដី បានចេញលិខិតតម្រូវឲ្យរដ្ឋបាលខេត្តព្រះសីហនុ ធ្វើការចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីធ្លីឲ្យទៅឈ្មោះ ហាន់ ឃៀង, ឈ្មោះ វិញ ហ៊ួរ និងឈ្មោះ ស៊ី ម៉េងឃៀង ចំនួន២ទីតាំង ដែលទីតាំងទី១ មានទំហំ ២១,៦៤ហិកតា នៅភូមិស្រែចាមក្រោម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ដែលបច្ចុប្បន្នស្ថិតក្នុងសង្កាត់អូរជ្រៅ ក្រុងកំពង់សោម ជាតំបន់ព្រៃកោងកាងដុះខ្ពស់ៗ និងស្ថិតក្នុងតំបន់គ្រប់គ្រងជលផលសមុទ្រ និងទីតាំងទី២ មានទំហំ ១៤១ហិកតាមានទីតាំងនៅភូមិកំពង់ស្មាច់តូច ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកថា ប្រសិនបើក្រសួងរៀបចំដែនដី ឬរដ្ឋបាលខេត្តព្រះសីហនុ សម្រេចចេញបណ្ណកម្មសិទ្ធិជូនបុគ្គលទាំងនេះ ទៅតាមការស្នើពិតមែននោះ នឹងនាំឲ្យវិនាសហិនហោចដីព្រៃកោងកាង ដែលមានដើមដុះញឹកស្អេកដូចម្រាមដៃជាង ១៦០ហិកតាទៀត។
លោកថា៖ «ដូច្នេះការផ្តល់បណ្ណកម្មសិទ្ធិនោះទៅបាន លុះត្រាតែឲ្យស្របទៅតាមច្បាប់ស្តីពីជលផល និងច្បាប់ភូមិបាលឆ្នាំ២០០១ ដែលផ្តោតទៅលើមាត្រា១៦ វាក្យខណ្ឌទី៤ មាត្រា ១៧ វាក្យខណ្ឌទី៤ និងមាត្រា ៥៨ នៃច្បាប់ភូមិបាលឆ្នាំ២០០១ ទើបគេអនុប្រយោគដីនោះទៅជាដីឯកជនរបស់រដ្ឋ ហើយផ្តល់ទៅជាកម្មសិទ្ធិឯកជនបាន។ ប៉ុន្តែដីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ យើងអត់មានឃើញមានអនុក្រឹត្យ អត់ឃើញមានអនុប្រយោគអត់មានអីទេ ស្រាប់តែមានបណ្ណកម្មសិទ្ធិតែម្តង»។
សង្គមស៊ីវិលរូបនេះ ចាត់ទុកការលិខិតលេខ៣៣២០ របស់ក្រសួងរៀបចំដែនដី ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ដែលចារលើសំណើរសុំចុះបញ្ជីចេញបណ្ណកម្មសិទ្ធិ ដាក់ជូនរដ្ឋបាលខេត្តព្រះសីហនុ របស់ឈ្មោះ ហាន់ ឃៀង, វិញ ហ៊ួរ និងឈ្មោះ ស៊ី ម៉េងឃៀង គឺមិនស្របតាមនីតិវិធីនោះទេ ហើយទាមទារឲ្យ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជាពិសេស លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ ដើម្បីជៀសវាងបំផ្លាញដីព្រៃកោងកាង ដែលនៅសេសសល់ក្នុងមូលដ្ឋាននេះទៀត។
ជាងនេះ លោក សុខ សុខុម ក៏ស្នើឲ្យរដ្ឋាភិបាលពិចារណានិរាករណ៍ ឬលុបចោលបណ្ណកម្មសិទ្ធិទាំងឡាយណា ដែលចេញប៉ះពាល់ដល់ដីព្រៃកោងកាង ឬព្រៃលិចទឹក នៅខេត្តព្រះសីហនុ ទុកជាសម្បត្តិរដ្ឋគ្រប់គ្រងវិញ។
លោកបន្ថែមថា៖ «បច្ចុប្បន្ននេះ ដែលសហគមន៍នេសាទជ្រលងកំពុងតែជួបប្រទះនោះ គឺលិខិតលេខ៣៣២០ របស់ក្រសួងដែនដី ចេញទៅឲ្យរដ្ឋបាលខេត្តព្រះសីហនុ ធ្វើបណ្ណកម្មសិទ្ធិជូនទៅបុគ្គលឯកជន។ ដូច្នេះលិខិតនេះ៣៣២០នេះ យើងមើលគ្រាន់តែជាសេចក្តីជូនដំណឹងមួយទេ មិនមែនព្រះរាជក្រឹត្យ ឬអនុក្រឹត្យ ដែលកាត់ឆ្វៀលដីនេះ ឬក៏អនុប្រយោគដីនេះ ឲ្យក្លាយទៅជាដីឯកជនរបស់រដ្ឋ ស្របតាមច្បាប់ជលផល និងច្បាប់ភូមិបាលនោះទេ។ បែរជាតម្រូវទៅឲ្យរដ្ឋបាលខេត្តព្រះសីហនុ ហើយឃើញថាស្ថាប័នជំនាញកំពុងតែចរន្តការ និងចុះបញ្ជីបណ្ណនោះទៅឲ្យបុគ្គលឯកជន»។
មិនខុសគ្នាទេ សម្រាប់ លោក ហ៊ូ សីហា ប្រធានសហគមន៍នេសាទជ្រលង ដែលចូលរួមសិក្ខាសាលានៅថ្ងៃនេះដែរ ក៏បានស្នើដល់ប្រមុខរដ្ឋាភិបាល និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជួយថែរក្សាដីព្រៃកោងកាងដែលនៅសេសសល់ក្នុងមូលដ្ឋានស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឲ្យបានគង់វង្ស ដ្បិតដីព្រៃកោងកាងនៅក្នុងមូលដ្ឋាននេះ ត្រូវរងការទន្ទ្រានកាន់កាប់ និងគប់គិត ធ្វើជាកម្មសិទ្ធិឯកជន ស្ទើរលាយហិនហោចអស់ទៅហើយ។
លោកថា ផ្ទៃដីព្រៃកោងកាងនៅសហគមន៍នេសាទជ្រលង កាលពីឆ្នាំ២០០៦ មានប្រមាណជាង ៣០០ហិកតា ប៉ុន្តែក្រោយមកនៅឆ្នាំ២០១៣-២០១៤ ត្រូវបានក្រុមយុវជនរដ្ឋាភិបាល ចុះវាស់វែងជូនបុគ្គលឯកជនកាន់កាប់អស់មួយផ្នែកធំ។ ហើយប្រសិនបើពេលនេះ ក្រសួងរៀបចំដែនដី ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ បន្តចេញបណ្ណកម្មសិទ្ធិលើផ្ទៃដីព្រៃកោងកាង ជូនឈ្មោះ ហាន់ ឃៀង, វិញ ហ៊ួរ និងឈ្មោះ ស៊ី ម៉េងឃៀង ជាបន្តទៀត នាំឲ្យបាត់បង់ផ្ទៃដីព្រៃកោងកាងជាង ១៦០ហិកតាទៀត នៅស្រុកព្រៃនប់។
លោកឲ្យដឹងដូច្នេះ៖ «យើងមើលឃើញនៅក្នុងលិខិតមួយ ដែលចេញដោយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍របស់ក្រសួងកសិកម្ម ផ្ទៃដីពីមុននៅក្នុងឯកសារមានផ្ទៃដីព្រៃកោងកាង នៅក្នុងសហគមន៍មាន ៣២០ហិកតា។ ប៉ុន្តែបើសិនជាដីហ្នឹងត្រូវបានចុះបញ្ជីទៅឲ្យបុគ្គលឯកជនមាន ឈ្មោះ ហាន់ ឃៀង និង ហ៊ូ សុង ចំនួន ១៦១ហិកតាទៀត ចឹងដីសហគមន៍នេសាទជ្រលង គឺនៅសល់តែ ៣៧ហិកតាទេ។ ឥឡូវនេះ ខ្ញុំកំពុងតែតវ៉ាករណីចេញបណ្ណឲ្យបុគ្គលឯកជនដីចំនួន ១៦១ហិកតាហ្នឹង ធ្វើម៉េចឲ្យបានដីហ្នឹងមកឲ្យសហគមន៍នេសាទជ្រលងគ្រប់គ្រងវិញ»។
ប្រធានសហគមន៍នេសាទរូបនេះ ហាក់អស់លទ្ធភាពក្នុងការតស៊ូមតិ ដើម្បីការពារព្រៃកោងកាងនៅក្នុងមូលដ្ឋានរបស់ខ្លួនទៀតហើយ ខណៈសង្កេតឃើញថា ថ្នាក់ដឹកនាំក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ហាក់មិនសូវខ្វល់ពីការរលាយហិនហោចធនធានជលផលសមុទ្រ ឬផ្ទៃដីព្រៃកោងកាង ដែលជាជម្រុកត្រីសមុទ្រ ឬជីវចម្រុះបាតសមុទ្រ ឲ្យបានគង់វង្សផងនោះ។ លោកថា ដីព្រៃកោងកាងឬព្រៃលិចទឹក គួរត្រូវរួមសហការគ្នាថែរក្សាអភិរក្សឲ្យបានគង់វង្ស ប៉ុន្តែបែរជាស្ថាប័នជំនាញពាក់ព័ន្ធមួយចំនួន ហាក់ព្យាយាមគប់គិតបំផ្លាញទៅវិញ។
លោកបន្តថា៖ «ជាសំណូមពរសូមឲ្យសម្តេចបវរធិបតី និងសម្តេចតេជោ សែន ជួយរក្សាដីព្រៃកោងកាងនៅសេសសល់ជាង ១០០ហិកតា ទុកជាសម្បត្តិសហគមន៍ ព្រោះប្រជាពលរដ្ឋពួកខ្ញុំ ទាំងអស់មានចំនួន ១១៧គ្រួសារ ដែលប្រកបនេសាទនៅក្នុងដែនសហគមន៍នេសាទជ្រលងនេះ ហើយរាល់ថ្ងៃផ្ទៃដីទាំងអស់ ដែលនៅសល់គឺសុទ្ធតែព្រៃកោងកាង អត់ទាន់មានដីវាលទេ»។
ទោះជាបែបនេះក្តី វីអូឌី នៅមិនទាន់អាចទាក់ទង អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោក សេង ឡូត ដើម្បីបំភ្លឺលើកង្វល់ ឬសំណើររបស់មន្ត្រីសង្គមស៊ីវិល ខាងលើបាននៅឡើយទេ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ។
ប៉ុន្តែ ទាក់ទិនបញ្ហានេះ លោកហ៊ុន សែន ក្នុងអំឡុងពេលកាន់អំណាច បានចេញលិខិតចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ តម្រូវឲ្យក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ត្រូវនិរាករណ៍ ឬដកហូតប័ណ្ណកម្មសិទ្ធិ ឬវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុ និងលិខិតបញ្ជាក់ការកាន់កាប់ដី ក្នុងខេត្តជាប់សមុទ្រទាំង៤ គឺខេត្តកោះកុង ព្រះសីហនុ កំពត និងកែប ដែលពាក់ពន្ធ័ដីព្រៃកោងកាង ឬព្រៃលិចទឹក មកទុកជាទ្រព្យសម្បត្តិរបស់រដ្ឋគ្រប់គ្រងវិញ។ ហើយរួមគ្នាអនុវត្តឲ្យមានប្រសិទ្ធភាព ដើម្បីឈានទៅទប់ស្កាត់ និងបង្រ្កាបលើអ្នកទន្ទ្រានកាន់កាប់លើដីព្រៃកោងកាង និងព្រៃលិចទឹក ឱ្យមានប្រសិទ្ធភាព។ ប៉ុន្តែបទបញ្ជានេះ គ្មានមន្ត្រីក្រោមឱវាទរបស់លោកណាម្នាក់ យកត្រចៀកស្តាប់ ឬអនុវត្តតាមទេ។ ជាក់ស្តែង សកម្មភាពបំផ្លាញដីព្រៃកោងកាង តាមរយៈចេញបណ្ណកម្មសិទ្ធិស្របច្បាប់ ជូនបុគ្គលឯកជនមានទ្រព្យ និងមានអំណាច ផ្តើមដោយក្រសួងរៀបចំដែនដី នៅតែបន្តកើតមាន រហូតមកដល់អាណត្តិដឹកនាំ ដោយ លោក ហ៊ុន ម៉ាណែត ទៀត៕









